ដោយ ស៊ុន ណារិន ថ្ងៃព្រហស្បតិ៍ ទី03 មករា ឆ្នាំ2013
អ្នកជំនាញលើកឡើងបែបនេះ ខណៈវិស័យអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០១២ រីកចម្រើនគួរឲ្យកត់សម្គាល់ ដោយមានបរទេសមកវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់ និងស្របពេលកម្ពុជា នឹងមានការបោះឆ្នោតថ្នាក់ជាតិ នៅចុងខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ។
អគ្គនាយកក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប លោក ស៊ឹង ប៉ុណ្ណា មានប្រសាសន៍ថា ឆ្នាំ២០១២ វិស័យអចលនទ្រព្យ បានកើនឡើងក្នុងតម្លៃចន្លោះពី២០ ទៅ៣០ភាគរយ និងសកម្មភាពវិនិយោគ បានកើនឡើងទ្វេដង ពី២០ភាគរយ ទៅ៤០ភាគរយ។ លោករំពឹងថា ក្នុងឆ្នាំ២០១៣ សន្ទទស្សន៍ នឹងកើនឡើងគួរឲ្យកត់សម្គាល់ជាងនេះ ប្រសិនបើស្ថិរភាពនយោបាយកម្ពុជានៅដដែល បើទោះជាមានការបោះឆ្នោត ៖ “យើងអាចសន្និដ្ឋានបានថា ឆ្នាំ២០១២ ជាលទ្ធផលល្អសម្រាប់វិនិច្ឆ័យរបស់យើង ហើយសម្រាប់ឆ្នាំ២០១៣ ប្រសិនបើស្ថានភាពនយោបាយ និងសេដ្ឋកិច្ចនៅកម្ពុជាយើងនៅតែបន្តដំណើរការល្អ ជាពិសេសនៅមុនពេលបោះឆ្នោតគឺវិស័យរបស់យើងនូវមានកំណើនគួរឲ្យ ចាប់អារម្មណ៍ទៀត”។
អគ្គនាយកនៃក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត (Khmer Real Estate) លោក គីម ហ៊ាង ប្រាប់ VOD ថា វិស័យអចលនទ្រព្យនៅកម្ពុជា មានដូចជាអគារ រោងចក្រ ឃ្លាំង ផ្ទះសម្បែង និងដីធ្លី សម្រាប់ឆ្នាំ២០១២ បានកើនឡើងគ្រប់ផ្នែក។ លោកថា វិនិយោគគិនបរទេស ដែលចង់មកវិនិយោគនៅស្រុកខ្មែរ កំពុងសំឡឹងមើលស្ថានភាពនយោបាយកម្ពុជាសម្រាប់ឆ្នាំ២០១៣នេះ ៖ “បើ ចង់ឲ្យរីស្តេតយើងវាល្អ រាជរដ្ឋាភិបាលអ្វីគួរធ្វើ គឺស្ថិរភាពនយោបាយ យើងមានស្ថានភាពនយោបាយយើង អ្វីដែលគួរធ្វើគឺថារក្សាឲ្យបានល្អជាងហ្នឹងទៀត រក្សាអី! អ្វីដែលមានរក្សាឲ្យល្អទៅ បោះឆ្នោតក៏អត់មានបញ្ហាព្រោះអី បរទេសដឹងពីស្រុកខ្មែរច្រើន”។
កន្លងទៅ អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល ឲ្យដឹងថា ប្រទេសកម្ពុជា មានស្ថិរភាពនយោបាយ និងសុខសន្តិភាពពេញទំហឹង។
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ស្ថិរភាពនយោបាយ គឺអាស្រ័យលើគណបក្សកាន់អំណាច ៖ “ឆាកនយោបាយប្រទេសកម្ពុជា មានគណបក្សកាន់អំណាច ហើយនឹងគណបក្សប្រឆំាង ហើយហើយអ្នកណាបង្កអស្ថិរភាព គឺមិនមែនគណបក្សប្រឆំាងទេ គឺគណបក្សកាន់អំណាច”។
សំណង់អគារធំៗនៅកម្ពុជា កំពុងតែរីកចម្រើនជាបន្តបន្ទាប់ ដូចជាអគារ វឌ្ឍនៈ ៣៨ជាន់ អគារកាណាឌីយ៉ា ២៦ជាន់ អគារ De Castle ៣៣ជាន់ និងអគារហ្គូដេនថាវអឺ ជាដើម។ ក្រុមហ៊ុនជប៉ុនឈ្មោះអ៊ីអន AEON បានបើកការដ្ឋានសាងសង់ផ្សារទំនើបអន្តរជាតិតម្លៃ២០០លានដុល្លារ នៅរាជធានីភ្នំពេញ កាលពីខែធ្នូកន្លងទៅ។
អ្នកជំនាញអចលនទ្រព្យ ស្នើឲ្យរាជរដ្ឋាភិបាល ទាក់ទាញវិនិយោគទុនបរទេសបន្ថែម នឹងពង្រឹងនូវប្រព័ន្ធច្បាប់ និងឯកសារផ្សេងៗសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា៕