ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ពុធ ទី ១ ខែ កញ្ញា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ក្នុងទឹកមុខដ៏ស្រស់ប្រិមប្រិយគួរឱ្យស្រលាញ់គឺកញ្ញា តោ គឹមស៊ី ឆ្នាំនេះនាងមានអាយុ១៨ឆ្នាំហើយ ។ អ្វីដែលគួរឱ្យកោតសរសើរនោះ គឺការសិក្សារបស់នាងបានទទួលជោគជ័យ ដ៏លើសលប់ដោយទទួលបាននិទ្ទេស «A» ក្នុងសម័យប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១០កន្លងទៅថ្មីៗនេះ ។ ប្រការដែលគួរឱ្យចាប់អារម្មណ៍នោះគឺនិទ្ទេស «A» បានទទួលតែនាងម្នាក់ប៉ុណ្ណោះក្នុងចំណោមបេក្ខជនប្រលងជិត៩ម៉ឺន នាក់នៅឆ្នាំនេះ ។
កញ្ញាតោ គឹមស៊ី ជាអតីតសិស្សរៀនថ្នាក់ទី១២C វិទ្យាល័យ១០មករា ឆ្នាំ១៩៧៩ ក្រុងសៀមរាប មានទីលំនៅក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ។ នាងជាបេក្ខនារីប្រលងកាលពីថ្ងៃទី២៦, ២៧ និង២៨ កក្កដា ឆ្នាំ២០១០ នៅមណ្ឌលវិទ្យាល័យហ៊ុន សែន វត្តស្វាយ ក្រុងសៀមរាប ។ លោកគឹម លេង នាយករងវិទ្យាល័យ១០មករា ឆ្នាំ១៩៧៩ ក្រុងសៀមរាបបានឱ្យដឹងថា វិទ្យាល័យ១០មករា ឆ្នាំ១៩៧៩ ក្រុងសៀមរាប ជាសាលាមួយ ដែលមានវិន័យតឹងរ៉ឺងបំផុត ក្នុងការសិក្សារៀនសូត្រ សំរាប់សិស្សទូទៅ ដែលបច្ចុប្បន្នវិទ្យាល័យមានថ្នាក់ចំនួន៧៦ និងមានសិស្សសរុបចំនួន៤.៨០០នាក់ ។ លោកនាយករងវិទ្យាល័យរូបនេះបានមានប្រសាសន៍ដោយមោទនភាព និងកោតសរសើរចំពោះអតីតយុវសិស្សតោ គឹមស៊ី ថាពិតជារៀនពូកែប្រាកដមែន ដោយមិនចេះលួចចំលងពីគេ រួមនឹងមិត្តភក្តិរបស់នាងប៉ុន្មាននាក់ទៀតផងដែរ ហើយពេលប្រលងកន្លងទៅនេះ គឺសុទ្ធតែទទួលបានចំណាត់ថ្នាក់និទ្ទេសល្អទាំងអស់ដែលក្នុងនោះ យុវសិស្ស តោ គឹមស៊ី ជាប់ចំណាត់ថ្នាក់និទ្ទេសA តែម្នាក់គត់ក្នុងទូទាំងប្រទេស ។
ក្នុងបទសម្ភាសន៍ដោយផ្ទាល់នៅការិយាល័យនិពន្ធ កោះសន្តិភាព យុវសិស្សតោ គឹមស៊ី បានរៀបរាប់ពីប្រវត្តិនៃការសិក្សារបស់នាងឱ្យដឹងថា នាងបានរៀនថ្នាក់បឋមសិក្សាចាប់ពី ឆ្នាំ១៩៩៨ ដល់២០០៤ នៅសាលាបឋមសិក្សាភូមិស្ទឹងថ្មី នៅអនុវិទ្យាល័យអង្គរ (បច្ចុប្បន្នវិទ្យាល័យអង្គរ) ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៧ និងពីឆ្នាំ២០០៧ដល់២០១០ នៅវិទ្យាល័យ១០មករា និងបានក្លាយជាបេក្ខនារីប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅ ថ្ងៃទី២៦, ២៧ និង២៨ កក្កដា ២០១០ ។ យុវសិស្សតោ គឹមស៊ី បាននិយាយថា នាងមានការរំភើបចំពោះអ្វី ដែលនាងទទួលបានសំរាប់ការប្រលងកន្លងមកនេះ ។ បន្ទាប់ពីទទួលបានលទ្ធផលនេះហើយនាងបានធ្វើដំណើរមកកាន់រាជធានី ភ្នំពេញ ដើម្បីរៀនត្រៀមសំរាប់ការប្រលងអាហារូបករណ៍ ទៅក្រៅប្រទេសឬចូលមហាវិទ្យាល័យណាមួយតាមតែអាចធ្វើបាន ។
ទាក់ទិននឹងស្ថានភាពគ្រួសារ យុវសិស្សតោ គឹមស៊ី គឺជាកូនទី៤ ក្នុងចំណាមបងប្អូន៦នាក់ ក្នុងនោះប្រុស២នាក់ និងបងស្រីម្នាក់មានគ្រួសារ ហើយក្រៅពីនោះ មិនទាន់មានគ្រួសារនៅឡើយទេ ។ នាងមានឪពុកឈ្មោះតោ ហុង អាយុ៥៥ឆ្នាំ និងម្តាយឈ្មោះលីវ គឹមអេង អាយុ៥០ឆ្នាំ ដែលមានមុខរបរលក់ដូរនៅផ្ទះ ។ កញ្ញាតោ គឹមស៊ី មានស្រុកកំណើតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប កើតនៅថ្ងៃទី៣០ សីហា ១៩៩២ ។ នាងរៀនពូកែលើមុខវិជ្ជាគណិតវិទ្យា គីមី រូបវិទ្យា ជីវវិទ្យា និទ្ទេសល្អ ខ្មែរនិទ្ទេសល្អណាស់ ។ បំណងរបស់យុវសិស្សរូបនេះសំរាប់បន្តការសិក្សា គឺចង់រៀនផ្នែកសេដ្ឋកិច្ច និងភាសាបរទេស ទោះបីជាយ៉ាងណានាងក៏ចាំមើលសភាពជាក់ស្តែងសិនថា តើអាចលៃលកពេលវេលាបានប៉ុនណា តែសំរាប់ការជ្រើសរើសដំបូងនោះ គឺរៀននៅមហាវិទ្យាល័យណាក៏បានដែរខាងសេដ្ឋកិច្ច ។ មូលហេតុដែលចង់រៀនខាងសេដ្ឋកិច្ច ត្រូវបាននាងបង្ហាញពីចេតនាច្បាស់លាស់ថា ទី១ ជាចំណង់ចំណូលចិត្ត ទី២ ចង់អភិវឌ្ឍប្រទេសជាតិ ពីព្រោះសេដ្ឋកិច្ចជាតួអង្គសំខាន់ក្នុងការអភិវឌ្ឍជាតិ ទី៣ ចង់បើកក្រុមហ៊ុនធ្វើអាជីវកម្មផ្ទាល់ខ្លួននាអនាគត ។ នាងក៏បានសំដែងនូវការរំភើបចិត្តយ៉ាងខ្លាំងដោយទទួលបាននូវការអប អរសាទរពីក្រុមគ្រួសារ មិត្តភក្តិ លោកគ្រូ អ្នកគ្រូ និងសារព័ត៌មានកោះសន្តិភាព ដែលចាប់អារម្មណ៍ ធ្វើការសំភាសន៍នាងនាពេលនេះ ។ នាងក៏បានឱ្យដឹងដែរថា តាំងពីលទ្ធផលប្រលងត្រូវបានប្រកាសមក មានទស្សនាវដ្តី ធ្វើការសំភាសន៍តាមទូរស័ព្ទ ពីខេត្តសៀមរាបជាលើកទី១ និងលើកទី២ បានចូលរួមក្នុងកម្មវិធីវិទ្យុFM៩៧.៥ ខេត្តសៀមរាប និងលើកទី៣ សំភាសន៍ជាមួយកោះសន្តិភាព ។
ជីវភាពគ្រួសាររបស់នាង ស្ថិតក្នុងគ្រួសារអ្នកប្រកបមុខរបរលក់ដូរនៅផ្ទះ មិនខ្វះខាតទេតែក៏មិនធូរធារណាស់ណាដែរ ដោយនាងវាយតំលៃថាបង្គួរដែលបានអនុញ្ញាតឱ្យនាងរៀនសូត្រទទួលបាន លទ្ធផលល្អ ។ បច្ចុប្បន្នសមត្ថភាពភាសាអង់គ្លេសរបស់នាងមានកំរិត១១B នៅACE ហើយក្រៅពីភាសាអង់គ្លេសនាងក៏ធ្លាប់រៀនភាសាបារាំង និងជប៉ុនដែរ ។ ភាសាបារាំងប្រើការបានខ្លះៗ ជប៉ុនមិនទាន់ប្រើការបានទេ តែអង់គ្លេសប្រើប្រាស់បានហើយ ។
កញ្ញាតោ គឹមស៊ី បានបង្ហាញពីកត្តាមួយចំនួន ដែលធ្វើឱ្យនាងរៀនបានពូកែគឺទី១ កត្តាខ្លួនឯង ទី២ សុខភាព និងទី៣ បរិស្ថាន ។ កត្តាខ្លួនឯង មានបីទៀត ទី១-គោរពអង្គទាំង៤របស់អ្នកសិក្សាគឺ៖ សុ ចិ បុ លិ ។ សុ មានន័យថា ស្តាប់, ចិ មានន័យថា គិត, បុ មានន័យថា សួរ និងលិ មានន័យថា កត់ត្រា ។ ទី២ ការធ្វើកាលវិភាគបែងចែកការរៀននៅផ្ទះ និងការរៀននៅសាលា ។ ទី៣ ពេលប្រលងត្រូវជំនះលើការភ័យខ្លាច និងសរសេរឱ្យលឿន អក្សរឱ្យច្បាស់ ។ កត្តាទី២ គឺបញ្ហាសុខភាពសិក្សាដែលមិនត្រូវរៀនដោយងប់ងល់ពេករហូតអត់ដេក អត់បាយវាអាចប៉ះពាល់ដល់សុខភាពនោះឡើយ ។ កត្តាទី៣ បរិស្ថានមនុស្សជុំវិញខ្លួន គឺគ្រូដែលមានសមត្ថភាពផ្នែកគរុកោសល្យចេះលើកទឹកចិត្តសិស្ស អប់រំឱ្យមានការសេពគប់មិត្តភក្តិដែលនាំឱ្យយើងទៅរៀន ក្រុមគ្រួសារ បងប្អូន ញាតិមិត្តដែលចេះជួយគាំទ្រទាំងស្មារតី និងសំភារ ។
យុវសិស្សតោ គឹមស៊ី ក៏ឆ្លៀតឱកាសសំណូមពរ ដល់បណ្តាយុវវ័យទាំងអស់ កុំឱ្យសប្បាយភ្លើតភ្លើននឹងភាពហ៊ឺហា សប្បាយចាយលុយ និងសម្ផស្សខ្លួនឯងជ្រុលពេក ពីព្រោះពួកយើងជាទំពាំងស្នងឫស្សី ដែលត្រូវខិតខំរៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយជាសសរទ្រូងប្រទេសជាតិនៅថ្ងៃអនាគត ។ កោះសន្តិភាពសូមជូនពរដល់យុវសិស្សតោ គឹមស៊ី ដ៏ប្រិមប្រិយរូបនេះ ឱ្យកាន់តែទទួលបាននូវអនាគតល្អ តាមសេចក្តីប៉ងប្រាថ្នាកុំបីឃ្លាតឡើយ ៕