វិយោគកថានៃមរណភាពរបស់លោក រាជ សម្បត្តិ

by Neth Pheaktra on Thursday, May 12, 2011 at 11:15am

កាលពី៤៦ ឆ្នាំមុន គឺនៅឆ្នាំ ១៩៦៥ ទារកម្នាក់មានភេទប្រុស បានចាប់ប្រសូតមកនៅក្នុងក្រុមគ្រួសារត្រកូលកសិករ

មួយនៅលើទឹកដីខេត្តស្វាយរៀង។ ទារកម្នាក់នោះត្រូវបានឱពុកម្តាយ និងសាច់ញាតិរបស់ខ្លួនដាក់ឈ្មោះថា រាជ សម្បត្តិ។ ទារក រាជ សម្បត្តិ បានចម្រើនវ័យកាន់តែលឿន និងក្លាយជាកុមារម្នាក់ដ៏ឈ្លាតវៃ និងគួរជាទីស្រលាញ់របស់អស់ញាតិសន្តាន នៅក្នុង

ស្រុក។ កុមារា រាជ សម្បត្តិ ក៏ដូចជាកុមារជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា បានឆ្លងកាត់របបខ្មែរក្រហម ដែលបានដឹកនាំប្រទេស ឆ្ពោះទៅរកភាពអន្តរាយចន្លោះពីថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៧៩។

ភាពឈឺចាប់ ខ្លោចផ្សា អត់អាហារបានរួតរឹតកុមារា រាជ សម្បត្តិ ដែលកំពុងស្ថិតនៅក្នុងវ័យមួយតម្រូវការការសិក្សា និង ម្ហូបអាហារព្រមទាំងការថែទាំរក្សាពីមាតាបិតារបស់ខ្លួន។ កុមារាសម្បត្តិ ត្រូវបានពង្រាតពីឪពុកម្តាយ ស្ថិតនៅក្នុងកងកុមារធ្វើការ ងារគ្មានស្រាកស្រាន្ត។ កុមារសម្បត្តិ មានរូបស្គមស្គាំ ប៉ុន្តែស្មាមញញឹមដ៏ស្រស់គួរជាទីទាក់ទាញ និងស្នាមញញឹមដ៏បរិសុទ្ធក្នុងនាម ជាមនុស្សស្លូតត្រង់ និងស្មោះសនៅតែស្ថិតក្នុងក្រអៅបេះដូវរបស់កុមាររូបនេះជានិច្ច។ ភាពសោកសង្រេងនៅក្នុងជីវិតរបស់លោក ហើយមិនអាចបំភ្លេចបានអស់មួយជីវិតលោក គឺការបាត់បង់ឪពុកម្តាយជាអ្នកមានមហាករុណគុណចំពោះលោក ដោយសារតែ

ក្រុមខ្មែរក្រហមបានប្រល័យជីវិតលោកទាំងពីរគ្មានត្រាប្រណី។

កុមារារាជ សម្បត្តិ ព្រមទាំងបងប្អូនរបស់លោកបានក្លាយជាកុមារកំព្រា រស់នៅដោយពឹលើខ្លួនឯង និងការជួយផ្តល់ការ គាំទ្រពីសំណាក់សាច់ញាតិ និងពលរដ្ឋមួយចំនួន។ ក្រោយរំដោះថ្ងៃ ៧ មរា ឆ្នាំ ១៩៧៩ កុមារា រាជ សម្បត្តិ បានធ្វើដំណើរមក

ទីក្រុងភ្នំពេញ។ កុមារាសម្បត្តិ បានព្យាយាមតស៊ូ ជម្នះនូវរាល់ឧបសគ្គទាំងឡាយនៅក្នុងជីវិត។ កុមារសម្បត្តិ បានចម្រើនវ័យ បាន បន្តការសិក្សារបស់ខ្លួនចេញពីសាលាបឋមសិក្សាវត្តភ្នំ ហើយបានបញ្ចប់ការសិក្សាទុតិយភូមិនៅឆ្នាំ ១៩៨៧ នៅវិទ្យាល័យព្រះ

ស៊ីសុវត្ថិ។ កំពុងសិក្សា លោករាជ សម្បត្តិ បានបើកបង្រៀនភាសាបរទេសក្រៅម៉ោង គឺនៅសាលាក្រោយវាំង។ ជាគ្រូភាសាអង់

គ្លេស លោកបានបង្ហាត់បង្រៀនមនុស្សជាច្រើនឲ្យចេះសរសេរ និងនិយាយភាសាអង់គ្លេស។ យុវជនរាជ សម្បត្តិ បានក្លាយទៅ គ្រូបង្រៀនភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ។

ជីវិតលោក រាជ សម្បត្តិ បានឆ្លងកាត់នូវឧបសគ្គ និងការតស៊ូយ៉ាងខ្លាំង។ លោកឆ្លងកាត់ជាជីវិតក្មេងវត្ត និងបានហែល កាត់នូវការតស៊ូដ៏ច្រើនអនេកដូចជារត់កងឌុបជាដើម។ លោករាជ សម្បត្តិ បានរក្សាទុកនូវអនុស្សាវរីយ៍ជូរចាត់ និងផ្អែមល្ហែមនៅក្នុង

ជីវិតរបស់លោកជានិច្ច និងតែងតែលើកឡើងពីជីវិតតស៊ូរបស់លោកប្រាប់ដល់ក្មេងជំនាន់ក្រោយ។ លោកក៏តែងតែរម្លឹកឡើងវិញពី

អតីតកាលរបស់លោក ជាមួយនឹងមិត្តភក្តិដទៃទៀតដែលបានស្គាល់គ្នា និងរៀនជាមួយគ្នាតាំងពីកុមារភាពម្ល៉េះ។ លោករាជ សម្បត្តិ បានក្លាយជាមនុស្ស ម្នាក់មានប្រជាប្រិយភាពដោយសារតែការនិយាយរឿងកំប្លែងរបស់លោកមិនចេះរីងស្ងួតនិងភាពក្រមិចក្រមើម

របស់លោក រួមនឹង ភាពស្រស់ស្រាយ និងរាក់ទាក់ចំពោះមនុស្សគ្រប់រូប។ លោកបានរក្សាទុកនូវរបស់ចាស់ៗដែលលោកបានប្រើ ប្រាស់ពីមុនមកក្នុងនោះមានកងមួយ ដែលលោកបានជិះវាតាំងពីក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ម្ល៉េះ។ លោករាជ សម្បត្តិ បានមនុស្ស

ស្រលាញ់របស់ប្រើប្រាស់របស់ខ្លួន និងភ្ជាប់ខ្លួនទៅនឹងរបស់ទាំងនោះ ដោយចាត់ទុកថា ជាផ្នែកមួយនៃជីវិតរបស់របស់លោក។

ក្រោយពីសម័យអ៊ុនតាក់ និងការរៀបចំការបោះឆ្នោតនៅឆ្នាំ ១៩៩៣ យុវជនរាជ សម្បត្តិ បានបន្តការសិក្សាផ្នែកសារ

ព័ត៌មាននៅសាកលវិទ្យាល័យជូឡា ឡុងកន។ បន្ទាប់មក លោកបានសិក្សាជំនាញផ្នែកទំនាក់ទំនងសាធារណៈ សារគមនាគមន៍ និងវិជ្ជាជីវៈសារព័ត៌មាននៅសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រនីញ៉ា។ លោកបានធ្វើការសិក្សានៅប្រទេសឥណ្ឌា និងទទួលការបណ្តុះ បណ្តាលផ្នែកជំនាញសារព័ត៌មាននៅបរទេសជាច្រើនថែមទៀត។ លោកបានបម្រើការងារអាជីពជាអ្នកកាសែតអស់រយៈពេលជាង ២០ ឆ្នាំ ដោយបានធ្វើជាអ្នកឆ្លើឆ្លងព័ត៌មានអន្តរជាតិធំៗជាច្រើនប្រចាំប្រទេសកម្ពុជា។ លោកបានលាចេញពីជីវិតជាអ្នកកាសែត

មកជាអ្នកនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានៅដើមឆ្នាំ ២០០៦ ហើយក្រោយមកបានក្លាយជាប្រធានផ្នែកិច្ចការ សាធារណៈនៃសាលាក្តីចម្រុះកម្ពុជា អង្គការសហប្រជាជាតិនេះ។

លោករាជ សម្បត្តិ ទាំងក្នុងអាជីព និងក្នុងជីវិតឯកជនរបស់លោកបានទទួលនូវការគោរពដ៏ជ្រៀលជ្រៅបំផុត។ ជាមួយ

នឹងសមត្ថភាព ភាពរាក់ទាក់ស្រស់ស្រាយរបស់លោក ទាំងមិត្តភក្តិ និងមិត្តរួមអាជីពបានទទួលស្គាល់លោកថា ជាមនុស្សដ៏ស្លូត ត្រង់់ និងដ៏ល្អប្រពៃម្នាក់ប្រកបដោយធម៌ព្រះពុទ្ធនៅក្នុងខ្លួន។ លោកចូលចិត្តលេងសើចសប្បាយ និងជាអ្នកចូលចិត្តសិល្បៈកម្សាន្ត។ នៅក្នុងផ្ទះរបស់គាត់ លោករាជ សម្បត្តិ បានរក្សាទុកនូវស្គរ និងគ្រឿងភ្លេងជាច្រើនទៀត។ ការតុបតែងផ្ទះជាលក្ខណៈធម្មជាតិគឺ ជាចំណង់ចំណូលចិត្តរបស់លោក។ នៅពេលសម្រាក លោកតែងតែហៅលេងជាមួយសត្វសារិកាកែវរបស់លោក ជាមួយនឹង

សំឡេងគ្រលួច។ លោករាជ សម្បត្តិ ជាមនុស្សម្នាក់ដែលកាន់ខ្ជាប់ព្រះពុទ្ធសាសនា ដោយសារលោកក៏ជាអតីតក្មេងវត្តម្នាក់។

មនុស្សទូទៅបានស្គាល់លោកយ៉ាងច្បាស់តាមរយៈកិច្ចការនៅសាលាក្តីខ្មែរក្រហម។ លោករាជ សម្បត្តិ បានធ្វើឲ្យប្រជា ពលរដ្ឋរាប់សែន លាននាក់យល់ដឹងពីដំណើរការជំនុំជម្រះសាលាក្តីខ្មែរក្រហម ដោយធ្វើការពន្យល់នៅពេលពលរដ្ឋធ្វើទស្សនកិច្ច នៅសាលាក្តីខ្មែរក្រហមផង និងលោករួមនឹងក្រុមការងារបានចុះទៅកាន់ខេត្តនានាក្នុងប្រទេសកម្ពុជា។ លោករាជ សម្បត្តិ ក៏ជា អ្នក បណ្តុះបណ្តាលអ្នកសារព័ត៌មានដ៏ច្រើនដែរ។ សិស្ស និស្សិត រួមនឹងអ្នករួមអាជីពតែងតែឲ្យតម្លៃលើរូបលោក និងចាត់ទុករូបលោក រាជ សម្បត្តិ ជាមនុស្សម្នាក់មានការអប់រំខ្ពស់ និងជាធនធានមនុស្សដ៏មានតម្លៃម្នាក់សម្រាប់ប្រទេសជាតិ។ លោកជាកម្លាំងចលករ មួយជួយផ្លាស់ប្តូរមុខមាត់នៃវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ ការស្រលាញ់រាប់អានចំពោះលោករាជ សម្បត្តិ មិនត្រឹមតែ មានជាមួយនឹងជនជាតិខ្មែរដូចគ្នានោះឡើយ ប៉ុន្តែការស្រលាញ់នេះ បានដិតជាប់នៅក្នុងចិត្តរបស់ជនបរទេសទាំងឡាយដែលបាន ស្គាល់លោករាជ សម្បត្តិ។ លោកសម្បត្តិ គឺជាមនុស្សម្នាក់ដែលគិតពីសុខទុក្ខរបស់អ្នកដទៃ ជាងសុខទុក្ខរបស់ខ្លួនឯង។ លោកជា មនុស្សចិត្តបុណ្យ រាប់អានមនុស្សដោយស្មោះសបំផុត។

អំពើល្អរបស់លោកសម្រាប់មនុស្សជាតិ និងប្រជាជាតិខ្មែរ គឺជាអ្វីដែលមនុស្សគ្រប់រូបចងចាំមិនភ្លេច គឺការជួយធ្វើឲ្យពល រដ្ឋទាំងអស់យល់ដឹងពីដំណើរការជំនុំជម្រះលើអតីតមេដឹកនាំខ្មែរក្រហម។ លោកបានថ្លែងប្រាប់ខ្ញុំនាពេលមួយថា លោកមិនមាន

ការគំគួនអ្វីឡើយចំពោះមេដឹកនាំខ្មែរក្រហម។ អ្វីដែលលោកធ្វើគឺធ្វើដើម្បីនាំមកនូវយុត្តិធម៌សម្រាប់ប្រជាជាតិខ្មែរទាំងមូល គឺមិន មែនដើម្បីសងសឹកនឹងអតីតមេដឹកនាំខ្មែរក្រហម ដែលធ្វើឲ្យឪពុកម្តាយរបស់លោកស្លាប់បាត់បង់ជីវិតឡើយ។ នេះគឺជាចិត្តបុណ្យ របស់អ្នកកាន់ព្រះពុទ្ធសាសនាពិតប្រាកដម្នាក់ដែលលោករាជ សម្បត្តិមាន។

ភាពសកម្មនៅក្នុងការងារបម្រើជាតិ និងគ្រួសារបស់លោករាជ សម្បត្តិ បានបញ្ចប់ទៅដោយមិនអស់ចិត្តសម្រាប់មនុស្ស ទូទៅដែលស្គាល់ និងរាប់អានលោក។ លោក រាជ សម្បត្តិ មានអាយុ ៤៦ ឆ្នាំ ជាប្រធានផ្នែកកិច្ចការសាធារណៈនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានទទួលរងនូវជំងឺលើសឈាមធ្ងន់ធ្ងរ ត្រូវបានមច្ចុរាជផ្តាច់ផ្តិលជីវិតរបស់លោកនៅវេលាម៉ោង ៨ និង ៤៥ នាទីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១១ នៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីក្រុមគ្រូពេទ្យបានព្យាយាមក្នុងការជួយសង្គ្រោះ

អាការៈជំងឺដ៏ធ្ងន់ធ្ងររបស់លោក។

លោក រាជ សម្បត្តិ មានបញ្ហាលើសឈាម កាលពីល្ងាចថ្ងៃទី ១០ ខែឧសភា វេលាម៉ោង ៤ និង ៣០ នាទីរសៀល នៅពេលលោកកំពុងបំពេញការងារ។ លោកត្រូវបញ្ជូនពីសាលាក្តីមកកាន់មន្ទីរពេទ្យកាលម៉ែតដើម្បីធ្វើការសង្គ្រោះបន្ទាន់។ បើតាមក្រុមគ្រូពេទ្យ ដោយសារតែស្ថានភាពលើសឈាមរបស់លោកមានសភាពធ្ងន់ធ្ងរ បានធ្វើឲ្យលោក រាជ សម្បត្តិ ដាច់សរសៃឈាមនៅក្នុងខួរក្បាល។ លោក រាជ សម្បត្តិ បានសម្រាន្តស្តូកស្តឹងមិនទាន់ដឹងខ្លួនចាប់តាំងពីលោកទទួលរងជំងឺលើសឈាម ហើយលោកត្រូវបានក្រុមគ្រូពេទ្យបន្តដកដង្ហើមដោយមានខ្យល់អុកស៊ីសែនជាជំនួយ។

ក្រុមគ្រូពេទ្យទាំងជាតិ និងបរទេសបានខិតខំជួយសង្គ្រោះលោក ដោយមានគម្រោងបញ្ជូនលោកទៅព្យាបាលនៅទីក្រុង បាងកក ប៉ុន្តែដោយសារតែស្ថានភាពសុខភាពរបស់លោកមិនអំណោយផលដល់ការបញ្ជូនទៅព្យាបាលនៅក្រៅប្រទេសឡើយ។ ក្តី សង្ឃឹមលើរូបលោកបានធ្លាក់ចុះ ទីបំផុតលោករាជ សម្បត្តិ ដែលមនុស្សទូទៅបានស្គាល់ និងទទួលស្គាល់ពីប្រសិទ្ធភាពការងាររបស់លោក តាមរយៈកិច្ចការនៅសាលាក្តីខ្មែរក្រហម បានលាចាកលោកនេះ ដោយបន្សល់ទុកនូវភាពអលោះអាល័យសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ រួមអាជីព និងប្រជាពលរដ្ឋរួមជាតិរបស់លោក។ លោករាជ សម្បតិ្ត បានលាចាកលោកនេះទាំងមិនបាននិយាយអ្វី មួយម៉ាត់ទៅកាន់កូនៗជាទីស្រលាញ់របស់លោក និងភរិយាលោកឡើយ។

«ពេលនេះ បងចប់ហើយ»។ នេះគឺជាពាក្យសម្តីចុងក្រោយដែលលោករាជ សម្បត្តិ បានបន្លឺឡើងនៅពេលដែលលោក ទទួលរងនូវការវាយឡុកយ៉ាងខ្លាំងពីការឡើងសម្ពាធឈាម។ សម្តីចុងក្រោយរបស់លោកធ្វើឲ្យមនុស្សទូទៅនឹកគិត អាណិតខ្លោច ចិត្តចំពោះមនុស្សម្នាក់ដែលមានសមត្ថភាពនៅក្នុងសង្គម ជាឪពុកដ៏ល្អនៅក្នុងគ្រួសារ ជាបប្រុសដ៏ល្អសម្រាប់ប្អូនៗទាំងឡាយ ជាសហសេវិកដ៏ស្មោះត្រង់សម្រាប់មិត្តរួមការងារ និងជាមិត្តភក្តិដ៏ស្មោះសចំពោះមិត្តពីកុមារភាព។

នៅពេលនេះ លោករាជ សម្បត្តិ ដ៏មានប្រជាប្រិយភាព បានក្លាយជាសាកសព គ្មានព្រលឹង មិនអាចនិយាយមកកាន់

យើងទាំងអស់គ្នាបានទៀតឡើយ មិនអាចសប្បាយរីករាយក្រោយពីសម្រាកការងារជាមួយយើងទៀតទេ ហើយក៏មិនអាចចែក រម្លែកមីឆា និងម្ហូបអាហារជាមួយគ្នា និងចែកគ្នាច្រៀងកម្សាន្តសប្បាយ ពេលសម្រាកពីការងារ និងចែករម្លែកបទពិសោធក្នុងការងារ ជាមួយយើងទៀតហើយ។ លោករាជ សម្បត្តិ បានបន្សល់ទុកនូវតែស្នាមញញឹមសម្រាប់យើងទាំងអស់គ្នា និងគ្មានមិនអាចឆ្លើយ តបជាមួយនឹងការផ្តោះផ្តងរបស់យើងទៀតឡើយ។ លោកបន្សល់នូវក្តីស្រលាញ់ និងភាពស្មោះត្រង់របស់លោកចំពោះជាតិ គ្រួសារ និងមិត្តភក្តិពីថ្ងៃនេះតទៅ។

មិត្តភក្តិរួមអាជីពជាអ្នកសារព័ត៌មានទាំងអស់ សូមចូលរួមមរណទុក្ខចំពោះក្រុមគ្រួសារសពរបស់លោករាជ សម្បត្តិ និងសូម បួងសួងឲ្យវិញ្ញាណខ្កន្ធលោកទៅកាន់សុគតិភព និងឆាប់យោងចាប់កំណើតសាជាថ្មី។ រូបំ ទុក្ខំ អនិច្ចំ អនត្តា។ សូមលោក

រាជ សម្បត្តិ បានសេចក្តីសុខជារៀងរហូត ពួកយើងខ្ញុំនៅនៅខាងក្រោយចងចាំជានិច្ចចំពោះរូបលោក។ គ្មានអ្វីសោកសៅ និងក្តុក ក្តួលជាងការបាត់បង់អ្នកដែលជាទីស្រលាញ់របស់ខ្លួនឡើយ!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s