ព្រះមហាវីរក្សត្រនរោត្តមសីហនុ ជាអ្នកផលិតភាពយន្តដ៏ល្បីម្នាក់

ដោយស៊ុន​ ណារិន

ព្រះមហាវីរក្សត្រ ព្រះបាទនរោត្តមសីហនុ មិនត្រឹមតែជាវីរក្សត្រ​បូរណភាពទឹក​ដី និងឯករាជ្យ​ជាតិ​ទេ តែព្រះអង្គ ក៏មានព្រះទ័យស្នេហាខ្សែភាពយន្តផងដែរ។​ ព្រះអង្គ ជាអ្នកផលិត​ភាពយន្ត​មួយ​ដ៏ល្បី អំឡុងពេលដែលព្រះអង្គ ជាអ្នកដឹកនាំ​ប្រ​ទេ​ស​ ជាពិសេសក្នុង​សម័យសង្គម​រាស្រ្ត​និយម​(១៩៥៥-១៩៧០)។

ព្រះបាទនរោត្តមសីហនុ ថ្វាយរង្វាន់ដល់អ្នកផលិតភាពយន្តម្នាក់ លោក ទា លីមគន់/រូបភាព ដោយ ទា លឹមគន់

ព្រះអង្គ បានផលិតខែ្សភាពយន្តឯកសារ ប្រមាណជាង ៥០ភាពយន្ត។ បើទោះបីព្រះអង្គ ស្ថិត ​ក្នុង​ខ្សែ​រាជ​​វង្ស តែព្រះអង្គ តែងតែឆ្លៀតពេលពីការងារប្រទេស ដោយព្រះអង្គ តែងតែ​យក​ចិត្តទុក​ដាក់ និងស្រលាញ់នូវការផលិតខ្សែភាពយន្តសម្រាប់ប្រទេស​កម្ពុជា។​

យោងតាមឯកសារ កាលពីព្រះបាទនរោត្តមសីហនុ មានព្រះជន្ម១៩ព្រះវស្សា ព្រះមហា​វីរ​ក្សត្រ​​ បាននាំមកនូវកាមេរ៉ា ទំហំ១៦មីលីម៉ែត្រ ដើម្បីថតភាពយន្ត​ខ្លីៗ ទាក់ទងនឹង​ជនជាតិ​ដើម​ភាគតិច គួយ។

នៅក្នុងឆ្នាំ១៩៦៥ ព្រះអង្គ ផលិតនូវភាពយន្តឯកសារមួយលើកដំបូងរបស់ព្រះអង្គ គឺរឿង «អប្សរា»។ខ្សែភាពយន្តជាបន្តបន្ទាប់ ដែលព្រះអង្គបានផលិត គឺរឿងប្រជាកុមារ ដែល​សម្តែង​ដោយ​បុត្រព្រះអង្គផ្ទាល់ ដែលជាព្រះមហាក្សត្របច្ចុប្បន្ន គឺព្រះបាទនរោត្តមសីហមុនី។

មិនតែប៉ុណ្ណោះ ដោយទឹកចិត្តស្រលាញ់វិស័យសិល្បៈ  ព្រះករុណាព្រះបាទនរោត្តមសីហនុ បានសម្តែងដោយខ្លួនព្រះអង្គផ្ទាល់នៅក្នុងភាពយន្ត ហើយព្រះអង្គ ក៏បាន​និពន្ធបទចម្រៀង​សម្រាប់​ភាពយន្តរបស់ព្រះអង្គផងដែរ។

ក្នុងសម័យសង្គមរាស្រ្តនិយម ក្រោមការដឹកនាំរបស់ព្រះអង្គ ព្រះអង្គ​បានខិត​ខំប្រឹងប្រែង​ក្នុង​ការ​ធ្វើឲ្យប្រសើរនូវវិស័យភាពយន្ត និងគុណភាពនៃការផលិតភាពយន្ត នៅកម្ពុជា។

ព្រះបាទនរោត្តមសីហនុ បានបញ្ជូន មនុស្សទៅរៀនផ្នែកខ្សែភាពយន្ត និងការថតនៅ​ប្រទេស​បារាំង នៅចុងទស្សវត្សរ៍ ឆ្នាំ១៩៤០ ដូចជាលោក រឿម សុផុន និងលោក អៀវ បណ្ណាកា​ជា​ដើម​។

អ្នកផលិតខ្សែភាពយន្តដ៏ល្បីមួយរូប ក្នុងសម័យសង្គមរាស្រ្តនិយម ដែលមានអាយុ៧០ឆ្នាំ លោក លី ប៊ុន យីម មានប្រសាសន៍ថា ព្រះមហាវីរក្សត្រ មានទឹកព្រះទ័យចូលចិត្តខ្សែភាព​យន្ត ហើយព្រះអង្គតែងតែសម្រួលការងារនូវការថតភាពយន្ត នៅគ្រប់ទីកន្លែង ដោយមាន

មានការហាមឃាត់ ដូចសម័យបច្ចុប្បន្ននោះទេ។ លោកមានប្រសាសន៍ថា ព្រះអង្គតែងតែ​ឲ្យ​រូបលោកយកភាពយន្តដែលលោកបានផលិត ទៅបញ្ចាំងឲ្យព្រះអង្គទត នៅព្រះបរមរាជវាំង។​លោកបន្តថា ព្រះអង្គ គឺជាអ្នកផលិតខ្សែភាពយន្តមួយរូប ដែលមានប្រជាប្រិយភាព។

ក្នុងសម័យ ដែលភាពយន្តខ្មែរ ទទួលបានការគាំទ្រ និងល្បីរន្ទឺលើឆាកអន្តរជាតិ ព្រះបាទ​នរោត្តម​សីហនុ បានយកពន្ធលើការផលិតភាពយន្តទាប ដើម្បីបង្កភាព​ងាយស្រួលដល់អ្នក​ផលិត​ភាពយន្តនៅក្នុងប្រទេស។

ចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧០ ដែលជាសម័យយុគមាសនៃខ្សែភាពយន្ត (Golden Age ) វិស័យភាពយន្តកម្ពុជា បានអភិវឌ្ឍយ៉ាងលឿន។ ភាពយន្តប្រហែលជា៣៥០ ត្រូវបានផលិត និងចាក់បញ្ចាំងទូទាំងប្រទេស សម្រាប់ប្រជាជនទស្សនា។

បើទោះបីព្រះអង្គត្រូវបានរបបលន់ នល់(១៩៧០) ធ្វើរដ្ឋប្រហារ ទម្លាក់ព្រះអង្គពីតំណែង ព្រះ​អង្គ​នៅតែបន្តធ្វើការជាមួយភាពយន្ត ក្នុងពេលភៀសព្រះកាយទៅប្រទេសកូរ៉េខាងជើង និង​ប្រទេស​ចិន។

ក្រោយពីប្រទេស បានរំដោះពីរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ដល់១៩៧៩​)នៅពេល​ដែល​ព្រះអង្គយាងចូលមាតុ​ប្រទេសវិញ នៅឆ្នាំ១៩៩១ ព្រះអង្គ បានចាប់​ផ្តើមផលិត​ភាពយន្ត​ក្នុង​ប្រទេស​ម្តងទៀត ដូចជារឿង កញ្ញាអាស៊ីណា(Miss Asina) ក្នុងឆ្នាំ២០០៦។

ភាពយន្តផ្សេងៗទៀត ដែលព្រះអង្គបានផលិតមានដូចជា The Enchanted Forest (1966),
The little Prince (1967),Darkness on Angkor (1968), The Joy of Life” (1968), Farmers in distress” (1996), និងរឿង A non-violence Apostle” (1996) ជាដើម។

មិនតែប៉ុណ្ណោះ បើទោះបីព្រះអង្គមានព្រះជន្មាយុ ចាស់ជរា ព្រះអង្គ នៅតែយកចិត្តទុកដាក់ក្នុង​ការផលិតខ្សែភាពយន្ត ដោយមានការសម្តែងដោយ សិល្បៈករ និងសិល្បៈការិនីជំនាន់ក្រោយ​ដូចជា អ្នកនាង ចន ច័ន្ធលក្ខិណា និងលោកម៉េង ប៊ុនឡូ ជាដើម៕

 រាយការណ៍បន្ថែម ដោយ វន មករា និងហុង ច័ន្ទភក្រ្តា អតីតនិស្សិតនៃដឺប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s