យុវ​សិស្ស​ទទួល​បាន​និទ្ទេស​​«A»មាន​តែ​ម្នាក់​នា​សម័យ​ប្រលងទុតិយ​ភូមិ ​ឆ្នាំ​នេះ​ កញ្ញា​តោ គឹម​ស៊ី ជា​កូន​ស្រី​ អ្នក​ខេត្ត​សៀម​រាប​ រៀន​នៅ​វិទ្យា​ល័យ​១០មករា

ដោយ ៖ កោះឯករាជ្យ

ថ្ងៃ ពុធ ទី ១ ខែ កញ្ញា ឆ្នាំ ២០១០

រាជធានី​ភ្នំ​ពេញ​ ៖ ​ក្នុង​ទឹក​មុខ​ដ៏​ស្រស់​ប្រិម​ប្រិយ​គួរ​ឱ្យ​ស្រលាញ់​គឺ​កញ្ញា​ តោ គឹម​ស៊ី ​ឆ្នាំ​នេះ​នាង​មាន​អាយុ​១៨​ឆ្នាំ​ហើយ ​។ អ្វី​ដែល​គួរ​ឱ្យ​កោត​សរសើរ​នោះ ​គឺ​ការ​សិក្សា​របស់​នាង​បាន​ទទួល​ជោគ​ជ័យ​ ដ៏​លើស​លប់​ដោយ​ទទួល​បាន​និទ្ទេស​ «A» ក្នុង​សម័យ​ប្រលង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ​ឆ្នាំ​២០១០​កន្លង​ទៅ​ថ្មីៗ​នេះ ។ ប្រការ​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​គឺ​និទ្ទេស​ «A» បាន​ទទួល​តែ​នាង​ម្នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​បេក្ខ​ជន​ប្រលង​ជិត​៩​ម៉ឺន​ នាក់​នៅ​ឆ្នាំ​នេះ​ ។

កញ្ញា​តោ គឹម​ស៊ី ជា​អតីត​សិស្ស​រៀន​ថ្នាក់​ទី​១២C  វិទ្យា​ល័យ​១០​មករា ឆ្នាំ​១៩៧៩​ ក្រុង​សៀម​​រាប​ មាន​ទី​លំនៅ​ក្នុង​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀម​រាប​ ខេត្ត​សៀម​រាប ​។ នាង​ជា​បេក្ខ​នារី​ប្រលង​កាល​ពី​ថ្ងៃ​ទី​២៦, ២៧ និង​២៨ កក្កដា​ ឆ្នាំ​២០១០​ នៅ​មណ្ឌល​វិទ្យា​ល័យ​ហ៊ុន សែន​ វត្ត​ស្វាយ​ ក្រុង​សៀម​រាប ​។ លោក​គឹម លេង​ នាយក​រង​វិទ្យា​ល័យ​១០​មករា​ ឆ្នាំ​១៩៧៩ ក្រុង​សៀម​រាប​បាន​ឱ្យដឹង​ថា វិទ្យា​ល័យ​១០​មករា​ ឆ្នាំ​១៩៧៩​ ក្រុង​​សៀម​រាប ​ជា​សាលា​មួយ ​ដែល​មាន​វិន័យ​តឹង​រ៉ឺង​បំផុត ​ក្នុង​ការ​សិក្សា​​​រៀន​សូត្រ ​សំរាប់​សិស្ស​ទូ​ទៅ​ ដែល​បច្ចុប្បន្ន​វិទ្យា​ល័យ​មាន​ថ្នាក់​ចំនួន​៧៦ និង​មាន​សិស្ស​សរុប​ចំនួន​៤.៨០០​នាក់ ​។ លោក​នាយក​រងវិទ្យា​ល័យ​​រូប​នេះ​បាន​មាន​ប្រសាសន៍​​ដោយ​មោទន​ភាព​ និង​កោត​សរសើរ​ចំពោះ​អតីត​យុវ​សិស្ស​តោ គឹម​ស៊ី​ ថាពិត​ជា​រៀន​ពូកែ​ប្រាកដ​មែន​ ដោយ​មិន​ចេះ​លួច​ចំលង​ពី​គេ​ រួម​នឹង​មិត្តភក្តិ​របស់​នាង​ប៉ុន្មាន​នាក់​ទៀត​ផង​ដែរ​ ហើយ​ពេល​ប្រលង​កន្លង​ទៅ​នេះ គឺ​សុទ្ធ​តែ​ទទួល​បាន​ចំណាត់​ថ្នាក់​និទ្ទេស​ល្អ​ទាំង​អស់​ដែល​ក្នុង​នោះ​ យុវ​សិស្ស​​ តោ គឹម​ស៊ី​ ជាប់​ចំណាត់​ថ្នាក់​និទ្ទេស​A តែ​ម្នាក់​គត់​ក្នុង​ទូទាំង​ប្រទេស ។

ក្នុង​បទ​សម្ភាសន៍​ដោយ​ផ្ទាល់​នៅ​ការិ​យា​ល័យ​និពន្ធ​ កោះ​សន្តិ​ភាព ​យុវ​សិស្ស​តោ គឹម​ស៊ី ​បាន​រៀប​រាប់​ពី​ប្រវត្តិ​នៃ​ការ​សិក្សា​របស់​នាង​ឱ្យ​ដឹង​ថា នាង​បាន​រៀន​ថ្នាក់​បឋម​សិក្សា​ចាប់​ពី ឆ្នាំ​១៩៩៨​ ដល់​២០០៤ ​នៅ​សាលា​បឋម​សិក្សា​ភូមិ​ស្ទឹង​ថ្មី​ នៅ​អនុ​វិទ្យា​ល័យ​អង្គរ​ (បច្ចុប្បន្ន​វិទ្យា​ល័យ​អង្គរ​) ពី​ឆ្នាំ​២០០៤​ ដល់​ឆ្នាំ​២០០៧​ និង​ពី​ឆ្នាំ​២០០៧​ដល់​២០១០​ នៅ​វិទ្យា​ល័យ​១០​មករា​ និង​បាន​ក្លាយ​ជា​បេក្ខ​នារី​ប្រលង​សញ្ញា​បត្រ​មធ្យម​សិក្សា​​ទុតិយ​ភូមិ​នៅ ​ថ្ងៃ​ទី​២៦,​ ២៧ និង​២៨ កក្កដា ២០១០​ ។ យុវ​សិស្ស​តោ គឹម​ស៊ី​ បាន​និយាយ​ថា​ នាង​មាន​ការ​រំភើប​ចំពោះ​អ្វី​ ដែល​នាង​ទទួល​បាន​សំរាប់​ការ​ប្រលង​កន្លង​មក​នេះ ។ បន្ទាប់​ពី​ទទួល​បាន​លទ្ធ​ផល​នេះ​ហើយ​នាង​បាន​ធ្វើ​ដំណើរមក​កាន់​រាជ​ធានី​ ភ្នំពេញ​ ដើម្បី​រៀន​ត្រៀម​សំរាប់​ការ​ប្រលង​អាហារូប​ករណ៍​ ទៅ​​ក្រៅ​ប្រទេស​ឬ​ចូល​មហា​វិទ្យា​ល័យ​ណា​មួយ​តាម​តែ​អាច​ធ្វើ​បាន ។

ទាក់​ទិន​នឹង​ស្ថាន​ភាព​គ្រួ​សារ ​យុវ​សិស្ស​តោ គឹម​ស៊ី គឺ​ជា​កូន​ទី​៤ ​ក្នុង​ចំណាម​បង​ប្អូន​៦​នាក់​ ក្នុង​នោះ​ប្រុស​២​នាក់​ និង​បង​ស្រី​ម្នាក់​មាន​​គ្រួសារ​ ហើយ​ក្រៅ​ពី​នោះ​ មិន​ទាន់​មាន​គ្រួសារ​នៅ​ឡើយ​ទេ​ ។ នាង​មាន​ឪពុក​ឈ្មោះ​តោ ហុង​ អាយុ​​​៥៥​ឆ្នាំ និង​ម្តាយ​ឈ្មោះ​លីវ គឹម​អេង​ អាយុ​៥០​ឆ្នាំ ដែល​មាន​មុខ​របរ​លក់​ដូរ​នៅ​ផ្ទះ ​។ កញ្ញា​តោ គឹម​ស៊ី មាន​ស្រុក​កំណើត​នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​​ស្វាយ​ដង្គុំ​ ក្រុង​សៀម​រាប​ ខេត្ត​សៀម​រាប​ ​កើត​នៅ​ថ្ងៃ​ទី​៣០ សីហា ១៩៩២​ ។​ នាង​​រៀន​ពូកែ​លើ​មុខ​វិជ្ជា​គណិត​វិទ្យា​ គីមី រូប​វិទ្យា​ ជីវ​វិទ្យា​ និទ្ទេស​ល្អ​ ខ្មែរ​និទ្ទេស​ល្អ​ណាស់​ ។ បំណង​របស់​យុវ​សិស្ស​រូប​នេះ​​សំរាប់​បន្ត​ការ​សិក្សា គឺ​​ចង់​រៀន​ផ្នែក​​សេដ្ឋ​កិច្ច​ និ​ងភាសា​បរទេស​ ទោះ​បី​ជា​យ៉ាង​ណា​នាង​ក៏​ចាំ​មើល​សភាព​ជាក់​ស្តែង​សិនថា តើ​អាច​លៃលក​ពេល​វេលា​បាន​ប៉ុន​ណា តែ​សំរាប់​​ការ​ជ្រើស​រើស​ដំបូង​នោះ​ គឺ​រៀន​នៅ​មហា​វិទ្យា​ល័យ​ណា​ក៏​បាន​ដែរខាង​​សេដ្ឋកិច្ច ​។ មូល​ហេតុ​ដែល​​ចង់​រៀន​ខាង​សេដ្ឋ​កិច្ច ​ត្រូវ​បាន​នាង​បង្ហាញ​ពី​ចេតនា​ច្បាស់​លាស់​ថា ទី​១ ជា​ចំណង់​ចំណូល​ចិត្ត​ ទី​២ ចង់​អភិ​វឌ្ឍប្រទេស​ជាតិ​ ពី​ព្រោះ​សេដ្ឋ​កិច្ច​ជា​តួ​អង្គ​សំខាន់​ក្នុង​ការ​អភិ​វឌ្ឍ​ជាតិ ទី​៣ ចង់​​បើក​ក្រុម​ហ៊ុន​ធ្វើ​អាជីវ​កម្ម​ផ្ទាល់​ខ្លួន​នា​អនា​គត ​។​ នាង​ក៏​បាន​សំដែង​នូវ​ការ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​ទទួល​បាន​នូវ​ការ​អប ​អរ​សាទរ​ពី​ក្រុម​គ្រួសារ​ មិត្ត​ភក្តិ​ លោក​គ្រូ អ្នក​គ្រូ​ និង​សារព័ត៌​មាន​កោះ​សន្តិ​ភាព ​ដែល​ចាប់​អារម្មណ៍​ ធ្វើ​ការ​សំភាសន៍​នាង​នា​ពេល​នេះ​ ។ នាង​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា តាំង​ពី​លទ្ធផល​ប្រលង​ត្រូវ​បាន​ប្រកាសមក​ មាន​ទស្សនា​វដ្តី ​ធ្វើ​ការ​សំភាសន៍​តាម​ទូរ​ស័ព្ទ​ ពី​ខេត្ត​សៀម​រាបជា​​លើក​ទី​១ និង​លើក​ទី​២ បា​ន​ចូល​រួម​ក្នុង​កម្ម​វិធី​​វិទ្យុ​FM៩៧.៥​ ខេត្ត​សៀម​រាប និង​លើ​ក​​ទី​៣ សំភាសន៍​ជាមួយ​កោះ​សន្តិ​ភាព ​។

ជីវ​ភាព​គ្រួសារ​របស់នាង​ ស្ថិត​ក្នុងគ្រួ​សារ​អ្នក​​ប្រកប​មុខ​របរ​លក់​ដូរ​នៅ​ផ្ទះ​ មិន​ខ្វះ​ខាត​ទេ​តែ​ក៏​មិន​ធូរ​ធារណាស់​ណា​ដែរ​ ដោយ​នាង​វាយ​តំលៃ​ថា​បង្គួរ​ដែល​បាន​អនុញ្ញាត​ឱ្យ​នាង​រៀន​សូត្រ​ទទួល​បាន​ លទ្ធ​ផល​ល្អ ។ បច្ចុប្បន្ន​សមត្ថ​ភាព​ភាសា​អង់​គ្លេស​របស់​នាង​មាន​កំរិត​១១B នៅ​ACE ហើយក្រៅ​ពី​ភាសា​អង់​គ្លេស​នាង​ក៏​ធ្លាប់​រៀន​ភាសា​បារាំង និង​ជប៉ុន​ដែរ ។ ភាសា​បារាំង​ប្រើ​ការ​បាន​ខ្លះ​ៗ ជប៉ុន​មិន​ទាន់​ប្រើ​ការ​បាន​ទេ​ តែ​អង់​គ្លេស​ប្រើ​ប្រាស់​បាន​ហើយ ​។
កញ្ញា​តោ គឹម​ស៊ី បាន​បង្ហាញ​ពី​កត្តា​មួយ​ចំនួន ​ដែល​ធ្វើ​ឱ្យ​នាង​រៀន​បាន​ពូកែ​គឺ​ទី១ កត្តា​ខ្លួន​ឯង ទី​២ សុខ​ភាព​ និង​ទី​៣ បរិ​ស្ថាន ។ កត្តា​ខ្លួន​ឯង មាន​បី​ទៀត​ ទី១-គោរព​អង្គ​ទាំង​៤​របស់​អ្នក​សិក្សា​គឺ៖ ​សុ ចិ បុ លិ  ។ សុ មាន​ន័យថា​ ស្តាប់​, ចិ មាន​ន័យ​ថា គិត​, បុ មាន​ន័យ​ថា​ សួរ និង​លិ មាន​ន័យថា កត់​ត្រា​ ។ ទី២ ការ​ធ្វើ​កាល​វិភាគ​បែង​ចែកការ​រៀន​នៅ​ផ្ទះ​ និង​ការ​រៀន​នៅ​សាលា​ ។ ទី៣ ពេល​ប្រលង​ត្រូវ​ជំនះ​លើ​ការ​ភ័យ​ខ្លាច​ និង​សរសេរ​ឱ្យ​លឿន អក្សរ​ឱ្យ​ច្បាស់​ ។ កត្តា​ទី​២ គឺ​បញ្ហា​សុខ​ភាព​សិក្សា​ដែល​មិន​ត្រូវ​រៀន​ដោយ​ងប់​ងល់​ពេក​រហូត​អត់​ដេក​ អត់​បាយ​វា​អាច​ប៉ះ​ពាល់​ដល់​សុខ​ភាព​នោះ​ឡើយ ។ កត្តា​ទី​៣ ​បរិ​ស្ថាន​មនុស្ស​ជុំ​វិញ​ខ្លួន គឺ​គ្រូ​ដែល​មាន​សមត្ថ​ភាព​ផ្នែក​គរុ​កោសល្យ​ចេះ​លើក​ទឹក​ចិត្ត​សិស្ស ​អប់​រំ​ឱ្យ​មាន​​ការ​សេព​គប់​មិត្ត​ភក្តិ​ដែល​នាំ​ឱ្យ​យើង​ទៅ​រៀន​​ ក្រុម​គ្រួសារ​ បង​ប្អូន ញាតិ​មិត្ត​ដែល​ចេះ​ជួយ​គាំ​ទ្រ​ទាំង​ស្មារតី និង​សំភារ ​។

យុវសិស្ស​តោ គឹម​ស៊ី ក៏​ឆ្លៀត​ឱកាស​សំណូម​ពរ​ ដល់បណ្តា​យុវ​វ័យ​ទាំង​អស់​ កុំ​ឱ្យ​សប្បាយ​ភ្លើត​ភ្លើននឹង​ភាព​ហ៊ឺ​ហា​ សប្បាយ​ចាយ​លុយ និង​សម្ផស្ស​ខ្លួន​ឯង​ជ្រុល​ពេក ពី​ព្រោះ​ពួក​យើង​ជា​ទំពាំង​ស្នង​ឫស្សី​ ដែល​ត្រូវ​ខិត​ខំរៀន​សូត្រ​ឱ្យ​បាន​ពូកែ ​ដើម្បី​ក្លាយ​ជា​សសរ​ទ្រូង​ប្រទេស​ជាតិ​នៅ​ថ្ងៃ​អនា​គត ​។ កោះ​សន្តិ​ភាព​សូម​ជូន​ពរ​ដល់​យុវ​សិស្ស​តោ គឹម​ស៊ី ដ៏​ប្រិម​ប្រិយ​រូប​នេះ​ ឱ្យកាន់​តែ​ទទួល​បាន​នូវ​អនា​គត​ល្អ ​តាម​សេចក្តី​ប៉ង​ប្រាថ្នា​កុំ​បី​ឃ្លាត​ឡើយ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s