កម្ពុជា​ទិញ​រថក្រោះ និង​រថពាស​ដែក​ថ្មី​ជាង​៩០​គ្រឿង​ពី​អឺរ៉ុប​ខាង​កើត

ដោយ យន់ សាមៀន
2010-09-15 RFA

ក្រសួង ​ការពារ​ជាតិ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ពង្រឹង​សមត្ថភាព​កង​យោធពល​ខេមរភូមិន្ទ បាន​ទិញ​រថក្រោះ និង​រថពាស​ដែក​ថ្មី​ពី​ប្រទេស​អឺរ៉ុប​ខាង​កើត​ជាង ៩០​គ្រឿង ដើម្បី​ត្រៀម​ការពារ​បូរណភាព​ទឹក​ដី​កម្ពុជា​ពី​ការ​ឈ្លានពាន​របស់​បរទេស។

Photo courtesy of Wikimedia

រថក្រោះ​ប្រភេទ T-55 របស់​ប្រទេស​អេហ្ស៊ីប (http://commons.wikimedia.org)

កម្ពុជា​នឹង​មាន​រថក្រោះ​ថ្មី​ប្រភេទ T-55 ចំនួន ៥០​គ្រឿង និង​រថពាសដែក​ចំនួន ៤៤​គ្រឿង និង​រថយន្ត​សម្រាប់​ដឹក​រថក្រោះ​ចំនួន ៣​គ្រឿង ដែល​នឹង​ដឹក​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៨ កញ្ញា តាម​ច្រក​សមុទ្រ​កំពង់ផែ​ព្រះសីហនុ ហើយ​នឹង​បញ្ជូន​មក​ភ្នំពេញ នៅ​​ថ្ងៃ​ច័ន្ទ ទី​២០ ខែ​កញ្ញា ពី​ប្រទេស​អឺរ៉ុប​ខាង​កើត។ មន្ត្រី​យោធា​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​នៃ​ប្រទេស​អឺរ៉ុប​ទេ ដោយសារ​ការ​សម្ងាត់​ក្នុង​ផ្នែក​យោធា។

ការ​ប្រកាស​របស់​មន្ត្រី​ការពារ​ជាតិ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ដើម្បី​ពិនិត្យមើល​ឃ្លាំង​សម្ភារៈ​យោធា​របស់​ចិន។ មន្ត្រី​ជាន់​ខ្ពស់​យោធា​ដែល​បាន​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា លោក ទៀ បាញ់ នឹង​អាច​ស្វែង​រក​ទិញ​ឧទ្ធម្ភាគចក្រ​យោធា​ប្រភេទ​ដឹក​ជញ្ជូន​ពី​ប្រទេស​ចិន។

ទោះបី​មន្ត្រី​ជាន់ខ្ពស់​យោធា​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ទិញ​សម្ភារៈ​យោធា​ទំនើប​ថ្មី​នេះ មិន​មែន​ជា​ការ​បង្ហាញ​សាច់ដុំ​របស់​កម្ពុជា ជុំវិញ​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ ក៏​ដោយ ក៏​អ្នក​វិភាគ​ស្ថានការណ៍​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ បាន​ឲ្យ​ដឹង​ថា កម្ពុជា​កំពុង​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ទប់ទល់​ពី​ការ​ឈ្លានពាន​របស់​បរទេស ជា​ពិសេស​គឺ​ប្រទេស​ថៃ។ អ្នក​វិភាគ​បាន​ឲ្យ​ដឹង​ថា ទោះ​បី​កង​ទ័ព​កម្ពុជា​មាន​បទពិសោធន៍​ប្រយុទ្ធ ប៉ុន្តែ​សម្ភារៈ​យោធា​កម្ពុជា​នៅ​មាន​ការ​ខ្វះខាត បើ​ប្រៀបធៀប​នឹង​សម្ភារៈ​យោធា​របស់​ថៃ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង នៅ​ថ្ងៃ​ពុធ ទី​១៥ កញ្ញា បាន​បញ្ជាក់​ថា កម្ពុជា​នឹង​មាន​រថក្រោះ និង​រថពាស​ដែក​ចំនួន​ជិត ១០០​គ្រឿង​ថ្មី​បន្ថែម​ទៀត ដើម្បី​ពង្រឹង​កម្លាំង​យោធា​កម្ពុជា។

លោក កុយ គួង បន្ថែម​ទៀត​ថា វា​ជា​ការ​ធម្មតា​ទេ​សម្រាប់​កម្ពុជា ក្នុង​ការ​ពង្រឹង​សមត្ថភាព​យោធា​របស់​ខ្លួន​សម្រាប់​ការពារ​ទឹក​ដី​កម្ពុជា ហើយ​សម្ភារៈ​យោធា​ថ្មី​មិន​មែន​ជា​ការ​គំរាម​កំហែង​ទៅ​ដល់​ប្រទេស​ជិត​ខាង​ នោះ​ទេ។

លោក កុយ គួង បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា កម្ពុជា​នឹង​ទទួល​បាន​រថក្រោះ និង​រថពាស​ដែក​បន្ថែម​ទៀត បន្ទាប់​ការ​ដឹក​ជញ្ជូន​រថក្រោះ និង​រថពាស​ដែក​ជិត ១០០​គ្រឿង​មក​ដល់​កម្ពុជា​ហើយ​នោះ។

គួ​របញ្ជាក់​ថា ក្រសួង​ការពារ​ជាតិ​កម្ពុជា មិន​ត្រឹមតែ​បង្កើន​សមត្ថភាព​យោធា​របស់​ខ្លួន​នោះ​ទេ ក្រសួង​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ឲ្យ​ដឹង​ថា ក្រសួង​​នឹង​ចាប់ផ្ដើម​រៀបចំ​ទាហាន​បម្រុង​របស់​កង​យោធពល​ខេមរភូមិន្ទ សម្រាប់​តម្រូវការ​ចាំបាច់​របស់​ប្រទេស​ជាតិ និង​សម្រាប់​ត្រៀម​ជា​កម្លាំង​រង់ចាំ​បំពេញ​ភារកិច្ច​តាម​ត្រូវការ​របស់​កង​ យោធពល​​ខេមរភូមិន្ទ។

សមាជិក​យោធិន​បម្រុង​ដែល​នឹង​ជ្រើស​រើស​រួម​មាន​៖ យោធិន​ជាប់​កិច្ចសន្យា, យោធិន​អាជីព​ដែល​ចូល​និវត្តន៍ ឬ​លា​ឈប់​ពី​ការងារ​មុន​អាយុ​កំណត់​ចូល​និវត្តន៍, យោធិន​ជាប់​កិច្ចសន្យា​ដែល​បាន​បញ្ចប់​កិច្ចសន្យា​បន្ទាប់​ពី​បាន​ទទួល​ការ​ បណ្ដុះបណ្ដាល​ពី​ក្រសួង​ការពារ​ជាតិ និង​ពលរដ្ឋ​ដែល​បាន​បញ្ចប់​កាតព្វកិច្ច​យោធា។ យោធិន​បម្រុង​ទាំង​នោះ នឹង​តម្រូវ​ឲ្យ​បម្រើ​ភារកិច្ច​យ៉ាង​តិច​ចំនួន​ពី ៣​ខែ ទៅ ៤​ខែ។

ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ជាម យៀប នៅ​ថ្ងៃពុធ មាន​ប្រសាសន៍​ថា លោក​នៅ​មិន​ទាន់​ដឹង​ព័ត៌មាន​អំពី​ការ​ទិញ​សម្ភារៈ​យោធា​នៅ​ឡើយ​ទេ។ ប៉ុន្តែ​រដ្ឋ​សភា​បាន​អនុម័ត​កញ្ចប់​ថវិកា​ពិសេស​ចំនួន ៣០​លាន​ដុល្លារ សម្រាប់​តម្រូវការ​របស់​រដ្ឋាភិបាល​កម្ពុជា។ ដូច្នេះ​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា មាន​សិទ្ធិ​ប្រើប្រាស់​ថវិកា​នេះ។

លោក ជាម យៀប បន្ថែម​ថា ប្រសិន​បើ​ថវិកា​ដើម្បី​ទិញ​សម្ភារៈ​យោធា​មាន​តម្លៃ​ខ្ពស់ រដ្ឋាភិបាល​ត្រូវតែ​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋ​សភា មុន​ពេល​ទិញ​សម្ភារៈ​ទាំង​នោះ។ លោក​ថា ថវិកា​ឆ្នាំ​២០១០ របស់​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ មាន​ចំនួន​ប្រហែល ៥០០​លាន​ដុល្លារ។

អ្នក​វិភាគ​នយោបាយ លោក សុខ ទូច បាន​ហៅ​ការ​ទិញ​សម្ភារៈ​យោធា​របស់​កម្ពុជា​ថា ជា​ការ​ត្រៀម​ខ្លួន​ដើម្បី​ការពារ​ប្រទេស​ពី​ការ​ឈ្លានពាន​របស់​ថៃ ក្រោយ​ពេល​កម្ពុជា និង​ថៃ បាន​ជួប​វិបត្តិ​ព្រំដែន ដោយ​មិន​ទាន់​អាច​ដោះស្រាយ​បាន​នៅ​ឡើយ។

កម្ពុជា​បាន​កែ​ទម្រង់​សមត្ថភាព​កងទ័ព​កម្ពុជា បន្ទាប់​ពី​កងទ័ព​ថៃ បាន​ចូល​ឈ្លានពាន​ទឹក​ដី​កម្ពុជា នៅ​ក្បែរ​ប្រាសាទ​វិហារ​ខ្មែរ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ ហើយ​បច្ចុប្បន្ន​នេះ​ប្រទេស​ថៃ នៅ​តែរក្សា​ទុក​កម្លាំង​របស់​ខ្លួន​ក្នុង​វត្ត​កែវសិក្ខាគិរីស្វារៈ​របស់​ ខ្មែរ ដែល​មាន​ចម្ងាយ​ប្រមាណ ៣០០​ម៉ែត្រ​ពី​ប្រាសាទ​ព្រះវិហារ ហើយ​កាល​ពី​ខែ​សីហា នាយក​រដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វ៉េតឆាឈីវ៉ាក់ (Abhisit Vejjajeva) បាន​គំរាម​​ប្រើ​មធ្យោបាយ​យោធា ប្រសិន​បើ​ថៃ​មិន​អាច​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា​បាន។

កំណែ​ទម្រង់​សមត្ថភាព​យោធា​កម្ពុជា រួម​មាន​ការ​បំពាក់​អាវុធ​ថ្មី សម្លៀក​បំពាក់​យោធា និង​ការ​ផ្លាស់​ប្ដូរ​បទពិសោធន៍​រវាង​កង​ទ័ព និង​​មន្ត្រី​ជាន់​ខ្ពស់​យោធា​កម្ពុជា​ និង​វៀតណាម​ក។ កាល​ពី​ថ្ងៃ​ទី​១៣ កញ្ញា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋលេខាធិការ​ក្រសួង​ការ​ពារ​ជាតិ​វៀតណាម លោក ង្វៀន ជីវិញ (Nguyen Chi Vinh) មន្រ្ដី​យោធា​កម្ពុជា និង​វៀតណាម បាន​សន្យា​ពង្រឹង និង​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​គ្នា​ក្នុង​វិស័យ​យោធា ដើម្បី​រក្សា​សន្តិសុខ​នៅ​ក្នុង​តំបន់ និង​នៅ​តាម​ព្រំដែន​ប្រទេស​ទាំង​ពីរ និង​ការ​បណ្ដុះ​បណ្ដាល​មន្ត្រី​យោធា​កម្ពុជា​នៅ​ក្នុង​ប្រទេស​វៀតណាម។

លោក សុខ ទូច បន្ថែម​ទៀត​ថា ទោះ​បី​សមត្ថភាព​សម្ភារៈ​កង​ទ័ព​ថៃ មាន​លក្ខណៈ​ប្រសើរ​ជាង​កង​ទ័ព​កម្ពុជា​ក៏​ដោយ កង​ទ័ព​កម្ពុជា​មាន​ឆន្ទៈ​ប្រយុទ្ធ​ដើម្បី​ការពារ​ទឹក​ដី​របស់​ខ្លួន។

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ នៅ​ថ្ងៃ​ពុធ ទី​១៥ កញ្ញា គាំទ្រ​រដ្ឋាភិបាល​ក្នុង​ការ​ទិញ​សម្ភារៈ​យោធា​ដើម្បី​ការពារ​ទឹក​ដី​ កម្ពុជា ប៉ុន្តែ​លោក​ស្នើ​ឲ្យ​មាន​ការ​ទិញ​សម្ភារៈ​យោធា​ដោយ​មាន​ការ​ដេញ​ថ្លៃ និង​ចៀសវាង​អំពើ​ពុក​រលួយ។ លោក យឹម សុវណ្ណ បន្ថែម​ទៀត​ថា ទោះ​បី​កម្ពុជា​មាន​សម្ភារៈ​ល្អ​ក៏​ដោយ រដ្ឋាភិបាល​កម្ពុជា​ក៏​ត្រូវតែ​គិតគូរ​ដល់​ជីវភាព​កងទ័ព ដើម្បី​ពង្រឹង​ទឹក​ចិត្ត​កង​ទ័ព​ក្នុង​ការ​ប្រយុទ្ធ។

គេហ​ទំព័រ​ភ្នាក់ងារ​ស៊ើប​ការណ៍​កណ្ដាល​របស់​សហរដ្ឋ​អាមេរិក (CIA) បាន​ឲ្យ​ដឹង​ថា ធនធាន​មនុស្ស​នៅ​កម្ពុជា​សម្រាប់​ធ្វើ​ទាហាន​មាន​ចំនួន ៤​លាន​នាក់ ហើយ​ការ​ចំណាយ​វិស័យ​កង​ទ័ព​មាន​ចំនួន ៣% នៃ​ផលិតផល​សរុប​ក្នុងស្រុក។ ចំណែក​ថៃ​មាន​ធនធាន​មនុស្ស​សម្រាប់​ធ្វើទាហាន​ចំនួន​ដល់​ទៅ ២៧​លាន​នាក់ និង​ការ​ចំណាយ​លើ​វិស័យ​កង​ទ័ព​ថៃ​មាន​ចំនួន​តែ ១,៨% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s