និស្សិត​ច្បាប់​ជំនាន់​ក្រោយ រិះ​គន់​ប្រព័ន្ធ​តុលាការ​ និង​វិជ្ជា​ជីវៈ​ចៅ​ក្រម​បច្ចុប្បន្ន

​ដោយ ស៊ុន ណារិន ថ្ងៃព្រហស្បតិ៍ ទី17 មករា ឆ្នាំ2013

នៅ​ពេល​​ឮ​បទ​ចម្រៀង​នេះ ប្រជាជន​កម្ពុជា នឹងឃើញដល់​រឿង​ចិន​មួយ​ឈ្មោះ​​ថា «តុលាការមុខ​ដែក» ដែល​មនុស្ស​ភាគ​ច្រើន​ស្គាល់​ថា រឿង​ប៉ាវ​ចិន។ រឿង​នេះ​បង្ហាញ​ពី​ភាព​អយុត្តិ​ធម៌​ក្នុង​ប្រព័ន្ធ​តុលាការ ដែល​កាត់​ក្តី​ឲ្យ​អ្នក​មាន​អំណាច អ្នក​មាន​លុយ​ឈ្នះ តែ​ប្រជា​រាស្រ្ត​ក្រី​ក្រ ទន់​ខ្សោយ រង​គ្រោះ​ពិត​ប្រាកដ មិន​ទទួល​បាន​យុត្តិ​ធម៌។ ប៉ុន្តែ​មាន​ប្រជា​រាស្រ្ត​ថា មាន​តែ​តុលាការ​ប៉ាវ​ចិន​មួយ​គត់ ដែល​ប្រជា​រាស្រ្ត​អាច​ទុក​ចិត្ត​បាន ដោយ​អាច​កាត់​ទោស​អ្នក​មាន​អំណាច​បាន។

សម្រាប់​នៅ​កម្ពុជា​វិញ ប្រជាជន​កំពុង​តែ​ទាម​ទារ​ឲ្យ​មាន​តុលាការ​មួយ ដូច​ជា​តុលាការ​ប៉ាវ​ចិន​អញ្ចឹង ដោយ​សារ​តុលាការ​នៅ​កម្ពុជា រង​ការ​រិះ​គន់​ថា មិន​បាន​ផ្តល់​ភាព​យុត្តិ​ធម៌​ដល់​ប្រជា​ជន។ តើ​និស្សិត​ដែល​នឹង​ក្លាយ​ជា​អ្នក​ច្បាប់ មាន​ទស្សនៈ​យ៉ាង​ណា លើ​ការ​កាត់​ទោស​របស់​តុលាការ និង​វិជ្ជា​ជីវៈ​របស់​ចៅក្រម​បច្ចុប្បន្ន?

ខ្ញុំបាន​ទៅ​ជួប​និស្សិត​មួយ​ចំនួន នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នី​តិ​សាស្រ្ត និង​វិទ្យា​សាស្រ្ត​សេដ្ឋ​កិច្ច (RULE) ដើម្បី​សាក​សួរ​មតិ​របស់​គាត់​លើ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ៖ “ប្រ​ព័ន្ធ​យុត្តិ​ធម៌​នៅប្រទេស​​កម្ពុជា ខ្ញុំ​គិតថា ស្ថិត​នៅក្រោម​អ្នក​កាន់​អំណាច មាន​ន័យ​ថា​តុលាការគឺ​​មិន​ឯករាជ្យ តុលាការ​ឃើញ​តែលុយ ហើយ​ចំពោះ​បញ្ហាដីធ្លី​នៅកម្ពុជាក៏​ដូច​គ្នា ​និង​បញ្ហា​ផ្សេង​ៗ​ទៀត ដូច​ជា បញ្ហា​ជា​ច្រើន​​​ចំពោះ​​លោក ម៉ម សូណង់​ដូ ជា​​ដើម តាម​ពិត​គាត់​ចង់​ឯករាជ្យ​ដែរ ប៉ុន្តែ​ដោយ​សារ​មាន​គំនាប តែមាន​គំនាប ពេល​មាន​គំនាប​ទៅគាត់មាន​បញ្ហា​ដូច​ថា​​ដក​គាត់​ចេញ​តំណែងអ្វីមួយ។ ការ​កាត់​ក្តីនៅ​ប្រទេស​កម្ពុជា អ្នក​មាន​អំណាច​ស្ថិត​នៅ​លើ អ្នក​ដែល​​មាន​អំណាច​​មាន​លុយ​កាក់​​ជា​ច្រើន​ ដែល​យើង​ឃើញ​ថា ប្រជា​ពលរដ្ឋ​ភាគ​ច្រើន អ្នកក្រ​តែង​តែទទួលបាន​នូវ​ភាព​អយុត្តិ​ធម៌ ពី​សំណាក់​អ្នកមាន​អំណាច​ផង​ដែរ​ ដូច​មាន​ពាក្យ​មួយ​ថា តុលាការ​ជា​ទីគោរព ដាក់​លុយ​មិន​គ្រប់​អញ្ជើញ​ចាញ់ ដូច​ជា​រឿង​លោក​ ជា​ វិជ្ជា​ ជា​ដើម​ គឺ​ជន​បង្ក​បទ​ល្មើស យើ​ងមិន​ទាន់​អាច​រក​ឃើញ​ទេ ប៉ុន្តែគាត់​បាន​ចោទ​ប្រកាន់​ទៅ​លើ​បុរស​ពីរ​នាក់ ដែល​យើង​ពុំ​ទាន់​ដឹង​ថា​គាត់​ហ្នឹង​បាន​ប្រ​ព្រឹត្ត​បទ​ល្មើស ឬ​មិនបាន​ប្រ​ព្រឹត្ត​ទេ​”។

ចំណែក​និស្សិត​ច្បាប់ ឆ្នាំ​ទី៤ នៃ​សាកល​វិទ្យា​ល័យ​បញ្ហា​សាស្រ្ត កញ្ញា​ងួន សុមាលី និយាយ​ថា ចៅ​ក្រម​ឥឡូវ មាន​ការ​ផ្លាស់​ប្តូរ​ទៅ​រក​ភាព​ឯក​រាជ្យ និង​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន។ តែ​កញ្ញា សោក​ស្តាយ​ដែល​ករណី​មួយ​ចំនួន ចៅ​ក្រម​មិន​ហ៊ាន​ដោះ​ស្រាយ​ទៅ​វិញ ៖ “Case (ករណី)ខ្លះគាត់រុញ​ឲ្យ​ផុត​ៗ ដូច​ឧទាហរណ៍​ Case ខ្លះ​អញ្ចឹងទៅ មក​ដល់​សាលា​ដំបូង​អញ្ចឹង​ទៅ ​​ដោយសារ​តែ​គាត់​មិន​អាច​ធ្វើការ​សម្រេច​ចិត្ត​បាន គាត់​រុញ​ឲ្យ​ផុត​ឲ្យ​ទៅ​ដល់​ថ្នាក់​លើ​ៗទៀត​អញ្ចឹង អាហ្នឹង​វា​ធ្វើ​ម៉េច​ឲ្យរួច​ផុត​ពីដៃគាត់ ​ព្រោះ​អីគាត់អត់ហ៊ាន​សម្រេច​​ ហើយ​និង​​អត់ហ៊ាន​ទទួលខុស​ត្រូវ​រឿង​ហ្នឹង”។

ករណី​មួយ​ចំនួន ដែល​ត្រូវ​បាន​លើក​ឡើង​ជា​បន្ត​បន្ទាប់​ថា ចៅក្រម​កាត់​ក្តី​មិន​បាន​ផ្តល់​ភាព​យុត្តិ​ធម៌ ដូច​ជា គឺ​ករណី អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​បាញ់​ប្រហារ​កម្មករ ក្នុង​ខេត្ត​ស្វាយ​រៀង ករណី​កាត់​ទោស​ប្រធាន​សមាគម​អ្នក​ប្រជា​ធិប​តេយ្យ លោក ម៉ម សូណង់ដូ ថា បាន​បង្កើត​​តំបន់​អបគមន៍ និង​ការ​កាត់​ក្តី​លើ​ឃាតក​សម្លាប់​លោក ជា វិជ្ជា ដែល​មាន​ជាប់​ពាក់​ព័ន្ធ នឹង​លោក ប៊ន សំណាង និង​សុខ សំអឿន។

ក្នុងសំណុំរឿង លោក ម៉ម សូណង់ដូ មានលោកស្រីចៅក្រម ចាំង ស៊ីណាត ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ រួមជាមួយ ចៅក្រម ៣រូបផ្សេងទៀត និងលោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញារង ជាតំណាងអយ្យការ។ អ្នកស្រី ចាំង ស៊ីណាត បានផ្ទន្ទាទោស លោក ម៉ម សូណង់ដូ ឲ្យជាប់ពន្ធនាគារចំនួន២០ឆ្នាំ ពីបទបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ។

VOD មិនអាចសុំការអត្ថាធិប្បាយពីអ្នកស្រី ចាំង ស៊ីណាត និងចៅក្រមពាក់ព័ន្ធផ្សេងទៀត លើបញ្ហានេះ នៅឡើយទេ។

ករណី​កាត់​ទោស ប៊ន សំណាង និងសុខ សំអឿន ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​សម្លាប់ លោក ជា វិជ្ជា អនុ​ប្រធាន​សាលា​ឧទ្ធរណ៍ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ លោក ជួន ស៊ុន​ឡេង រួម​ជាមួយ​លោក​ចៅ​ក្រម សេង ស៊ីវុត្ថា និង​លោក​ចៅ​ក្រម ឃុន លាង​ម៉េង សម្រេច​តម្កល់​សាល​ក្រ​ម​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ ដែល​កាត់​ឲ្យ​ជាប់​ទោស​២០​ឆ្នាំ។

ចៅក្រម​ទាំង​បី មិន​អាច​ទាក់​ទង​សុំ​ការ​បក​ស្រាយ​លើ​បញ្ហា​នេះ​បាន​ទេ។

ខ្ញុំ​បាន​ព្យាយាម​ទាក់​ទង​ចៅក្រម​ផ្សេង​ទៀត និង​សាស្រ្តា​ចារ្យ​ច្បាប់​នៅ​តាម​សាកល​​វិទ្យា​ល័យ​ផ្សេងៗ តែ​ពួក​គាត់​ប្រាប់​ថា មិន​ហ៊ាន​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​តុលាការ និ​ង​វិជ្ជា​ជីវៈ​ចៅ​ក្រម​បាន​ទេ។

មាត្រា ១២៩ នៃ​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា​ចែង​ថា ការ​ជម្រះ​ក្តី​ផ្តល់​យុត្តិ​ធម៌ ត្រូវ​ធ្វើ​ក្នុង​នាម​ប្រជា​រាស្រ្ត​ខ្មែរ តាម​នីតិ​វិធី និង​ច្បាប់​ជា​ធរមាន។ មាន​តែ​ចៅក្រម​ទេ ដែល​មាន​សិទ្ធិ​ជម្រះ​ក្តី។ ចៅ​ក្រម ត្រូវ​បំពេញ​ភារកិច្ច ដោយ​គោរព​ច្បាប់​យ៉ាង​ម៉ឺង​ម៉ាត់ និង​ឱ្យ​អស់​ពី​ដួង​ចិត្ត និង​សម្ប​ជញ្ញៈ​របស់​ខ្លួន។

លោក សុក សំអឿន ជា​ប្រធាន​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា និង​ជា​មេធាវី​មួយ​រូប។ លោក​ពន្យល់​ថា ចៅ​ក្រម​នៅ​កម្ពុជា អាច​ជា​សមាជិក​គណបក្ស ដែល​ជា​សំណួរ​សម្រាប់​ភាព​ឯករាជ្យ​នៃ​ប្រព័ន្ធ​តុលាការ ៖ “ចំណុច​មួយ​យើង​ឃើញ​ថា ចៅ​ក្រម​គាត់​​អាច​ជា​​សមា​ជិក​គណបក្ស ហើយ​ពេល​ខ្លះ​យើ​ងសង្កេត​ឃើញ​ថា មាន​ការ​ដូច​ថា ឲ្យ​ជួយ​ឧបត្ថម្ភពី​សមា​ជិក​អី​អញ្ចឹង ទៅ​គណបក្ស​ ហើយ​ជួនកាល​រហូត​ដល់មាន​​ការ​ជួយ​ឃោស​នា​ទៀត មួយ​ទៀត បញ្ហា​​តំណែង​​តុលាការ​ធំៗ ដូច​ជា​ប្រធាន​អីក្តី យើង​សង្កេត​ឃើញថា ទាល់តែ​មានការ​ឯក​ភាព​ពី​គណបក្ស ហេតុដូច្នេះ​បើ​​សិន​ជា​​ក្នុងករណី​បែប​ហ្នឹង យើង​បើ​គិត​ពី​បច្ចេក​ទេស​ យើង​សួរ​ថា​អាច​ឯករាជ្យ​ដែរ​អត់”។

លោក សុក សំអឿន បាន​បង្ហាញ​ពី​ភាព​ខ្វះ​ចន្លោះ​នៃ​សមត្ថ​ភាព​របស់​ចៅ​ក្រម និង​នីតិ​វិធី​មួយ​ចំនួន ដែល​ត្រូវ​ពង្រឹង​បន្ថែម។ តែ​លោក សុក សំអឿន មាន​សុទិដ្ឋិ​និយម​ថា ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា នឹង​អាច​មាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ ដោយ​អ្នក​ជំនាន់​ក្រោយ ជា​អ្នក​កែ​ប្រែ ៖ “ទីមួយ​បើ​សិន​ជា​គាត់​ឃើញ ហើយ​គាត់​ខ្លាច សង្គម​​នេះ​​មិន​អាច​កែ​ប្រែ​បានទេ មិន​អញ្ចឹង តែ​បើ​គាត់​ឃើញ ហើយ​គាត់​យល់​ថា ការ​ធ្វើ​ហ្នឹង​អត់​ត្រឹម​ត្រូវ អាហ្នឹង​មិន​ជា​អាក្រក់​ទេ មាន​ន័យ​ថា ​ថ្ងៃ​ក្រោយ​អាច​មានការ​ផ្លាស់​ប្តូរ​ ខ្ញុំ​ដូច​ជា​មិនអស់​សង្ឃឹម​ទេ ហើយ​សង្គម​អ្នក​ណាមួយ សួរ​ថា​អ្នក​ណា​មួយ ដែល​ចង់បានឲ្យ​ភាព​អយុត្តិ​ធម៌មក​លើ​ខ្លួន គឺ​ម្នាក់​ៗ​​សុទ្ធ​តែ​ចង់​បាន​​ភាពយុត្តិ​ធម៌ មិនអញ្ចឹង “។

សម្រាប់​​ប្រជាជន​ដែល​រង​គ្រោះ ដោយ​សារ​ដីធ្លី និង​មិន​មាន​ការ​ដោះ​ស្រាយ​ពី​តុលាការ ឬ​តុលាការ​ក្តី ដោយ​មិន​យុត្តិ​ធម៌ ទាម​ទារ​ឲ្យ​តុលាការ​មួយ​នេះ ធ្វើ​ការ​ងារ​ឲ្យ​ដូច​ជា តុលាការ​ប៉ាវ​ចិន។

មុននឹង​ធ្វើ​ជា​ចៅ​ក្រម ឬ​អ្នក​រក​យុត្តិ​ធម៌​ជូន​ប្រជា​ពលរដ្ឋ ចៅ​ក្រមនឹង​សច្ចា​ប្រណិធាន​តាម​ពាក្យ​សម្បថ និង​ផឹក​ទឹក​សម្បថ ជា​ការ​បង្ហាញ​ភាព​ស្មោះ​ត្រង់ ក្នុង​ការ​រក​យុត្តិ​ធម៌ ជូន​ប្រជាជន។

មាត្រា​១២៨ នៃ​រដ្ឋ​ធម្ម​នុញ្ញ​ព្រះ​រាជា​ណាចក្រ​​កម្ពុជា បញ្ញត្តិ​ថា អំណាច​តុលាការ​ជា​អំណាច​ឯក​រាជ្យ។ អំណាច​តុលាការ ធានា​រក្សា​អនាគត និង​ការ​ពារ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ។ អំណាច​តុលាការ គ្រប​ដណ្តប់​លើ​រឿង​ក្តី​ទាំង​អស់ រួម​ទាំង​រឿង​ក្តី​រដ្ឋបាល​ផង។ អំណាច​នេះ ត្រូវ​ប្រគល់​ឱ្យ​តុលាការ​កំពូល និង​សាលា​ជម្រះ​ក្តី​គ្រប់​ផ្នែក និង​គ្រប់​ជាន់​ថ្នាក់ ៖ “សុំ​ឲ្យ​និសិត្ស​ច្បាប់​ទាំង​អស់​ ដែល​រៀន​នៅ​សកល​វិទ្យា​ល័យ​ភូមិន្ទ​នីតិ​សាស្ត្រ និង​សកល​វិទ្យាល័យ​ផ្សេង​ៗ ហ៊ាន​បក​ស្រាយនូវ​បញ្ហា​ដែល​ខ្លួន​មិន​បាន​ច្បាស់ ឬ​ក៏​បញ្ហាដែល​ខ្លួន​យល់​ដឹង​ថា​ ប្រ​ព័ន្ធ​តុលាការ​ស្រុក​ខ្មែរ វា​យ៉ាង​ណា យើង​ត្រូវ​ហ៊ាន​និយាយ យើង​អត់មាន​ត្រូវ​លាក់​បាំង ព្រោះ​ប្រទេស​យើងជា​ប្រទេស​មួយ​​ដែល​ប្រជា​​ធិបតេយ្យ ប្រជា​ធិបតេយ្យមាន​ន័យ​ថា គឺ​យកសំឡេងប្រជា​ជន​ ប្រជា​រាស្ត្រ​ជា​ធំ រួច​ទៅ​និសិត្ស ឬក៏​ប្រជា​ពលរដ្ឋ​ទាំង​អស់​មានសិទ្ធិ​បញ្ចេញ​មតិ​របស់​ខ្លួន​ផ្ទាល់”៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s