តើ​និស្សិត​គួរតែ​សរសេរ​និក្ខេបបទ​ស្ដីពី​ផ្សារ​មូលបត្រ​នៅ​កម្ពុជា​ឬទេ?

Wednesday, 09 May 2012 16:03
ស៊ុន ណារិន

ចាប់តាំងពីប្រទេសងើបផុតពីភ្នក់ភ្លើងសង្រ្គាមមក យុវវ័យយើងទើបតែបានឃើញ និងដឹងអំពីផ្សារមូលបត្រកម្ពុជានាពេលថ្មីៗនេះទេ។ ក្នុងនាមជាយុវជនកម្ពុជាម្នាក់ ខ្ញុំធ្លាប់តែឮផ្សារហ៊ុន តាមរយៈកញ្ចក់ទូរទស្សន៍ និងភាពយន្ដចិនហុងកុង ឬសិង្ហបុរីប៉ុណ្ណោះ។ ជួនកាល ខ្ញុំបានឃើញពីរូបភាពអត្ដឃាត ដោយសារតែបរាជ័យក្នុងការជួញដូរ។ ថ្មីៗនេះ អ្វីដែលខ្ញុំធ្លាប់មើលឃើញក្នុងទូរទស្សន៍ បានមកដល់ប្រទេសយើងហើយ។ ផ្សារមូលបត្រកម្ពុជា កំពុងតែបើកដំណើរការដែលឆ្លុះបញ្ចាំងពីការរីកចម្រើននូវ សេដ្ឋកិច្ចប្រទេសផងដែរ។ ការវិវត្ដចំពោះវិស័យពាណិជ្ជកម្មមួយនេះ តើវាអាចប៉ះពាល់ដល់យុវជនខ្មែរ ដែលស្ថិតក្នុងវ័យសិក្សា និងមានបទពិសោធក្មេងខ្ចីចង់ប្រឡូកក្នុងជំនួញផ្សារហ៊ុននេះដែរ ឬទេ?

ក្រៅពីការផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុ កាសែត ឬក៏ផ្ទាំងប៉ាណូផ្សេងៗដែលបានបញ្ជ្រាបចំណេះដឹងដល់ប្រជាពលរដ្ឋ នូវការវិនិយោគជំនួញថ្មីនេះ ខ្ញុំបែរមើលឃើញនូវការរឹតបន្ដឹងលើការស្រាវជ្រាវពីប្រធានបទ ផ្សារមូលបត្រនៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញទៅវិញ ។

កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១២កន្លងទៅថ្មីៗ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានចេញសេចក្តីជូនដំណឹងដាក់កំហិតលើការសរសេរនិក្ខេបបទ (សារណា) ទាក់ទងនឹងប្រធានបទក្តៅៗមួយចំនួននៅកម្ពុជាចំពោះនិស្សិត ថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រ និងរដ្ឋបាលសាធារណៈឆ្នាំទី៤ (២០១១-២០១២) ដែលរួមទាំងប្រធានបទពាក់ព័ន្ធនឹងផ្សារមូលបត្រ និងប្រធានបទដទៃទៀត ដូចជា បញ្ហាគ្រឿងញៀនក្នុងសង្គម ការរៀបចំ និងការប្រព្រឹត្តនៃកាកបាទក្រហមកម្ពុជា គោលការណ៍ និងនីតិវិធីដោះស្រាយវិវាទដីធ្លី ផលប្រយោជន៍នៃផ្សារមូលបត្រកម្ពុជា មជ្ឈត្តការពាណិជ្ជកម្ម និងមជ្ឈត្តការវិវាទការងារ មូលបត្រទីផ្សារនិយ័តករ ការបោះផ្សាយលក់មូលបត្រដល់មហាជន ដំណើរការបោះផ្សាយលក់មូលបត្រជាសាធារណៈរបស់សហគ្រាសសាធារណៈ ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈជាលើកដំបូង និងការផ្សព្វផ្សាយព័ត៌មានជះឥទ្ធិពលលើផ្សារមូលបត្រ ជាដើម។

ក្នុងចំណោមប្រធានបទដែលត្រូវបានហាមចំពោះនិក្ខេបបទទាំងនោះរួម បញ្ចូលប្រធានបទធំៗចំនួន៤ដែលពាក់ព័ន្ធនឹងផ្សារមូលបត្រ ដូចជា ផលប្រយោជន៍ផ្សារមូលបត្រនៅកម្ពុជានិយ័តករទីផ្សារមូលបត្រ ដំណើរការបោះផ្សាយលក់មូលបត្រជាសាធារណៈរបស់សហគ្រាសសាធារណៈនៅ កម្ពុជា និងការផ្សព្វផ្សាយព័ត៌មានដែលមានឥទ្ធិពលលើទីផ្សារមូលបត្រ។ បម្រាមលើប្រធានបទរសើបផ្នែកសេដ្ឋកិច្ច និងនយោបាយទាំងនេះត្រូវបានបញ្ញវន្ដមួយចំនួន ចាត់ទុកជាការបិទសិទ្ធិសេរីភាពក្នុងការសិក្សាស្រាវជ្រាវ និងជាសារមួយផ្ញើដល់អ្នកវិភាគសង្គមឲ្យចៀសឆ្ងាយពីបញ្ហាក្ដៅ ទាំងនេះ។

ពាក់ព័ន្ធនឹងបម្រាមខាងលើនេះយោងតាមការបកស្រាយរបស់លោក ច្រឹង ហៃ ជាប្រធានការិយាយស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច តាមរយៈវិទ្យុអូស្រ្តាលីអេប៊ីស៊ី បានបដិសេធចំពោះការលើកឡើងរបស់បញ្ញវន្ដ ដោយបានអះអាងថា ប្រធានបទដែលសាកលវិទ្យាល័យមិនអនុញ្ញាតឲ្យសរសេរនិក្ខេបបទគឺមិនចង់ ឲ្យនិស្សិតប្រើប្រធានជាន់គ្នាដដែលៗ ឬក៏លួចចម្លងពីនិក្ខេបបទមុនៗតែប៉ុណ្ណោះ។

យ៉ាងណាមិញ វាគ្រាន់ជាមូលហេតុមួយប៉ុណ្ណោះ ពីព្រោះយើងប្រាកដជាបានដឹងហើយថា ការស្រាវជ្រាវពិតជាមានអត្ថន័យទូលំទូលាយណាស់។ និស្សិតគ្រប់រូបអាចបំបែកប្រធានបទធំទាំងនេះទៅជាមុំតូចៗ ដែលពួកគេអាចសិក្សាយោងតាមរបត់ថ្មីៗក្នុងសង្គម។ ប្រសិនបើមានករណីនេះកើតឡើងមែន និស្សិតរូបនោះប្រាកដជាត្រូវធ្លាក់។ គ្មានហេតុផលណា ដែលមាននិស្សិតអាចសរសេរប្រធានបទនេះដល់ទៅបួន ខណៈផ្សារមូលបត្រទើបបើកដំណើរការនោះទេ? ដើម្បីឲ្យអស់ចម្ងល់សង្ស័យ ខ្ញុំបានសាកសួរនិស្សិតច្បាប់មួយចំនួនដែលសិក្សានៅសាកល វិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយពួកគេបាននិយាយថា នេះមកពីសាលាមិនចង់ឲ្យសរសេរពីប្រធានបទទាំងអស់នោះ ដែលជាគោលការណ៍របស់ក្រសួង ពីព្រោះវាមានផលប៉ះពាល់ដល់សង្គម។

យ៉ាងណាមិញ អ្នកស្រី ម៉ក់ ណាង ជាអនុប្រធាននាយកដ្ឋានឧត្តមសិក្សាបានឲ្យដឹងថា វាមិនមែនជាគោលការណ៍របស់ក្រសួងទេ វាគ្រាន់តែជាសេចក្ដីជូនដំណឹងរបស់សាកលវិទ្យាល័យមួយតែ ប៉ុណ្ណោះ។

គួរឲ្យកត់សម្គាល់ថា ការរឹតបន្ដឹងចំពោះការស្រាវជ្រាវប្រធានបទខាងលើ ហាក់ដូចជាការបិទសិទ្ធិសេរីភាពចំពោះចំណេះដឹងស្ដីពីផ្សារមូលបត្រ របស់និស្សិតកម្ពុជា។ គួរឲ្យឆ្ងល់ណាស់ថា តើបញ្ញវន្ដមិនត្រូវបានលើកទឹកចិត្ដឲ្យជួញដូរមូលបត្រ ឬក៏ពួកគេអាចរកឃើញចំណុចអវិជ្ជមានដែលអាចប៉ះពាល់នឹងផ្សារមូលបត្រ នេះ? ប៉ុន្ដែមិនគួរដូច្នោះទេ ពីព្រោះផ្សារមូលបត្រកម្ពុជា បានបើកទ្វារស្វាគមន៍ចំពោះមនុស្សគ្រប់រូប គ្រប់វ័យ ហើយយុវជនក៏មានឱកាសជួញដូរហ៊ុនទាំងឡាយ។

យោងតាមមន្រ្តីរបស់ទីផ្សារមូលបត្រ Phnom Penh Securities (PPS) បានប្រាប់ថា ការជួញដូរហ៊ុន ត្រូវបានបើកទូលាយសម្រាប់សាធារណជនទំាងអស់ ទាំងជនជាតិខ្មែរចាប់ពីអាយុ១៨ឆ្នាំ និងជនបរទេសផងដែរ។ យ៉ាងណាមិញ ខ្ញុំយល់ឃើញថា យុវជនអាចប្រឈមនឹងបញ្ហាក្ស័យធន ពីព្រោះពួកគេពុំទាន់យល់ដឹងជ្រៅជ្រះ និងមានបទពិសោធគ្រប់គ្រាន់អាចប្រឡូកក្នុងវិស័យជំនួញថ្មីថ្មោង នេះទេ។ ប្រសិនបើប្រធានបទពាក់ព័ន្ធនឹងផ្សារមូលបត្រនេះ ត្រូវបានហាមក្នុងការស្រាវជ្រាវ បញ្ញវន្ដកម្ពុជាអាចនឹងខាតប្រយោជន៍នៅពេលដែលពួកគេឈានជើងចូល ប្រឡូកក្នុងផ្សារហ៊ុននេះ។

យោងទៅតាមឯកសាររៀបរាប់ពីគុណវិបត្តិ និងគុណសម្បត្តិនៃទីផ្សារមូលបត្រ របស់លោក អ៊ឹង អ៊ូ ដែលត្រូវបានបង្ហោះនៅលើគេហទំព័រគណៈកម្មការមូលបត្រកម្ពុជាបាន បង្ហាញថា  ទីផ្សារមូលបត្រអាចជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ប៉ុន្ដែវាអាចប្រឈមនឹងគុណវិបត្តិផងដែរ ជាពិសេស បណ្តាប្រទេសដែលមានប្រព័ន្ធច្បាប់ទន់ខ្សោយ។ គុណវិបតិ្ដទាំងនោះ  មានដូចជា ទីមួយការឆក់ឱកាសកេងចំណេញក្នុងការទិញឬលក់។ ទីពីរការជួញដូរក្លែងក្លាយនិងប្រើឧបាយកលផ្សេងៗ។ ទីបីសេចក្តីថ្លែង ឬក៏ការផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ ដែលនាំឲ្យហ៊ុនឡើងចុះមិនប្រក្រតី។ ក្រុមហ៊ុនដែលបោះផ្សាយមូលបត្រតម្រូវឲ្យមានបញ្ជីគណនេយ្យច្បាស់ លាស់ មានតម្លាភាព និងអភិបាលកិច្ចសាជីវកម្មល្អ ដែលទាំងអស់នេះជាបន្ទុកមួយសម្រាប់ក្រុមហ៊ុន។

ទាក់ទងនឹងបញ្ហាយុវជនវិញ មន្រ្តីរបស់គណៈកម្មការផ្សារមូលបត្រកម្ពុជា ដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងថា ប្រសិនបើយុវជនចង់វិនិយោគភាគហ៊ុន ពួកគេត្រូវយល់ដឹងពីផ្នែកសេដ្ឋកិច្ចឲ្យបានជ្រៅជ្រះ ហើយត្រូវវិភាគល្អិតល្អន់ កុំឆាប់ជឿគេ ហើយលោកសំណូមពរកុំឲ្យលេងងប់ងុល ដូចល្បែងស៊ីសង។

សរុបមកវិញ ការផ្សព្វផ្សាយ និងការយល់ដឹងពីផ្សារមូលបត្រ គួរតែមានភាពទូលំទូលាយទៅលើយុវជន ដោយសារតែពួកគេគឺជាអ្នកបន្ដវេនដែលត្រូវតែដឹងពីបញ្ហាទាំងអស់ នោះ។ វិធានការមួយចំនួនគួរតែត្រូវបានរៀបចំជាស្រេចទៅលើការ វិនិយោគរបស់យុវជន ដើម្បីកុំឲ្យមានផលអាក្រក់អាចកើតឡើងជាយថាហេតុ ដូចជា ទង្វើប្រឆាំងនឹងច្បាប់ ឬអត្ដឃាតជាដើម ដែលយើងបានឃើញក្នុងភាពយន្ដ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s