ដោយ ស៊ុន ណារិន ថ្ងៃសុក្រ ទី04 មករា ឆ្នាំ2013 ម៉ោង13:11
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញនៅថ្ងៃសុក្រនេះ ឲ្យមានវប្បធម៌នៃការពិភាក្សាជជែកគ្នាបន្ថែម នៅក្នុងសភា ដោយមានការឆ្លើយតបនឹងសំណួររបស់សមាជិក។
អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ខៀវ កញារីទ្ធិ មានប្រសាសន៍តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុក នៅថ្ងៃសុក្រនេះ បន្ទាប់ពីមានកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា ការជជែកពិភាក្សាបន្ថែម គួរតែត្រូវបានជំរុញ ក្នុងសភា ហើយសមាជិករាជរដ្ឋាភិបាល គួរតែឆ្លើយតបនឹងសំណួររបស់សមាជិកសភាដទៃទៀត។
កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២ លោកនាយករដ្ឋមន្រ្តី បានចូលបំភ្លឺរឿងបញ្ហាព្រំដែនកម្ពុជា ជាមួយប្រទេសដទៃ ក្នុងសភា តាមការស្នើសុំរបស់គណបក្សជំទាស់សមរង្ស៊ី។ លោកនាយករដ្ឋមន្រ្តី បានចំណាយប្រមាណជា៥ម៉ោង ក្នុងការឆ្លើយបំភ្លឺ តែអ្នកតាមដានសង្គមថា លោកមិនបានទុកពេលសម្រាប់សំណួរ របស់តំណាងរាស្រ្តគណបក្សជំទាស់ទេ។
អ្នកនាំពាក្យគណបក្សសមរង្ស៊ី លោក យឹម សុវណ្ណ មានប្រសាសន៍ថា វប្បធម៌នៃការដេញដោលសំណួរ ត្រូវតែមានសម្រាប់កម្ពុជា ដែលមិនដែលមានទេពីមុនមក។ លោកស្វាគមន៍ចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ដោយសារកន្លងមកមានតែការអានរបាយការណ៍ ដោយមិនមានការអនុញ្ញាតសម្រាប់សំណួរទេ ៖ “អត់មានទេពីមុនមក បើសិនជាខាងគណបក្សកាន់អំណាច ចង់ឲ្យមានការឆ្លើយតប មានការជជែកវែកញែកហ្នឹង ហ្នឹងគឺជាការល្អ ប៉ុន្តែក្រែងលោរការនិយាយផ្សេងហើយធ្វើផ្សេង ការនិយាយត្រឹមឲ្យតែល្អមើល ប៉ុន្តែជាក់ស្តែងគឺថា ពេលតំណាងគណបក្សជំទាស់ ហៅទៅឆ្លើយក្នុងសភាម្តងៗ ទៅដល់គ្រាន់តែសូត្ររបាយការណ៍ហើយវេចបង្វេចត្រឡប់មកវិញ ដោយគ្មានឲ្យមានការសួរដេញដោយ អាហ្នឹងគឺអត់ល្អទេ យើងចង់ឲ្យមានការសួរដេញដោល ប្រសើរជាជាងទៅអានរបាយការណ៍”។
ថ្មីៗនេះ គណបក្សជំទាស់ បានស្នើឲ្យរដ្ឋសភា កោះហៅរដ្ឋមន្រ្តីពីររូប គឺលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ឲ្យចូលបំភ្លឺរឿងលិខិតឆ្លងដែន និងភាពមិនប្រក្រតីក្នុងវិស័យរ៉ែ។
គួរបញ្ជាក់ថា ក្នុងសង្គមប្រជាធិបតេយ្យ ដូចជានៅសហរដ្ឋអាមេរិក តែងតែមានវប្បធម៌នៃការពិភាក្សាដេញដោលជាសំណួរក្នុងសភាជាបន្ត បន្ទាប់៕