ភស្តុតាង​ចំនួន​ពីរ បង្ហាញថា កោះ​ត្រល់​ទើបតែ​​បាត់​បង់​​ក្រោយ​​ឆ្នាំ​​១៩៨០

ដោយ ស៊ុន ណារិន

ឯកសារ​ជា​សៀវភៅ និង​សម្តី​​សាក្សី​នៅ​សាលាក្តី​​ខ្មែរ​ក្រ​ហម​ បាន​ក្លាយ​ជា​​ភស្តុតាង​​ដំបូង ក្នុង​ការសន្និដ្ឋាន​​ថា កោះត្រល់ ដែល​កំពុង​គ្រប់គ្រង​ដោយ​​វៀត​ណាម គឺ​ទើបតែ​បាត់​បង់​ក្រោយ​ឆ្នាំ១៩៨០​។​

​កាលពី​ថ្ងៃ​ទី​១៧​ ខែមិថុនា ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​(CWC) បាន​លើក​​យក​ឯកសារ​សៀវភៅ​មេរៀន​​ភូមិវិទ្យា​​​ថ្នាក់​​​ទី​៧​ នៃ​សម័យ​សាធារណរដ្ឋ​​ប្រជា​មានិត្យ​កម្ពុជា​(១៩៧៩​ដល់​១៩៨៩) ដែល​​បង្ហាញ​​ពី​ប្រវត្តិ​​កោះ​​ខ្មែ​រ​​​មួយ​ចំនួន ត្រូវបាន​បាត់បង់ ពិសេស​កោះត្រល់ ដែល​​មាន​​ន័យ​​ថា កោះ​ត្រល់​ គឺ​​ទើបតែ​បាត់បង់​ក្រោយ​ឆ្នាំ​១៩៨០​នោះ​ទេ​។​

​តំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា ប្រទេស​កម្ពុជា​មាន​សិទ្ធិ​ពេញលេញ ក្នុង​ការទាមទារ​កោះ​ត្រល់​មកវិញ ដោយ​លោក​ស្នើឲ្យ​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ធ្វើ​​សំណើរ​​ទៅ​​ប្រទេស​​ជា​​ហត្ថ​លេខី នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ដើម្បី​ទាមទារ និង​ប្រគល់​កោះត្រល់​មក​ឲ្យ​កម្ពុជា​វិញ ៖ “​ខ្ញុំ​ចង់ឲ្យ​រដ្ឋាភិបាល ត្រូវ​លើក​បញ្ហា​ទាំងអស់នេះ ដាក់ជូន​ទៅ​ប្រទេស​​​ម្ចាស់​ហត្ថលេខី នៃ​កិច្ច​ព្រម​ព្រាង​​ទីក្រុង​​ប៉ារីស ស្តី​ពី​​បញ្ហា​​កម្ពុជា ថ្ងៃ​​២៣​​តុលា​​ឆ្នាំ​​៩១ ពីព្រោះ​នៅ​ក្នុង​កិច្ច​ព្រម​ព្រាង​​ក្រុង​ប៉ារីស ស្តីពី​បញ្ហា​កម្ពុជា​ឆ្នាំ​៩១​ហ្នឹង បានចង្អុលបង្ហាញ​ច្បាស់ បើសិន​យើង​ជា​រដ្ឋ ​ដែល​ទទួល​រងគ្រោះ​ពី​បណ្តា​ប្រទេសជិតខាង យើង​ត្រូវ​លើក​បញ្ហា​ហ្នឹង​ទៅ​ប្រ​ទេស​​ម្ចាស់​ហត្ថលេខី ហើយ​ក្នុង​នាម​ជា​ពលរដ្ឋ បើ​នៅ​ក្នុង​ខចែង​ហ្នឹង​យើង​មិន​អាច​លើក​បញ្ហា​ការឈ្លានពាន​ទៅ ម្ចាស់​ប្រទេស​ហត្ថលេខី​បានទេ មានតែ​អ្នកដឹកនាំ​ដែល​មាន​សិទ្ធិ​លើក​បញ្ហា​ទាំងអស់​នេះ​”​។

​ភស្តុតាង​មួយទៀត គឺ​កាលពី​ថ្ងៃ​ទី​១៥​ ខែ​សីហា ឆ្នាំ​២០១២ សាក្សី​ជា​អតីត​អ្នក​ធ្លាប់​បំពេញការងារ​នៅ​ក្រសួង​ឃោសនា​ការ ​ក្នុង​សម័យ​​កម្ពុជា​​ប្រជា​ធិប​តេយ្យ អ្នកស្រី ស សៀក ហៅ​​ស៊ីម បាន​ប្រាប់​សវនាការ​សាលាក្តី​ខ្មែ​រ​ក្រហម​​ថា នៅក្នុង​សម័យ​ ប៉ុល ពត​(១៩៧៥-១៩៧៩) ទាហាន​វៀតណាម​ បាន​ចូល​វាយ​យក​កោះត្រល់​។ ​អ្នកស្រី​បន្ត​ថា មេដឹកនាំ​ក្នុង​របប​ខ្មែរក្រហម បាន​អំពាវនាវ​ឲ្យ​​ប្រជាជន​ខ្មែរ​ចូលរួម​វាយ​វៀតណាម នៅពេល​ដែល​ទាហាន​វៀតណាម​វាយ​កាន់កាប់​កោះត្រល់ ៖ “​យួន​ឈ្លានពាន ពេលនោះ​ប្រជាជន​​ខ្លាច​បាត់បង់​ទឹកដី ដូច្នេះ​វិទ្យុ​តែងតែ​​មាន​ការអប់រំ មានការ​ដើម្បី​ដាស់​អារម្មណ៍​ឲ្យមាន​ការឈឺ​ចាប់ ការពារ​ទឹកដី​ខ្លួនឯង”​។​

​ពាក់ព័ន្ធ​នឹង​កោះ​ត្រល់​នេះ កាលពី​ថ្ងៃ​ទី​០៩ ​ខែ​សីហា​ ឆ្នាំ​២០១២ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូល​បំភ្លឺ​ក្នុង​រដ្ឋសភា​ថា ការបាត់បង់​កោះត្រល់ គឺ​បាត់​តាំងពី​ឆ្នាំ​១៩៣៩​មកម្ល៉េះ នៅពេល​ដែល​កម្ពុជា​នៅ​ក្រោម​អាណានិគម​បារាំង ហើយ​ត្រូវបាន​លោក Previe(​ប្រេវី​យេ​) ជនជាតិ​បារាំង​ជា​អ្នកគ្រប់គ្រង​នៅ​តំបន់​ឥណ្ឌូចិន បាន​កាត់​កោះ​នោះ​ឲ្យ​វៀតណាម​។ លោកនាយក​រដ្ឋមន្ត្រី​ ក៏​បាន​បន្ថែមថា អតីត​ព្រះមហាក្សត្រ ​ដែល​ជា​អ្នកដឹកនាំ​ប្រទេស​នៅ​ពេល​នោះ​ក៏​ទទួល​ស្គាល់​​ថា កោះត្រល់​ត្រូវបាន​ប្រគល់​ឲ្យ​វៀត​ណាម​​ដែរ ហើយ​លោកនាយក​រដ្ឋមន្ត្រី​ថា ប្រសិនបើ​នរណា​ចង់​ដណ្តើម​យក​កោះត្រល់​វិញ​ទៅ​ដណ្តើម​ខ្លួនឯង​ចុះ លោក​មិន​ទៅ​ចូលរួម​ទេ ៖ “បន្ទាប់មក​នៅ​​ឆ្នាំ​១៩៦៤ សម្តេចព្រះ​នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ​នាពេលនោះ បាន​យក​ខ្សែ​ប្រេវី​យេ​ឆ្នាំ​១៩៣៩ ទៅ​​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ដោយ​ស្នើសុំ​ឲ្យ​អន្តរជាតិ និង​​ប្រទេស​សា​ម៉ី ទទួលស្គាល់ថា​ជា​ព្រំដែន​សមុទ្រ​រវាង​ព្រំដែន​កម្ពុជា​និង​វៀតណាម ចំណុច​ចុងក្រោយ​នេះ មានន័យ​​ថា កម្ពុជា​​ឈប់​​ទាម​ទារ​​យក​​កោះត្រល់​មក​វិញ​ហើយ​​​។​

​បន្ទាប់ពី​មាន​ការរិះគន់​ពី​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល លើ​ការបាត់បង់​កោះ​ត្រល់​នេះ កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​ខេត្ត​កំពង់ឆ្នាំង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​មិន​អាច​ទាមទារ​ទឹកដី​ ដែល​​បាត់បង់​មក​វិញ​បាន​ទេ ៖ “​បើ​ អស់លោក​ប្តឹងទៅ​តុលាការ​អន្តរជាតិ​យក​មក​បាន ប្រហែល​ជា​សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​អង្គ​​បាន​ប្រើ​មធ្យោបាយ​នេះ យក​មក​វិញ​តាំងពី​លោក​ឯង​មិន​ទាន់​មាន​កំណើត​ឯណោះ​។ កម្ពុជា​ក្រោម បើ​ព្រះអង្គ​យកបាន ព្រះអង្គ​យក​តាំង​ពី​ព្រះអង្គ នៅ​គ្រង​រាជ ឬ​នៅ​ធ្វើ​ព្រះប្រមុខរដ្ឋ មុនពេល​គេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះអង្គ​”​។​

​សម្រាប់​​អ្នក​ច្បាប់ និង​អ្នកវិភាគ​ព្រឹត្តិការណ៍​សង្គម​កម្ពុជា​មួយ​​ចំនួន ផ្តល់​ការវិភាគ​ផ្សេងៗ​គ្នា​លើ​ផ្លូវ​ច្បាប់ ជុំវិញ​ការទាមទារ​ទឹកដី​ខ្មែរ​​មក​វិញ​នេះ​។ អ្នកខ្លះ​ថា កម្ពុជា​មាន​ឯកសារ​ បាន​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​ឆ្នាំ​១៩៦៤ ជា​ភស្តុតាង​ផ្លូវ​ច្បាប់​ដ៏​រឹងមាំ​សម្រាប់​កម្ពុជា ប្តឹងទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ឲ្យ​ពិនិត្យ​សើរើ​ទឹកដី ដែល​កម្ពុជា​បាត់បង់​។ ប៉ុន្តែ​អ្នក​ច្បាប់​ខ្លះទៀត​ថា ការ​ទាម​ទារ​​ទឹកដី​ ដែល​បាត់បង់​ដោយ​ផ្អែក​តែ​ទៅលើ​ច្បាប់​អន្តជាតិ ឬ​ផែនទី​មិន​គ្រប់គ្រាន់​នោះទេ ហើយ​មិន​ងាយ​នឹង​ទទួល​លទ្ធ​ផល​​ទ្បើយ​។​

​អនុប្រធាន​នៃ​អគ្គលេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា លោកស្រី កុយ ពិសី មាន​ប្រសាសន៍​ថា ការលើកឡើង​របស់ លោក រ៉ុង ឈុន ជា​មតិ​របស់​អ្នកប្រឆាំង​តែប៉ុណ្ណោះ ដោយ​ប្រតិកម្ម​ថា ពួកគេ​មិន​ដែល​មើលឃើញ​ពី​ចំណុច​ល្អ​របស់​រាជរដ្ឋាភិបាល ៖ “​ខ្ញុំ​ក៏​ក្មេង​សម័យ​ក្រោយ​៧​មករា​ដែរ ខ្ញុំ​អត់​ដែល​បាន​រៀន​ពី​សៀវភៅ​ហ្នឹង ខ្ញុំ​ក៏​អត់​បាន​ទាន់​ឃើញ​ដែរ ពិសេស​មតិ​ពួកគាត់​ហ្នឹង​អត់​មានអី​ថ្មី​ទេ រឿង​ហ្នឹង​គាត់​និយាយ​តាំងពី​ដើម​រហូត​មកដល់​ឥឡូវ ទោះ​បី​រាជ​រដ្ឋា​ភិ​បាល សម្តេច​នាយក​លោក​បង្ហា​ញ​ភស្តុតាង​គ្រប់បែបយ៉ាង តែ​វា​នៅតែ​មាន​បញ្ហា​ហ្នឹង ខ្ញុំ​ក៏​គ្មាន​អ្វី​បកស្រាយ ជាង​ការលើកឡើង​របស់​សម្តេច​នាយក​លោក​បាន​ប្រាប់​អស់​ហើយ​ទៅ​មតិ​មហាជន​។ ទស្សនៈ​គាត់​ប្រឆាំង គាត់​ប្រឆាំង​ផ្កាប់​មុខ​ដល់​ថ្ងៃ​ស្លាប់ ទោះបី​យើង​ពន្យល់​ម៉េច ប្រាប់​យ៉ាងម៉េច ក៏ដោយ​”​។​

​សម្រាប់​អ្នក​ប្រវត្ដិសាស្ដ្រ និង​ជា​សាស្ដ្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក សំបូរ ម៉ា​ណ្ណា​រ៉ា មានប្រសាសន៍ថា ឯកសារ​​ប្រវត្តិសាស្ត្រ ឬ​សៀវភៅ​សិក្សា​មួយចំនួន​របស់​ខ្មែរ ក្រោយ​សម័យ​ខ្មែរ​ក្រហម​មាន​លក្ខណៈ​ស្មុគស្មាញ ដែល​ភាគច្រើន​សរ​សេរ​ឡើង​មិន​មាន​ឯកសារយោង​ច្បាស់លាស់ ៖ “​បញ្ហា​ពិត​គឺ ​នៅតែ​មាន គឺ​ពិត​របស់​ប្រវត្តិសាស្ត្រ​ដែល​សៀវភៅ​នោះ​បាន​សរ​សេរ ប៉ុន្តែ​វា​មិន​ពិត​ក្នុង​បរិបថ​ប្រវត្តិសាស្ត្រ​ទូទៅ ឧទាហរណ៍ ឥឡូវ​សៀវភៅ​នៅ​សម័យ​សាធារណរដ្ឋ​ប្រជាជន​កម្ពុជា បាន​សរ​សេរ​​មែន តើ​អ្នកណា​ថា​មិន​ពិត បើ​សរសេរ​មែន​ហ្នឹង ក៏​ប៉ុន្តែ​វា​ជា​ប្រវត្តិសាស្ត្រ​នៃ​ការសរសេរ​សៀវភៅ​នៅ​សម័យ​នោះ​តែ ប៉ុណ្ណឹង ក៏​ប៉ុន្តែ​បើ​យើង​និយាយ​អំពី​បរិបថ​នៃ​ប្រវត្តិសាស្ត្រ​ទូទៅ​ដែល​យើង បាន​ធ្វើ​ការសិក្សា ឬ​ក៏​យើង​ប្រៀបធៀប​ជាមួយ​ឯកសារ​ច្រើន​ទៀត យើង​នឹង​មិន​ឃើញ​ធាតុ​ពិត​នោះទេ អញ្ចឹង​អា​មិនឃើញ​ធាតុពិត​នោះ​ហើយ ដែល​ជា​បញ្ហា​របស់​យើង វា​អាច​ធ្វើឲ្យពុល​ប្រវត្តិសាស្ត្រ​”​។​

​កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១២ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​ក្នុង​របប​សង្គម​រាស្ត្រនិយម លោក​ ស៊ាន ប៉េង​សែ ដែលជា​អ្នក​សហការ​គូស​ផែន​ទី​​គោគ ​និង​សមុទ្រ កម្ពុជា​ជាមួយ​រដ្ឋ​ការបា​រាំង បាន​ពន្យល់​ពី​កោះត្រល់​ថា ៖ “​សុំ​បញ្ជាក់​ឲ្យ​ច្បាស់​សន្ធិសញ្ញា​ឆ្នាំ៨២​ហ្នឹង គឺ​លោក ហ៊ុន សែន បាន​ទទួលស្គាល់​កោះ​ពូ​លូ​ប៉ង់​ស្សង់ កោះត្រល់​ជា​របស់​យួន យួន​បាន​ទទួលស្គាល់​កោះ​ពូ​លូ​វៃ ជា​របស់​ខ្ញុំ ហើយ​កោះ​ពូ​លូ​វៃ​ហ្នឹង គឺ​ខ្ញុំ​ខ្លួន​ឯង​ហ្នឹង ជំនាន់​មិត្ត​៧០​ហ្នឹង ខ្ញុំ​បាន​ទៅ​ធ្វើការ​នៅ​ក្នុង​ហ្នឹង នៅ​កោះ​ហ្នឹង​ផង ហើយ​ជំនាន់​ដែល​បារាំង​៧០​ហ្នឹង គាត់​ធ្វើ​ខួង​ប្រេងកាត​ហ្នឹង គាត់​យក​កោះ​ពូ​លូ​វៃ​ហ្នឹង សំរាប់​ធ្វើជា​មូលដ្ឋាន​របស់​គាត់ ដូចជា​ចុះ​អេ​លី​កុប​ទែរ ដូចជា​ធ្វើ​ផែ​”។​

​ឯកសារ​បង្ហាញថា កោះត្រល់ ដែល​វៀតណាម​ហៅថា ភូ​ក្វុក (Phu Quoc) មាន​ផ្ទៃដី​ទំហំ៥៤០​គីឡូម៉ែត្រ​ក្រឡា ជិត​ស្មើ​នឹង​ប្រទេស​សិង្ហ​បុរី ដែល​មាន​ទំហំ ៥៨១​​គីឡូម៉ែត្រ​ក្រឡា​៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s