ឡានខ្មែរធ្វើអោយពិភពលោកចាប់អារម្មណ៍

 

 

នេះជាមោទនភាពរបស់ប្រជាជនខ្មែរ ហើយក៏ជាប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា  ដែល កូនខ្មែរយើងមានគំនិតច្នៃប្រឌិតក្នុងការផលិតរថយន្តសម្រាប់ប្រើប្រាស់ខ្លួនឯង ដែលពីមុនមកយើងមិនដែលធ្លាប់គិតថាប្រជាជនខ្មែរមានសមត្ថភាពអាចធ្វើបាន។ រថយន្តតូចមួយជាមួយនឹងការរចនាម៉ូតយ៉ាងល្អប្រណិត  ប្លែកពីរថយន្តដទៃទៀត និងមានលក្ខណៈពិសេសដែលរថយន្តផ្សេងមិនមាន ត្រូវបាន បង្កើតឡើងដោយកូន ខ្មែរមួយរូប ឈ្មោះថា ញាន ផល្លឹក ជាម្ចាស់ហាងលាង និងជួសជួលរថយន្ត។

លោកបាននិយាយថា មូលហេតុដែលនាំអោយលោកអាចបង្កើតរថយន្តនេះបាន គឺដោយសារលោកជាមនុស្សម្នាក់មាននិស្ស័យច្នៃប្រឌិត  រពិសដៃ ចង់ធ្វើ ឬកែអ្វីអោយថ្មីខុសប្លែកពីរបស់ផ្សេងៗ។ គួបផ្សំជាមួយនឹង លោកជាជាងរថយន្ត ហើយកូនស្រីរបស់លោកឈ្មោះ ញាន លក្ខិណា ជាអ្នករចនាម៉ូត និងការខិត  ខំ ប្រឹង ប្រែង អស់រយៈពេលជាច្រើនខែ លោកក៏បានសម្រេចនូវ ជោគជ័យក្នុង ការ បង្កើត រថយន្ត នេះ។

លោកបានបញ្ជាក់ថា  លោកមានគំនិតផលិតរថយន្តនេះ  និងបានស្រាវជ្រាវអស់ រយៈពេលជិត៥ឆ្នាំ ហើយ រហូតមកដល់ឆ្នាំ២០០៣ លោកក៏បានសាកល្បង ផលិត រថយន្ត មួយ។ ដោយចំណាយពេលជាង៦ខែទីបំផុតលោកក៏អាចផលិតបានរថយន្ត មួយដ៏ល្អប្រណិត និងពិសេសមួយ ដោយចំណាយអស់ជិត ៥០០០ ដុល្លា ហើយ លោកបានដាក់ឈ្មោះថា  ‘’អង្គរ៣៣៣’’  ។រហូតមកដល់ពេលនេះ លោកផលិត បានរថយន្តចំនួន៣ហើយ ដែលរថយន្តទីពីរលោកបានចំណាយពេលជិត១៥ខែ និងរថយន្តទី៣ ជិត២២ខែ ក្នុងការផលិត។

            លោកបានបញ្ជាក់ថា រថយន្តរបស់លោកមានលក្ខណៈពិសេស ខុសពីរថយន្ត ដទៃ ទៀតត្រង់ថារថយន្តនេះចេះស្តាប់បញ្ជានិងចេះនិយាយ។លោកមិនចាំបាច់ប្រើសោចាក់បើកទ្វារឡានទេ គ្រាន់តែចង្អុលដៃ ឬគិតថាលោកចង់បើកទ្វារ ពេលនោះទ្វាឡានក៏បើក ហើយគ្មាននរណាម្នាក់អាចបញ្ជាបាន

ក្រៅពីលោកទេ។ ផ្នែកខាងក្នុងក៏មានលក្ខណៈខុសប្លែកពីរចយន្តដទៃដែរ ដូចជារូបរាងចង្កូត ពូកអង្គុយ កន្លែងចាក់សោ ហើយជាពិសេសពូកឡាន និងកន្លែងចាក់សោអាចនិយាយបាន។

            នៅពេលសួរពីមូលហេតុ  ហេតុអ្វីបានជាលោកអាចបញ្ជាឡាននេះអោយបើកទ្វាបាន  លោកញញឹម ហើយនិយាយថា នេះជាលក្ខណៈដែលធ្វើអោយប្រជាជនខ្មែរ ក៏ដូចជាពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីព្រោះថា ប្រទេសមហាអំណាចដែលមានបទពិសោធន៍ជាច្រើនក្នុងការផលិតរថយន្ត  នៅតែមិនទាន់រកឃើញពីវិធីធ្វើឡានអោយចេះស្តាប់បញ្ជា។លោកសូមលាក់វិធីសាស្រ្តក្នុងការបញ្ជារថយន្តនេះសិន ហើយថ្ងៃណាមួយ  លោកនឹងបញ្ចេញអោយកូនខ្មែរបានដឹង។

            ទោះបីជាយ៉ាងណាក៏ដោយ លោកមានលំបាកមែនទែនក្នុងការផលិតរថយន្តនេះ ព្រោះថា លោកប្រើគំនិតខ្លួនឯងសុទ្ធសាធ មិនបានសិក្សាពីបច្ចេកវិទ្យា  ហើយផលិតដោយដៃទទេ មិនមែនដោយគ្រឿងម៉ាស៊ីនទេ ដូចជាការផ្សាដែក តោន ការរៀបចំប្រព័ន្ធ …..។ ម្យ៉ាងទៀត លោកខ្វះឧបករណ៍  សំភារៈប្រើប្រាស់  មានគំរូប្លង់តែមិនអាចធ្វើបាន ដូចជាកញ្ជក់ឡាន ដូច្នេះ លោកត្រូវតែទិញពីគេ ហើយយកមកច្នៃក្នុងការតុបតែង។

            លោកក៏បានបញ្ជាក់ពីអារម្មណ៍របស់ខ្លួនថា ‘’ខ្ញុំមានមោទនភាព និងសប្បាយចិត្តមែនទែន ដែលបានបង្កើតជាស្នាដៃ ទុកអោយក្មេងជំនាន់ក្រោយ អោយចេះដឹង និងអាចផលិតរថយន្តបានដោយ

ខ្លួនឯង ។’’ លោកមានបំណងផលិតរថយន្តអោយកូនខ្មែរប្រើប្រាស់ ដូច្នេះប្រសិនបើ មានវិយោគ ទុនពី ក្រុមហ៊ុន ណាមួយ  លោកនឹងសហការផលិតរថយន្តនោះ ប្រើប្រាស់ក្នុងប្រទេស។

            គួរបញ្ជាក់ថា ឡូវនេះ  លោកមានគំនិតផលិតរថយន្តលើកទី៤របស់លោក  ដោយធ្វើអោយប្លែកខុសពីរថយន្តមុនៗ គឺថា  ចូលក្នុងឡាន ទើបចង្កូតឡានចេញមក ឡានឆេះដោយស្វ័យប្រវត្តិ ពេលចេញពីឡាន  រថយន្តរលត់ដោយខ្លួនឯង។ លោកសង្ឃឹមថា  លោកនឹងអាចផលិតបានឡានបែបនេះនៅថ្ងៃណាមួយ។