ស្ថាន​ភាព​សេដ្ឋកិច្ច​កម្ពុជា​ សម្រាប់​ការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​កាត់​ដេរ​

ដោយ ស៊ុន ណារិន ថ្ងៃពុធ ទី23 មករា ឆ្នាំ2013

cam111

រាជ ​រដ្ឋាភិបាល​កម្ពុជា​ បានឯ​ក​ភាព​ជា​គោលការណ៍​ក្នុង​ការ​ដំឡើង​ប្រាក់​​ឈ្នួល​អប្បបរមា​​​ដល់​​ កម្ម​ករ​ ដោយ​ស្នើឲ្យ​សហជីព​ទាំង​អស់​​ជួប​​ពិភាក្សា​​គ្នា​ លើក​​សំណើ​​ដំឡើង​​ប្រាក់ឈ្នួល​តែមួយ។ ​

នៅថ្ងៃទី២៦ ខែកម្ភៈ​ ឆ្នាំ២០១៣​ ក្រុម​ការងារ​ទំនាក់​ទំនង​វិជ្ជាជីវៈ ​នឹង​រៀបចំ​កិច្ចប្រជុំ ​ដែល​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ទាំងអស់ ​ដើម្បី​​ពិនិត្យ ​និងសម្រេច​លើសំណើ ​ដែល​បាន​ការ​ឯក​ភាពរ​វាង​​តំណាង​សហជីព​ទាំងអស់។ ​តើស្ថានភាព​សេដ្ឋកិច្ចកម្ពុជា​ គួ​រ​តែ​ដំឡើង​ប្រាក់​ឈ្នួល​ដល់ប៉ុន្មាន? ​តើការ​ដំឡើង​ប្រាក់ឈ្នួល ​អាច​មាន​ប្រយោជន៍​អ្វីខ្លះ​ដល់​សេដ្ឋ​កិច្ច​កម្ពុជា? ​

ចំនួនប្រាក់ឈ្នួល​គោល​របស់​កម្មករ​នៅ​ប​ណ្តាប្រទេស​អាស៊ាន ដូ​ចជា​នៅប្រទេសថៃ ​ប្រាក់​ឈ្នួល​កម្មករ​ ២៦៣ដុល្លារ ​ប្រទេស​ហ្វីលី​ពីន ២​១២​​ដុល្លា​រ​​ ប្រទេស​​ឥណ្ឌូ​នេស៊ី​ ១៨២​ដុល្លារ​ ប្រទេស​​វៀត​​ណាម​ ១៧២​ដុល្លារ​ ដោយ​​ឡែក​​ប្រទេស​​កម្ពុជា​ ប្រាក់​ឈ្នួល​សម្រាប់​​កម្មករ​ គឺ​ទទួល​បា​ន​ចំនួន ​៦១​​ដុល្លារ​ ក្នុង​​មួយ​​ខែ​តែ​​ប៉ុណ្ណោះ។ ​ចំណែក​ប្រាក់​ឈ្នួលគោ​ល​របស់​កម្មករ ​ក្នុង​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា ​មានចំនួន ៦១​ដុល្លារ។​ សហជីព​ និង​កម្មករ​​កម្ពុជា​ ទាម​ទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ដល់​កម្មករ​ចំនួន ១៥០ដុល្លារ ​​ដើម្បី​​ធ្វើឲ្យ​ជីវភា​ពរបស់​ពួក​គេកាន់​តែល្អ​ប្រសើរ​។​

អ្នកវិភាគ​សេដ្ឋ​កិច្ច​ឯក​រាជ្យ ​លោក កង​ ច័ន្ទ​តារា​រ័ត្ន ​សង្កេត​​ឃើញថា ​ប្រទេស​កម្ពុជា​កំពុងតែខ្វះ​កម្លាំ​ងពលកម្ម​ ទាំ​ង​ក្នុង​វិស័យ​កសិកម្ម​ និង​ឧស្សាហ​កម្ម​ ដែល​ជាបញ្ហា​ប្រឈម​ដល់​សេដ្ឋកិច្ច​កម្ពុជានៅថ្ងៃ​ខាង​មុខ។​ លោក​ថា ​ការ​ដំឡើង​ប្រា​ក់​ខែ​​ឈ្នួល​​សមរម្យ​​​ជា​ឱកាស​មួយ​សម្រា​ប់​ទាញ​យក​ កម្លាំ​ង​​ពល​កម្ម​ក្នុង​ស្រុក ​និង​កាត់បន្ថ​យក​ម្លាំង​ពលកម្ម​​ចំណាក​ស្រុក។​ លោក​បន្ថែម​ថា ​ការ​​ដំឡើង​​ប្រាក់​​ឈ្នួល ​គឺ​ធ្វើ​ឲ្យ​សម​ស្រប​ទៅតាម​លទ្ធភាព​នៃកា​រ​រ​ក​បាន​របស់​កម្មករ​ក្នុង​ វិស័យក​សិកម្ម ៖ “អន់ណាស់យើង​ត្រូវ​ឲ្យ​ប្រាក់ខែ​ស្មើ ឬ​ក៏ប្រហាក់​ប្រហែល​គ្នា ឬ​ក៏​លើស​តិច​តួច​​ទៅ​នឹង​វិស័យ​កសិកម្ម ឈ្នួល​គេ ដូច​​ខ្ញុំ​តាម​អង្កេតអញ្ចឹង​ មួយ​ថ្ងៃ​អី​ប្រហែល​​ ៤​ដុល្លារ អញ្ចឹង​បើ​សិន​ជា​យើង​គិត​ជា​ខែ​ទៅ វា​ខ្ទង់ ១២០​ហ្នឹង​ហើយ”។

លោក​ កង​ ច័ន្ទ​តារារ័ត្ន​ លើក​ឡើងថា ​ថៅកែរោ​ង​ចក្រ​កាត់​ដេរ​នៅកម្ពុជា​​​ទទួលផលចំ​ណេញ​ច្រើន​ណាស់ ​ដែល​ផល​ចំណេញ​រហូត​​ដល់​៧៥​​ភាគ​រយ​ ដូច្នេះ​​កា​រកាត់​ប្រាក់​​ចំណេញ​​ពី​ថៅកែ​​រោង​ចក្រ​ អាច​ជាផល​ប្រយោជន៍​ដល់ក​ម្មករ​ ៖ “កន្លង​មក​ ផលិត​ភាព​នៃ​កម្លាំងពលករ​ កម្លាំង​ពលកម្ម មានការ​កើន​ឡើង​ជាប្រចាំ​ឆ្នាំ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ប្រាក់​ឈ្នួល​ដែល​គ្នា​បាន ក្រោយ​ពី​ទូទាត់​នឹង​ថ្លៃ​ទៅ តម្លៃ​ឈ្នួល​ពិតដែល​គ្នា​បាន​ទទួល​ហ្នឹង​វា​ថយ​ចុះ​ទៅវិញ យើង​មើល​ស្ថាន​ភាព​ហ្នឹង​ គឺ​បើ​សល់​មួយ​រយសម្រាប់​បែង​ចែក ថៅកែ​យក​ប្រហែល​៧៥ កម្មករ​បាន​ត្រឹម​ ២៥​ហ្នឹង គឺ​ជា​រឿង​មួយ​ខុស​ពី​និន្នា​ការ​នៅ​ប្រ​ទេស​ខាង​ក្រៅ ប្រ​ទេស​ខាង​ក្រៅវា​បញ្ច្រាស់​វិញ បើ​សល់​ ១០០ សម្រាប់​បែង​ចែករវាង​កម្មករ​និង​ថៅ​កែ​ហ្នឹង​ នៅ​ប្រទេស​គេ គេ​មាននិន្នាការ ថា​ថៅ​កែ​ទទួល​៣០ កម្មករ ៧០ ឬ​ក៏ ៤០/៦០ ផ្ទុយ​ទៅវិញ ស្រុក​យើង​កម្ម​ករ​ទទួល​ ២៥ ថៅ​កែ ៧៥​”។

កន្លង​ទៅ ​រាជ​រដ្ឋាភិបាល​ធ្លាប់ដំឡើង​​ប្រាក់​​ឈ្នួល​​ដល់​​កម្មករ​ ៦១ដុល្លារ​ ម្ត​ង​រួច​មក​ហើយ ​បន្ទាប់​​ពីមាន​​ការ​​ទាម​ទារ​​ពី​កម្មករ។​ កាល​​ពី​ចុង​​ឆ្នាំ​២០១១​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ប្រកាស​បន្ថែម​នូវ​ប្រាក់​សម្រាប់​ថែ​ទាំសុ​ខភា​ព​កម្មករ​​ផ្នែក​ ឧស្សាហកម្ម​កាត់​​ដេរ​សម្លៀក​បំពាក់ ​និង​​ស្បែក​ជើង ​ចំនួន​​៥ដុល្លារ ​ក្នុង​មួយខែ​។

ស​ម្រាប់​ប្រធានសមាគម​អ្នក​សេដ្ឋកិច្ច​កម្ពុជា ​និង​ជាអ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ ​លោក ចាន់ ​សុផល ​លើក​ឡើងថា តម្លៃការ​ងារ​ចេះ​តែ​​កើនឡើង​ ស្រ​ប​នឹង​ការ​កើន​ឡើង​តម្លៃ​​ទំនិញ​នៅលើ​ទីផ្សារ​ ដូច្នេះ​ប្រាក់បៀវត្សរ៍​ ក៏ត្រូវ​តែកើ​ន​ឡើង​ជារៀង​រាល់ឆ្នាំ។​ លោក​បន្តថា ​ការ​ដំឡើង​ប្រាក់​ឈ្នួល​សម​រម្យ​ដល់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ អាច​ជួយបង្កើន​ការរក​ស៊ីជា​ប្រព័ន្ធ​របស់​​ប្រជាជន ​ដែលនាំ​ឲ្យ​​រីក​​ចម្រើន​​សេដ្ឋ​កិច្ច​កម្ពុជា ៖ “ពេល​ដែល​ប្រាក់​កម្រៃ​បាន​ខ្ពស់ គឺ​កម្មករ​នឹង​មានការ​ចំណាយ​ក្នុង​សេដ្ឋ​កិច្ច​ដែរ ឧទាហរណ៍​ពេល​ទៅផ្សារ ទិញ​ទំនិញ​បរិភោគ ទំនិញ​ឧបភោគ​ ប្រើ​ប្រាស់ សំលៀក​បំពាក់ ក៏​ធ្វើ​ឲ្យ​អ្នក​លក់​សំលៀក​បំពាក់ ខោ​អាវ​ហ្នឹង ក៏​ដាច់​តាម​នោះ​ដែរ ហើយ​អ្នក​លក់​គ្រឿង​បរិ​ភោគ ដ៏​ដាច់​ច្រើន​ជាង​មុន កម្ម​ករ​អាច​សល់​ប្រាក់​កាក់​ខ្លះ  គេ​ហៅ​ថា​ដើរ​លេង​”។

ធនាគារ​ពិភព​លោក ​(World Bank)​ ព្យាករ​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ឡើងដ​ល់ ៦,៧​​ភាគរយ​ សម្រាប់​ឆ្នាំ២០១៣ ​ហើយ​នៅ​ឆ្នាំ​២០១៤​ និង​​២០១៥​​ខាង​មុខ​ នឹង​​កើន​​ឡើង​​ដល់​​៧ភាគរយ។​

សម្រាប់អ្នកស្រា​វជ្រាវ​ជាន់​ខ្ពស់ ​ជំនាញ​ផ្នែក​​សេដ្ឋ​កិច្ច​ លោក កែម ឡី ​មាន​ប្រសាសន៍​ថា ​តាម​ការ​សិក្សា ​ការរស់​នៅ​សម​រម្យ​នៅ​តាម​​តំបន់​ មាន​​ការ​​ចំណាយ​​ខុស​ៗគ្នា​ ដោយ​នៅ​ជន​បទ​ក្នុង​មួយ​ខែ ​១០០ដុល្លារ​ នៅ​ជាយ​​ក្រុង​ ១៥០​ ទៅ​២០០​​ដុល្លារ​ នៅ​រាជ​ធានី​​ភ្នំពេញ​ ២៥០ដុល្លារ ទៅ​៣០០​​ដុល្លារ។​

ដូច្នេះ ផលិត​ផល​ក្នុង​ស្រុក​សរុប (GDP)​ ឡើង​ដល់​១ពាន់​ដុល្លារ ​ក្នុងមួយ​ខែ ​មានន័យថា ​ចំណូល​មួយ​ខែ​៨០ដុល្លារ។​ លោក​បន្តថា ​ប្រាក់​ឈ្នួល​កម្ម​ករ​ អាច​ដំឡើង​ពី១៥០ ទៅ២០០ដុល្លារ​ ដែល​រោង​ចក្រ​មាន​លទ្ធភាព​ដំឡើង​បាន ​តាមរយៈ​ការបំបាត់​អំពើ​ពុក​​រលួយ​ផ្សេង ​និង​ការ​ដាក់​សម្ពាធ​ពី​រាជ​រដ្ឋា​ភិបា​លកម្ពុជា​។ លោក​ កែម ឡី ​លើក​ឡើងថា ​ប្រាក់​ឈ្នួល​កម្ម​ករ​សមរម្យ​អាច​ជួយ​កម្ពុជា​ ច្រើន​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​មួយ​ចំណែក ៖ “កម្មករ​មាន​ប្រាក់​ខែ​សមរម្យ ហើយ​កម្មករ​ហ្នឹង​អាច​ចិញ្ចឹម​កូន​ចៅ​ យាយ​តា ឪពុក​ម្តាយ​របស់​គាត់​បាន​ទៀត អញ្ចឹង​មិន​តិច​ជាង ៤០​ទៅ​៥០​​ម៉ឺន​គ្រួសារ​ទេ ដែល​អាច​ចាក​ផុត​ពី​ភាព​អត់​​ឃ្លាន ហើយ​អាច​រស់​នៅ​សម​រម្យ នៅ​​ក្នុង​រយៈ​ពេល​ពី​ ៥​ទៅ​១០​ឆ្នាំ នៅ​ពេល​គាត់​ធ្វើ​ការ​បាន​យូរ គាត់​អាច​សន្សំ​បាន​ខ្លះ បើសិន​ជា​ប្រាក់​ខែ​សម​រម្យ​ប៉ុណ្ណឹង”។

រោងចក្រកាត់​ដេរ​នៅកម្ពុជា​ មាន​ជាង៣០០រោងចក្រ​ ស្រូបកម្លាំង​​កម្មករ​ប្រមាណជា ​៣៣៥៤០០នាក់ ​ដែល​ក្នុងនោះ​៩១​ភាគ​រយ ​ជា​​កម្មកា​រិនី​។ វិស័យ​កាត់​ដេរ ជាវិស័យ​សំខាន់​មួយ ​ដែលអា​ចរកចំ​ណូល​ច្រើន​ជាង​គេ ​ជួយដ​ល់សេ​ដ្ឋកិច្ចក​ម្ពុជា។ របាយការណ៍​របស់​ក្រសួងពា​ណិជ្ជកម្ម​  ​ឲ្យ​ដឹង​ថា ​ក្នុង​ឆ្នាំ២០១២​ ការនាំចេញ​ក្នុង​វិស័យ​កាត់​ដេរ ​បាន​កើន​ឡើង៨ភា​គរយ ​គិត​ជា​ទឹក​ប្រាក់​ស្មើ​នឹង​៤​ពាន់​៦​រយ​​លាន​​ដុល្លារ​អាមេរិក។​

ជារួម​ អ្នកវិភាគ​យល់​ឃើញថា ​រោង​ចក្រ​កាត់​ដេរ​នៅកម្ពុជា ​​មាន​​លទ្ធភាព​ដំ​ឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ ឲ្យ​បាន​សម​រម្យ​ជាង​នេះ ​ដែល​អាច​ជួយ​ដល់​សេដ្ឋ​កិច្ច​កម្ពុជា។ ​លទ្ធ​ភាពនៃ​ការដំឡើង​ប្រាក់​ឈ្នួល​ ​តាមរយៈ​ការ​ដាក់​សម្ពា​ធ​ពី​រាជ​រ​ដ្ឋាភិ​បាល​កម្ពុជា​ លើ​​រោងចក្រ​ និង​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​៕​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s