ដោយ ស៊ុន ណារិន
នៅតាមស្ថាប័នដែលអ្នកមានអំណាចគ្រប់គ្រង តែងតែមានការភ្ជាប់កូនចៅ ឫសាច់ញាតិជាអ្នកជំនាន់ក្រោយ ទាំងស្ថាប័នយោធា ប៉ូលិស និងស្ថាប័នរដ្ឋមួយចំនួន។ បញ្ហានេះ ត្រូវបានអ្នកវិភាគលើកឡើងថា អាចមានផលប៉ះពាល់ដល់កម្ពុជា ទៅថ្ងៃខាងមុខ។
ឧទាហរណ៍សាច់ញាតិកូនអ្នកធំមួយចំនួន ដែលត្រូវបានតែងតាំង៖ កូនប្រុសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ២នាក់ មានតំណែងខ្ពង់ខ្ពស់នៅក្រសួងការពារជាតិ ហើយទើបតែត្រូវបានតែងតាំងថ្មីជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។ កូនប្រុសរបស់ លោក ហោ ណាំហុង មានតំណែងជាមន្រ្តីជាន់ខ្ពស់នៅក្នុងក្រសួងការបរទេស និងផ្សេងទៀត ជាឯកអគ្គរាជទូតប្រចាំប្រទេសមហាអំណាច។ លោក ស សុខា ជាកូនប្រុសរបស់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជាស្នងការរងរាជធានីភ្នំពេញ។ កូនប្រសាលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ គឺលោក ជា បូរ៉ា ជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងទេសចរណ៍។ ចំណែកកូនរបស់ លោក ចម ប្រសិទ្ធ និងសាច់ញាតិផ្សេងទៀត នៅមូលគ្នានៅក្រសួងពាណិជ្ជកម្ម និងនៅអគ្គនាយកដ្ឋានកាំកុងត្រូល។ លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ដាក់កូនស្រីម្នាក់នៅកន្លែងកាន់បញ្ជីមួយរយនៅសាលារាជធានី។ ក្រៅពីនោះ ក៏មានមន្រ្តីមួយចំនួនទៀត បានដាក់កូនចៅរបស់គេទៅកន្លែងខ្ពស់ខ្ពស់ ឫកន្លែងខ្លាញ់(សំបូរលុយ)។
អ្នកវិភាគឯករាជ្យ លោក ឡៅ ម៉ុងហៃ លើកឡើងថា នេះជាការព្រួយបារម្ភមួយសម្រាប់សង្គមកម្ពុជា ដែលអ្វីៗ មិនប្រព្រឹត្តទៅតាមនីតិវិធី ឫរបៀបរៀបរយត្រឹមត្រូវ។ លោកថា ការតែងតាំងកូនចៅអ្នកធំបែបនេះ ជាការដឹកនាំមួយ បែបគ្រួសារនិងបុគ្គលនិយម ៖ “ហ្នឹងវាទៅជាការគ្រប់គ្រងរដ្ឋ ទៅជាកិច្ចការរបស់គ្រួសារ គឺមិនមែនជារបស់រដ្ឋទូទៅទេ ហើយគឺខុសនឹងគោលការណ៍ជាអាទិ គឺគោលការណ៍សិទ្ធិមនុស្ស ទាំងអស់គ្នាហ្នឹងអាចចូលទៅធ្វើការរដ្ឋបាន”។
លោកយល់ថា ការធ្វើបែបនេះ អាចបង្ហាញពីភាពកម្សោយនៃនីតិរដ្ឋកម្ពុជា និងគ្មានការគោរពអ្វី ជាគោលការណ៍ច្បាប់។ លោកថា បញ្ហានេះកំពុងធ្វើឲ្យកម្ពុជា មានភាពច្របូកច្របល់ ៖ “អត់មានអីរឿងអនាគត ឥឡូវបច្ចុប្បន្នគឺច្របូលច្របល់ទៅ អាហ្នឹងអត់មានអីជាគោល ជាមូលដ្ឋាន ស្រេចតែបុគ្គល អ្នកណាមានអំណាចចេះតែធ្វើទៅ”។
អ្នកវិភាគឯករាជ្យ លោក កែម ឡី សង្កេតឃើញថា ភាគច្រើនស្ថាប័នរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាល មានការដាក់បន្តុបកូនចៅ ក្មួយ និងសាច់ញាតិ ចូលទៅធ្វើការ។ លោកលើកឡើងថា អ្វីដែលសំខាន់នោះ គឺសមត្ថភាពរបស់កូនអ្នកធំ ឫអ្នកនយោបាយទាំងអស់នោះ។ លោកសង្កេតឃើញថា កូនអ្នកធំមួយចំនួន រៀនបានខ្ពង់ខ្ពស់ ដែលមានសមត្ថភាពក្នុងការងារ ៖ “យើងឃើញមានការតែងតាំងច្រើន ក៏ប៉ុន្តែការតែងតាំងហ្នឹងបើសិនជាទៅតាមសមត្ថភាព ទៅតាមបទពិសោធន៍ ទៅតាមទេពកោសល្យ ហើយនិងជំនាញវាធ្វើឲ្យមានការជឿនលឿនទៅវិញ ក៏ប៉ុន្តែប្រសិនបើយើងបង្កើតឲ្យមានការប្រឡងប្រណាំង ដើម្បីជ្រើសរើសមនុស្សកាន់តែល្អទៅទៀត គឺកាន់តែប្រសើរ អាហ្នឹងដែល ហើយប៉ុន្តែយើងឃើញមិនមាននិន្នាការ ដោយសារតែអ្នកនយោបាយភាគច្រើន គាត់ចាស់ៗទៅហើយ គាត់ត្រូវការស្នងត្រកូល”។
លោកមានប្រសាសន៍បន្ថែមថា វប្បធម៌នៃការតែងតាំងកូនចៅបែបនេះ អាចធ្វើឲ្យមានផលលំបាកដល់ការគ្រប់គ្រងនៅកម្ពុជា ៖ “ការខ្វះខាត គឺយើងបាត់បង់និងឱកាសក្នុងការប្រឡងប្រណាំង ដើម្បីជ្រើសរើសមនុស្សល្អ ដើម្បីជ្រើសរើសយកមនុស្សស្មោះត្រង់ ដើម្បីជ្រើសរើសមនុស្សយកមនុស្សដែលមានជំនាញ និងមានទេពកោសល្យពីកំណើតក្នុងការធ្វើការងារ អាហ្នឹងដែលយើងបាត់បង់ ទីមួយ ហើយទីពីរ គឺយើងខាតទាក់ទងទៅនឹងការកើនឡើងបក្ខពួកនិយម គ្រួសារនិយម អាហ្នឹងដែលផលវិបាក”។
នៅប្រទេសដែលមាននីតិរដ្ឋ និងការគ្រប់គ្រងបានល្អ ជាពិសេសប្រទេសអភិវឌ្ឍន៍ គ្រួសារកូនអ្នកនយោបាយ កូនប្រធានាធិបតី នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និងមន្រ្តីក្នុងស្ថាប័នរដ្ឋាភិបាល មិនត្រូវបានតែងតាំងតាមតែអំណាចរបស់ខ្លួននោះទេ។ លោក កែម ឡី បញ្ជាក់ថា នៅប្រទេសផ្សេងៗ គេមិនចេះតែតែងតាំងនោះទេ តែគេមើលទៅលើចំណុច ៥យ៉ាង ដែលជាលក្ខខណ្ឌ ដូចជាចំណេះដឹង សីលធម៌ ទេពកោសល្យពីកំណើត ជំនាញ និងប្រវត្តិការងាររបស់ឪពុកម្តាយ។
បណ្ឌិតវិទ្យាសាស្រ្តនយោបាយ លោក សុខ ទូច មានប្រសាសន៍ថា ការតែងតាំង ឫភ្ជាប់យុវជនកូនអ្នកធំ បង្ហាញថា ដល់ពេលដែលត្រូវផ្លាស់ប្តូរកម្លាំងថ្មីហើយ។ លោកថា បញ្ហានេះអាចធ្វើឲ្យប៉ះពាល់ដល់យុវជន និងអ្នកធ្វើការនៅក្នុងស្ថាប័ន ដែលមានបទពិសោធន៍យូរអង្វែងមកហើយ ៖ “បើគេមានសមត្ថភាព អូខេអត់មានបញ្ហា អញ្ជើញ ប៉ុន្តែបើ តើមានយុវជនយើងដទៃទៀត ដែលមានសមត្ថភាពអញ្ចឹង អាចទៅកន្លែងហ្នឹងបានទេ ឬក៏មានសមត្ថភាពតែគ្រួសារហ្នឹង”។
លើសពីនេះទៅទៀត ឥឡូវនេះ មានការដឹកនាំក្រុមយុវជន ដែលមានកូនប្រុសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺ លោក ហ៊ុន ម៉ានី ជាអនុប្រធានសមាគមយុវជនកម្ពុជា។ ថ្នាក់ដឹកនាំនោះគឺមានកូនប្រុស លោក សុខ អាន កូនប្រុស លោក សាយ ឈុំ ប្រធានស្តីទីនៃព្រឹទ្ធសភា។ លោក ឡៅ ម៉ុងហៃ ចាត់ទុកការចងក្រងយុវជននេះ ដើម្បីជាមូលដ្ឋានអំណាចរបស់អ្នកនៅក្នុងបក្ស។
នៅពេលបច្ចុប្បន្ន គេសង្កេតឃើញ អ្នកធ្វើការនៅតាមស្ថាប័នរដ្ឋមួយចំនួន មានការត្អូញត្អែរថា មានការប្រកាន់បក្ខពួក ត្រូវមានខ្សែស្រឡាយនៅកន្លែងធ្វើការ បើមិនអញ្ចឹងទេ មិនអាចឡើងធំបាននោះទេ។ ទង្វើបែបនេះ អ្នកវិភាគលើកឡើងថា អាចនាំឲ្យមានការមិនពេញចិត្ត និងខិតខំធ្វើការ ដែលនាំឲ្យសង្គម មិនអាចអភិវឌ្ឍទៅមុខបាន៕