បទ​សម្ភាសន៍​ជា​មួយ​លោក​ សុរិយា​ ស៊ូ​ប៊ែ​ឌី ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​​

​ដោយ ស៊ុន ណារិន

narin-interview-subedi-thearyអ្នក ​​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ លោក​សុរិយា​ ស៊ូប៊ែ​ឌី ​(Surya P. Subedi)​ បាន​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ ចាប់​​ពីថ្ងៃ​​ទី៨ ​ដល់​ថ្ងៃទី១៥​ ខែ​ធ្នូ​ ដើម្បី​ពិនិត្យ​មើល​នូវ​​ការ​អនុវត្ត​នូវ​អនុ​សាសន៍​​របស់​លោក​​ទៅ​រដ្ឋាភិ​ បាល​កម្ពុជា​។ សំលេង​​​​​ប្រជា​ធិប​តេយ្យ​ VOD បាន​ធ្វើ​បទ​សម្ភាសន៍​ជា​មួយ​មន្រ្តី​ជាន់​ខ្ពស់​របស់​អង្គការ​សហ​ប្រជា​​ ជាតិ​​មួយ​​នេះ ​ទាក់​ទង​នឹង​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា​​ និង​​អនុសាសន៍​​របស់​​លោក ​ដែល​ដាក់​ទៅ​រដ្ឋាភិ​បាល។​

តទៅ​នេះ ​សូម​ស្តាប់​បទ​សម្ភាសន៍​របស់​អ្នក​យក​ព័ត៌​មាន​​របស់​ វីអូឌី​ លោក ស៊ុន ​ណារិន ​ជា​មួយ​លោក​ ​សុរិយា​ ស៊ូ​ប៊ែ​ឌី​ ដោយ​មាន​ការ​ប្រែ​សម្រួល​​ដោយ ​លោក​ កែវ រតនៈ។ ​សំណួរ​ដំបូងដែល​លោក ស៊ុន ណារិន​ សួរ​ទៅ​លោក​ សុរិយា​ ស៊ូ​ប៊ែឌី​​ ថា​តើ​អនុសាសន៍​របស់​លោក សុរិយា​ ស៊ូ​ប៊ែឌី​ ដែល​បាន​ដាក់​ទៅ​រដ្ឋា​ភិបាល​ មាន​ការ​វិវត្តន៍​យ៉ាង​ណា?​​

លោក សុរិយា ស៊ូប៊ែឌី​ ក្នុង​ផ្នែក​ខ្លះ​ មាន​​ការ​រីក​ចម្រើន​ជាង​មុន​ ដូច​ជា​នៅ​ក្នុង​ឆ្នាំ​២០១០​ ច្បាប់​អស្សា​មិករ​ ដំបូង​ត្រូវ​បាន​បង្កើត​​ឡើង​ ច្បាប់​អង្គ​ការ​ដែល​រដ្ឋាភិ​បាល​គ្រោង​នឹង​បង្កើត​ ត្រូវ​បាន​ពិចារ​ណា​ឡើង​វិញ​នៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ មាន​ការ​ចរ​ចា​សម្រាប់​​ដំណោះ​ស្រាយ​ដល់​អ្នក​​បឹង​កក់​ បើ​ទោះ​ជា​មាន​អ្នក​មួយ​ចំនួន​ទៀត ​មិន​ទាន់​បាន​ដោះ​ស្រាយ​ឲ្យ​ តែ​ខ្ញុំ​សង្ឃឹម​ថា នឹង​មាន​ដំណោះ​​ស្រាយ​ ដូច​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី ​ណែនាំ​ឲ្យ​មាន​ការ​ចរចា​។ ការ​​ផ្តល់​កម្ម​សិទ្ធិ​ដី​ធ្លី​កំពុង​ដំណើរ​ការ​ ដែល​ខ្ញុំ​ និង​សហគមន៍​អន្តរ​ជាតិ​អំពាវ​នាវ​ឲ្យ​មាន​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​។ តែ​មាន​ចំណុច​មួយ​ចំនួន​ដែល​មិន​ទាន់ ​មាន​ភាព​ល្អ​ប្រសើរ​គ្រប់​​គ្រាន់​នៅ​ឡើយ ​ដែល​ត្រូវ​តែ​អនុ​វត្ត​ ទើប​ខ្ញុំ​មក​ទីនេះ ​ដើម្បី​ជំរុញ​បន្ថែម​តាម​រយៈ​អនុសាសន៍​របស់​ខ្ញុំ​ ដោយ​ខ្ញុំ​នឹង​ជួយ​រដ្ឋាភិ​បាល​ ជំនះ​ការ​លំបាក​ក្នុង​អនុវត្ត​នូវ​អនុសាសន៍​ទាំង​នេះ។​

ណារិន៖​ តើ​ចំណុច​ដែល​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើ​នោះ​ មាន​អ្វីខ្លះ​ទៅ?​

លោក សុរិយា ស៊ូប៊ែឌី៖​ មាន​ដូច​ជា​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ សិទ្ធិ​ដីធ្លី​ ភាព​ឯក​រាជ្យ​​ និង​សមត្ថ​ភាព​នៃប្រព័ន្ធ​តុលាការ​​ក្នុង​ការ​​​ស្វែង​រក​យុត្តិធម៌​។ ​នៅ​ថ្ងៃ​ណា​មួយ​ បញ្ហា​សិទ្ធិ​មនុស្ស​ នឹង​ត្រូវ​បាន​ដោះ​ស្រាយ​ ដោយ​សារ​ភាព​ឯក​រាជ្យ​ និង​សមត្ថ​ភាព​របស់​ប្រព័ន្ធ​តុលាការ​ត្រូវ​បាន​ពង្រីក​បន្ថែម​។​

ណារិន៖​ កន្លង​ទៅ​មន្រ្តី​រដ្ឋាភិ​បាល ​ថា​របាយការណ៍​របស់​លោក​មិន​សម​ហេតុ​សម​ផល ​និង​មាន​ចរិក​​រិះ​គន់​​គាំ​ទ្រ​គណ​បក្ស​ប្រឆាំង​ ហើយ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន ​សែន​ លើក​ឡើង​ថា ​លោក​គួរ​តែ​ទៅ​ផ្តល់​អនុស្សាសន៍​ឲ្យ​ប្រទេស​របស់​លោក​វិញ?​ តើ​លោក​យល់​យ៉ាង​ណា?​

លោក សុរិយា ស៊ូប៊ែឌី៖ ​ជា​ការ​ឆ្លើយ​តប​របស់​ខ្ញុំ​ គឺ​ខ្ញុំ​មក​ទីនេះ​​ដើម្បី​ធ្វើ​ការ​ងារ​មួយ​ដ៏​មាន​សារ​សំខាន់​ សម្រាប់​អង្គការ​សហ​ប្រជា​ជាតិ​។​ ខ្ញុំ​ត្រូវ​បាន​អង្គការ​សហ​ប្រជា​ជាតិ​​ឲ្យ​មក​ធ្វើ​ការ​នៅ​ទីនេះ​ ដែល​ជា​ទំនួល​ខុស​ត្រូវ​របស់​ខ្ញុំ​។ ចំណុច​បីដែល​ខ្ញុំ​កំពុង​អនុ​វត្ត​​ គឺខ្ញុំ​មាន​ភាព​ឯក​រាជ្យ​មិន​លម្អៀង​ និង​ការ​វិនិច្ឆ័យ​មួយ​​ដែល​មិន​ផ្អែក​លើ​គំនិត​ខ្លួន​​ឯង​​។ ខ្ញុំ​​មាន​​ជំនាញ ​​និង​​មាន​​គោល​​បំណង​​ជួយ​​ប្រទេស​​កម្ពុជា​​​ជួយ​​ប្រជា​​ជន​​ ដើម្បី​​សន្តិ​​ភាព​​យូរ​​អង្វែង​​ ការ​​អភិវឌ្ឍ​​សេដ្ឋកិច្ច​ ​និង​​ស្ថិរ​​ភាព​​ដើម្បី​​ប្រជា​​ជន​​អាច​​រីក​​រាយ​​ នឹង​​លទ្ធិ​ប្រជា​ធិប​តេយ្យ។​

ណារិន៖​ តើ​លោក​នឹង​ប្រាប់​អ្វី​ទៅ​រដ្ឋាភិ​បាល​កម្ពុជា​ ជាពិសេស​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន ​សែន ប្រសិន​បើ​លោក​មាន​ឱកាស​ក្នុង​ការ​ជួប​ពួក​គាត់​?

លោក សុរិយា ស៊ូប៊ែឌី៖ ​បាទ​ ខ្ញុំ​បាន​ដាក់​សំណើ​សុំ​ជួប​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ និង​មន្រ្តី​រដ្ឋា​ភិបាល​ផ្សេង​ទៀត​ តែ​ពេល​​នេះ ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។​ កាល​ពីពេល​មុន​​គាត់​ធ្លាប់​ប្រាប់​ខ្ញុំថា ​គាត់​នឹង​ជួប​ខ្ញុំ​ពេល​ក្រោយ​។ ខ្ញុំ​សង្ឃឹម​ថា ​ខ្ញុំ​នឹង​អាច​ទទួល​ការ​ឆ្លើយ​តប​នៅ​ថ្ងៃ​នេះ ​ឫ​ថ្ងៃ​ស្អែក​។ ខ្ញុំ​នឹង​ប្រាប់​គាត់​ថា ​ខ្ញុំ​ជា​មិត្ត​កម្ពុ​ជា ​ខ្ញុំ​ចង់​ជួយ​អ្នក​ដោះ​ស្រាយ​បញ្ហា​ ដែល​​កម្ពុជា​ប្រឈម។​ ខ្ញុំ​ជា​មិត្ត​របស់​ប្រជា​ជន​កម្ពុជា​ ហើយ​សូម​យក​អនុសាសន៍​ របស់​ខ្ញុំ​ សម្រាប់​អត្ថ​ប្រយោជន៍ដ​ល់​ប្រទេស​។

​ណារិន៖​  ជា​ចុង​ក្រោយ​ តើ​លោក​ចង់​ឃើញ​មាន​ការ​ចូល​រួម​ពី​បណ្តា​ភាគី​នៃកម្ពុជា​យ៉ាង​ដូច​ម្តេច​ ដើម្បី​កម្ពុជា​​មាន​ភាព​ល្អប្រសើរ​ផ្នែក​សិទ្ធិ​មនុស្ស?​

លោក សុរិយា ស៊ូប៊ែឌី៖ ខ្ញុំ​ចង់​ឃើញ​គ្រប់​ភាគី​ទាំង​អស់​ មាន​ទាំង​សង្គម​ស៊ីវិល ​សកម្ម​ជន​សិទ្ធិ​មនុស្ស​​រដ្ឋាភិ​បាល​ និង​គណ​បក្ស​ប្រឆាំង​ ធ្វើ​ការ​ជាមួយ​គ្នា​​ពិភាក្សា​គ្នា​ ដែល​ជា​មាគ៌ា​នៃ​លទ្ធិ​ប្រជា​ធិប​តេយ្យ។​ ភាគី​ទាំង​អស់​​មាន​ការ​យល់​ព្រម​ជាមួយ​គ្នា​ ដើម្បី​ឲ្យ​ប្រទេស​កម្ពុ​ជាឈាន​ទៅ​មុខ​។ ខ្ញុំ​ចង់​ឲ្យ​មាន​ការ​ផ្សះ​ផ្សារ​ផ្នែក​នយោបាយ​ ការ​ពិភាក្សា​រវាង​រដ្ឋាភិ​បាល​ និង​សង្គម​ស៊ីវិល​ និង​សកម្ម​ជន​សិទ្ធិ​មនុស្ស។​ ប្រជា​ជន​កម្ពុជា​ មាន​សិទ្ធិ​ភ្ជាប់​ជា​មួយ​កាត​ព្វកិច្ច ​និង​សិទ្ធិ​ភា្ជប់​ជា​មួយ​ការ​ទទួល​ខុស​ត្រូវ​៕ ​

អ្នក​ជំនាញ៖ ​រក្សា​ស្ថិរ​ភាព​នយោបាយ ​សម្រាប់​ការ​រីក​ចម្រើន​វិស័យ​អចល​នទ្រព្យ​

​ដោយ ស៊ុន ណារិន ថ្ងៃព្រហស្បតិ៍ ទី03 មករា ឆ្នាំ2013

អ្នក ​ជំនាញ​ផ្នែក​អចលន​ទ្រព្យ​ អំពាវ​នាវ​ឲ្យ​មាន​ការ​​រក្សា​ស្ថិរ​ភាព​នយោបាយ​​មុន​ និង​ក្រោយ​ការ​បោះ​ឆ្នោត​ ដើម្បី​ជា​ប្រយោជន៍​ដល់​វិស័យ​​អចលន​ទ្រព្យ​ក្នុង​ការ​ទាក់​ទាញ​វិនិយោគ​គិន ​បរទេស​មក​កម្ពុជា ​សម្រាប់​ឆ្នាំ​២០១៣​នេះ។​

អ្នក​ជំនាញ​លើក​ឡើង​បែប​នេះ ​ខណៈ​វិស័យ​អចលន​ទ្រព្យ​នៅកម្ពុជា​ក្នុង​​ឆ្នាំ​២០១២​ រីក​ចម្រើន​​គួរ​ឲ្យ​កត់​​សម្គាល់​ ដោយ​មាន​បរទេស​មក​វិនិយោគ​​នៅ​កម្ពុជា​ ជា​បន្ត​បន្ទាប់​ និង​​ស្រប​ពេល​កម្ពុជា​ នឹង​មាន​ការ​បោះ​​​ឆ្នោត​​ថ្នាក់​ជាតិ​ នៅ​ចុង​ខែ​កក្កដា​ ឆ្នាំ២០១៣​ខាង​មុខ​នេះ។

អគ្គ​នាយក​ក្រុម​ហ៊ុន​ប៊ុណ្ណា​រៀល​​​ធីគ្រុប​ លោក​ ស៊ឹង ​ប៉ុណ្ណា​ មាន​ប្រសាសន៍​ថា ឆ្នាំ២០១២​ វិស័យ​អចលន​ទ្រព្យ​ បាន​កើន​ឡើង​ក្នុង​តម្លៃ​ចន្លោះ​ពី២០​ ទៅ៣០​ភាគ​រយ​ និង​សកម្ម​ភាព​វិនិ​យោគ​ បាន​កើន​ឡើង​ទ្វេ​ដង​ ពី​២០​ភាគ​រយ​ ទៅ​៤០ភាគ​រយ។​ លោក​រំពឹង​ថា ​ក្នុង​ឆ្នាំ២០១៣ ​សន្ទទស្សន៍ ​នឹង​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ជាង​នេះ ​ប្រសិន​បើ​ស្ថិរ​ភាព​នយោបាយ​កម្ពុជា​​នៅ​ដដែល​ បើ​ទោះជា​មាន​​ការ​បោះឆ្នោត ៖ “យើង​អាច​សន្និដ្ឋាន​បាន​ថា​ ឆ្នាំ​២០១២ ជាលទ្ធ​ផល​​ល្អ​​សម្រាប់​វិនិច្ឆ័យ​​របស់​​យើង ហើយ​សម្រាប់​ឆ្នាំ​២០១៣ ប្រសិន​បើ​ស្ថាន​ភាពនយោបាយ និង​សេដ្ឋ​កិច្ច​នៅ​កម្ពុជា​​​​យើង​នៅ​តែ​បន្ត​ដំណើរ​ការ​ល្អ​ ជា​ពិ​សេស​នៅ​មុ​ន​ពេល​បោះ​ឆ្នោតគឺ​វិស័យ​របស់​យើង​នូវ​មាន​កំណើនគួ​រ​ឲ្យ​ ចាប់​អារម្មណ៍​​ទៀត”។

អគ្គ​នាយក​នៃ​ក្រុម​ហ៊ុន​ ខ្មែរ​ រៀល ​អ៊ីស្ទេត (Khmer Real Estate)​ លោក​ គីម​ ហ៊ាង​ ប្រាប់ VOD ថា វិ​ស័យអចលន​ទ្រព្យ​នៅ​កម្ពុជា​ មាន​ដូច​ជា​អគារ​ រោង​ចក្រ​ ឃ្លាំង​ ផ្ទះ​សម្បែង​ និង​ដីធ្លី​ សម្រាប់​ឆ្នាំ២០១២ ​បាន​កើ​ន​ឡើង​គ្រប់​ផ្នែក។​ លោកថា​ វិនិយោគ​គិន​​​បរទេស​ ដែល​ចង់​មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ​ កំពុង​សំឡឹង​មើល​ស្ថាន​ភាព​នយោបាយ​កម្ពុជា​សម្រាប់​ឆ្នាំ២០១៣​នេះ ៖ “បើ ​ចង់​ឲ្យរី​ស្តេត​យើង​វាល្អ រាជ​រដ្ឋា​ភិបាលអ្វី​គួរ​ធ្វើ​ គឺ​ស្ថិរ​​ភាព​​នយោបាយ យើង​មាន​ស្ថាន​ភាព​នយោបាយយើង​​​​ អ្វី​ដែល​គួរ​ធ្វើ​គឺ​ថា​រក្សា​ឲ្យ​បាន​​ល្អ​​ជា​ង​ហ្នឹង​ទៀត រក្សា​អី! អ្វី​ដែល​មាន​រក្សា​ឲ្យ​ល្អ​ទៅ បោះ​ឆ្នោតក៏​​​អត់​មាន​បញ្ហា​ព្រោះ​អី​ បរទេស​ដឹង​ពីស្រុក​ខ្មែរ​​ច្រើន​”។

កន្លង​ទៅ អ្នក​នាំ​ពាក្យ​របស់​រាជ​រដ្ឋាភិ​បាល​ ឲ្យ​ដឹង​ថា ​ប្រទេស​កម្ពុជា​ មាន​ស្ថិរ​ភាព​នយោបាយ​ និងសុខ​សន្តិ​ភាព​ពេញ​ទំហឹង។​

អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្រ្គោះ​ជាតិ​ ដែល​ជា​គណបក្ស​​ជំទាស់​ លោក​ យឹម​ សុវណ្ណ​ មាន​ប្រសាសន៍​ថា ​ស្ថិរ​ភាព​នយោបាយ​ គឺ​អាស្រ័យ​លើ​គណ​បក្ស​កាន់​អំណាច ៖ “ឆាក​នយោបាយ​ប្រទេសកម្ពុជា​ មាន​គណបក្ស​កាន់​​អំណាច ហើយ​នឹង​គណបក្ស​ប្រឆំាង​ ហើយហើយ​អ្នក​ណា​បង្ក​អស្ថិរ​ភាព គឺមិនមែន​គណបក្ស​ប្រ​ឆំាង​ទេ គឺ​គណបក្ស​កាន់អំណាច​​​​​”។

សំណង់​អគារ​ធំៗ​នៅ​កម្ពុជា​ កំពុង​តែ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​ ដូច​ជា​អគារ​ វឌ្ឍនៈ ​៣៨ជាន់ ​អគារកាណាឌីយ៉ា ២៦ជាន់ ​អគារ De Castle​ ៣៣ជាន់ និង​អគារ​ហ្គូដេន​ថាវ​អឺ ​ជាដើម​។ ​ក្រុម​ហ៊ុន​ជប៉ុន​ឈ្មោះ​អ៊ីអន​ AEON​  បាន​បើក​ការ​ដ្ឋាន​សាង​សង់​ផ្សារ​ទំនើប​អន្តរ​ជាតិ​តម្លៃ២០០លានដុល្លារ​ នៅ​រាជធានី​ភ្នំពេញ ​កាល​ពីខែធ្នូ​កន្លង​ទៅ។​

អ្នក​ជំនាញ​អចលន​ទ្រព្យ​ ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​ ទាក់​ទាញ​វិនិយោគ​ទុន​បរទេស​បន្ថែម​ នឹង​ពង្រឹង​នូវ​ប្រព័ន្ធ​ច្បាប់​ និង​ឯក​សារ​ផ្សេងៗ​​សម្រាប់​​វិស័យ​​អចលន​ទ្រព្យ​នៅ​កម្ពុជា៕​