តើ​កម្ពុជា​គួរ​មាន​វប្ប​ធម៌​នៃ​ការ​លាលែង​ពី​តំណែង​ឬ​ទេ សម្រាប់​អ្នក​បម្រើ​ប្រជា​ជន?

​ដោយ ស៊ុន ណារិន ថ្ងៃពុធ ទី16 មករា ឆ្នាំ2013

កន្លង​​មក នៅ​កម្ពុជា មាន​ការ​ស្នើ​សុំ​ពី​គណបក្ស​ជំទាស់ ឲ្យ​ដក​មន្រ្តី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​មួយ​ចំនួន ដែល​មិន​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់ ក្នុង​ការ​បម្រើ​ប្រជា​ពលរដ្ឋ ឬ​គ្រប់​គ្រង​ស្ថាន​ការណ៍​អ្វី​មួយ។ តួ​យ៉ាង កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រ​ឆាំង ស្នើ​នាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន សែន ដក​តំណែង​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម លោក ចម ប្រសិទ្ធ ដោយ​អះ​អាងថា រដ្ឋ​មន្ត្រី​រូប​នោះ​មិន​មាន​សមត្ថ​ភាព រក​ទីផ្សារ​លក់​ផលិត​ផល​កសិកម្ម​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​បាន។

ព្រឹត្តិ​ការណ៍​រត់​ជាន់​គ្នា នៅ​កោះ​ពេជ្រ កាល​ពី​ឆ្នាំ​២០១០ ដែល​ស្លាប់​មនុស្ស​ជាង​៣៥០​នាក់ មាន​ការ​លើក​ឡើង​ថា គួរ​តែ​មាន​ការ​លាលែង​ពីតំ​ណែង​ពីសំ​ណាក់​មន្រ្តី​ទទួល​ខុស​ត្រូវ ដូច​ជា រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ លោក ស ខេង អភិបាល​រាជធានី​ភ្នំ​ពេញ លោក កែប ជុតិមា និង​អតីត​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ លោក ទូច ណារ៉ុថ ជា​ដើម។ តើ​កម្ពុជា គួរ​មាន​វប្ប​ធម៌ លាលែង​ពី​តំណែង​ដោយ​ខ្លួន​ឯង​ដែរ​ឬ​ទេ? 

នៅប្រទេស​ជប៉ុន កាល​ពី​ឆ្នាំ​២០០៧ នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​បច្ចុប្បន្ន លោក ហ្សីន​ហ្សូ អាបេ (Shinzo Abe) បាន​លាលែង​ពី​តំណែង​ជា​​នាយក​​រដ្ឋ​​មន្រ្តី ដោយ​​សារ​​កង្វះ​​ការ​​ទុក​​​ចិត្ត​​​ពី​​ប្រជា​​ពលរដ្ឋ។ តែ​​នៅ​​ឆ្នាំ​​២០១២ លោក​​ត្រូវ​​បាន​​ប្រជា​​ពលរដ្ឋ​​ជប៉ុន ដាក់​សេច​​ក្តី​​ទុក​​ចិត្ត​​ឡើង​​វិញ ដោយ​​បោះ​​ឆ្នោត​​ឲ្យ​​លោក​​ជាប់​​ជា​​នាយក​​រដ្ឋ​​មន្រ្តី​​ម្តង​​ទៀត។ កាល​​ពីថ្ងៃ​​ទី​​០៩ ខែ​​មករា ឆ្នាំ​​២០១៣ អភិបាល​​ក្រុង​​បាង​​កក ប្រទេស​​ថៃ លោក Sukhumbhand Paribatra បាន​​លាលែង​​ពី​​តំណែង ដោយ​​​សារ​​ការ​​ចោទ​​ប្រកាន់​​ជាប់​​ពាក់​ព័ន្ធ​នឹង​កិច្ច​សន្យា​ពន្យារ។ សម្រាប់​នៅ​កម្ពុជា មិន​ធ្លាប់​មាន​មន្រ្តី​ណា ដាក់​ពាក្យ​លាលែង​ពី​តំណែង​ទេ។ តើ​ដោយ​សារ​មូល​ហេតុ​អ្វី? តើ​ការ​លាលែង​ពី​តំណែង អាច​មាន​ប្រយោជន៍​ដល់​កម្ពុជា​ដែរ​ឬ​ទេ? តើ​កម្ពុជា អាច​អនុវត្ត​វប្បធម៌​នៃ​ការ​លាលែង​ពី​តំណែង ដូច​ប្រទេស​ដទៃ​បាន​ទេ?

បណ្ឌិត​វិទ្យា​សាស្រ្ត​នយោបាយ លោក សុខ ទូច លើក​ឡើង​ថា ​បញ្ហាកង្វះ​សមត្ថ​ភាព ការ​ប្រកាន់​គោល​ជំហរ​​អំណាច​​មិន​​មែន​​ជា​ទី​សក្ការៈ និង​ឆន្ទៈ​សម្រាប់​ប្រយោជន៍​ជាតិ ធ្វើ​ឲ្យ​បុគ្គល ដែល​មាន​មុខ​ងារ​ក្នុង​ជួរ​រដ្ឋាភិ​បាល គាំទ្រ​ដោយ​ប្រជា​ជន លាលែង​ពី​តំណែង ៖ “ប្រទេស​ជាតិគឺ​ជា​របស់​យើង​ទំាង​អស់​គ្នា​ មិនមែន​​របស់​យើង​តែ​ម្នាក់​ឯង​ ឬរបស់​គ្រួសារ​យើង​ទេ​ ចឹង​ការយើង​មិន​មាន​សមត្ថភាព​​គ្រប់​គ្រាន់​ យើង​ត្រូវ​តែ​លាលែង​ចេញ​ ហេតុអី​ត្រូវ​ការ​លាលែង​​ យើង​កុំ​យល់​ថា​អំណាច​គឺ​ជាគ្រឿង​សក្ការៈ អំណាច​គឺ​យក​មក​ដើម្បី​បំរើ​​ និង​រក​ផល​ប្រយោ​ជន៍​ទៅ​ឲ្យ​មនុស្ស​នៅ​ក្រោម​យើង ដែល​គេ​គ្មាន​សមត្ថ​ភាព​ ឬក៏​មាន​អ្នក​ដ៏ទៃ ដែល​គេ​មាន​សមត្ថភាព តែ​គ្មាន​ឱកាស​ ការលាលែង​ចេញ​ពី​អំណាចនេះ​គឺជាការ​ឆន្ទៈ​ដ៏មុះ​មុត​​​របស់​បុគ្គល​ម្នាក់​ ដែល​ទទួល​ខុសត្រូវ​ ទៅ​​មុខ​តំណែង​របស់​ខ្លួន​”។​​

លោក​បន្ត​ថា ការលា​លែង​ពី​តំណែង​នេះ អាច​ជា​ប្រយោជន៍​ដល់​ប្រទេស​ជាតិ ដែល​ទាម​ទារ​មេដឹក​នាំ​នានា យក​ចិត្ត​ទុក​ដាក់ និង​ចេះ​ទទួល​ខុស​ត្រូវ។ លោក​បន្ត​ថា ការ​ទុក​បញ្ហា​ប្រទេស​ជាតិ ជាធំ ធ្វើ​ឲ្យ​បុគ្គល​មួយ មាន​ឆន្ទៈ​លាលែង​ពី​តំណែង នៅ​ពេល​ដែល​គេ​ប្រព្រឹត្ត​កំហុស​ណា​មួយ និង​រង​ការ​រិះ​គន់​ពី​ប្រជា​ជន ៖ “ប្រទេស​កសិកម្ម ទិញ​កសិផល​បញ្ចូល យើង​ត្រូវ​ដឹង​ យើង​ត្រូវ​ យើង​អត់​មាន​សមត្ថ​ភាព​ហើយ​​ ត្រូវ​តែ​លាលែង​ហើយ ហាម​មិន​ឲ្យ​កាប់​ព្រៃ​ឈើ ឈើអស់​ចឹង​ត្រូវ​តែ​លាលែង​​ លាលែង​ទទួល​បន្ទុក​កសិកម្ម អ្នក​ទទួល​បន្ទុក​ខាង​ហ្នឹង ប៉ុន្តែ​យើងអត់​មាន​ការ​ទទួល​ខុស​ត្រូវ​ ទទួល​យក​តែ​ត្រូវ​ អត់​ដែល​ទទួល​យក​តែ​ខុស​ បើ​ទទួល​យក​ខុស​វាលាលែង​បាត់ហើយ បើទទួល​យក​ត្រូវ​ អាណា​ត្រូវ​ទទួល​យក​​ដាក់​ឲ្យ​កូន​ចៅ​ អាហ្នឹង​វាខុស​ទៅ​នឹង​ភាព​ជា​អ្នក​ដឹក​នាំ​”

សម្រាប់​អ្នក​វិភាគ​សង្គម លោក ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​បាត់​បង់​ទំនុក​ចិត្ត​​​ពី​ប្រជាជន ធ្វើ​ឲ្យ​បុគ្គល​ឬ​មន្រ្តី​នោះ លាលែង​ពី​តំណែង។ លោក​ហៅក​រណី​នៃ​ការ​បន្ត​អំណាច ទាំង​ប្រជាជន​មិន​ពេញ​ចិត្ត ជា​ឥទ្ធិពល​នៃ​អំណាច​ផ្តាច់​ការ ៖ “ហើយ​សំខាន់​ណាស់​ការ​ទុកចិត្ត​ ពីសាធារណៈជន​​ គេ​ប្រគល់​ភារកិច្ច​ហ្នឹង គេ​​ទុក​ចិត្ត​ ដោយសារ​ថាគំនិត​ផ្តាច់ វា​មាន​ជា​ហូរ​ហែ​​​ ​អ្នកគ្រប់​គ្រង់​យើង​គឺ​ថា​របៀប​ចឹង​ដែរ ឃើញ​ក្រសួង​មួយ​ៗ ឬ​មន្ទីរ​មួយៗ ឃើញ​ថា ការ​ចាត់​ចែង​ស្រែក​ចិត្ត យក​ជា​អាជីព​របស់​ខ្លួន​​”។

លោក ឡៅ ម៉ុងហៃ លើក​ឡើង​បន្ថែម​ថា ការ​ទុក​ឱកាស​សម្រាប់​អ្នក​ជំនាន់​ក្រោយ មាន​សមត្ថ​ភាព ក៏​អាច​ធ្វើ​ឲ្យ​មន្រ្តី​រដ្ឋាភិបាល​ណា​មួយ សម្រេច​លាលែង​ពី​តំណែង ពេល​ដែល​ប្រជា​ជន​មិន​ពេញ​ចិត្ត​នឹង​ខ្លួន ដែល​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ណា​មួយ​សម្រាប់​ជាតិ​បាន ៖ “អ្នក​ឯទៀតៗក៏​ ដែល​​ដឹក​នាំ​​ល្អជាង​ ហើយ​មាន​គំនិត​ថ្មី សម្រាប់​កាលទេសថ្មី​”។

សម្រាប់​អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់ លោក កែម ឡី មាន​ប្រសាសន៍​ថា កម្ពុជា​គួរ​យក​បទ​ពិសោធន៍​នៃ​ប្រទេស​មួយ​ចំនួន ក្នុង​ការ​លាលែង​តំណែង មក​ពិចារណា ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេស​ជាតិ ៖ “ខ្ញុំ​គិត​ថា កម្ពុជា​គួរតែរៀន គ្មាន​អ្វី​ដែល​មិន​អាច​ធ្វើ​បាន​ទេ ​ឲ្យ​តែគាត់​ចង់​ធ្វើ​ ព្រោះនៅ​ស្រុក​គេ គេ​ផ្តល់​កិត្តិ​យស​ខ្ពស់​ណាស់ នៅ​ក្នុង​ការ​លាលែង​ពី​ដំណែង ទីមួយ​ បើ​គេ​ធ្វើ​អ្វី​ខុស​ ​​​គេ​ជាអ្នក​ទទួល​ខុស​ត្រូវ​ ទោះ​បី​ជា​កំហុស​ហ្នឹង​ ដោយ​ចេតនា​ក្តី ដោយ​អចេត​នាក្តី ​ដែល​ប៉ះពាល់​ដល់​ទ្រង់​ទ្រាយ​ជាតិ​ធំ​ គឺ​គេ​លាលែង​ពី​ដំណែង​ ដើម្បី​រក្សា​កិត្តិ​យស់​របស់​គេ​ ទីពីរ កាល​ណា​គេ​មានកំហុសហើយ គេ​លាលែង​ពី​ដំណែង ទទួល​បាន​ការ​គំាទ្រ​កាន់​តែ​ខ្ពស់​ពី​សមាជិក​គំាទ្រ​ ​នៅ​ក្នុង​គណបក្ស ឬនៅ​ក្នុង​ស្ថាប័ន ឬ​ក្នុង​ប្រទេស​  ទីបី ពេល​គេលាលែង​ពី​ដំណែង​ ពេល​ដែល​គេ​មាន​កំហុស​ហ្នឹង​ គឺគេ​រក្សា​កិត្តិ​យស​សម្រាប់​កូន​ចៅ​គេ​ ដើម្បី​ឲ្យ​កូន​ចៅ​របស់​គេ​ជំនាន់​ក្រោយគឺថា ឪពុក​របស់​ខ្លួនបាន​ធ្វើ​ខុស​នេះ ខុស​នេះ​ ហើយ​លាលែង​ហ្នឹង​​ គឺ​ឪពុក​ទទួល​បាន​កិត្តិ​យស​ខ្ពស់​ណាស់សម្រាប់គេ ជាតិ​ទំាងមូល​ត្រូវ​មាន​គោល​ការណ៍ ដើម្បី​ផ្តល់​កិត្តិ​យសអ្នក ទំាង​អស់​ហ្នឹង​លាលែង​ពី​ដំណែង​ ដោយសារ​តែ​កំហុស​លះ​បង់​ខ្ពស់​គឺគេ​ផ្តល់កិត្តិ​យស​សម្រាប់ ជា​​អ្នក​ដែល​មាន​ស្នា​ដៃ​ទៅ​វិញ​​​”។

ទោះជាយ៉ាង​ណា អ្នក​វិភាគ បាន​លើក​ឡើង​ជា​រួម​ថា ឆន្ទៈ​របស់​បុគ្គល​ចំពោះ​ផល​ប្រយោជន៍​ជាតិ ជា​កត្តា​ចាំបាច់​មួយ ជំរុញ​ឲ្យ​មន្រ្តី​ណា​មួយ ដែល​គិត​ថា ខ្លួន​មិន​មាន​សមត្ថ​ភាព មិន​អាច​ដោះ​ស្រាយ​បញ្ហា​បាន និង​កង្វះ​ការ​ទុក​ចិត្ត​ពី​ប្រជា​ជន លាលែង​ពី​តំណែង ដោយ​ទុក​ឲ្យ​អ្នក​ថ្មី ដែល​មាន​សមត្ថ​ភាព ឡើង​មក​សិក្សា​រក​ដំណោះ​ស្រាយ​បន្ត៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s