ដោយ ស៊ុន ណារិន

តទៅនេះ សូមស្តាប់បទសម្ភាសន៍របស់អ្នកយកព័ត៌មានរបស់ វីអូឌី លោក ស៊ុន ណារិន ជាមួយលោក សុរិយា ស៊ូប៊ែឌី ដោយមានការប្រែសម្រួលដោយ លោក កែវ រតនៈ។ សំណួរដំបូងដែលលោក ស៊ុន ណារិន សួរទៅលោក សុរិយា ស៊ូប៊ែឌី ថាតើអនុសាសន៍របស់លោក សុរិយា ស៊ូប៊ែឌី ដែលបានដាក់ទៅរដ្ឋាភិបាល មានការវិវត្តន៍យ៉ាងណា?
លោក សុរិយា ស៊ូប៊ែឌី៖ ក្នុងផ្នែកខ្លះ មានការរីកចម្រើនជាងមុន ដូចជានៅក្នុងឆ្នាំ២០១០ ច្បាប់អស្សាមិករ ដំបូងត្រូវបានបង្កើតឡើង ច្បាប់អង្គការដែលរដ្ឋាភិបាលគ្រោងនឹងបង្កើត ត្រូវបានពិចារណាឡើងវិញនៅទីស្តីការគណៈរដ្ឋមន្រ្តី មានការចរចាសម្រាប់ដំណោះស្រាយដល់អ្នកបឹងកក់ បើទោះជាមានអ្នកមួយចំនួនទៀត មិនទាន់បានដោះស្រាយឲ្យ តែខ្ញុំសង្ឃឹមថា នឹងមានដំណោះស្រាយ ដូចដែលលោកនាយករដ្ឋមន្រ្តី ណែនាំឲ្យមានការចរចា។ ការផ្តល់កម្មសិទ្ធិដីធ្លីកំពុងដំណើរការ ដែលខ្ញុំ និងសហគមន៍អន្តរជាតិអំពាវនាវឲ្យមាន ដើម្បីដោះស្រាយបញ្ហាដីធ្លី។ តែមានចំណុចមួយចំនួនដែលមិនទាន់ មានភាពល្អប្រសើរគ្រប់គ្រាន់នៅឡើយ ដែលត្រូវតែអនុវត្ត ទើបខ្ញុំមកទីនេះ ដើម្បីជំរុញបន្ថែមតាមរយៈអនុសាសន៍របស់ខ្ញុំ ដោយខ្ញុំនឹងជួយរដ្ឋាភិបាល ជំនះការលំបាកក្នុងអនុវត្តនូវអនុសាសន៍ទាំងនេះ។
ណារិន៖ តើចំណុចដែលមិនទាន់មានភាពល្អប្រសើនោះ មានអ្វីខ្លះទៅ?
លោក សុរិយា ស៊ូប៊ែឌី៖ មានដូចជាសេរីភាពនៃការបញ្ចេញមតិ សិទ្ធិដីធ្លី ភាពឯករាជ្យ និងសមត្ថភាពនៃប្រព័ន្ធតុលាការក្នុងការស្វែងរកយុត្តិធម៌។ នៅថ្ងៃណាមួយ បញ្ហាសិទ្ធិមនុស្ស នឹងត្រូវបានដោះស្រាយ ដោយសារភាពឯករាជ្យ និងសមត្ថភាពរបស់ប្រព័ន្ធតុលាការត្រូវបានពង្រីកបន្ថែម។
ណារិន៖ កន្លងទៅមន្រ្តីរដ្ឋាភិបាល ថារបាយការណ៍របស់លោកមិនសមហេតុសមផល និងមានចរិករិះគន់គាំទ្រគណបក្សប្រឆាំង ហើយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា លោកគួរតែទៅផ្តល់អនុស្សាសន៍ឲ្យប្រទេសរបស់លោកវិញ? តើលោកយល់យ៉ាងណា?
លោក សុរិយា ស៊ូប៊ែឌី៖ ជាការឆ្លើយតបរបស់ខ្ញុំ គឺខ្ញុំមកទីនេះដើម្បីធ្វើការងារមួយដ៏មានសារសំខាន់ សម្រាប់អង្គការសហប្រជាជាតិ។ ខ្ញុំត្រូវបានអង្គការសហប្រជាជាតិឲ្យមកធ្វើការនៅទីនេះ ដែលជាទំនួលខុសត្រូវរបស់ខ្ញុំ។ ចំណុចបីដែលខ្ញុំកំពុងអនុវត្ត គឺខ្ញុំមានភាពឯករាជ្យមិនលម្អៀង និងការវិនិច្ឆ័យមួយដែលមិនផ្អែកលើគំនិតខ្លួនឯង។ ខ្ញុំមានជំនាញ និងមានគោលបំណងជួយប្រទេសកម្ពុជាជួយប្រជាជន ដើម្បីសន្តិភាពយូរអង្វែង ការអភិវឌ្ឍសេដ្ឋកិច្ច និងស្ថិរភាពដើម្បីប្រជាជនអាចរីករាយ នឹងលទ្ធិប្រជាធិបតេយ្យ។
ណារិន៖ តើលោកនឹងប្រាប់អ្វីទៅរដ្ឋាភិបាលកម្ពុជា ជាពិសេសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រសិនបើលោកមានឱកាសក្នុងការជួបពួកគាត់?
លោក សុរិយា ស៊ូប៊ែឌី៖ បាទ ខ្ញុំបានដាក់សំណើសុំជួបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្រ្តីរដ្ឋាភិបាលផ្សេងទៀត តែពេលនេះ មិនទាន់មានការឆ្លើយតបនៅឡើយទេ។ កាលពីពេលមុនគាត់ធ្លាប់ប្រាប់ខ្ញុំថា គាត់នឹងជួបខ្ញុំពេលក្រោយ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចទទួលការឆ្លើយតបនៅថ្ងៃនេះ ឫថ្ងៃស្អែក។ ខ្ញុំនឹងប្រាប់គាត់ថា ខ្ញុំជាមិត្តកម្ពុជា ខ្ញុំចង់ជួយអ្នកដោះស្រាយបញ្ហា ដែលកម្ពុជាប្រឈម។ ខ្ញុំជាមិត្តរបស់ប្រជាជនកម្ពុជា ហើយសូមយកអនុសាសន៍ របស់ខ្ញុំ សម្រាប់អត្ថប្រយោជន៍ដល់ប្រទេស។
ណារិន៖ ជាចុងក្រោយ តើលោកចង់ឃើញមានការចូលរួមពីបណ្តាភាគីនៃកម្ពុជាយ៉ាងដូចម្តេច ដើម្បីកម្ពុជាមានភាពល្អប្រសើរផ្នែកសិទ្ធិមនុស្ស?
លោក សុរិយា ស៊ូប៊ែឌី៖ ខ្ញុំចង់ឃើញគ្រប់ភាគីទាំងអស់ មានទាំងសង្គមស៊ីវិល សកម្មជនសិទ្ធិមនុស្សរដ្ឋាភិបាល និងគណបក្សប្រឆាំង ធ្វើការជាមួយគ្នាពិភាក្សាគ្នា ដែលជាមាគ៌ានៃលទ្ធិប្រជាធិបតេយ្យ។ ភាគីទាំងអស់មានការយល់ព្រមជាមួយគ្នា ដើម្បីឲ្យប្រទេសកម្ពុជាឈានទៅមុខ។ ខ្ញុំចង់ឲ្យមានការផ្សះផ្សារផ្នែកនយោបាយ ការពិភាក្សារវាងរដ្ឋាភិបាល និងសង្គមស៊ីវិល និងសកម្មជនសិទ្ធិមនុស្ស។ ប្រជាជនកម្ពុជា មានសិទ្ធិភ្ជាប់ជាមួយកាតព្វកិច្ច និងសិទ្ធិភា្ជប់ជាមួយការទទួលខុសត្រូវ៕