មរណភាព​របស់​លោក រាជ សម្បត្តិ ជា​ការ​បាត់​បង់​ធនធាន​មនុស្ស​ដ៏​សំខាន់

ដោយ ដែន អយុធ្យា
RFA …….2011-05-12

ប្រមុខ ​ដឹក​នាំ​រដ្ឋាភិបាល សមាគម​កាសែត ព្រម​ទាំង​អ្នក​សារ​ព័ត៌មាន​ជាតិ អន្តរជាតិ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​មរណភាព​របស់​លោក រាជ សម្បត្តិ។

លោក រាជ សម្បត្តិ សាស្ត្រាចារ្យ​សារ​ព័ត៌មាន និង​ជា​អ្នក​កាសែត​កម្ពុជា​ដ៏​មាន​ស្នាដៃ​ម្នាក់ បាន​ទទួល​មរណ​ភាព កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា វេលា​ម៉ោង​៨ និង​៤៥​នាទី នា​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ ដោយ​ជំងឺ​បែក​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល។

មរណភាព​របស់​លោក ត្រូវ​បាន​សាធារណជន និស្សិត ក្រុម​អ្នក​កាសែត រួម​ទាំង​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​ខ្មែរ​ផង បាន​ចូល​រួម​សោកស្ដាយ និង​បាន​ចាត់​ទុក​ជា​ការ​បាត់​បង់​ធនធាន​មនុស្ស​ដ៏​សំខាន់​ម្នាក់​នៅ​ កម្ពុជា។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា បាន​សរសេរ​លិខិត​រំលែក​ទុក្ខ​មួយ​ច្បាប់​ផ្ញើ​ជូន​ភរិយា​របស់​លោក រាជ សម្បត្តិ ដើម្បី​ចូល​រួម​រំលែក​ទុក្ខ និង​បាន​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​សព​លោក រាជ សម្បត្តិ បាន​ដល់​សុគតិភព ព្រម​ទាំង​បាន​ផ្ដល់​ថវិកា​មួយ​ចំនួន​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​សព​ផង​ ដែរ។

ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​ក៏​បាន​ចាត់​ទុក​មរណភាព​នេះ​ថា ជា​ការ​បាត់បង់​នូវ​ធន​ធាន​មនុស្ស​ដ៏​សំខាន់​មួយ​រូប​របស់​កម្ពុជា។

បន្ថែម​លើ​នេះ លោក ខៀវ កាញារិទ្ធិ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​ថ្នាក់​ដឹក​នាំ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក៏​បាន​ចូល​រួម​រំលែក​ទុក្ខ និង​បាន​នាំ​យក​ថវិកា​ជួយ​ដល់​ភរិយា​លោក រាជ សម្បត្តិ សម្រាប់​ចំណាយ​ក្នុង​ពិធី​បុណ្យ​ផង​ដែរ។

ក្រៅ​ពី​សារ​រំលែក​ទុក្ខ​របស់​ប្រមុខ​ដឹក​នាំ ក៏​ដូច​ជា​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ក៏​មាន​សមាគម​អ្នក​សារ​ព័ត៌មាន​ខ្មែរ​ជា​ច្រើន​ស្ថាប័ន ក៏​បាន​ផ្ញើ​សារ​ចូល​រួម​រំលែក​ទុក្ខ​មរណភាព ដល់​គ្រួសារ​សព​លោក រាជ សម្បត្តិ នេះ​ដែរ។

សារ​រំលែក​ទុក្ខ​ទាំង​នោះ​រួម​មាន ក្លឹប​អ្នក​កាសែត​កម្ពុជា ក្រុម​ប្រឹក្សា​សារ​ព័ត៌មាន​កម្ពុជា និង​មាន​សារ​របស់​សមាគម​ជន​រង​គ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ព្រម​ទាំង​សារ​ពី​សាលាក្ដី​ខ្មែរ​ក្រហម​ផង។

លោក លី ម៉េងហ៊ួរ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ឲ្យ​វិទ្យុ​បារាំង​អន្តរ​ជាតិ​ប្រចាំ​ប្រទេស​ កម្ពុជា បាន​ចាត់​ទុក​ដំណឹង​មរណ​ភាព​របស់​លោក រាជ សម្បត្តិ ថា​ជា​ការ​បាត់​បង់​គ្រូ​បង្រៀន​កាសែត​ដ៏​ល្អ​ម្នាក់​នៅ​កម្ពុជា។ លោក​ថា លោក រាជ សម្បត្តិ មិន​ត្រឹម​តែ​ជា​គ្រូ​បង្រៀន​ដែល​មាន​គុណ​សម្បត្តិ​ល្អ​គ្រប់​យ៉ាង​នោះ​ទេ រូប​លោក​ក៏​បាន​ដើរ​តួ​សំខាន់​ក្នុង​ការ​លើក​កម្ពស់​សេរីភាព​សារ​ព័ត៌មាន និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លី ម៉េង​ហ៊ួរ បន្ថែម​ថា លោក រាជ សម្បត្តិ ក្រៅ​ពី​ជា​សាស្ត្រាចារ្យ​សារព័ត៌មាន​ប្រកប​ដោយ​គុណ​ភាព។ តួនាទី​របស់​លោក​នៅ​សាលាក្ដី​ខ្មែរ​ក្រហម ជា​ប្រធាន​ផ្នែក​កិច្ច​ការ​សាធារណៈ​នៃ​សាលាក្ដី​នេះ គឺ​តួនាទី​របស់​លោក​ត្រូវ​បាន​ក្រុម​អ្នក​កាសែត​ជាតិ អន្តរ​ជាតិ ចាត់​ទុក​ថា​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ពួក​គេ ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​ជុំវិញ​សាលាក្ដី​ខ្មែរ​ក្រហម ៖ «ជា​ការ​ បាត់​បង់​លោក​គ្រូ ដែល​បាន​បណ្ដុះ​បណ្ដាល ក៏​ដូច​ជា​រៀម​ច្បង​ដែល​បាន​ចង្អុល​បង្ហាញ​សម្រាប់​អ្នក​កាសែត​យើង ដើម្បី​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​វិជ្ជាជីវៈ​សារព័ត៌មាន​ហ្នឹង​ឲ្យ​ចំ​ទិស​ដៅ ឲ្យ​មាន​ក្រម​សីលធម៌។ មរណភាព​របស់​លោក​គ្រូ រាជ សម្បត្តិ ជា​ការ​បាត់​បង់​មួយ​ដ៏​ធំ​សម្រាប់​ក្នុង​វិស័យ​កាសែត​នៅ​ប្រទេស​កម្ពុជា​ យើង។ មួយ​វិញ​ទៀត​សម្រាប់​កិច្ច​ការ​នៅ​សាលាក្ដី​ខ្មែរ​ក្រហម គាត់​ក៏​បាន​បំពេញ​ក្នុង​មុខ​ងា​ផ្ដល់​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន សម្រាប់​សាធារណជន តាម​រយៈ​ការ​ផ្ដល់​ជា​ព័ត៌មាន​ដល់​អ្នក​កាសែត គាត់​ជា​មនុស្ស​មួយ​ដែល​យើង​ស្រួល​ទំនាក់​ទំនង​សម្រាប់​ទទួល​បាន​ព័ត៌មាន​ពី ​ដំណើរ​ការ​កាត់​ទោស​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ក្នុង​រយៈ​ពេល​កន្លង​មក»

ចំណែក លោក នេត្រ ភក្ត្រា អគ្គ​លេខាធិការ​សមាគម​ការ​ពារ​អ្នក​កាសែត​កម្ពុជា និង​ជា​អ្នក​កាសែត​ផង​នោះ បាន​ថ្លែង​ក្នុង​ទឹក​មុខ​ក្រៀមក្រំ និង​បាន​ចាត់​ទុក​មរណភាព​របស់​លោក រាជ សម្បត្តិ ថា​ជា​ការ​បាត់​បង់​ធនធាន​មនុស្ស​ដ៏​សម្បួរ​បែប​មួយ​រួប​នៅ​កម្ពុជា។ ព្រោះ​រូប​លោក គឺ​ជា​សាស្ត្រាចារ្យ​សារ​ព័ត៌មាន និង​ជា​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ដ៏​មាន​ស្នាដៃ និង​បាន​ចូល​រួម​ចំណែក​នៅ​ក្នុង​ការ​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​នៅ​ កម្ពុជា ៖ «លោក រាជ សម្បត្តិ ជា​មនុស្ស​ដែល​មាន​សមត្ថភាព ហើយ​យើង​បាន​ឃើញ​ហើយ​តាម​រយៈ​ក៏​ដូច​ជា​សកម្មភាព​ការ​ងារ​របស់​គាត់​នៅ​ សាលាក្ដី​ខ្មែរ​ក្រហម។ ប្រជា​ជន​តិច​ណាស់​ដែល​មិន​ស្គាល់​គាត់ ប៉ុន្តែ​ប្រជា​ជន​ភាគ​ច្រើន​បាន​ស្គាល់​គាត់។ ការណ៍​ដែល​លោក រាជ សម្បត្តិ បាន​ទទួល​មរណភាព​នេះ គឺ​យើង​មាន​ទុក្ខ​ក្រៀមក្រំ ហើយ​វា​ជា​ការ​បាត់​បង់​ធនធាន​មនុស្ស​មួយ​ដ៏​សំខាន់​សម្រាប់​ប្រទេស​ កម្ពុជា»

សម្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន ក៏​ដូច​ជា​និស្សិត​ដែល​ធ្លាប់​បាន​សិក្សា​វិជ្ជា​កាសែត​ពី​លោក រាជ សម្បត្តិ ដែល​បាន​ចូល​រួម​បុណ្យ​សព និង​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក​ដល់​គេហដ្ឋាន នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ក៏​បាន​សម្ដែង​នូវ​ការ​សោកស្ដាយ និង​ចូល​រួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជា​មួយ​ក្រុម​គ្រួសារ​នៃ​សព ព្រម​ទាំង​បាន​បួង​សួង​ឲ្យ​វិញ្ញាណ​របស់​លោក​បាន​ទៅកាន់​សុគតិភព។

សព​លោក រាជ សម្បត្តិ ត្រូវ​បាន​តម្កល់​ទុក​ធ្វើ​បុណ្យ​តាម​ប្រពៃណី នៅ​គេហដ្ឋាន​សព ផ្ទះ​លេខ​៤៨៧ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ ពិធី​បូជា​សព​គ្រោង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​ឧសភា ខាង​មុខ​នេះ។

លោក រាជ សម្បត្តិ មាន​បញ្ហា​លើស​ឈាម​កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែ​ឧសភា នៅ​ពេល​លោក​កំពុង​បំពេញ​ការងារ​នៅ​សាលាក្ដី​ខ្មែរ​ក្រហម។ លោក​ត្រូវ​បាន​បញ្ជូន​ពី​សាលាក្ដី ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ ដើម្បី​ធ្វើ​ការ​សង្គ្រោះ​បន្ទាន់។ បើ​តាម​ក្រុម​គ្រូពេទ្យ ដោយសារ​តែ​ស្ថានភាព​លើស​ឈាម​របស់​លោក​មាន​សភាព​ធ្ងន់ធ្ងរ បាន​ធ្វើឲ្យ​លោក រាជ សម្បត្តិ ដាច់​សរសៃ​ឈាម​នៅ​ក្នុង​ខួរ​ក្បាល។

លោក រាជ សម្បត្តិ មាន​អាយុ​៤៧​ឆ្នាំ ធ្លាប់​ទទួល​បាន​សញ្ញាប័ត្រ​ជា​ច្រើន​ផ្នែក​កាសែត មក​ពី​សាកល​វិទ្យាល័យ​កូឡុំប៊ី សហ​រដ្ឋ​អាមេរិក អាល្លឺម៉ង់ រួម​ទាំង​សញ្ញាប័ត្រ​ពី​សាកល​វិទ្យាល័យ​ជូឡា​ឡុង​កន ប្រទេស​ថៃ។

លោក រាជ សម្បត្តិ គឺ​ជា​អតីត​អ្នកសារព័ត៌មាន​ជើងចាស់ ប្រចាំ​ទីភ្នាក់ងារ​ព័ត៌មាន​ល្បីៗ មួយ​ចំនួន ដូច​ជា AFP មុន​នឹង​លោក​បាន​ក្លាយ​ជា​អ្នក​នាំ​ពាក្យ​សម្រាប់​អង្គ​ជំនុំ​ជម្រះ​ វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នៅ​ដើម​ឆ្នាំ​២០០៦។ ក្រោយ​មក លោក​បាន​ក្លាយ​ជា​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលា​ក្ដី​ខ្មែរក្រហម។

លោក រាជ សម្បត្តិ គឺ​ជា​កូន​កំព្រា ដោយសារ​ឪពុក​ម្ដាយ​ត្រូវ​បាន​សម្លាប់​ដោយ​ក្រុម​ខ្មែរ​ក្រហម។ លោក រាជ សម្បត្តិ បាន​រៀប​ការ និង​មាន​កូន​ប្រុស​ស្រី​ចំនួន​បី​នាក់៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s