ស្ថាន​ភាព​សេដ្ឋកិច្ច​កម្ពុជា​ សម្រាប់​ការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​កាត់​ដេរ​

ដោយ ស៊ុន ណារិន ថ្ងៃពុធ ទី23 មករា ឆ្នាំ2013

cam111

រាជ ​រដ្ឋាភិបាល​កម្ពុជា​ បានឯ​ក​ភាព​ជា​គោលការណ៍​ក្នុង​ការ​ដំឡើង​ប្រាក់​​ឈ្នួល​អប្បបរមា​​​ដល់​​ កម្ម​ករ​ ដោយ​ស្នើឲ្យ​សហជីព​ទាំង​អស់​​ជួប​​ពិភាក្សា​​គ្នា​ លើក​​សំណើ​​ដំឡើង​​ប្រាក់ឈ្នួល​តែមួយ។ ​

នៅថ្ងៃទី២៦ ខែកម្ភៈ​ ឆ្នាំ២០១៣​ ក្រុម​ការងារ​ទំនាក់​ទំនង​វិជ្ជាជីវៈ ​នឹង​រៀបចំ​កិច្ចប្រជុំ ​ដែល​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ទាំងអស់ ​ដើម្បី​​ពិនិត្យ ​និងសម្រេច​លើសំណើ ​ដែល​បាន​ការ​ឯក​ភាពរ​វាង​​តំណាង​សហជីព​ទាំងអស់។ ​តើស្ថានភាព​សេដ្ឋកិច្ចកម្ពុជា​ គួ​រ​តែ​ដំឡើង​ប្រាក់​ឈ្នួល​ដល់ប៉ុន្មាន? ​តើការ​ដំឡើង​ប្រាក់ឈ្នួល ​អាច​មាន​ប្រយោជន៍​អ្វីខ្លះ​ដល់​សេដ្ឋ​កិច្ច​កម្ពុជា? ​

ចំនួនប្រាក់ឈ្នួល​គោល​របស់​កម្មករ​នៅ​ប​ណ្តាប្រទេស​អាស៊ាន ដូ​ចជា​នៅប្រទេសថៃ ​ប្រាក់​ឈ្នួល​កម្មករ​ ២៦៣ដុល្លារ ​ប្រទេស​ហ្វីលី​ពីន ២​១២​​ដុល្លា​រ​​ ប្រទេស​​ឥណ្ឌូ​នេស៊ី​ ១៨២​ដុល្លារ​ ប្រទេស​​វៀត​​ណាម​ ១៧២​ដុល្លារ​ ដោយ​​ឡែក​​ប្រទេស​​កម្ពុជា​ ប្រាក់​ឈ្នួល​សម្រាប់​​កម្មករ​ គឺ​ទទួល​បា​ន​ចំនួន ​៦១​​ដុល្លារ​ ក្នុង​​មួយ​​ខែ​តែ​​ប៉ុណ្ណោះ។ ​ចំណែក​ប្រាក់​ឈ្នួលគោ​ល​របស់​កម្មករ ​ក្នុង​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា ​មានចំនួន ៦១​ដុល្លារ។​ សហជីព​ និង​កម្មករ​​កម្ពុជា​ ទាម​ទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ដល់​កម្មករ​ចំនួន ១៥០ដុល្លារ ​​ដើម្បី​​ធ្វើឲ្យ​ជីវភា​ពរបស់​ពួក​គេកាន់​តែល្អ​ប្រសើរ​។​

អ្នកវិភាគ​សេដ្ឋ​កិច្ច​ឯក​រាជ្យ ​លោក កង​ ច័ន្ទ​តារា​រ័ត្ន ​សង្កេត​​ឃើញថា ​ប្រទេស​កម្ពុជា​កំពុងតែខ្វះ​កម្លាំ​ងពលកម្ម​ ទាំ​ង​ក្នុង​វិស័យ​កសិកម្ម​ និង​ឧស្សាហ​កម្ម​ ដែល​ជាបញ្ហា​ប្រឈម​ដល់​សេដ្ឋកិច្ច​កម្ពុជានៅថ្ងៃ​ខាង​មុខ។​ លោក​ថា ​ការ​ដំឡើង​ប្រា​ក់​ខែ​​ឈ្នួល​​សមរម្យ​​​ជា​ឱកាស​មួយ​សម្រា​ប់​ទាញ​យក​ កម្លាំ​ង​​ពល​កម្ម​ក្នុង​ស្រុក ​និង​កាត់បន្ថ​យក​ម្លាំង​ពលកម្ម​​ចំណាក​ស្រុក។​ លោក​បន្ថែម​ថា ​ការ​​ដំឡើង​​ប្រាក់​​ឈ្នួល ​គឺ​ធ្វើ​ឲ្យ​សម​ស្រប​ទៅតាម​លទ្ធភាព​នៃកា​រ​រ​ក​បាន​របស់​កម្មករ​ក្នុង​ វិស័យក​សិកម្ម ៖ “អន់ណាស់យើង​ត្រូវ​ឲ្យ​ប្រាក់ខែ​ស្មើ ឬ​ក៏ប្រហាក់​ប្រហែល​គ្នា ឬ​ក៏​លើស​តិច​តួច​​ទៅ​នឹង​វិស័យ​កសិកម្ម ឈ្នួល​គេ ដូច​​ខ្ញុំ​តាម​អង្កេតអញ្ចឹង​ មួយ​ថ្ងៃ​អី​ប្រហែល​​ ៤​ដុល្លារ អញ្ចឹង​បើ​សិន​ជា​យើង​គិត​ជា​ខែ​ទៅ វា​ខ្ទង់ ១២០​ហ្នឹង​ហើយ”។

លោក​ កង​ ច័ន្ទ​តារារ័ត្ន​ លើក​ឡើងថា ​ថៅកែរោ​ង​ចក្រ​កាត់​ដេរ​នៅកម្ពុជា​​​ទទួលផលចំ​ណេញ​ច្រើន​ណាស់ ​ដែល​ផល​ចំណេញ​រហូត​​ដល់​៧៥​​ភាគ​រយ​ ដូច្នេះ​​កា​រកាត់​ប្រាក់​​ចំណេញ​​ពី​ថៅកែ​​រោង​ចក្រ​ អាច​ជាផល​ប្រយោជន៍​ដល់ក​ម្មករ​ ៖ “កន្លង​មក​ ផលិត​ភាព​នៃ​កម្លាំងពលករ​ កម្លាំង​ពលកម្ម មានការ​កើន​ឡើង​ជាប្រចាំ​ឆ្នាំ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ប្រាក់​ឈ្នួល​ដែល​គ្នា​បាន ក្រោយ​ពី​ទូទាត់​នឹង​ថ្លៃ​ទៅ តម្លៃ​ឈ្នួល​ពិតដែល​គ្នា​បាន​ទទួល​ហ្នឹង​វា​ថយ​ចុះ​ទៅវិញ យើង​មើល​ស្ថាន​ភាព​ហ្នឹង​ គឺ​បើ​សល់​មួយ​រយសម្រាប់​បែង​ចែក ថៅកែ​យក​ប្រហែល​៧៥ កម្មករ​បាន​ត្រឹម​ ២៥​ហ្នឹង គឺ​ជា​រឿង​មួយ​ខុស​ពី​និន្នា​ការ​នៅ​ប្រ​ទេស​ខាង​ក្រៅ ប្រ​ទេស​ខាង​ក្រៅវា​បញ្ច្រាស់​វិញ បើ​សល់​ ១០០ សម្រាប់​បែង​ចែករវាង​កម្មករ​និង​ថៅ​កែ​ហ្នឹង​ នៅ​ប្រទេស​គេ គេ​មាននិន្នាការ ថា​ថៅ​កែ​ទទួល​៣០ កម្មករ ៧០ ឬ​ក៏ ៤០/៦០ ផ្ទុយ​ទៅវិញ ស្រុក​យើង​កម្ម​ករ​ទទួល​ ២៥ ថៅ​កែ ៧៥​”។

កន្លង​ទៅ ​រាជ​រដ្ឋាភិបាល​ធ្លាប់ដំឡើង​​ប្រាក់​​ឈ្នួល​​ដល់​​កម្មករ​ ៦១ដុល្លារ​ ម្ត​ង​រួច​មក​ហើយ ​បន្ទាប់​​ពីមាន​​ការ​​ទាម​ទារ​​ពី​កម្មករ។​ កាល​​ពី​ចុង​​ឆ្នាំ​២០១១​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ប្រកាស​បន្ថែម​នូវ​ប្រាក់​សម្រាប់​ថែ​ទាំសុ​ខភា​ព​កម្មករ​​ផ្នែក​ ឧស្សាហកម្ម​កាត់​​ដេរ​សម្លៀក​បំពាក់ ​និង​​ស្បែក​ជើង ​ចំនួន​​៥ដុល្លារ ​ក្នុង​មួយខែ​។

ស​ម្រាប់​ប្រធានសមាគម​អ្នក​សេដ្ឋកិច្ច​កម្ពុជា ​និង​ជាអ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ ​លោក ចាន់ ​សុផល ​លើក​ឡើងថា តម្លៃការ​ងារ​ចេះ​តែ​​កើនឡើង​ ស្រ​ប​នឹង​ការ​កើន​ឡើង​តម្លៃ​​ទំនិញ​នៅលើ​ទីផ្សារ​ ដូច្នេះ​ប្រាក់បៀវត្សរ៍​ ក៏ត្រូវ​តែកើ​ន​ឡើង​ជារៀង​រាល់ឆ្នាំ។​ លោក​បន្តថា ​ការ​ដំឡើង​ប្រាក់​ឈ្នួល​សម​រម្យ​ដល់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ អាច​ជួយបង្កើន​ការរក​ស៊ីជា​ប្រព័ន្ធ​របស់​​ប្រជាជន ​ដែលនាំ​ឲ្យ​​រីក​​ចម្រើន​​សេដ្ឋ​កិច្ច​កម្ពុជា ៖ “ពេល​ដែល​ប្រាក់​កម្រៃ​បាន​ខ្ពស់ គឺ​កម្មករ​នឹង​មានការ​ចំណាយ​ក្នុង​សេដ្ឋ​កិច្ច​ដែរ ឧទាហរណ៍​ពេល​ទៅផ្សារ ទិញ​ទំនិញ​បរិភោគ ទំនិញ​ឧបភោគ​ ប្រើ​ប្រាស់ សំលៀក​បំពាក់ ក៏​ធ្វើ​ឲ្យ​អ្នក​លក់​សំលៀក​បំពាក់ ខោ​អាវ​ហ្នឹង ក៏​ដាច់​តាម​នោះ​ដែរ ហើយ​អ្នក​លក់​គ្រឿង​បរិ​ភោគ ដ៏​ដាច់​ច្រើន​ជាង​មុន កម្ម​ករ​អាច​សល់​ប្រាក់​កាក់​ខ្លះ  គេ​ហៅ​ថា​ដើរ​លេង​”។

ធនាគារ​ពិភព​លោក ​(World Bank)​ ព្យាករ​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ឡើងដ​ល់ ៦,៧​​ភាគរយ​ សម្រាប់​ឆ្នាំ២០១៣ ​ហើយ​នៅ​ឆ្នាំ​២០១៤​ និង​​២០១៥​​ខាង​មុខ​ នឹង​​កើន​​ឡើង​​ដល់​​៧ភាគរយ។​

សម្រាប់អ្នកស្រា​វជ្រាវ​ជាន់​ខ្ពស់ ​ជំនាញ​ផ្នែក​​សេដ្ឋ​កិច្ច​ លោក កែម ឡី ​មាន​ប្រសាសន៍​ថា ​តាម​ការ​សិក្សា ​ការរស់​នៅ​សម​រម្យ​នៅ​តាម​​តំបន់​ មាន​​ការ​​ចំណាយ​​ខុស​ៗគ្នា​ ដោយ​នៅ​ជន​បទ​ក្នុង​មួយ​ខែ ​១០០ដុល្លារ​ នៅ​ជាយ​​ក្រុង​ ១៥០​ ទៅ​២០០​​ដុល្លារ​ នៅ​រាជ​ធានី​​ភ្នំពេញ​ ២៥០ដុល្លារ ទៅ​៣០០​​ដុល្លារ។​

ដូច្នេះ ផលិត​ផល​ក្នុង​ស្រុក​សរុប (GDP)​ ឡើង​ដល់​១ពាន់​ដុល្លារ ​ក្នុងមួយ​ខែ ​មានន័យថា ​ចំណូល​មួយ​ខែ​៨០ដុល្លារ។​ លោក​បន្តថា ​ប្រាក់​ឈ្នួល​កម្ម​ករ​ អាច​ដំឡើង​ពី១៥០ ទៅ២០០ដុល្លារ​ ដែល​រោង​ចក្រ​មាន​លទ្ធភាព​ដំឡើង​បាន ​តាមរយៈ​ការបំបាត់​អំពើ​ពុក​​រលួយ​ផ្សេង ​និង​ការ​ដាក់​សម្ពាធ​ពី​រាជ​រដ្ឋា​ភិបា​លកម្ពុជា​។ លោក​ កែម ឡី ​លើក​ឡើងថា ​ប្រាក់​ឈ្នួល​កម្ម​ករ​សមរម្យ​អាច​ជួយ​កម្ពុជា​ ច្រើន​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​មួយ​ចំណែក ៖ “កម្មករ​មាន​ប្រាក់​ខែ​សមរម្យ ហើយ​កម្មករ​ហ្នឹង​អាច​ចិញ្ចឹម​កូន​ចៅ​ យាយ​តា ឪពុក​ម្តាយ​របស់​គាត់​បាន​ទៀត អញ្ចឹង​មិន​តិច​ជាង ៤០​ទៅ​៥០​​ម៉ឺន​គ្រួសារ​ទេ ដែល​អាច​ចាក​ផុត​ពី​ភាព​អត់​​ឃ្លាន ហើយ​អាច​រស់​នៅ​សម​រម្យ នៅ​​ក្នុង​រយៈ​ពេល​ពី​ ៥​ទៅ​១០​ឆ្នាំ នៅ​ពេល​គាត់​ធ្វើ​ការ​បាន​យូរ គាត់​អាច​សន្សំ​បាន​ខ្លះ បើសិន​ជា​ប្រាក់​ខែ​សម​រម្យ​ប៉ុណ្ណឹង”។

រោងចក្រកាត់​ដេរ​នៅកម្ពុជា​ មាន​ជាង៣០០រោងចក្រ​ ស្រូបកម្លាំង​​កម្មករ​ប្រមាណជា ​៣៣៥៤០០នាក់ ​ដែល​ក្នុងនោះ​៩១​ភាគ​រយ ​ជា​​កម្មកា​រិនី​។ វិស័យ​កាត់​ដេរ ជាវិស័យ​សំខាន់​មួយ ​ដែលអា​ចរកចំ​ណូល​ច្រើន​ជាង​គេ ​ជួយដ​ល់សេ​ដ្ឋកិច្ចក​ម្ពុជា។ របាយការណ៍​របស់​ក្រសួងពា​ណិជ្ជកម្ម​  ​ឲ្យ​ដឹង​ថា ​ក្នុង​ឆ្នាំ២០១២​ ការនាំចេញ​ក្នុង​វិស័យ​កាត់​ដេរ ​បាន​កើន​ឡើង៨ភា​គរយ ​គិត​ជា​ទឹក​ប្រាក់​ស្មើ​នឹង​៤​ពាន់​៦​រយ​​លាន​​ដុល្លារ​អាមេរិក។​

ជារួម​ អ្នកវិភាគ​យល់​ឃើញថា ​រោង​ចក្រ​កាត់​ដេរ​នៅកម្ពុជា ​​មាន​​លទ្ធភាព​ដំ​ឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ ឲ្យ​បាន​សម​រម្យ​ជាង​នេះ ​ដែល​អាច​ជួយ​ដល់​សេដ្ឋ​កិច្ច​កម្ពុជា។ ​លទ្ធ​ភាពនៃ​ការដំឡើង​ប្រាក់​ឈ្នួល​ ​តាមរយៈ​ការ​ដាក់​សម្ពា​ធ​ពី​រាជ​រ​ដ្ឋាភិ​បាល​កម្ពុជា​ លើ​​រោងចក្រ​ និង​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​៕​

វិភាគ៖​ ស្ថាន​ភាព​ទំនាក់ទំនង​កម្ពុជា ​និង​ជប៉ុន ​ក្នុង​អាណ​ត្តិ​នាយករដ្ឋ​មន្រ្តី​ជប៉ុន​ថ្មី​លោក​ ហ្ស៊ីនហ្ស៊ូ ​អាបេ​

​ដោយ ស៊ុន ណារិន ថ្ងៃពុធ ទី30 មករា ឆ្នាំ2013

លោក ​ហ្ស៊ីនហ្ស៊ូ ​អាបេ ​(Shinzo Abe)​ ជានា​យក​រដ្ឋ​មន្រ្តី​ថ្មី​របស់​ជប៉ុន ​​ជំនួស​លោក ​យូស៊ីហ៊ីកូ ​ណូដា​ (Yoshihiko Noda)​ ដែល​ធ្លាប់​បាន​មក​កម្ពុជា​ ក្នុង​កិច្ច​​ប្រជុំ​កំពូល​អាស៊ាន​ កាល​ពីឆ្នាំ២០១២។​ លោក​ជាមេដឹក​នាំ​ជប៉ុន​ម្នាក់ ​ដែល​មាន​លក្ខណៈ​ជាតិ​និយម។​ ថ្មីៗនេះ​ លោកបាន​ថ្លែង​សុន្ទរ​កថា​ទៅកាន់​សមាជិក​សភា​របស់​លោក ​ដោយ​អត្ថន័យ​ស្នេហាជា​តិ ​ខណៈ​ក្រុង​តូក្យូ​កំពុង​មាន​ជម្លោះ​ជា​មួយ​ប្រទេស​មហា​អំណាច​ចិន ​នៅ​សមុទ្រ​ចិន​ភាគ​ខាង​កើត។ ​កន្លង​ទៅ លោក​ ហ្សីនហ្សូ ​អាបេ ​បាន​ធ្វើ​ទស្សន​កិច្ច​នៅ​តំបន់​អាស៊ាន ​តែ​មិន​បាន​ចូល​មក​កម្ពុជា។​ អ្នក​វិភាគ​លើក​ឡើង​ថាប្រទេស​ជប៉ុន ​ចង់​ឲ្យ​សមាជិក​អាស៊ាន ​ស្អប់​ប្រទេស​ចិន។​ តើ​ទំនាក់​ទំនង​កម្ពុជា​និង​ប្រទេស​​ជប៉ុន​ នឹង​​មាន​​ស្ថា​ន​ភា​ព​​ដូច​ម្តេច​ក្នុង​​អាណ​ត្តិ​​របស់​លោក ​​ហ្ស៊ីនហ្ស៊ូ ​អាបេ ​ស្រប​​ពេល​​ដែល​​កម្ពុជា​​ កំពុង​​តែមាន​ទំនាក់ទំន​ង​ចាក់​ទឹក​មិន​លិច​ជាមួយ​ប្រទេស​ចិន?​

កាលពីថ្ងៃទី១៧ ​ខែធ្នូ ​ឆ្នាំ២០១២ ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន ​សែន ​ថ្លែងថា ​ បើ​ទោះបីជា​ការផ្លាស់​ប្តូរថ្នាក់​ដឹកនាំរ​បស់ជប៉ុន​ ទំនាក់​ទំនងរ​វាងប្រទេស​កម្ពុជា ​និង​ប្រទេស​មួយ​នេះ​ ​គឺនៅដ​ដែល ​៖ “គូរ៉ាគី ​ ​សួរខ្ញុំថា​តើ ​ណូដា ​និង​អាបេ ​យ៉ាង​ម៉េច? ​ខ្ញុំ​ថាសេមៗ​ដូចគ្នា​ សរសើរ​មួយ​ដាក់​មួយ​ម្តេច​នឹង​បាន​ ប្រជា​ជន​ជប៉ុន​ទេ​តើ​អ្នក​សម្រេច​ជ្រើស​រើស​ ហើយ​យើង​ទៅ​សម្រេច​ជ្រើស​រើស​ ប៉ុន្តែ​សូម​បញ្ជាក់​ថា ​ បើទោះបី​​មានការ​ផ្លាស់ប្តូរ​​បក្ស​នយោបាយ ​និងនាយ​ក​រដ្ឋមន្ត្រី​ និង​គណៈរ​ដ្ឋមន្ត្រី​នៅ​ប្រទេស​ជប៉ុន ​នយោ​បាយ​របស់​ជប៉ុន​ចំពោះ​ព្រះរាជា​ណាចក្រ​កម្ពុជា​មិន​មាន​​ការ​ផ្លាស់​ ប្តូរទេ ​ព្រោះ​នៅជប៉ុន​ដំណើរ​ការប្រជាធិប​តេយ្យ​របស់គេ គឺ​ជាដំណើរ​ការ ​គឺតែមួយ​ថ្ងៃ​ ពីរ​ថ្ងៃហ្នឹង​ គេ​បង្កើត​រដ្ឋាភិ​បាល​ថ្មីហើយ។​ ប៉ុន្តែ​យ៉ាង​ណាក៏ដោយ​ គឺហ្ស៊ីហ្ស៊ូ អាបេ ​ច្បាស់​ជានាយក​រដ្ឋមន្ត្រី​ហើយ​ ហើយ​មនុស្ស​ស្គាល់​គ្នា​ស្រាប់។”​

កាល​ពីថ្ងៃទី២៣​ ខែមករា​ ប្រទេស​ចិន​ បាន​សម្រេ​ច​ផ្តល់​ឲ្យ​កម្ពុជា ​នូវ​សម្ភារៈ​បំពាក់ដល់​កង​កម្លាំង​យោធា​កម្ពុជា ​ក្នុង​ការ​បណ្តុះ​បណ្ដាល​ និង​ហ្វឹក​ហ្វឺន​ ដើម្បី​បង្កើន​សមត្ថ​ភាព​យោធា។​ ភាគី​ចិន​ក៏បាន​សម្រេច​ផ្តល់​ឲ្យ​កម្ពុជា ​នូវ​ឧទ្ធម្ភាគ​ចក្រ​ចំនួន​១២គ្រឿង ​ជា​លក្ខណៈ​កម្ចី​សម្បទាន​ ស្មើនឹ​ងតម្លៃ​​១៩០លានដុល្លា​រអាមេរិក​ សម្រាប់​បម្រើការ​សង្គ្រោះ​បន្ទាន់ ​និង​ការពារ​បូរណភាព​ដែនដី ​ដែន​ទឹក និង​ដែន​អាកាសក​ម្ពុជា។

បណ្ឌិត​វិទ្យាសាស្រ្ត​នយោបាយ ​លោក សុខ ទូច​ មាន​ប្រសាសន៍ថា​បញ្ហានេះ ​​ជាប់ពាក់​ព័ន្ធ​នឹង​ប្រទេស​ជប៉ុន ​និងចិន​ ដោយ​សារនាយក​រដ្ឋ​មន្រ្តី​ថ្មី​របស់​ជប៉ុន ​លោក ​ហ្សីន​ហ្សូ ​អាបេ ​បាន​ធ្វើ​ទស្សន​កិច្ចអាស៊ាន ​តែមិ​នបាន​ចូល​មក​កម្ពុជា​ ហើយ​ប្រទេស​ជប៉ុន​ ចង់ឲ្យ​សមាជិក​អាស៊ាន​ស្អប់ប្រទេស​ចិន​ ខណៈ​ប្រទេស​កម្ពុជា​ មាន​ទំនាក់​ទំន​ងជិត​ស្និទ្ធិ​ជាមួយ​ចិ​ន។ ​ដូច្នេះ​ប្រទេស​ចិន ​សម្រេច​ផ្តល់​ជំនួយ​យោធា​មក​កម្ពុជា ​៖ “ហ្ស៊ីនហ្សូ អាបេ ​ហ្នឹងគាត់​ធ្វើដំណើរ​មក ​គាត់​អត់​បាន​ចូលម​កក​ម្ពុជា​ទេ ​តែ​គាត់​ចូល​ទៅ​វៀតណាម ​គាត់​ចូល​ទៅ​ហ្វីលីពីន​ និង​ឥណ្ឌូ​នេស៊ី ​ហើយ​គាត់​ក៏ឧបត្ថម្ភ​ទាំង​នយោបាយ​ការ​បរទេស ​ទាំង​សេដ្ឋកិច្ច​ ទាំង​ហិរញ្ញវត្ថុ​ ដូច្នេះ​ទេ ​គេ​បង្ហាញអំ​ពី​ភារ​ភាព​រវាងន​យោបាយ​ជប៉ុន ​ដើម្បី​ទប់​ឥទ្ធិពល​របស់​ចិន​ អញ្ចឹ​ងទេចិន​ក៏ចង់​បង្ហាញ​ដែរថា ​គេក៏មា​នមិត្តភ័ក្ត​នៅអាស៊ីអា​គ្នេយ៍ ​គឺមាន​កម្ពុជា​អញ្ចឹង​ដែរ​ អញ្ចឹង​ហើយ​បាន​គេ​ផ្តល់​នូវ​សម្ភារៈ​ខាង​យោធា”។​

លោក​ សុខ ទូច ​លើក​ឡើងទៀ​តថា ​ប្រទេស​ជប៉ុន ​យកចិត្ត​ទុកដាក់​លើ​ទំនាក់​ទំនង ​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា​ ដោយសារ​ស្ថាន​ភាព​ភូមិសាស្រ្ត​របស់​កម្ពុជា ​មាន​លក្ខណៈ​ល្អ​ប្រសើរ​តម្លៃកម្លាំង​ការងារ​នៅទាប​ស្ថិរភាព​នយោបាយ​ល្អ។​ តែលោ​កថា​ ទំនាក់​ទំនង​កម្ពុជា​ ជាមួយ​ចិន​អាចធ្វើឲ្យ​ប្រទេស​ជប៉ុន​ មិន​បោះប​ង់កម្ពុជា​នោះទេ៖ “រឿង​នយោបាយ​ជប៉ុនមិន​មុជ​ជ្រៅទេ ប៉ុន្តែ ក៏​ជប៉ុន​មិន​អាច​លែង​កម្ពុជា​ដែរ​​​ ប៉ុន្តែ​សេដ្ឋ​កិច្ចជប៉ុន​មើល​ឃើញ​ច្បាស់​”។

អ្នកវិភាគ​ថៃម្នាក់​ លើក​ឡើង​ជាលក្ខណៈ​បទអត្ថា​ធិប្បាយ​តាម​រយៈកា​សែត​បាង​កក​ប៉ុស្តិ៍ ​​កាល​ពីថ្ងៃ​ចន្ទថា​ កា​រចុះ​ហត្ថ​លេខា​រវាង​ចិន​ និង​កម្ពុជា​​លើការ​ពង្រឹង​យោធា ​មិន​មែន​ជាដំណឹង​ល្អ​សម្រាប់​តំបន់​នោះទេ។ ​អ្នកវិភាគបន្តថា ​មានការ​បារម្ភ​ខ្ពស់ពី​សកម្មភាព​របស់​ប្រទេសចិ​នក្នុង​តំបន់។​

ប្រទេស​ជប៉ុន ​និងចិន ​កំពុង​មានជម្លោះ​នឹង​គ្នា​អស់រយៈ​ពេលជា​ច្រើនទសវត្សរ៍​ លើកា​រដណ្តើមយ​កប្រជុំកោះ ដែ​លមានឈ្មោះថា ​ស៊ិនកាគូ (ជាភាសា​ជប៉ុន)​ ឬហៅថា ​ដាយ​អូយូ​ (ជាភាសា​ចិន)​។ ចំណែក​ប្រទេ​សចិន​ កំពុង​តែមាន​ភាពតាន​តឹង​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ​ជាមួយ​ប្រទេស​ចំនួន​បួន​ជាសមាជិក​អាស៊ាន ​មាន​ដូច​ជា​ប្រទេស​ហ្វីលីពីន​ ម៉ាឡេស៊ី ​វៀតណាម​ និង​ប្រទេស​ឥណ្ឌូនេស៊ី។ ​ក្នុង​កិច្ចប្រជុំកំពូល​អាស៊ាន​ក្នុង​ខែធ្នូ​ ឆ្នាំ២០១២ ​កម្ពុជា​ ជាម្ចាស់ផ្ទះ​រងការរិះគន់​​ពីសមាជិកអា​ស៊ាន​ថា ​បាន​ដើរ​តួនាទី​ជាអាយ៉ង​របស់​ប្រទេស​ចិន ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង។​

អ្នកវិភាគព្រឹត្តិការណ៍​សង្គម​ លោក អ៊ូ វីរៈ ​កត់​សម្គាល់​ថា ​ប្រទេស​ជប៉ុន ​មិន​សប្បាយចិត្ត​នឹងប្រទេស​កម្ពុ​ជាទេ ​ដោយ​សារទំនាក់​ទំន​ងយ៉ាង​ស្និទ្ធិ​នឹងប្រទេស​ចិន។ ​លោក​បន្តថា​ នេះ​អាច​ប៉ះពាល់ដ​ល់ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​តិច​តួច ​ដែល​នាំឲ្យ​ក​​ម្ពុ​ជា​ខាតបង់៖ “ខ្ញុំ​មើល​ទៅ​ជ​ប៉ុន​ប្រហែល​ជា​មិន​ សប្បាយ​ចិត្តទេ​ ជាពិសេស នាយក​រដ្ឋ​មន្ត្រី​ថ្មី ដែល​ចាប់​ផ្តើម​គិត​ពី​ប្រយោជន៍​ប្រទេ​ស​ជប៉ុនខ្លះ​ ប្រទេស​ជប៉ុន​ជា​ពិសេសទាក់​ទង​ទៅ​នឹង​ជម្លោះ​ហ្នឹង​ ហើយ​​នឹង​សន្តិ​សុខ ហើយ​នឹង​ទាក់ទង​នឹង​សេដ្ឋ​កិច្ច​ផង ខ្ញុំ​មើល​ទៅ​វា​មិន​ប៉ះពាល់អ្វី​ធ្ងន់​ធ្ងរ​នៅពេលខាង​មុខ​ទេ ប៉ុន្តែទោះបី​ម៉េច​​ក៏​​វាអាច​ប៉ះពាល់​រឿង​វិនិយោគក្រុម​ហ៊ុន គេអាច​មើល​ថា​ប្រទេស​កម្ពុជា​ស្និត​ជាមួយនឹង​ប្រទេសចិន​ពេក​ ចឹង​មិន​អាច​ មិន​ហ៊ាន​វិនិយោគ​ក្នុ​ង​​ប្រទេស​កម្ពុជា​ចឹង​ទៅ វាអាច​ប៉ះពាល់​ដល់​សេដ្ឋ​កិច្ច​”។

លោក អ៊ូ វីរៈ ​បន្តថា ប្រទេស​ចិន​ចាប់​យក​កម្ពុជា​ ដើម្បីកុំ​ឲ្យអាស៊ាន ​អាចធ្វើ​កិច្ចកា​រអ្វីមួយ​កើត​ ដោយ​សារមិន​មាន​ការឯក​ភាព​ពីកម្ពុជា។​

សម្រាប់អ្នកស្រាវ​ជ្រាវជាន់ខ្ពស់ ​លោក កែម ឡី លើ​កឡើងថា​ ចាប់​តាំង​ពីឆ្នាំ១៩៩២ ​មក​ដល់ឆ្នាំ២០១១​ ប្រទេស​ជប៉ុន ​បាន​ផ្តល់​ជំនួយ​ប្រមាណជា១៧.​៦ភាគរយ​ ដែល​មាន​​ចំនួន​ច្រើនហើយ​ភាគច្រើន​ជាជំនួយ​ឥត​សំណង។​ លោកថា ​មិន​ត្រឹមតែ​ប្រទេស​ជប៉ុន​ទេ ​ដែល​មិនសប្បាយ​ចិត្តនឹង​កម្ពុជា ​សមាជិកអាស៊ាន​ផ្សេង​ទៀត ​ក៏មិន​ពេញ​ចិ​ត្ត​ដែរ៖ “រហូត​មក​ដល់​ពេល​ នេះគេស្គាល់​ជំហរខ្មែរ​យើង​ច្បាស់​ណាស់​ចំពោះ​ជម្លោះ​ចិន ហើយ​ខ្មែរ​យើង​អាច​ជា​ឧប​សគ្គ​មួយសម្រាប់​ឲ្យ​មាន​ការ​ដោះ​ស្រាយ​​នៅ​ក្នុង​ មហា​សមុទ្រចិន​ដែរ”។

នាយក​រដ្ឋមន្រ្តី​ជប៉ុន​ថ្មីលោក ​ហ្ស៊ីនហ្ស៊ូ ​អាបេ ​ជាប្រធាន​សមាគមក​សាង​សាលារៀន​នៅកម្ពុជា​ ដែល​ធ្លាប់​មកធ្វើ​ទស្សន​កិច្ចនៅ​កម្ពុជា​ម្តង​មក​ហើយ ​ក្រោយ​ពេល​ដែល​គាត់​លាលែង​តំណែង​ ជា​នាយករ​ដ្ឋមន្រ្តី​កាលពីឆ្នាំ​២០០៧។​

ថ្មីៗនេះ  ​កម្ពុជាបា​នបើក​ការ​ដ្ឋាន​សាងសង់​ផ្សារ​ទំនើប​ជប៉ុនមួយ​ ដែល​មានតម្លៃ​ប្រមាណជា​២០០លានដុល្លារ​។ អតីត​នាយករដ្ឋ​មន្រ្តី​ជប៉ុន ​លោក យូស៊ីហ៊ីកូ ​ណូដា ​(Yoshihik​o Noda) ​ដែលទើ​បតែចាញ់​ឆ្នោត​ ធ្លា​ប់បាន​ចូលរួម​កិច្ចប្រជុំកំពូល​អាស៊ាន​នៅកម្ពុជា ​កាលពីខែវិច្ឆិកា ​ដែល​ក្នុងនោះ​លោកបាន​ជួប​ទ្វេភាគី ​ជាមួយ​លោក​នា​យករដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ពិភាក្សា​ការ​ពង្រឹង​ទំនាក់​ទំនង​វិនិយោគ​ទុន​សេដ្ឋកិច្ច​ និង​វប្បធម៌​នៃ​ប្រទេស​ទាំងពីរ៕​