ការ​ថ្លែង​ពី​មរណភាព​របស់​លោក ​ហ៊ុន សែន​ បង្ហាញ​ពីសារ​សំខាន់​ជា​នាយក​រដ្ឋ​មន្រ្តី ​តែ​ជា​សារ​គំរាម​មួយ​

ដោយ ស៊ុន ណារិន

ថ្លែង​​ភ្ជាប់​​នឹង​​អាកាស​​ធាតុ​​មិន​​ប្រក្រតី ​លោក​នាយក​​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​​លើក​​ពីក្តី​​បារម្ភ​​របស់​លោក​​ក្នុង​​ការ​​ធ្វើ​ដំណើរ​​តាម​ ឧទ្ធម្ភាគ​ចក្រ ​ទៅតាម​បណ្តា​​ខេត្ត​មួយ​​ចំនួន។ លោក​នាយក​រដ្ឋមន្រ្តី ​មាន​​​ប្រសាសន៍​​ថា មនុស្ស​តែង​តែខ្លាច​ស្លាប់​ តែ​ស្លាប់​នាយក​រដ្ឋ​មន្រ្តី​​មួយ វា​មិន​ធម្មតា​ទេ ៖ “នេះ​មិនមែន​ស្រួល​ទេ អារឿង​ងាប់​នាយករដ្ឋមន្ត្រី រដ្ឋធម្ម​នុញ្ញ​របស់​​​កម្ពុជា ចែង​​ច្បាស់​ណាស់​អា​កន្លែង​​ហ្នឹង​ នៅ​ពេល​ដែល​តំណែង​នាយក​​រដ្ឋ​មន្ត្រីនៅ​ទំនេរ​ជា​ស្ថា​ពរ ​គណៈរដ្ឋមន្ត្រីមួយ​ត្រូវ​រៀប​ចំ​ឡើង​វិញ​តែ​​ម្តង​ អញ្ចឹង​បាន​សេច​ក្តី​​ថា ​ខ្ញុំ​ងាប់​ភ្លាម​ អស់​លោក​ទាំង​អស់ អស់​ទៅ​ជា​​ឧប​នាយក​រដ្ឋមន្ត្រី​ ទេស​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​អស់​រលីង អញ្ចឹង​ងាប់​ខ្ញុំ​មួយ​មិន​មែន​ស្រួល​ទេ អញ្ចឹង​អារឿង​ហ្នឹង​ត្រូវ​ប្រុង​ប្រ​យ័ត្ន​ ប្រុង​ប្រយ័ត្ន​ដែរ ​តិច​ថា​ហេ​ម៉េចក៏​ខ្លាច​ម្ល៉េះ មិន​ហ៊ាន​ហោះ បញ្ហា​​បើ​ខ្ញុំ​ងាប់​តែ​ម្នាក់​ឯង អាហ្នឹង​យីអាណា​មិន​ខ្លាច​ងាប់​វី និយាយ​ឲ្យ​ត្រង់​ៗ​ទៀត​​ ប៉ុន្តែ​ងាប់នាយករដ្ឋមន្ត្រី គឺ​ប្លែក​ពី​ការ​ងាប់​របស់​អ្នក​នេះ​អ្នក​នោះ ពិបាក​ជាង​ព្រះ​មហា​ក្សត្រ​សោយទីវង្គត់​ទៅ​ទៀត”។

ការ​ថ្លែង​បែប​នេះ ​ធ្វើឲ្យ​អ្នក​តាម​ដាន​សង្គម ​នឹក​​ឃើញ​ដល់​ការ​ស្លាប់​​របស់​អតីត​​​អគ្គ​ស្នង​​ការ​​​នគរ​​​បាល​​ជាតិ​​ លោក ហុក ឡង់ឌី ដែល​​បាន​​​បាត់​​បង់​​ជីវិត​​​នៅ​​​យប់​​ថ្ងៃ​ទី​០​៩ ខែ​វិច្ឆិកា​ ឆ្នាំ២០០៨​ ​ដោយ​សារ​គ្រោះ​ថ្នាក់​​​ធ្លាក់​​​ឩទ្ធម្ភាគ​ចក្រ​​ អំឡុង​​ពេល​​លោក​​ធ្វើ​ដំណើរ​​ទៅកាន់​​​ខេត្ត​​ស្វាយ​រៀង ព្រោះ​អាកាសធាតុ​មិន​ល្អ។ អ្នក​វិភាគ​យល់​ឃើញ​​ថា ​លោកនាយក​​រដ្ឋ​មន្រ្តី ហ៊ុន សែន​ ថ្លែង​​​ពី​​មរណភាព​​របស់​លោក ​អាច​បង្កភាព​​វឹកវរ ​ជាសារ​គំរាមមួយ​។

អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់ លោក កែម ឡី​ មាន​ប្រសាសន៍​ថា​ នេះ​ជា​សារ​​គំរាម​​ដល់​​ប្រជា​ជន ​និង​​​ម​ន្រ្តី​​ដែល​​មាន​​តំណែង​​នយោបាយ ​មុន​​ពេល​​បោះ​ឆ្នោត​​ឆ្នាំ​២០១៣ ខាង​មុខ ៖ “ជា​រួម​ប្រជា​ជន​ដែល​មាន​ការ​សិក្សា​ទាប មាន​ការ​ភ័យ​ខ្លាច គេ​ហៅ​ថា ​ភាព​បាក់​ស្មាត​នៅ​ក្នុង​សង្គ្រាម​រ៉ាំរ៉ៃ កន្លង​​មក ភាសា​នេះ គាត់​មាន​ការ​ភ័យ​ខ្លាច គាត់​ត្រូវ​តែ​គាំ​ទ្រ​ភាសា​ហ្នឹង ពី​ព្រោះ​គាត់​អត់​ចង់​មាន​សង្គ្រាម​ទៀត​ទេ ចំណុច​ទីមួយ។ ចំណុច​ទីពីរ អ្នក​ខាង​ក្រោម​ថ្នាក់​ដឹក​នាំ​ជា​នាយក​រដ្ឋ​មន្ត្រី​អញ្ចឹង កាល​ណា​មាន​សារ​អញ្ចឹង​មក ក៏​រាង​​មាន​ការ​ភ័យ​ខ្លាច​ដែរ កាល​ណា​មាន​ការ​ប្រែ​ប្រួល​នាយក​រដ្ឋមន្ត្រី ក្នុង​ប្រការ​​ណា​មួយ គាត់​ក៏​បាត់​បង់​តំណែង​ហ្នឹង​ដែរ ជា​អូតូម៉ាទិច ប្រសិន​បើ​យើង​​មិន​រៀប​ចំយន្ត​ការ​ផ្លាស់​ប្តូរអំណាច​​​ តែ​អ្នក​នយោ​បាយ”។

លោក​មាន​ប្រសាសន៍​​បន្ថែម​ថា​ ប្រសិន​បើ​ប្រព័ន្ធ​​ប្រជាធិប​​តេយ្យ​​មួយ​​ត្រូវ​​បាន​​រៀប​ចំ​បាន​​ល្អ​​​ បើ​​ទោះ​​ជានាយក​​រដ្ឋ​មន្រ្តី​មួយ ​លា​លែង​​ពី​តំណែង ​ឫទទួល​​មរណភាព​ ការ​ផ្លាស់​ប្តូរ​​តំណែង​​​មិន​​មែន​​​បញ្ហា​​នោះ​ទេ។​ តែលោក​បារម្ភ​ពីការ​កាន់​​អំណាច ​គ្មាន​អាណត្តិ​មួយ​​ច្បាស់​​លាស់​​នៅ​កម្ពុជា​​ ៖ “អាការ​ផ្លាស់​ប្តូរ​តំណែង​ឲ្យ​ទៅ​ជា​​ធម្ម​តា គេហៅថា Normalization វា​មិន​អាច​ឲ្យ​មាន​បញ្ហា​ទេ ក៏​ប៉ុន្តែ​​ប្រទេស​យើងកាល​ណា​​យើង​កាន់​យូរ​មែន​ មាន​បញ្ហា​ហើយ កាល​ណា​ផ្លាស់​ប្តូរ”។

​អ្នក​​​​វិភាគ​​​​​នយោបាយ​ លោក​​​​ស្រី​ ជា វណ្ណាត មាន​​ប្រសាសន៍​​ថា ការ​លើក​ឡើង​របស់​​​លោក​​នាយក​​រដ្ឋ​​មន្រ្តី ហ៊ុន សែន បែប​នេះ ​បង្ហាញ​​ថា គណបក្ស​ប្រជាជន​​​នៅ​​មិន​​ទាន់​​បាន​​រៀប​ចំ ​ថា​​អ្ន​ក​​ណា​នឹ​ងត្រូវ​​ទទួល​តំណែង​​នាយក​​រដ្ឋ​មន្រ្តី​​នៅ​​ឡើយ​​ទេ ៖ “ឃើញ​ថា​ សព្វ​ថ្ងៃ​​ហ្នឹង​ដូចជា​មិន​ទាន់​មាន​ការ​រៀប​ចំ​ឲ្យ​មានបេក្ខ​ជន សម្រាប់​ស្នង​កិច្ច​ការនាយករដ្ឋ​មន្ត្រី​ហ្នឹង​ទៅ​ថ្ងៃ​ក្រោយ​ នៅ​ឡើយ​ទេ​​ មិន​ទាន់​មាន​បេក្ខ​ជន ឬក៏​​បេក្ខ​នារីនៅ​ក្នុង​រង្វង់​គណបក្ស​ប្រជា​ជន​ហ្នឹង​ សម្រាប់​ស្នង​នៅ​ឡើយ”។

ចំណែក​ ប្រធាន​មជ្ឈមណ្ឌលសិ​ទ្ធិ​​មនុស្ស​កម្ពុជា​ លោក អ៊ូ វីរៈ លើក​ឡើង​​ថា ​ប្រសិន​បើ​​នាយក​​រដ្ឋ​​មន្រ្តី ​ស្ម័គ្រចិ​ត្ត​ក្នុង​ការ​​ប្រគល់​អំណាច ​វា​នឹង​មិន​មាន​​បញ្ហា​អ្វីកើត​ឡើង​ទេ ​តែ​លោក​បារម្ភ​​ពីការ​​គ្រប់​គ្រង​អំណាច​ទាំង​អស់ ​នៅ​ក្នុង​កណ្តាប់​ដៃ​បុគ្គល​​ជា​​នាយក​រដ្ឋ​មន្រ្តី​តែម្នាក់​។ លោកបន្ថែមថា​ ប្រសិន​បើការ​ដឹក​នាំ​បែប​​លទ្ធិ​ប្រជាធិប​តេយ្យ​ ដូច​នៅ​​ប្រទេស​​ផ្សេងៗ​ នឹង​មិន​​មាន​បញ្ហា​ទេ ​តែបើ​ដឹក​នាំ​បែប​ផ្តាច់​ការ ​ការ​ផ្លាស់​​ប្តូរ​​នោះ​អាច​​​បង្ក​​ជា​បញ្ហា។ ​លោក អ៊ូ វីរៈ ក៏​​បាន​​​លើក​​ឡើង​​ថា ​នេះ​ជា​សារ​ភ័យ​​ខ្លាច​​មួយ​​សម្រាប់​​ប្រជា​ជន​ និង​ថ្នាក់​ដឹក​​នាំ​​គណបក្ស​​ប្រជា​ជន ៖ “ភាសា​មួយ​ដល់​ប្រជា​ពលរដ្ឋ​ផង ភាសា​មួយ​ដល់​មន្ត្រី​ដទៃ​ផង​ ព្រោះ​អី​គាត់​ចង់​ផ្ញើ​សារ​ដល់​មន្ត្រី​ដទៃ​ថា​កុំ​ឲ្យ​ដណ្តើម​អំណាច​គាត់​ ជា​ពិសេស​គឺ​ភាសា​សម្រាប់​មន្ត្រី​គណបក្ស​គាត់​តែ​ម្តង”។

បណ្ឌិត​វិទ្យាសាស្រ្ត​​នយោបាយ លោក សុខ ទូច លើក​ឡើងថា​ នេះ​​ជា​សារ​​ថា ​មិន​​អាច​​អត់​​​លោក​​នាយក​រដ្ឋ​​មន្រ្តី ហ៊ុន សែន បានទេ ៖ “គឺ​បង្ហាញ​ពី​សារសំខាន់​របស់​បុគ្គល​​ បុគ្គល​សាធារណៈ​ម្នាក់​ហ្នឹង ថា​មាន​តម្លៃ​ធំធេង​ណាស់ ​នៅ​ពេល​រហូត​ដល់​បោះ​ឆ្នោត​​ឆ្នាំ​​២០១៣”។

​មាត្រា ១២៤នៃ​រដ្ឋ​ធម្មនុញ្ញ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​បញ្ញត្តិ​​ថា ​នាយក​រដ្ឋ​មន្រ្តី​អាច​​រំលែក​​អំណាច​​​របស់​​ខ្លួន​​ ឲ្យ​ទៅឧ​ប​នាយក​រដ្ឋ​មន្រ្តី ឫ​​សមាជិក​​ណាមួយ​​នៃ​រដ្ឋា​ភិបាល​បាន។​​ ចំណែក​មាត្រា​​១២៥​ ចែង​ថា បើ​តំណែង​​នាយក​រដ្ឋ​មន្រ្តី​​នៅ​ទំនេរ​​ជាស្ថាពរ​នោះ ត្រូវ​តែង​​តាំង​​​គណៈ​​រ​ដ្ឋមន្រ្តី​​​មួយ​ជា​ថ្មី ក្នុង​លក្ខខណ្ឌ​ដែល​​មាន​ចែង​ក្នុង​រដ្ឋ​​ធម្ម​នុញ្ញ។ បើការ​ទំនេរ​​នេះ ​ជា​ការ​ទំនេរ​​​មួយ​កាល​មួ​យ​គ្រា​​ទេ ត្រូវ​​ចាត់​តាំង​នាយ​ករដ្ឋ​មន្រ្តី​ស្តី​ទី ជា​បណ្តោះ​អាសន្ន។

​លោក​នាយក​​រដ្ឋមន្រ្តី ហ៊ុន សែន កាន់​អំណាច​ជា​នាយ​ក​រដ្ឋ​មន្រ្តី​​តាំង​ពីឆ្នាំ១៩៨៥​។ លោក​ត្រូវ​​បាន​​រិះគន់​ថា ការ​គ្រប់គ្រង​អំណាច ​ស្ថិត​​នៅលើ​កណ្តាប់ដៃ​លោក​តែម្នាក់​ឯង៕ ​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s