ដោយ ស៊ុន ណារិន ថ្ងៃអង្គារ ទី08 មករា ឆ្នាំ2013

អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្រ្តា មានប្រសាសន៍ថា សាលាក្តីបានទទួលថវិកាប្រមាណជា ១លាន៨សែនដុល្លារ ពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដំណើរការសាលាក្តីក្នុងឆ្នាំ២០១៣នេះ។ លោកបន្តថា សាលាក្តីកំពុងស្វះស្វែងរកជំនួយ ពីបណ្តាប្រទេសផ្សេងៗដើម្បីដំណើរការសាលាក្តី និងប្រាក់ខែសម្រាប់បុគ្គលិកជាតិ ដែលមិនទាន់បានបើកសម្រាប់ខែធ្នូ ឆ្នាំ២០១២។ លោករំពឹងថា បុគ្គលិកជាតិនៅសាលាក្តី នឹងទទួលបានប្រាក់ខែ ក្នុងរយៈពេលពីរបីសប្តាហ៍ទៀត។
កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ ការិយាល័យរដ្ឋបាលនៃសាលាក្តីខ្មែរក្រហម ប្រកាសជាផ្លូវការថា បុគ្គលិកជាតិទាំងអស់ ចាប់ពីអ្នកបើកឡាន រហូតដល់ព្រះរាជអាជ្ញា និងចៅក្រម នឹងខ្វះប្រាក់ខែចាប់ពីខែធ្នូ ឆ្នាំ២០១២ទៅ។
សាលាក្តីខ្មែរក្រហម បានដំណើរការតាំងពីឆ្នាំ២០០៦។ ចាប់ពីពេលចាប់ផ្តើមរហូតដល់ចុងឆ្នាំ២០១១ សាលាក្តីកូនកាត់មួយនេះ ចំណាយប្រាក់អស់ ១៤១លាន១សែនដុល្លារអាមេរិក។ ជប៉ុនជាប្រទេសដែលផ្តល់ជំនួយច្រើនជាងគេ។ តុលាការនេះ មានបុគ្គលិកខ្មែរចំនួន ២៩២នាក់ និងអន្តរជាតិចំនួន ១២០នាក់។
គួរបញ្ជាក់ថា សាលាក្តីខ្មែរក្រហម បានចាប់ផ្តើមបើកសវនាការសម្រាប់ឆ្នាំ២០១៣ នៅថ្ងៃអង្គារនេះ បន្ទាប់ពីឈប់សម្រាកឆ្លងឆ្នាំ តាំងពីថ្ងៃទី១៨ខែធ្នូ។ មេធាវីអន្តរជាតិ ការពារក្តីឲ្យ លោក នួន ជា បីរូប គឺលោក អេនដ្រូ អេនណូហ្ស៊ី លោក ជេសប៉ឺ ផៅ និងលោក មីឃៀល ផេស្តមេន បានលាឈប់ពីសាលាក្តី ដោយនៅសល់តែមេធាវីអន្តរជាតិមួយរូប គឺលោក វីកទ័រ កូប៉េ រួមជាមួយមេធាវីជាតិ សម្រាប់ការពារជនជាប់ចោទ លោក នួន ជា៕