កូនអ្នក​ធំ អ្នក​នយោបាយ មាន​អំណាច​ តែង​តាំង​ធំ ​ខណៈ​ពួក​គេ​កំពុង​ចង​បណ្តាញ​ដឹក​នាំ​យុវជ​ន​​

​ដោយ ស៊ុន ណារិន

នៅតាម​​​ស្ថាប័ន​​​​ដែល​​​អ្នក​​មាន​​​អំណាច​​គ្រប់គ្រង​​ តែង​តែមាន​ការ​​ភ្ជាប់​​កូនចៅ ឫសាច់​ញាតិ​​​ជាអ្នក​​ជំនាន់​​ក្រោយ ​​ទាំង​​ស្ថាប័ន​យោធា ​ប៉ូលិស និង​ស្ថាប័ន​រដ្ឋ​មួយចំ​នួន។ បញ្ហានេះ ត្រូវ​​បាន​​​​អ្នក​វិភាគ​លើក​​ឡើង​​ថា អាច​​មាន​​ផល​​ប៉ះពាល់​​ដល់​កម្ពុជា​ ​ទៅថ្ងៃ​​ខាងមុខ។​​

ឧទាហរណ៍​​សាច់ញាតិ​កូន​អ្នក​ធំមួយ​ចំនួន​ ដែល​ត្រូវ​បាន​តែង​តាំង៖ ​​កូន​ប្រុស​​លោក​​នាយក​រ​ដ្ឋ​មន្រ្តី​​ ហ៊ុន​ សែន​ ២នាក់​ មាន​តំណែង​​ខ្ពង់​ខ្ពស់​នៅ​​ក្រសួង​​ការ​ពារ​​ជាតិ​​ ហើយទើបតែត្រូវបាន​តែង​តាំងថ្មីជាអគ្គលេខា​​ធិការ​​រង នៃ​អ​គ្គ​លេខា​ធិការ​ដ្ឋាន​​អាជ្ញាធរ​​ជាតិ​ដោះ​ស្រាយ​​ទំនាស់​​ដីធ្លី​។ ​កូន​ប្រុស​របស់​ លោក​ ហោ ​ណាំហុង​ មាន​​​តំណែង​ជាមន្រ្តី​ជាន់​ខ្ពស់​នៅ​ក្នុង​ក្រសួង​ការ​បរទេស​ និង​ផ្សេង​​​ទៀត ជាឯកអគ្គ​រាជ​ទូត​​ប្រចាំ​ប្រទេស​​មហា​អំណាច។ លោក ស សុខា ជាកូន​ប្រុស​​របស់​ លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ត្រូវបានតែងតាំង​ជាស្នង​ការ​​រង​​រាជធានី​​ភ្នំ​ពេញ។​ កូន​ប្រសា​លោក ថោង ខុន​ រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍ ​គឺ​លោក​ ជា បូរ៉ា ជាអគ្គ​នាយក​រដ្ឋបាល និង​ហិរញ្ញ​វត្ថុនៃក្រសួងទេស​ចរណ៍។ ចំណែក​កូន​​របស់​ លោក ​ចម​ ប្រសិទ្ធ​ និងសាច់​ញាតិផ្សេងទៀត ​នៅ​មូល​គ្នា​​នៅក្រសួង​ពាណិជ្ជកម្ម និង​នៅអគ្គនាយកដ្ឋាន​​កាំកុង​ត្រូល។ ​លោក​ កែប​ ជុតិមា ​អភិបាលរាជធានីភ្នំពេញ ​ដាក់​​កូន​​ស្រី​ម្នាក់​​នៅកន្លែង​​កាន់​​បញ្ជី​​មួយ​​រយ​​នៅ​សាលារាជធានី។ ក្រៅពី​នោះ​ ក៏មានមន្រ្តីមួយចំនួនទៀត បានដាក់​កូនចៅរបស់​គេ​ទៅ​កន្លែង​​​ខ្ពស់​ខ្ពស់​ ឫ​​កន្លែង​​ខ្លាញ់​​(សំបូរ​លុយ)។

អ្នក​វិភាគ​​ឯក​រាជ្យ លោក​​ ឡៅ ម៉ុងហៃ លើក​​ឡើង​ថា ​នេះ​ជា​ការ​​ព្រួយ​​បារម្ភ​មួយ​ស​ម្រាប់​​សង្គម​​កម្ពុជា ដែល​អ្វីៗ មិន​ប្រព្រឹត្ត​ទៅ​តាម​​នីតិ​វិធី ឫរ​បៀប​​រៀប​រយ​ត្រឹម​ត្រូវ។ លោកថា ការ​​តែង​តាំង​​​កូន​ចៅ​អ្នក​ធំ​​បែប​​នេះ ជា​ការ​​ដឹក​​នាំ​មួយ​​ បែប​​គ្រួសារ​​និង​បុគ្គល​និយម  ៖ “ហ្នឹង​​វា​ទៅ​ជា​ការ​គ្រប់​គ្រង​រដ្ឋ​​ ទៅ​ជា​កិច្ច​ការ​របស់​គ្រួសារ គឺ​មិន​មែន​ជា​របស់​រដ្ឋ​​ទូទៅ​ទេ ហើយ​គឺ​ខុស​​​នឹង​​​គោល​​ការណ៍​​​ជា​អាទិ គឺ​គោល​ការណ៍​សិទ្ធិ​មនុស្ស ទាំង​អស់​គ្នា​ហ្នឹង​អាច​​ចូល​ទៅ​​ធ្វើ​ការ​រដ្ឋ​បាន”។

លោក​យល់ថា ​ការ​ធ្វើបែបនេះ អាចប​ង្ហាញ​ពីភាព​​កម្សោយ​​នៃ​នីតិ​រដ្ឋកម្ពុជា ​និង​គ្មាន​ការ​​គោរព​​អ្វី ​ជាគោលការណ៍​ច្បាប់។ លោក​ថា បញ្ហានេះ​កំពុង​ធ្វើឲ្យ​កម្ពុជា ​មានភាព​ច្របូក​​ច្របល់ ៖ “អត់មាន​អី​រឿង​អនាគត ឥឡូវ​បច្ចុ​ប្បន្នគឺ​​ច្របូល​ច្របល់​ទៅ​​ អាហ្នឹង​អត់មាន​អី​ជា​គោល ជា​មូល​ដ្ឋាន​ ស្រេច​តែ​បុគ្គល អ្នក​ណា​មាន​អំណាច​ចេះ​តែ​ធ្វើ​ទៅ”។

អ្នក​វិភាគ​ឯករាជ្យ​ ​លោក កែម ឡី សង្កេត​ឃើញថា ភាគច្រើន​​ស្ថាប័ន​​រដ្ឋាភិបាល និង​​ក្រៅ​រដ្ឋាភិបាល មាន​​ការ​ដាក់​​បន្តុប​​កូន​ចៅ ក្មួយ និង​​សាច់​​ញាតិ​ ចូល​​ទៅ​ធ្វើ​ការ។ លោក​​លើក​​ឡើង​ថា​​​ អ្វី​​ដែល​សំ​ខាន់​​នោះ ​​គឺ​​សមត្ថភា​ព​​របស់​​កូន​​អ្នក​ធំ ឫ​អ្នក​នយោ​បាយ​ទាំង​អស់​នោះ។ លោក​​​សង្កេត​​​ឃើញ​ថា កូន​អ្នក​​ធំ​មួយ​ចំនួន ​រៀន​​បាន​​ខ្ពង់​ខ្ពស់ ដែល​​មាន​​សមត្ថ​ភាព​​ក្នុង​ការ​ងារ ៖ “យើង​ឃើញ​មាន​ការ​តែង​តាំង​​ច្រើន ក៏​ប៉ុន្តែ​ការ​តែង​តាំង​​ហ្នឹង​បើ​សិន​ជា​ទៅ​តាម​សមត្ថ​ភាព ទៅ​តាម​បទ​​ពិសោធន៍ ទៅ​តាម​ទេព​កោសល្យ​ ហើយ​និង​ជំនាញ​វា​ធ្វើ​ឲ្យ​មាន​ការ​ជឿន​លឿន​ទៅ​វិញ ក៏​ប៉ុន្តែ​ប្រសិន​​បើ​យើង​បង្កើតឲ្យ​មាន​ការ​ប្រ​ឡង​ប្រ​ណាំង ដើម្បី​ជ្រើស​រើស​មនុស្ស​​​កាន់​តែ​ល្អ​​ទៅ​ទៀត ​គឺ​កាន់​តែ​ប្រ​សើរ អាហ្នឹង​ដែល ហើយ​ប៉ុន្តែ​យើង​ឃើញ​មិន​មាន​និន្នាការ ដោយ​​សារ​​តែ​អ្នក​នយោ​បាយ​ភាគ​ច្រើន គាត់​ចាស់​ៗ​ទៅ​ហើយ គាត់​ត្រូវ​ការ​ស្នង​ត្រ​កូល”។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា វប្បធម៌​​នៃ​ការ​​តែង​តាំង​​កូន​ចៅ​​បែប​នេះ ​អាច​ធ្វើ​ឲ្យ​មាន​ផល​​លំបាក​​ដល់​កា​រគ្រប់គ្រ​ង​នៅកម្ពុជា ៖ “ការ​ខ្វះ​ខាត គឺ​យើង​បាត់​បង់​និង​ឱកាសក្នុ​ងការ​ប្រ​ឡង​ប្រ​ណាំង​ ដើម្បី​ជ្រើស​រើស​មនុស្ស​ល្អ​​ ដើម្បី​ជ្រើស​រើសយក​មនុស្ស​ស្មោះ​ត្រង់ ដើម្បី​ជ្រើស​រើស​មនុស្សយក​មនុស្ស​ដែល​មាន​ជំនាញ​ ​និង​មាន​ទេព​កោសល្យ​​​ពី​កំណើត​ក្នុ​ងការ​ធ្វើ​ការ​ងារ​ អាហ្នឹង​ដែល​យើង​បាត់​បង់ ទី​មួយ ហើយទីពីរ គឺ​យើង​ខាត​ទាក់​ទង​ទៅ​នឹង​ការ​កើន​ឡើង​​បក្ខ​​ពួក​​និយម គ្រួសារ​និយម អាហ្នឹង​ដែល​ផល​វិបាក”។

នៅប្រទេស​ដែល​មាន​នីតិរដ្ឋ ​និង​ការ​គ្រប់គ្រង​បានល្អ ​ជាពិសេស​ប្រទេស​​អភិវឌ្ឍន៍ ​គ្រួសារ​​​​​កូន​អ្នក​​នយោបាយ ​កូន​ប្រធានាធិបតី ​នាយក​​រដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តី និង​មន្រ្តី​ក្នុង​ស្ថាប័ន​​រដ្ឋា​ភិ​បាល មិន​ត្រូវ​​បាន​​តែង​​តាំង​​តាម​​តែ​​អំណាច​របស់​​ខ្លួន​​នោះទេ។ លោក កែម ឡី បញ្ជាក់ថា នៅប្រទេស​​ផ្សេងៗ គេមិនចេះតែ​តែងតាំង​នោះទេ តែគេ​មើល​ទៅ​លើ​ចំណុច​ ៥យ៉ាង​ ​ដែល​ជា​​លក្ខ​ខណ្ឌ ដូចជា​ចំណេះ​ដឹង សីល​ធម៌ ទេព​កោសល្យ​​​ពីកំ​ណើត ​ជំនាញ និង​ប្រវត្តិការងារ​​​របស់​​​​​ឪពុក​ម្តាយ។

បណ្ឌិត​វិទ្យាសាស្រ្ត​នយោបាយ លោក​ សុខ ទូច មាន​ប្រសាសន៍​ថា ការ​តែងតាំង ឫភ្ជាប់​​យុវជន​​កូន​អ្នក​​ធំ បង្ហាញថា ដល់ពេល​ដែល​ត្រូវផ្លាស់ប្តូរ​កម្លាំង​ថ្មីហើយ។ លោកថា បញ្ហានេះអាច​ធ្វើឲ្យប៉ះពាល់​ដល់​យុវជន និង​អ្នក​ធ្វើការ​នៅក្នុង​ស្ថាប័ន ដែល​មាន​បទ​ពិសោធន៍​យូរ​អង្វែង​មកហើយ​ ៖ “បើ​គេ​មាន​សមត្ថ​ភាព អូខេអត់មាន​បញ្ហា អញ្ជើញ ប៉ុន្តែ​បើ តើ​មាន​យុវជន​យើង​ដទៃ​ទៀត​ ដែល​មាន​សមត្ថ​ភាព​អញ្ចឹង អាចទៅ​កន្លែង​ហ្នឹង​បាន​ទេ​ ឬក៏​មាន​សមត្ថ​ភាព​តែ​គ្រួសារ​ហ្នឹង”។

លើស​ពីនេះទៅទៀត ឥឡូវនេះ មានការ​ដឹកនាំ​ក្រុម​យុវជន ដែល​មាន​កូន​ប្រុស​​លោក​នាយក​​រដ្ឋ​មន្រ្តី ហ៊ុន សែន គឺ លោក ហ៊ុន ម៉ានី ជាអនុ​​ប្រធាន​សមាគម​​យុវ​ជន​​កម្ពុជា។ ថ្នាក់ដឹកនាំ​នោះ​គឺមាន​កូនប្រុស​ លោក​ សុខ អាន កូនប្រុស លោក សាយ ឈុំ ប្រធាន​ស្តីទីនៃព្រឹទ្ធសភា។ លោក ឡៅ ម៉ុងហៃ ចាត់​ទុក​ការចង​ក្រង​យុវជននេះ ដើម្បីជាមូលដ្ឋាន​អំណាច​របស់​អ្នក​នៅក្នុង​​បក្ស។

នៅពេលបច្ចុប្បន្ន គេសង្កេតឃើញ អ្នកធ្វើការ​នៅតាម​ស្ថាប័​នរដ្ឋមួយ​ចំនួន មានការត្អូញត្អែរ​ថា មានការ​ប្រកាន់​បក្ខពួក ត្រូវ​មាន​ខ្សែស្រឡាយ​នៅកន្លែង​ធ្វើការ បើមិន​អញ្ចឹងទេ ​មិនអាច​​ឡើង​​ធំបាន​​នោះទេ។ ​​ទង្វើ​បែបនេះ​ អ្នកវិភាគ​លើក​ឡើងថា ​អាចនាំ​ឲ្យ​មាន​​ការ​​មិន​​ពេញ​ចិត្ត និង​​ខិត​​ខំ​​ធ្វើ​ការ​ ដែល​នាំ​ឲ្យសង្គម​ មិន​អាច​​អភិវឌ្ឍ​​​ទៅ​មុខ​​បាន៕ ​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s