ដោយ ស៊ុន ណារិន (www.vodhotnews.com)
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឲ្យដឹងថាសេចក្តីព្រាងច្បាប់ឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានដាក់បញ្ចូលចំណុចនៃការជេរប្រមាថ ដើម្បីធានាប្រយោជន៍អ្នកប្រើប្រាស់។
សេចក្តីបំភ្លឺរបស់ក្រសួង ចេញផ្សាយនៅថ្ងៃចន្ទនេះ ឲ្យដឹងថានៅពាក់កណ្តាលឆ្នាំ២០១០ ទីស្តីការគណៈរដ្ឋមន្រ្តីបានបង្កើតក្រុមការងារមួយ ដើម្បីបំពេញការងារតាក់តែងសេចក្តីព្រាងច្បាប់នេះ ដោយមានអ្នកជំនាញច្បាប់ឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានពីក្រុមប្រឹក្សាអឺរ៉ុប។ សេចក្តីបំភ្លឺបន្ថែមថាការតាក់តែងព្រាងច្បាប់នេះ ក៏មានការសហការពីប្រទេសមួយចំនួនក្នុងតំបន់ មានប្រទេសថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន អូស្រ្តាលី និងណូវែលហ្សេឡង់។
បើតាមសេចក្តីបំភ្លឺ ដំណើរការព្រាងច្បាប់នេះ ទើបតែបានចងក្រងឡើងដោយប្រមូលនូវឯកសារពាក់ព័ន្ធនានា ដាក់បញ្ចូលគ្នា និងបានធ្វើការពិភាក្សាខ្លះៗក្នុងកម្រិតការងារបច្ចេកទេសតែប៉ុណ្ណោះ។ សេចក្តីបំភ្លឺបញ្ជាក់បន្ថែមថាក្រោយមកសេចក្តីព្រាងច្បប់នេះទុកមួយ អន្លើសិន ដោយសាររាជរដ្ឋាភិបាលជាប់ដោះស្រាយការងារនានាដែលមានលក្ខណៈ បន្ទាន់ និងអាទិភាពជាង។
ក្រសួងប្រៃសណីយ៍បន្តថាច្បាប់នេះមានបំណងកំណត់វិធានការអប់រំ បង្ការទប់ស្កាត់ និងបង្រ្កាបការប្រព្រឹត្តបទល្មើសនានាតាមប្រព័ន្ធបច្ចេកវិទ្យា គមនា គមន៍ និងព័ត៌មាន ដើម្បីធានាការអនុវត្តច្បាប់ ប្រយុទ្ធប្រឆាំង និងបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក៏ដូចជាសុវត្ថិភាព និងការពារផលប្រយោជន៍ស្របច្បាប់ក្នុងការប្រើប្រាស់ និងអភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ សេចក្តីបំភ្លឺបន្តថា«ឧក្រិដ្ឋកម្ម និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន មានច្រើនប្រភេទ ហើយពាក់ព័ន្ធនឹងសមត្ថកិច្ចជាច្រើន រាប់ពីការភ្ជាប់ដោយខុសច្បាប់ទៅកាន់ប្រព័ន្ធកំព្យូទ័រអ្នកដទៃ ការជ្រៀតជ្រែកទិន្នន័យ-ប្រព័ន្ធការផលិតចែកចាយរូបអាសអាភាស កុមារ ការឆបោក ការក្លែងបន្លំតាមរយៈកំព្យូទ័រ ក៏ដូចជាបទល្មើសផ្សេងទៀតដែលប៉ះពាល់ដល់ឯករាជ្យ អធិបតេយ្យ សន្តិសុខជាតិ»។
ក្រសួងប្រៃសណីយ៍បន្តថា«ការផ្សព្វផ្សាយខ្លឹមសារដែលប៉ះពាល់ដល់ប្រពៃណីល្អរបស់សង្គមជាតិ រាប់ទាំងការញុះញង់ឲ្យមានការប្រកាន់ពូជសាសន៍ ជំនឿសាសនា ឬការមួលបង្កាច់ បរិហាកេរ្តិ៍ និងការជេរប្រមាថជាដើម ក៏នឹងត្រូវរាប់បញ្ចូលក្នុងចំណោមបទល្មើសនានាដែរ។ ក៏ប៉ន្តែជាគោលការណ៍ ការផ្តន្ទាទោស និងការដាក់ពិន័យចំពោះបទល្មើសទាំងឡាយខាងលើនេះ នឹងត្រូវមានសង្គតិភាពជាមួយបញ្ញត្តិច្បាប់នានា ជាធរមាន ដូចជាច្បាប់ស្តីពីរបបសារព័ត៌មាន ក្រមព្រហ្មទណ្ឌ ជាដើម»។
ក្រសួងប្រៃសណីយ៍បញ្ជាក់ថាច្បាប់នេះត្រូវបានព្រាងឡើង ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់គ្រប់តួអង្គទាំងអស់របស់សង្គម និងប្រឆាំងនឹងឧក្រិដ្ឋកម្ម និងបទល្មើសទាំងឡាយតាមប្រព័ន្ធបច្ចេកវិទ្យាគមនានាគមន៍ និងព័ត៌មាន។
សេចក្តីបំភ្លឺរបស់ក្រសួងប្រៃសណីយ៍ ត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានដាក់លិខិតទៅក្រសួងចំនួន២ គឺក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីឲ្យចាត់វិធានការតាមផ្លូវច្បាប់ និងផ្លូវបច្ចេកទេសលើអ្នកលេងហ្វេសប៊ុកមួយចំនួន ករណីប្រមាថ និងវាយប្រហារបរិហារកេរ្តិ៍ទៅលើមន្រ្តីរាជការ និងថ្នាក់ដឹកនាំរដ្ឋាភិបាល។
លិខិតដែលមានខ្លឹមសារស្រដៀងគ្នា ចុះកាលបរិច្ឆេតថ្ងៃទី២១ខែឧសភា ឆ្នាំ២០១៥ លោក ផៃ ស៊ីផាន បានលើកឡើងថាក្នុងរយៈពេលថ្មីៗនេះ លោកបានសង្កេតឃើញជនមួយចំនួនប្រើប្រាស់ប្រព័ន្ធសង្គម ដោយប្រើពាក្យអសុរោះ ប្រមាថមាក់ងាយ បំផ្លើស(អក្សរ និងរូបភាព) និងវាយបរិហារកេរ្តិ៍ដល់មន្រ្តីរាជការដែលជាថ្នាក់ដឹកនាំមួយចំនួន។ លិខិតរបស់លោកផៃ ស៊ីផាន បញ្ជាក់ថាការប្រមាថ និងការបរិហារកេរ្តិ៍ គឺមិនស្ថិតនៅក្នុងសេរីភាពនៃការបញ្ចេញយោបល់នោះឡើយ ប៉ុន្តែវាជាការរំលោភសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់បុគ្គលដែលត្រូវរងការប្រមាថ និងបៀតបៀនសេចក្តីថ្លៃថ្នូរ។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា«អាស្រ័យហេតុនេះ ខ្ញុំបាទសូមស្នើឯកឧត្តមឧបនាយករដ្ឋមន្រ្តីចាត់វិធានការសមស្របណាមួយ ចំពោះរាល់ជនអគតិ និងអសីលធម៌ទាំងនោះ។ បច្ចុប្បន្នកាលនៃវប្បធម៌ដៃគូសន្ទនា ជាទស្សនៈប្រវត្តិសាស្រ្ត និងមរតកសម្រាប់កម្ពុជា គឺជាទិសដៅ និងបរិបទនៃការកសាងសង្គមជាតិឲ្យប្រាសចាកពីវប្បធម៌អរិភាព និងហិង្សា(ពាក្យសម្តី និងសកម្មភាព)»។
VODមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ លោក មាស ប៉ូ ដើម្បីបញ្ជាក់បន្ថែមលើសេចក្តីបំភ្លឺបាននៅឡើយទេ។
មន្រ្តីគម្រោងសិទ្ធិ និងអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កញ្ញា សន ម៉ារ៉ាណា មានប្រសាសន៍ថាជាគោលការណ៍អន្តរជាតិ រាល់ការបញ្ចេញមតិត្រូវមានព្រំដែនកំណត់ ហើយត្រូវធានាថាមិនប៉ះពាល់ដល់អ្នកដទៃ។ យ៉ាងណាក៏ដោយកញ្ញាយល់ថាប្រសិនបើរដ្ឋាភិបាលអនុម័តឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន វាពិតជាប៉ះពាល់ដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់បុគ្គល។
កញ្ញា សន រ៉ាម៉ាណា ឲ្យដឹងទៀតថាបើច្បាប់ឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ត្រូវបានបង្កើតឡើងដើម្បីការពារសន្តិសុខសង្គម នោះជាការប្រសើរ តែបើបង្កើតឡើងដើម្បីរឹតបន្តឹងសេរីភាពប្រជាពលរដ្ឋ វានឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពបុគ្គលក្នុងការបញ្ចេញមតិ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com