រាជ​រដ្ឋាភិបាល ផ្តល់​ប្រាក់​​មួយ​លាន៨សែន​ដុល្លារ ដល់​សាលា​ក្តី​ខ្មែរ​ក្រហម

ដោយ ស៊ុន ណារិន ថ្ងៃអង្គារ ទី08 មករា ឆ្នាំ2013

whole-ecccមន្រ្តី ​សាលា​ក្តី​ខ្មែរ​ក្រហម ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​ថវិកា​ជាង​មួយ​លាន​ដុល្លារ​អាមេរិក ដល់​តុលាការ​កូន​កាត់ ដើម្បី​ដំណើរ​ការ​ការ​ងារ​មួយ​ចំនួន ក្នុ​ង​ឆ្នាំ​២០១៣​នេះ។

អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម លោក នេត្រ ភក្រ្តា មាន​ប្រសាសន៍​ថា សាលា​ក្តី​បាន​ទទួល​ថវិកា​ប្រមាណ​ជា​ ១​លាន៨​​សែន​ដុល្លារ ពី​រាជ​រដ្ឋាភិបាល​​កម្ពុជា សម្រាប់​ដំណើរ​ការ​សាលាក្តី​ក្នុង​ឆ្នាំ​២០១៣​នេះ។ លោក​​​បន្ត​ថា សាលា​ក្តី​កំពុង​ស្វះ​ស្វែង​រក​ជំនួយ ពី​បណ្តា​ប្រទេស​ផ្សេងៗ​​ដើម្បី​ដំណើរ​ការ​សាលា​ក្តី និង​ប្រាក់​ខែ​សម្រាប់​បុគ្គលិក​ជាតិ ដែល​​មិន​ទាន់​បាន​បើក​សម្រាប់​ខែ​ធ្នូ ឆ្នាំ​២០១២។ លោក​រំពឹង​ថា បុគ្គលិក​​ជាតិ​​នៅ​សាលា​ក្តី នឹង​ទទួល​បាន​ប្រាក់​ខែ ក្នុង​រយៈ​ពេល​ពីរ​បី​សប្តាហ៍​ទៀត។

កាលពី​ថ្ងៃ​ទី​២១​ ខែ​ធ្នូ ឆ្នាំ​២០១២ ការិយាល័យ​រដ្ឋបាល​នៃសា​លាក្តី​ខ្មែរ​ក្រហម ប្រកាស​ជា​ផ្លូវ​ការ​ថា បុគ្គ​លិក​ជាតិ​ទាំង​អស់ ចាប់​ពី​អ្នក​បើក​ឡាន រហូត​ដល់​ព្រះ​រាជ​អាជ្ញា និង​ចៅ​ក្រម នឹង​ខ្វះ​ប្រា​ក់ខែ​ចាប់​ពី​ខែ​ធ្នូ ឆ្នាំ​២០១២​ទៅ។

សាលាក្តី​ខ្មែរ​ក្រហម បាន​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​២០០៦។ ចាប់​ពី​ពេល​ចាប់​ផ្តើម​រហូត​ដល់​ចុង​ឆ្នាំ​២០១១ សាលា​ក្តី​កូន​កាត់​មួយ​នេះ ចំណាយ​ប្រាក់​អស់ ១៤១​លាន​១សែន​ដុល្លារ​អាមេរិក។ ជប៉ុន​ជា​ប្រទេស​ដែល​ផ្តល់​ជំនួយ​ច្រើន​ជាង​គេ។ តុលាការ​នេះ មាន​បុគ្គលិក​ខ្មែរ​ចំនួន ២៩២នាក់ និងអន្តរជាតិចំនួន ១២០​នាក់។

គួរបញ្ជាក់ថា សាលាក្តី​ខ្មែរ​ក្រហម បាន​ចាប់​ផ្តើម​បើក​សវនាការ​សម្រាប់​ឆ្នាំ​២០១៣ នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់​ពី​ឈប់​សម្រាក​ឆ្លង​ឆ្នាំ តាំង​ពីថ្ងៃ​ទី​១៨​ខែ​ធ្នូ។ មេធាវី​អន្តរ​ជាតិ ការ​ពារ​ក្តី​ឲ្យ លោក នួន ជា បីរូប គឺ​លោក អេនដ្រូ អេន​ណូហ្ស៊ី លោក ជេសប៉ឺ ផៅ និង​លោក មីឃៀល ផេស្តមេន បាន​លាឈប់​ពី​សាលា​ក្តី ដោយ​នៅ​សល់​តែ​មេធាវី​អន្តរ​ជាតិ​មួយ​រូប គឺ​លោក វីកទ័រ កូប៉េ រួម​ជាមួយ​មេធាវី​ជាតិ សម្រាប់​ការ​ពារ​ជន​ជាប់​ចោទ លោក នួន ជា៕

នាយករដ្ឋ​មន្រ្តី​ថៃ សន្យា​នឹង​​តស៊ូ​​ខ្លាំង​ក្លា​លើ​ប្រាសាទ​ព្រះ​វិហារ ​នៅ​ ICJ​

​ដោយ ស៊ុន ណារិន ថ្ងៃអង្គារ ទី08 មករា ឆ្នាំ2013

ying-luck

នាយក ​រដ្ឋមន្រ្តី​ថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) និយាយ​​នៅថ្ងៃ​ចន្ទ​​ថា រដ្ឋាភិ​បាល​​ខ្លួន នឹង​ធ្វើអ្វី​គ្រប់​បែប​យ៉ាង ​ដើម្បី​តតាំង​​ជាមួយ​ប្រទេស​កម្ពុជា​ លើការ​គ្រប់​គ្រង​​ដី ​ដែល​មាន​ជម្លោះ នៅជុំវិញ​​ប្រាសាទ​​ព្រះ​វិហារ។​

នាយក​រដ្ឋមន្រ្តី​ថៃ ដែល​ត្រូវ​ជាប្អូនរបស់​អតីតនាយករដ្ឋ​មន្រ្តី លោក ថាក់​ស៊ីន លើក​ឡើង​បែបនេះ ​បន្ទា​ប់ពីមេដឹក​នាំ​គណបក្ស​ប្រឆាំង​ធំ​មួយ​​​របស់​ថៃ​ ជំរុញ​រដ្ឋា​ភិបាល​ខ្លួន​ពង្រឹង​ជំហរ​ហ៊ាន​​តតាំង​ក្តី ជាមួយ​កម្ពុជា ​ចំពោះកា​រដណ្តើម​​កាន់​​កាប់​​ដី​នៅ​​ក្បែរ​​តំប​ន់​ប្រាសាទ​​ព្រះ​វិហារ។ ​តុលាការ​​​យុត្តិ​​ធម៌​​​អន្ត​​រ​ជាតិ ​​(ICJ) គ្រោង​ចាត់​ការ​សំណុំ​រឿង​នេះ​​ឡើង​​វិញ នៅខែ​មេសា​​ខាង​មុខ​​​នេះ ​និង​​ប្រកាស​​ការ​​សម្រេច នៅក្នុង​ខែ​តុលា ឆ្នាំ២០១៣។

លោកស្រី យីង ​ឡាក់ ត្រូវ​បាន​ដក​ស្រង់​សម្តី​ក្នុង​​កាសែត​បាងកក​ប៉ុស្តិ៍ថា ចំណង​ទាក់ទង​ឯកជន​របស់​លោកស្រី​ផ្ទាល់ ជាមួយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ​នឹង​មិនមែន​ជា​មធ្យោបាយ​​ក្នុង​ការ​ប្រឹងប្រែង​របស់​​រដ្ឋាភិបាល​ថៃ ដើម្បី​ការពារ​ប្រយោជន៍​ជាតិ​នោះ​ទេ។

កន្លងទៅ ប្រទេស​កម្ពុជា បាន​ស្នើឲ្យ​តុលាការ​អន្តរជាតិ បកស្រាយនូវការសម្រេចកាល​ពីឆ្នាំ១៩៦២ ដែល​បាន​ប្រគល់​ប្រាសាទ​ព្រះវិហារ ជាការ​កាន់​កាប់​របស់​​កម្ពុជា។ ​ប្រទេស​កម្ពុជា និង​ថៃ កំពុង​ទាមទារ​តំបន់​ជម្លោះដី ​៤.៦គីឡូម៉ែត្រ នៅជុំវិញ​ប្រាសាទ​ព្រះ​វិហារ។

VOD ​មិន​ទាន់​អាច​​ទាក់​ទង​មន្រ្តី​​ក្រសួង​​ការ​​បរទេសកម្ពុជា បាន​នៅឡើយ ​តែ​មន្រ្តី​រាជ​​រដ្ឋា​ភិបាល ធ្លាប់​អះអាង​​ថា វា​មិនមែន​​ជា​រឿង​​​ចម្លែក​ ដែល​​​ក្រុម​ប្រឆាំង​អាវ​​​លឿង​​​ថៃ​​ បាន​​ព្យាយាម​​ដាក់​​សម្ពាធ​​ទៅលើ​​រដ្ឋាភិបាល​ថៃ ដែល​ដឹកនាំ​​ដោយ​លោកស្រី យីង​ឡាក់ លើ​ប្រាសាទ​ព្រះវិហារ។

គួរ​បញ្ជាក់ថា ​តុលាការ ICJ នៅទីក្រុង​ឡាអេ នឹងបើក​សវនាការនៅ​ថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣​ខាង​មុខ លើ​សំណុំ​​រឿង​​ប្រាសាទ​​​ព្រះ​វិហារ​ តាម​បណ្តឹង​របស់​ភាគី​កម្ពុជា៕