ប្រវត្តិបទភូមិវត្តកំផែង

 I. ភូមិវត្តកំផែង រៀមសូមថ្លែងទុក្ខ ស្នេហាជួបមុខ រាយជាទំនុក ទុក្ខកម្មស្នេហ៍ខ្ញុំ

 ស្ពានកំសត់ក្បត់ស្នេហ៍ឧត្តម ក្បត់រាត្រី ចន្រ្ទាទឹកឃ្មុំ តោយំសូមក្តីមេត្តា។

 II. ឳវាលបែកចាន បែកចិត្តទៅហើយ ស្នេហ៍គា្មនកោះត្រើយ ស្ទឹងសងែ្កអើយ ម្តេចឡើយឬស្សា

 គួចស្នេហ៍ខ្ញុំ អោយលង់មរណា គួចទាំងចិត្ត អោយស្វិតដូចផ្កា ខ្លោចផ្សា ឳរ៉ាមួហ្មង។

 R. គ្រាប់ខ្សាច់បាតស្ទឹង រៀមប្រឹងរក្សា រុះរោយធ្វើជាផ្កាស្លា រៀបការអូនហើយនឹងបង ស្ពានឈើរៀមធ្វើអោយអូនឆ្លង តែកម្មកាចកំណាចកន្លង នួងល្អងឆ្លងស្ពានគេវិញ។

 III. បងឈឺកកឈាមដូចអុក សារ៉េន ឈឺហួសម៉ឺនសែន នឹកឡើងទោម្មេញ បេះដូងមួយ អោយគេដូរទិញ ដូចទឹកស្ទឹង ហូរមិនវិលវិញ ទោម្នេញព្រោះស្រីចិត្តស្រល់។

បទស្ពានឈើអភ័ព្វ ដែលសព្វថ្ងៃនេះ គេស្គាល់ថាជាបទ ភូមិវត្តកំផែង ជាស្នាដៃនិពន្ធដ៏ល្បីល្បាញរបស់លោក គង់ ប៊ុនឈឿន អ្នកនិពន្ធតាំងតែពីទស្សវត្សទី 50 និងបានបកស្រាយដោយសំនៀងទិព្វពីសួគាលិយ៍នៃ អតីតចំរៀងឯក ស៊ីន ស៊ីសាមុត អធិរាជសម្លេងមាស។ លោក គង់ ប៊ុនឈឿន បាននិយាយទាំងចិត្តក្រៀមក្រំថា បទស្ពានឈើអភ័ព្វនេះ លោកបាននិពន្ធឡើងដើម្បីបង្ហាញពីវិបត្តិស្នេហាយុវវ័យរបស់លោកជាមួយនារីម្នាក់នៅខេត្ត បាត់ដំបង ដែលពេលនោះ នារីដែលលោកស្រលាញ់បានផ្តាច់ទំនាក់ទំនងស្នេហាជាមួយលោក ហើយមានគូសង្សារថ្មី ធ្វើអោយលោកឈឺចាប់រហូតដល់បង្ហូរទឹកប៉ាការាប់រយដំណក់ដើម្បីនិពន្ធបទចម្រៀងនេះ។ លោកបាននិពន្ធ Melody បទនេះ តាំងពីឆ្នាំ1955មក ដើម្បីច្រៀងលេងនៅក្នុងអរកេស ក្នុងខេត្តបាត់ដំបង។ ប៉ុន្តែ នៅឆ្នាំ1960 លោកក៏បានចាប់ផ្តើមតែងបទនេះសារជាថ្មី ដោយអោយឈ្មោះថា ស្ពានឈើអភ័ព្វ។ លោកបានបន្ថែមថា បទនេះមានទាក់ទងនឹងស្ពានឈើមួយ ដែលលោកបានសង់ជាមួយ មិត្តភ័ក្រ្ត សម្រាប់ដើរឆ្លងនៅពេលទឹកស្ទឹងសង្កែស្រក់។ អតីតសង្សាររបស់លោក តែងតែ ដើរឆ្លងស្ពានឈើនេះចុះឡើង ប៉ុន្តែមួយរយៈកាលក្រោយមក នារីរូបណ្ណឹង ក៏ឈប់ ដើរឆ្លង ស្ពានឈើរបស់លោក ហើយបែរជាដើរឆ្លងស្ពានថ្មថ្មី ជាមួយសង្សារ របស់គេ។ ហេតុដូចនេះ ហើយ ទើបលោកចាប់តែងបទនេះឡើងវិញ ដើម្បីបង្ហាញពីភាពក្រៀមក្រំ សោកសៅ ឈឺ ចាប់ របស់ លោក ដោយយកតាម Melody ខ្សែទឹកគួច។

Advertisements