វិស័យហោះហើរនៅកម្ពុជាមានការចាប់អារម្មណ៍ច្រើន

ដោយ ស៊ុន ណារិន ទស្សនាវដ្ដីសេដ្ឋកិច្ចខ្មែរ

វិស័យហោះហើរនៅកម្ពុជាមានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់បណ្តាប្រទេសខាងក្រៅ ស្របពេល

ដែលវិស័យសេដ្ឋកិច្ច និងទេសចរណ៍កម្ពុជាមានការរីកចម្រើនគួរអោយកត់សម្គាល់ ទាំងផ្នែកទេសចរណ៍

ធម្មជាតិ និងវប្បធម៌ ជាពិសេសប្រាង្គប្រាសាទនានា។

ប្រមុខរាជរដ្ឋាភិបាលថ្មីៗនេះបាននឹងកំពុងអនុញ្ញាតិអោយមានជើងហោះហើរដំបូងពីទីក្រុងម៉ានីលរបស់

ប្រទេសហ្វីលីពិន មកខេត្តសៀមរាប ដែលនឹងចាប់ផ្តើមនៅថ្ងៃ២៥ ខែមីនា ឆ្នាំ២០១២នេះ។ នេះបើយោងទៅតាមមន្រ្តីរបស់រដ្ឋលេខាធិការដ្ឋាននៃអាកាសចរណ៍ស៊ីវិលកម្ពុជា។ ជាមួយគ្នានេះផងដែរ ប្រទេសឥណ្ឌូនេស៊ីកំពុងតែពិចារណាទៅលើជើងហោះហើរពីកោះបាលី មកខេត្តសៀមរាប និងរាជធានីភ្នំពេញ ក្នុងឱកាសដែលលោក Soehardjono Sastrominhardjo ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានជួបជាមួយឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្រ្តីកម្ពុជា កាលពីដើមខែកុម្ភៈនេះដើម្បីស្វែងរកលទ្ធភាពនៃការហោះហើរនេះ ។

គោលនយោបាយជំហរជើងមេឃរបស់ប្រទេសកម្ពុជាបានបើកទូលំទូលាយដែលជាភាពងាយស្រួលសម្រាប់ការវិវត្ត និងការអភិវឌ្ឍន៍នៃវិស័យទេសចរណ៍និងសម្រាប់វិយោគិនមកពីក្រៅប្រទេស ខណៈពេលដែល

ប្រទេសកម្ពុជា កំពុងជាប្រទេសមានសក្តានុពលនៃការវិយោគ។

ឯកឧត្តម សយ សុខាន់ អនុរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលបានអោយដឹងថា មានប្រទេសជាច្រើនកំពុង

តែគ្រោង និងមានផែនការត្រៀមចុះហត្ថលេខាជាមួយនឹងប្រទេសកម្ពុជា ដើម្បីដំណើរការជើងហោះហើរមក

កម្ពុជា ដូចជាប្រទេសអារ៉ាប់ គុយវ៉ែត អូស្រ្តាលី និងប្រទេសអង់គ្លេសជាដើម ចំនែកឯប្រទេសក្នុងអាស៊ាន

វិញ នៅសល់តែប្រទេសពីរទៀតទេ គឺប្រទេសប្រ៊ុយណេ និងឥណ្ឌូនេស៊ីដែលកំពុងតែពិចារណាទៅលើការ

ហោះហើរមកកម្ពុជាផងដែរ។

បើយោងតាមឯកឧត្តម សយ សុខាន់ បានអោយដឹងថា រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមាន១៩ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ដែលកំពុងតែប្រតិបត្តិការនៅកម្ពុជា ស្របពេលដែលប្រទេសកម្ពុជា ក៏មានក្រុមអាកាសចរណ៍ក្នុងស្រុកចំនួន៤ផងដែរ ដូចជាក្រុមហ៊ុនអាកាសចរអង្គរអ៊ែរឡាញ ស្កាយវីងអេស៊ាអ៊ែរឡាញជាដើម។លោកបានមានប្រសាសន៍ថា៖«កំនើនការហោះហើរនេះ អាចជួយដល់វិស័យសេដ្ឋកិច្ច និងទេសចរណ៍នៅប្រទេសកម្ពុជា។ កាលណាមានជើងយន្តហោះ យើងមានភ្ញៀវផ្លូវការ អ្នកដំណើរជាលក្ខណៈអ្នកជំនួញ និងទេសចរណ៍ជាដើមដែលនាំអោយសេដ្ឋកិច្ចយើងមានការរីកចម្រើន»។ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា រដ្ឋាភិបាលក៏ដូចជាអាកាសចរស៊ីវិល បានរៀបចំ និងបំពេញផ្នែកសុវត្ថិភាព និងសន្តិសុខដើម្បីពង្រឹងកិច្ច

ការនៃការហោះហើរនេះ ហើយក៏បានពង្រឹងបន្ថែមនូវការគ្រប់គ្រង រៀបចំបទដ្ឋានគតិយុត្តិសម្រាប់ការដឹកជញ្ជូន និងការធ្វើបច្ចុប្បន្នភាពដើម្បីធានាអោយមានសុវត្ថិភាព និងសន្តិសុខ។លោកបានបញ្ជាក់បន្ថែមថា ឥឡូវលេខាធិការដ្ឋាន កំពុងតែធ្វើការអភិវឌ្ឍបន្ថែមទៅលើអាកាសយានចំនួន៣ដូចជា អាកាសយានភ្នំពេញ អាកាសយានដ្ឋានសៀមរាប និងអាកាសយានដ្ឋានខេត្តព្រះសីហនុ អោយស្របទៅតាមលក្ខណៈបច្ចេកទេស និងស្តង់ដា។

ក្រុមហ៊ុន ស៊ីប៊ូ ប៉ាស៊ីហ្វិក អ៊ែរ របស់ប្រទេសហ្វីលីពីន ដែលគ្រោងនឹងហោះមកកម្ពុជានៅចុងខែមីនានេះ នឹងហោះហើរដោយត្រង់មកខេត្តសៀមរាប ចំនួន ៤ជើង ក្នុង១សប្ដាហ៍ គឺនៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នេះបើយោងទៅតាមមន្រ្តីអាកាសចរណ៍ស៊ីវិល។

លោកហូ វណ្ឌី សហប្រធានក្រុមការងារទេសចរណ៍ទទួលបន្ទុកផ្នែកទេសចរណ៍ឯកជន បានបង្ហាញពីសុទិដ្ឋិ

និយមថា ការរីកចម្រើននៃជើងហោះហើរនេះ គឺជាសញ្ញាណមួយដែលល្អ ដែលនាំអោយមានការវិយោគទុន

ជាច្រើនបន្តបន្ទាប់មកកម្ពុជា ដែលនាំអោយសេដ្ឋកិច្ចកម្ពុជាមានការលូតលាស់ហើយនឹងនាំអោយមានការ

បង្កើតការងារដល់ប្រជាជន និងឈានទៅរកការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស។ លោកបានមានប្រសាសន៍ថា៖«ភ្ញៀវទេសចរបរទេសមិនត្រឹមតែជិះយន្តហោះមកកម្ពុជាទេ ប៉ុន្តែថែមទាំងស្នាក់នៅ កំសាន្ត

ដើរលេងនៅតំបន់ទេសចរណ៍ និងអាចនាំអោយពួកគេវិនិយោគទៅលើសណ្ឋាគារ និងតំបន់កែច្នៃផ្សេងៗ»។

លោកបានបញ្ជាក់ថា៖«វាមិនមានផលប៉ះពាល់ដល់ការហោះហើរនៅក្នុងស្រុកទេព្រោះការហោះក្នុងស្រុក

យើងមានតិចតួច តែវាអាចមានផលប៉ះពាល់តិចតួចនៅពេលដែលមានការប្រកួតប្រជែងទៅលើតម្លៃ និង

សេវាកម្មទៅថ្ងៃអនាគត»។

លោកបានមានប្រសាសន៍បន្ថែមថា ត្រូវតែមានការពង្រឹងគុណភាពសេវាកម្មទំាងអស់ ទាក់ទងនឹងច្បាប់

ទម្លាប់ ការផ្សព្វផ្សាយខ្នាតគំរូសណ្ឋាគារ ឫសេវាកម្ម ធ្វើអោយតំបន់ទេសចរណ៍វប្បធម៌ ធម្មជាតិ និងកែច្នៃ

ទាំងអស់ អោយស្អាត មានសុវត្ថិភាព មានលក្ខណៈអាស៊ាន និងពង្រីកតំបន់ទាក់ទាញទេសចរណ៍ផ្សេងៗ។

ទិន្នន័យដែលផ្តល់ដោយក្រសួងទេសចរណ៍បានអោយដឹងថា ចំនួនទេសចរបរទេសដែលបានមកទស្សនា

កម្ពុជានៅក្នុងឆ្នាំ២០១១ មានជិតទៅដល់២,៩លាននាក់ បើប្រៀបធៀបនឹងឆ្នាំ២០១០ មានការកើនឡើង ឡើងជិត១៥ភាគរយ គឹភ្ញៀវបរទេសមានចំនួនប្រហែលជា២,៥លាននាក់។នៅក្នុងឆ្នាំ២០១១កំនើនទេស

ចរអន្តរជាតិមកកាន់ប្រទេសកម្ពុជា ជាពិសេសតំបន់ប្រាសាទអង្គរវត្តខេត្តសៀមរាបមានការកើនឡើងដល់

ទៅជិត១លាននាក់ ហើយកំនើននេះនឹងអាចកើនឡើងដល់២លាននាក់នៅក្នុងឆ្នាំនេះ។ បើយោងតាម

ទិន្នន័យដែលបង្ហាញដោយអជ្ញាធរអប្សរាបានអោយដឹងថា ភ្ញៀវទេសចរអន្តរជាតិបានចូលមក

ទស្សនាតំបន់អង្គរមានជិត២០៦០០០ កើនជាង២៩ភាគរយ បើប្រៀបធៀបនឹងខែមករាឆ្នាំ២០១១ ដែល

មាន១៥៩០០០នាក់។

ប្រទេសកម្ពុជាដែលត្រូវបានប្រសិទ្ធិនាមថា ជាព្រះរាជាណាចក្រអច្ឆរិយៈ បានក្លាយទៅជាប្រទេសដែលមាន

សក្តានុពលទេសចរណ៍ទាំងផ្នែកវប្បធម៌ និងធម្មជាតិ ដូចជាប្រាសាទអង្គរវត្តដែលបានបញ្ចូលជាបេតិភណ្ឌ

ពិភពលោកនៅក្នុងឆ្នាំ១៩៩២ ប្រាសាទព្រះវិហារដែលបានបញ្ចូលជាបេតិកភណ្ឌពិភពលោកនៅក្នុងឆ្នាំ

២០០៨ ក៏ដូចជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រកម្ពុជា ដែលថ្មីៗនេះត្រូវបានបញ្ចូលជាឆ្នេរសមុទ្រមួយក្នុង

ចំណោមឆ្នេរសមុទ្រដ៏ស្អាតពិភពលោក។ មិនតែប៉ុណ្ណោះ ប្រទេសកម្ពុជា ក៏មានតំបន់ទេសចរណ៍ជាលក្ខណៈធម្មជាតិដូចជាជួរភ្នំ ទីកជ្រោះជាដើម ដែលស្ថិតនៅមណ្ឌលគីរី និងរតនគីរីជាដើម ហើយការធ្វើចរាចរណ៍ក៏មានភាពងាយស្រួលដើម្បីសម្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកគង់ សុភារក្ស ប្រធាននាយកដ្ឋានស្ថិតិ និងព័ត៌មានទេសចរណ៍នៃក្រសួងទេសចរណ៍ បានអោយដឹងថា ការរីកចម្រើននៃវិស័យទេសចរណ៍នៅកម្ពុជា គឺដោយសារប្រទេសមានសន្តិភាព ស្ថេរភាពនយោបាយ ការរក្សាសន្តិសុខ សុវត្ថិភាពនៃតំបន់ទេសចរណ៍ ការតភ្ជាប់គ្នានៅក្នុងតំបន់ ដូចជាហេដ្ឋារចនាសម្ព័ន្ធ និងការពង្រីកជើងហោះហើរនៅកម្ពុជា។

កាលពីខែមករាកន្លងទៅនេះ នៅក្នុងកិច្ចប្រជុំទេសចរណ៍អាស៊ាន រដ្ឋមន្រ្តីក្រសួងទេសចរណ៍របស់អាស៊ាន

បានអនុម័តអោយមានយុទ្ធសាស្រ្តទីផ្សារទេសចរណ៍អាស៊ានឆ្នាំ២០១២- ២០១៥ ក្នុងគោលបំណងដើម្បី

អភិវឌ្ឍអាស៊ានទៅជាតំបន់ប្រកួតប្រជែងផ្នែកទេសចរណ៍ ដែលផ្តោតទៅលើប្រភពទេសចរណ៍មកពីប្រទេស

ចិន និងឥណ្ឌា ក៏ដូចជាអ្នកទេសចរណ៍ជុំវិញអាស៊ានផងដែរ។ ឯកឧត្តមថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំទេសចរណ៍អាស៊ានថា នៅក្នុងឆ្នាំ២០១១ ប្រទេសអាស៊ានបានទទួលភ្ញៀវទេសចរអន្តរជាតិរហូតដល់៧៩លាននាក់ ដែលមានការកើនឡើងចំនួន៧,៤ភាគរយ ដែលក្នុងនោះ មានភ្ញៀវមកពីចិន ជប៉ុន កូរ៉េ ឥណ្ឌា និងមកពីប្រទេសជុំវិញអាស៊ាន ហើយអាស៊ាននឹងរំពឹងនូវការកើនឡើងដល់១០៧លាននាក់នៅក្នុងឆ្នាំ២០១៥។

លោក សុភារក្ស បានមានប្រសាសន៍ថា ស្របពេលដែលប្រទេសកម្ពុជាកំពុងតែមានសក្តានុពលទេសចរណ៍

និងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន និងការពង្រីកជើងហោះហើរជាច្រើន លោកសង្ឃឹមថា ចំនួនទេស

ចរណ៍នឹងមានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយនឹងរំពឹងនូវការកើនឡើងទៅដល់៤,៥

លាននាក់នៅក្នុងឆ្នាំ២០១៥។