អ្នក​វិភាគ៖ ការ​អម​ដំណើរ​មន្រ្តី​ធំៗ នាំ​​ឲ្យ​ខាត​បង់​ថវិកា​ជាតិ និង​ពេល​វេលា​ការ​ងារ

Imageដោយ ស៊ុន ណារិន

នៅសហរដ្ឋ​អាមេ​រិក ឫ​ប្រទេស​អភិវឌ្ឍន៍​ផ្សេងៗ ពេល​ថ្នាក់​ដឹក​នាំ​ទៅ​ណា​ម្តងៗ មាន​មន្រ្តី​អម​ជាមួយ​តិច​តួចបំ​ផុត ដែល​មន្រ្តី​ទាំង​នោះ សុទ្ធ​តែ​ជំនាញៗ និង​ពាក់​ព័ន្ធ។ ឧទាហរណ៍​ដូច​ជា​ពេល លោក អូបាម៉ា ឡើង​ថ្លែង​អ្វី​មួយ លោក​មាន​វត្ត​មាន​តែ​ឯង​ទេ​នៅ​លើវេទិកា។ ចំណែក​នៅ​កម្ពុជា​វិញ ពេល​លោក​នាយក​រដ្ឋ​មន្រ្តី ឫ​មន្រ្តី​ជាន់​ខ្ពស់​ផ្សេង​ទៀត ឡើង​ថ្លែង​សុន្ទរ​កថា ឫ​ទៅ​កម្ម​វិធី​ណា​ម្តងៗ មាន​មន្រ្តី​អង្គុយ​នៅ​ពី​ក្រោយ មិន​តិច​ជាង​២០​រូប​ទេ។ អ្នក​វិភាគ រិះ​គន់​លើ​បញ្ហា​នេះ ដោយ​លើក​ឡើង​ថា​ វា​អាច​ធ្វើ​ឲ្យ​ខាត​បង់​ថវិកា​ជាតិ និង​ពេល​វេលា​សម្រាប់​ការ​ងារ​របស់​មន្រ្តី​ហែរ​ហម​ទាំង​អស់​នោះ។

អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់ និង​អ្នក​វិភាគ​សង្គម លោក កែម ឡី លើក​ឡើង​ថា ប្រទេស​ណា ក៏​ដូច​ប្រទេស​ណា​ដែរ ពេល​មាន​កម្ម​វិធី​អ្វី​មួយ តែង​តែ​មាន​មន្រ្តី​ចូល​រួម តែ​មន្រ្តី​ត្រូវ​តែ​ជំនាញ​ដែល​អាច​ផ្តល់​យោបល់ ឫ​អនុ​សាសន៍​បាន។ លោក​បន្ថែម​ថា នៅ​កម្ពុជា មន្រ្តី​ថ្នាក់​លើ តែង​តែ​ព្យាយាម​ប្រមែ​ប្រមូល​មន្រ្តី​ថ្នាក់​ក្រោម មក​ចូល​រួម ទោះ​ជា​មិន​ត្រូវ​ជំនាញ ក៏​ទៅ​អម​ដំណើរ​ដែរ ដែល​នាំ​ឲ្យ​ខាត​បង់ថ​វិកា​ជាតិ និង​ពេល​វេលា​ជា​ច្រើន ៖ “​កាល​ណា​យើង​ឃើញ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ម្តង​ទៅ​ម្តង យើង​គ្រាន់តែ​ត្រឹម​ រដ្ឋ​មន្ត្រី ឬ​ក៏​អភិបាល​ខេត្ត​អី គាត់​អញ្ជើញ​ទៅ​​ដែរ ទាំង​អស់​ៗ​​គ្នា​អញ្ចឹង ហើយ​រដ្ឋ​មន្ត្រី អភិបាល​ខេត្ត​និមួយៗ មាន​ប្រធាន​មន្ទីរ​មាន​ប្រធាន​នាយក​ដ្ឋាន​អីអម​ជាមួយ​ច្រើន​​អញ្ចឹង វា​អាច​ដែរ ទីមួយ វា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់ដល់​​ថវិកា​ជាតិ​ច្រើន ហើយ​​ចំណុច​ទី​ពីរ បើ​កាល​ណា​យើង​ចំណាយ​​ពេល​ ឧទាហរណ៍​ថា​មណ្ឌល​គិរី យើង​ត្រូវ​ទៅ​ពីរ​ថ្ងៃ​មុន មក​មួយ​ថ្ងៃ​មុន​អី​អញ្ចឹង វា​អស់​បី​បួន​ថ្ងៃ វា​អាច​បាត់​បង់​នូវ​ពេល​វេលា”។​លោក​បញ្ជាក់​បន្ថែម​ថា នៅ​កម្ពុជា មិន​សូវ​ជា​មាន​ការ​ផ្ទេរ​ភារ​កិច្ច​ធំៗ​ទៅ​មន្រ្តី​ថ្នាក់​ក្រោម​ទេ បើ​ទោះ​ជា​កម្ពុជា កំពុង​អនុ​វត្ត​ប្រព័ន្ធ​វិមជ្ឈ​ការ និង​វិ​សហ​មជ្ឈ​ការ ដែល​នេះ​នាំ​ឲ្យ​មាន​ការ​រាំង​ស្ទះ​ការ​ងារ​ផ្សេងៗ ៖ “​មន្ត្រី​ជំនាញ​អាច​សម្ភោធ​ អាច​បើក​បាន កន្លែង​ខ្លះក៏​​​អាច​ត្រឹម​រដ្ឋាភិបាលខេត្ត ឬ​ក៏​រដ្ឋ​មន្ត្រី​ធ្វើ​បាន ឧបនាយក​រដ្ឋ​មន្ត្រី ទេស​រដ្ឋ​មន្ត្រី កាល​ណា​គេ​មាន​រច​នា​សម្ព័ន្ធគ្រប់​ជ្រុង​ជ្រោយ​អញ្ចឹង​ គេ​​ធ្វើ​​វិមជ្ឈការ​ការ​ងារ​ ប៉ុន្តែ​បើ​រង​ចាំ​តែ​ម្នាក់​ ទៅ​ធ្វើ​ហើយ​នាំ​គ្នា​ទៅ​ទាំង​អស់​ៗ​អញ្ចឹង ប្រហែល​ជា​យើង​ត្រូវ​ពិចារណា​ឡើង​វិញ​ដែរ”។

លោក​លើក​ឡើង​ថា វា​អាច​ចំណេញ​មួយ​ចំនួន​ដែរ ដែល​មន្រ្តី​អាច​ស្តាប់​អនុ​សាសន៍​របស់​ប្រមុខ​រដ្ឋាភិ​បាល តែ​លោក​ថា មិន​គួរ​មាន​ការ​ហែរ​ហម​ច្រើន​ពេក​ទេ។

ថ្មីៗនេះ​ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​​ចុះ​ទៅ​មូល​ដ្ឋាន​ជា​ញឹក​ញាប់ ដើម្បី​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ជូន​ប្រជា​ពលរដ្ឋ។ មន្រ្តី​ខ្លះ មិន​មាន​ជំនាញ​ដី​ធ្លី ​ក៏​ចុះ​ទៅ​ជាមួយ​ដែរ ដូច​ជា រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិ លោក ទា បាញ់ និង​លោក​ស្រី ម៉ែន សំអន រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធ​សភា និង​អធិការ​កិច្ច។

សម្រាប់​អ្នក​វិភាគ​នយោបាយ លោក​ស្រី ជា វណ្ណាត មាន​ប្រសាសន៍​ថា នេះ​បង្ហាញ​ថា កម្ពុជា​មិន​ទាន់​មាន​ប្រជា​ធិប​តេយ្យ ដូច​ប្រទេស​ដទៃ ដែល​គេ​គិត​ពេល​វេលា និង​ថវិកា​ជា​ធំ ក្នុង​ការ​ចំណាយ ៖ “​ប្រទេស​ភាគ​ច្រើន យើង​ចែក​ថា ប្រទេស​ដែល​មាន​លទ្ធិ​ប្រជា​​​ធិបតេយ្យ​ចាស់​ទុំ​មែន​ទែន ហើយ​មាន​របប​ដឹក​នាំ​ស្រុក​គឺ​ជា​របៀ​ប​​ប្រជា​ធិបតេយ្យ បាន​ន័យ​ថា​ មាន​ការ​បោះ​ឆ្នោត​ពី​មួយ​អាណត្តិ​ទៅ​មួ​យ​អាណត្តិ ហើយ​ត្រូវ​ដូរ​នាយក​រដ្ឋ​មន្ត្រីហ្នឹង​ ក៏​ញឹក​ញាប់ ហើយ​ត្រូវ​ដូរ​​​រដ្ឋ​មន្ត្រី​ហ្នឹង​ក៏​ញឹក​ញាប់ ដល់​អញ្ចឹង​ទៅ ការ​ចុះ​ទៅ​មិន​មាន​ជា​ការ​ហែ​ហម​អី​ធំ​ដុំ អត់​មាន​ទេ ពី​ព្រោះ​គេ​គិតតែពី​​រឿង​ពេល​វេលា គេ​គិត​រឿង​ចំណាយ​ហ្នឹង គេ​គិត​ធំ​ណាស់ ធ្វើ​ម៉េច​កុំ​ឲ្យ​អស់​”។

លោក​ស្រីប​ន្ថែម​ថា កម្ពុជា ក៏​ដូច​ជា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី មាន​ការ​រៀបចំ​ពិធី​អធិក​អធម​ធំ​ដុំ​ណាស់​សម្រាប់​អ្នក​ធំ​មួយៗ ដែល​ត្រូវ​ចំណាយ​ច្រើន ៖ “​ហើយ​ជា​ពិសេស​នៅ​ប្រទេសអាស៊ី​យើង​ហ្នឹង មិន​មែន​តែ​ប្រទេ​ស​ខ្មែរ​មួយ​​ទេ គឺ​ថា​ទៅ​ណាហ្នឹង​មាន​គឺ​ថា​​រៀប​ចំ​សម្បើម​ណាស់ ល្អ​ណាស់ ឆើត​ឆាយ​ណាស់ ប៉ិន​ល្អ​ឆើត​ឆាយ​ហ្នឹង សុទ្ធ​តែ​បញ្ហា​ទាក់​ទង​នឹង​ថវិកា​ ទាក់​ទង​នឹង​ពេល​វេលា​ហើយ រឿង​ហ្នឹង​វា​អញ្ចឹង​ហើយ​​​”។

ចំណែក​ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មើល​ឃើញ​ថា ការ​អម​ដំណើរ​ដោយ​មន្រ្តី​ច្រើន​បែប​នេះ បង្ហាញ​ពី​វប្ប​ធម៌​នៃ​ការ​យក​ចិត្ត​មន្រ្តី​ជាន់​ខ្ពស់ ដែល​មិន​បាន​ផ្តល់​ផល​ប្រយោជន៍​អ្វី​ទេ​ដល់​កម្ពុជា ​៖ “​ការ​ហែ​ហម​ហ្នឹង​វាឆ្លុះ​បញ្ចាំង​​ពី​វប្ប​ធម៌​មួយ គ្មាន​នណារ​ធ្វើ​ការ​អី​ក្រៅតែ​​ពី​យក​ចិត្ត​បុគ្គល​​នាយក​រដ្ឋ​ មន្ត្រីហ្នឹង​ទេ តាម​ពិត​យើង​មើលប្រធានា​ធិបតី​ស្រុក​អាមេរិក​ ទៅ​តាម​ដែរ​ គ្មាន​អ្នក​ហែហម​អញ្ចឹង​ទេ គេ​ធ្វើ​ការ​ងារៗ អ្នក​ផ្សេង​គេ​ធ្វើ​ការ​ងារ​រៀង​ៗ​ខ្លួន​ ដើម្បី​ធ្វើ​ឲ្យ​មានប្រ​សិទ្ធ​ភាព​ ប៉ុន្តែ​ស្រុក​ខ្មែរ​អត់​ទេ​​​ ម្នាក់​ៗ​ត្រូវ​តែ​បង្ហាញ​មុខ ទៅ​ដល់​ស្រុក​ណា គឺ​ស្រុក​ហ្នឹងពេញ​អស់​ហើយ​អូ​តែល​ ហើយ​មនុស្សអី​ជិះ​ឡាន​ជិះ​អី អស់​ចំណាយ​លុយ​រាប់​ម៉ឺន​រាប់​សែន​ ក្នុង​ពេល​ម្តង​ៗ ហើយ​មួយ​ទៀត ឆ្លុះ​បញ្ចាំង​ថា អត់​បាន​ធ្វើ​ការ​ងារ​ទេ ម្នាក់​ៗ​រវល់​តែ​​​​ហែហម​ហ្នឹង​”។

លោក​បន្ថែម​ថា នេះជា​វប្បធម៌​មួយ ដែល​បង្ហាញ​ថា មន្រ្តី​រូប​នោះ ធ្វើ​ការ​ងារ​មិន​ទាន់​បាន​ល្អ​ទេ​ ដែល​ត្រូវ​ការ​មន្រ្តី​ផ្សេងៗ​ជួយ​ហែរ​ហម ៖ “​បើ​សិន​ជា​យើង​ធ្វើ​ការ​ងារ​បាន​ល្អ ហើយយើង​​អត់​ខ្វល់​ពី​ការ​គេ​បញ្ជោរ​យើង​ទេ គេ​នាំ​គ្នា​មក​បញ្ជោរ​​យើង​ទេ អាហ្នឹង​យើង​ឈប់​ឲ្យ​គេ​មក​ហែហម​ហើយ ប៉ុន្តែ​បើ​​យើង​ត្រូវ​ការ​គេ​បញ្ជោរ​គ្រប់​ពេល អញ្ចឹង​យើ​ងចង់​ឲ្យ​គេ​មក​ហែ​ហម អាហ្នឹង​ចរិក​យើង​តែ​ប៉ុណ្ណឹង​ហើយ​​​”។

អ្នក​វិភាគ​បាន​ប្រៀប​ធៀប​កម្ពុជា ទៅ​នឹង​ប្រទេស​ផ្សេងៗ​ថា នៅ​ប្រទេស​គេ បើ​មាន​ការ​ហែរ​ហម​មន្រ្តី​ច្រើន​បែប​នេះ ប្រជាជ​ន នឹង​ចាត់​ទុក​ជា​ភាព​កំប្លែង​មួយ ដូច​ជា​ការ​ធ្វើ​ជា​រូប​ថ្លុក។ អ្នក​វិភាគ​យល់​ថា កម្ពុជា​គួរ​តែ​ពិចារណា ក្នុង​ការផ្លាស់​ប្តូរ​នូវ​ទម្លាប់​នេះ ដើម្បី​ជា​ប្រយោជន៍​ទៅ​ថ្ងៃ​អនា​គត៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s