Thaksin Shinawatra’s Biography

 

ប្រវត្តិរបស់អតីតនាយករដ្ឋមន្រ្តីថៃថាក់ស៊ីន

 

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatrត្រូវបានរដ្ឋាភិបាល កម្ពុជាតែង តាំងឲ្យធ្វើជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាទីប្រឹក្សា សេដ្ឋ កិច្ច របស់រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃ៤ វិច្ឆិកា ២០០៩។ AFP អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) [ឆ្វេង] ដើរចេញ ពីយន្តហោះ ផ្ទាល់ខ្លួននៅព្រលានយន្តហោះយោធាភ្នំពេញ នាថ្ងៃ១០ វិច្ឆិកា ២០០៩។

មានរបាយការណ៍ជាច្រើនបានកត់ត្រាប្រវត្តិសំខាន់ៗនៃអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ ថា លោកបានកើតនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៤៩ នៅស្រុក សានកំផែង ខេត្តឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ។ លោក ថាក់ស៊ី បានរៀបការ ជាមួយលោកស្រី ភុចាម៉ាន ដាម៉ាភុង (Pojaman Damapong) នៅឆ្នាំ១៩៨០ ហើយ មានកូនប្រុសម្នាក់និងស្រីពីរនាក់។ លោក ថាក់ស៊ីន និងភរិយា របស់លោកបានលែង លះគ្នាកាលពីឆ្នាំ២០០៨ កន្លងទៅ។ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ បានចាប់ ផ្តើម អាជីពដំបូងជាមន្ត្រីប៉ូលិសមួយរូបនៅឆ្នាំ១៩៧៣។ នៅឆ្នាំ១៩៨៧ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ បានលាលែងពីអង្គភាពប៉ូលិសជាតិ។

ក្រោយការលាលែងពីកងប៉ូលិសនៅឆ្នាំ១៩៨៧ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ បានចាប់ផ្តើមមុខជំនួញផ្ទាល់ខ្លួនដោយបើកក្រុមហ៊ុនកុំព្យូទ័រនិងទូរស័ព្ទឈ្មោះថា Shinawatra Computer and Communication Company Limited.។ លោក ថាក់ស៊ីន ជាសេដ្ឋីមានប្រាក់ច្រើនជាងគេបំផុត ម្នាក់ក្នុងចំណោម សេដ្ឋីមួយ ចំនួន របស់ប្រទេសថៃ ដែលលោករកស៊ីជោគជ័យខាងវិស័យកុំព្យូទ័រនិងទូរស័ព្ទ។ នៅឆ្នាំ១៩៩៤ ដល់ ១៩៩៥ លោក ថាក់ស៊ីន ត្រូវបានព្រះមហាក្សត្សតែង តាំងជារដ្ឋ មន្រ្តី ក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ។ ឆ្នាំ១៩៩៥ លោក ថាក់ស៊ីន ត្រូវបាន តែងតាំងជាឧបនាយករដ្ឋមន្រ្តីក្នុងសម័យលោក ឆាវ៉ាលីត យុងឆៃយុត (Chavalit Yongchaiyudh) ជានាយករដ្ឋមន្រ្តី។ នៅឆ្នាំ១៩៩៨ លោក ថាក់ស៊ីន បានបង្កើត បក្សនយោបាយមួយឈ្មោះថា “ថៃរ៉័កថៃ” ឬប្រែថា “ថៃស្រឡាញ់ថៃ”។ នៅក្នុងសង្គមថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ ត្រូវបានគេកត់ត្រាថា លោកមានតួនាទី ជាច្រើនក្នុង ការងារសង្គម មានជាអាទិខាងវិស័យអបរំ។ លោក ថាក់ស៊ីន បានផ្តួចផ្តើមបង្កើត មូលនិធិសម្រាប់កម្មវិធីអប់រំមួយឈ្មោះថា មូលនិធិថៃខំ (THAICOM) ដើម្បីជំរុញ ឲ្យក្មេងៗនៅតាមតំបន់ដាច់ស្រយ៉ាលបានបន្តការសិក្សាដល់ថ្នាក់វិទ្យាល័យ។ ទាក់ទងនឹងការអប់រំនេះ សាស្ត្រាចារ្យចូលនិវត្តន៍មួយរូប គឺលោកបណ្ឌិត សម្ភោធ សែនភុន ប្រសើរសិរិ ដែលជាអតីតមន្ត្រីអង្គការយូណេស្កូ (UNESCO) មួយរូប បានថ្លែងឲ្យដឹងដូច្នេះ ៖ «ជំនាន់លោក ថាក់ស៊ីន ហ្នឹង គាត់មានគម្រោង ថានឹងដាក់កុំព្យូទ័រយូរដៃ (Computer laptop) ឲ្យសិស្សមួយមានមួយ មានកុំព្យូទ័រយូរដៃហ្នឹង។ គ្រាន់តែគិតទេ មិនទាន់បានធ្វើទេ ត្រូវរដ្ឋប្រហារ គាត់មុនទៅ»។ នៅឆ្នាំ១៩៩៨ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ ជាប្រធាន សមាគម ប្រជាជនភាគឦសាននៃប្រទេសថៃ។ លោកបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ហើយកាន់អំណាចពេញមួយអាណត្តិ ចាប់តាំងពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៥។ នៅក្នុងការបោះឆ្នោតសម្រាប់អាណត្តិថ្មី កាលពីឆ្នាំ២០០៥ ដោយមានអ្នកគាំទ្រ ភាគច្រើនពីប្រជាជននៅភាគខាងជើងនិងភាគ.ឦសានប្រទេសថៃ លោក ថាក់ស៊ីន បានទទួលសំឡេងឆ្នោតគាំទ្រច្រើនលើសលប់បំផុតក្នុងប្រវត្តិសាស្ត្រថៃ ដែលនាំឲ្យលោកដឹកនាំរដ្ឋាភិបាលផ្តាច់មុខ។ នៅក្នុងការដឹកនាំរដ្ឋាភិបាលផ្តាច់មុខដោយបក្សនយោបាយរបស់លោក ថាក់ស៊ីន ត្រូវបានលោកបណ្ឌិត សម្ភោធ សែនភុន ប្រសើរសិរិ បានកត់សម្គាល់ដូច្នេះ ៖ «មកពីគាត់បានភាគច្រើននៅរដ្ឋសភាហ្នឹងឯង បានគាត់ធ្វើពេញលេញបាន ព្រោះគាត់មិនមែនរដ្ឋបាលចម្រុះទេ ពេលគាត់ធ្វើហ្នឹង គឺបក្សគាត់តែម្តង។ អត់ដែលចាញ់ឆ្នោតក្នុងសភា។ ប៉ុន្តែខ្លះក៏គេចោទថា ពេលដែលគាត់បានច្រើនពេកទៅ គាត់មិនសូវបានទៅប្រជុំសភា ព្រោះឃើញថា កូនចៅច្រើនហើយ ខ្លួនមិនសូវទៅប្រជុំ មិនសូវទៅសភា ធ្វើឲ្យបក្សប្រឆាំងគេខឹងដែរ»។ នៅក្នុងអំឡុងពេលកាន់អំណាចជានាយរដ្ឋមន្ត្រីរបស់លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ ត្រូវបានគេកត់សម្គាល់ថា លោកទទួលបានការគាំទ្រច្រើនលើសលប់ពីតាមបណ្តាខេត្ត ព្រោះតែលោកបានកែទម្រង់រដ្ឋបាលខ្លះៗ និងផ្តោតការយកចិត្តទុកខ្លាំងទៅលើការលើកស្ទួយជីវភាពប្រជាជនក្រីក្រនៅតាមជនបទ ទាំងវិស័យសុខាភិបាលនិងអភិវឌ្ឍន៍ជនបទ។ លោកបណ្ឌិត សម្ភោធ សែនភុន ប្រសើរសិរិ បានកត់សម្គាល់សកម្មភាពខ្លះៗរបស់លោក ថាក់ស៊ីន ដូច្នេះ ៖ «មួយគឺថា ដាក់ទុនរដ្ឋទៅតាមភូមិ មួយភូមិមួយលានបាតអ៊ីចឹង ឲ្យរាស្រ្តខ្ចីយកទៅរកស៊ីតូចតាច។ ទីពីរបន្ថយថ្លៃចូលពេទ្យចូលអី មន្ទីរពេទ្យតាមខេត្តតាមស្រុក។ ពីដើមរាស្ត្រត្រូវបង់ថ្លៃថ្នាំ ថ្លៃជួលពេទ្យ ដល់ពេលគាត់ឡើងមក គឺជួបម្តងយកថ្លៃតែ៣០បាតទេ ឈឺអីក៏ដោយ។ ពេទ្យរដ្ឋ។ អ៊ីចឹងរាស្រ្តគ្នាក្រីក្រ គ្នាសប្បាយចិត្តដែរ។ មួយទៀត រឿងថវិកាជាតិទៅតាមឃុំ គណៈកម្មការឃុំអីហ្នឹង អាហ្នឹងរឿងអភិវឌ្ឍន៍ធ្វើផ្លូវថ្នល់ ធ្វើទំនប់ទឹកគ្រប់ឃុំទៅ»។ បន្ទាប់ពីកាន់អំណាចក្នុងអាណត្តិថ្មីបានរយៈពេលជាង១ឆ្នាំ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ ត្រូវបានទម្លាក់ពីអំណាចតាមរយៈរដ្ឋប្រហារយោធាមិនបង្ហូរឈាមមួយ កាលពីខែកញ្ញា ឆ្នាំ២០០៦ ក្នុងពេលដែលលោកបំពេញបេសកកម្មនៅក្រៅប្រទេស។ ក្រោយការធ្លាក់ពីអំណាច លោក ថាក់ស៊ីន ត្រូវតុលាការថៃចោទប្រកាន់អំពីកំហុសជាច្រើន ហើយក្នុងនោះតុលាការបានកាត់ទោសលោកកំបាំងមុខពីបទទំនាស់ផលប្រយោជន៍។ រដ្ឋាភិបាលលោក ថាក់ស៊ីន ឈីនណាវ៉ាត្រ បានរងនូវការចោទប្រកាន់ជាច្រើនទៀត ដូចជាថា មានអំពើពុករលួយ ផ្តាច់ការ ក្បត់ជាតិ ការធ្វើសកម្មភាពក្រៅការទូត និងការបំបិទសេរីភាពសារព័ត៌មាន។ លោក ថាក់ស៊ីន ត្រូវបានចោទថា បានគេចពន្ធនិងបានលក់ទ្រព្យសម្បត្តិជាតិទៅឲ្យអ្នកវិនិយោគបរទេស។ អង្គការឯករាជ្យនានា រួមទាំងអង្គការលើកលែងទោសអន្តរជាតិផង បានរិះគន់លើការរំលោភសិទ្ធិមនុស្សរបស់លោក ថាក់ស៊ីន ក្នុងពេលដែលលោកជានាយករដ្ឋមន្រ្តី។ នៅពេលចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០០១ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ និងគ្រួសារបានប្រកាសនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួនចំនួនជាង១៥ពាន់លានបាត។ រហូតមកដល់ថ្ងៃនេះ នៅមិនទាន់មានការវិនិច្ឆ័យផ្លូវច្បាប់ណាមួយអំពីទ្រព្យសម្បត្តិរបស់លោកនៅឡើយទេ។ នៅខែតុលា ឆ្នាំ២០០៨ លោក ថាក់ស៊ីន ត្រូវតុលាការកំពូលរកឃើញថា លោកមានកំហុសក្នុងទំនាស់ផលប្រយោជន៍ ហើយផ្តន្ទាទោសដាក់គុករយៈពេលពីរឆ្នាំ។ ចាប់តាំងពីពេលនោះមក លោក ថាក់ស៊ីន សុំសិទ្ធិជ្រកកោននៅប្រទេសអង់គ្លេស។ បន្ទាប់ពីលោក ថាក់ស៊ីន បានទទួលការតែតាំងជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០០៩ រដ្ឋាភិបាលលោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បានស្វែងការបញ្ជូនខ្លួនលោក ថាក់ស៊ីន ទៅប្រទេសថៃវិញ ក៏ប៉ុន្តែសំណើរបស់រដ្ឋាភិបាលលោក អាភីស៊ិត ត្រូវរដ្ឋាភិបាលកម្ពុជាបដិសេធ៕

Advertisements