ដោយ ស៊ុន ណារិន(www.vodhotnews.com)
យ៉ាងតិចបុគ្គល២០រូបត្រូវ បានព្រះមហាក្សត្រប្រោសប្រទានគោរមងារជាឧកញ៉ា ក្នុងរយៈពេល៤ខែឆ្នាំ២០១៥នេះ តាមរយៈសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឬលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា។ នេះបើយោងតាមសៀវភៅព្រះរាជកិច្ច ដែលចេញផ្សាយសម្រាប់ឆ្នាំ២០១៥ ដែលគិតពីការចេញផ្សាយចាប់ពីខែមករាមកដល់ចុងខែមេសានេះ។
ជាធម្មតា គោរមងារជាឧកញ៉ា ត្រូវទទួលការប្រោសព្រះរាជទានតាមព្រះរាជក្រឹត្យដែលឡាយព្រះ ហស្តលេខាដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី ឬលោក ជា ស៊ីម។
បើគិតពីខែមករាមកដល់ថ្ងៃទី១៧ខែមេសា ដែលព្រះមហាក្សត្របានឡាយព្រះហស្តលេខា បុគ្គល១២រូបត្រូវបានផ្តល់គោរមងារជាឧកញ៉ា តាមរយៈសេចក្តីក្រាបបង្គំទូលថ្វាយរបស់លោក ជា ស៊ីម។ ឧកញ៉ាទាំងនោះ រួមមានលោក ស្រ៊ា មុំសុភា លោក ឆៃ វណ្ណថន លោក ឆៃ វណ្ណឈិន លោក ជឹម សុផល លោក ឈៀត សេងអេង លោក ឈៀត ហុង លោក ហាត់ សំប៊ុន លោក អ៊ាត ឧត្តម លោក យិន សុវណ្ណី លោកស្រី ស៊ុំ ហៀង លោក ឡាយ វីរៈ និងលោក សុធី សុវិត្យា។ ចំណែកតាមរយៈសេចក្តីក្រាបបង្គំទូលថ្វាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឧកញ៉ាមានចំនួន៩រូប រួមមាន លោក ឈន សុផល លោក ប៉េង ប៊ុនថន លោកស្រី គៀន ស្រីនាង លោក កុយ សុវណ្ណ លោក មាស សុវុឌ្ឍិឌី លោក គាត ច័ន្ទវណ្ណ លោក សូ រតនៈ លោក វង្ស ប៊ុនហេង និង លោកទេព វិសិដ្ឋ។
ជាទូទៅ បុគ្គលដែលទទួលគោរមងារឧកញ៉ា កាលណាបានបរិច្ចាគធនធានផ្ទាល់ខ្លួនចាប់ពី១០ម៉ឺនដុល្លារឡើងទៅ ក្នុងការកសាងរាល់សមិទ្ធផលនានា ដូចជាវត្តអារាម មន្ទីរពេទ្យ សាលារៀន ផ្លូវ ប្រឡាយទឹក អណ្តូងទឹក។
អគ្គលេខាធិការរាជរដ្ឋាភិបាលដែលទទួលបន្ទុកលើការងារព្រះរាជក្រឹត្យ និងអនុក្រឹត្យផ្សេងៗ លោក សយ សុខា មានប្រសាសន៍ថាលោកមិនបានដឹងពីលក្ខខណ្ឌពិតប្រាកដនៃការទទួលគោរមងារ ឧកញ៉ានោះទេ តែ លោកថាការទទួលងារនេះត្រូវកំណត់លក្ខខណ្ឌរបស់គេ។ លោកបន្តថាឧកញ៉ាត្រូវបានតែងតាំងតាមរយៈព្រះរាជក្រឹត្យរបស់ ព្រះមហាក្សត្រ និងអនុក្រឹត្យរបស់រដ្ឋាភិបាល។
លោកបញ្ជាក់ថា«គេមានលក្ខខណ្ឌរបស់គេ ខ្ញុំមិនចាំទេ។ វាច្បាស់ទាល់តែមើលឯកសារ»។ លោកបញ្ជាក់ថាលោកមិនមានស្ថិតិឧកញ៉ានៅកម្ពុជា រហូតមកដល់ពេលនេះនោះទេ។
កាសែតThe Cambodia Daily បានចុះផ្សាយកាលពីឆ្នាំ២០១៤ថាកាលពីឆ្នាំ២០០៤ កម្ពុជាមានឧកញ៉ាប្រមាណ២០រូប តែបានកើនឡើងមកជិត២០០រូប កាលពីឆ្នាំ២០០៤ និងមកដល់ឆ្នាំ២០០៨ មានជាង៧០០រូប។
ប្រធានស្ថាប័នស្រាវជ្រាវវេទិកាអនាគត លោក អ៊ូ វីរៈ យល់ថាឧកញ៉ានៅកម្ពុជាមានច្រើន គឺអាចប្រហែល ចូលពាន់នាក់។ លោកបន្តថាដោយសារប្រទេសកម្ពុជាមិនមានការគោរពច្បាប់ ការមិនឲ្យតម្លៃទៅលើសីលធម៌ និងវប្បធម៌ បុគ្គលមួយចំនួនចង់បានងារឧកញ៉ានេះ ដើម្បី«អួតដាក់គ្នា»។ លោកបន្ថែមថាងារជាឧកញ៉ានេះ គឺដើម្បីងាយស្រួលក្នុងការរកស៊ីផងដែរ។ លោកបញ្ជាក់ថា«ឧកញ៉ាមានឱកាសរកស៊ីច្រើន ដោយសារងារនេះដូចជាមានអភ័យឯកសិទ្ធិអញ្ចឹង។…ប្រទេស យើងមិនមាននីតិរដ្ឋ មិនគោរពច្បាប់ មិនឲ្យតម្លៃលើសីលធម៌ និងវប្បធម៌ ទើបម្នាក់ៗចង់បានងារឧកញ៉ា ដើម្បីយកងារមកអួត និងយកឱកាសរកស៊ី»។
បណ្ឌិតវិទ្យាសាស្រ្តនយោបាយ លោក សុខ ទូច មានប្រសាសន៍ថាប្រសិនបើមានឧកញ៉ាច្រើននៅកម្ពុជា នោះបង្ហាញឲ្យឃើញថាកម្ពុជាមានអ្នកមានទ្រព្យសម្បត្តិច្រើននាក់។ លោកថាឧកញ៉ាម្នាក់ៗត្រូវចំណាយថវិកាច្រើនដើម្បីជួយជាតិ ទៅតាមលក្ខខណ្ឌរបស់រដ្ឋ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ឲ្យដឹងថា កន្លងមក ឧកញ៉ាមួយចំនួនបានប្រើងារនេះ ដើម្បីប្រកបរបរខុសច្បាប់ ដូចជាការរត់ពន្ធទំនិញ និងការរំលោភសិទ្ធិកាន់កាប់ដីធ្លីប្រជាពលរដ្ឋជាដើម។ លោកថាប្រទេសជាតិត្រូវការឧកញ៉ាដែលប្រកបរបររកស៊ីដោយសុចរិត និងជួយប្រទេសជាតិដោយស្មោះត្រង់មិនជាប់ពាក់ព័ន្ធនឹងអំពើពុក រលួយ។
លោកបន្ថែមថា«បើសិនជាឧកញ៉ាហ្នឹងគាត់ជាអ្នករកស៊ីដោយ សុចរិត បានធនធានដោយសុច្ចរិត វាល្អចំពោះប្រទេសជាតិ ប៉ុន្តែបើសិនជាឧកញ៉ាដែលរកស៊ីដោយទុច្ចរិត ឧកញ៉ាដែលមានការពាក់ព័ន្ធអំពើពុករលួយ ពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ ឧកញ៉ាហ្នឹងយើងមិនចង់បានប៉ុន្មានទេ»។
បើទោះពីកម្ពុជាមានឧកញ៉ាច្រើនក៏ដោយ ឧកញ៉ាមួយចំនួនប៉ុណ្ណោះដែលមានឈ្មោះល្បីក្នុងការរកស៊ី ក្នុងនោះរួមមានឧកញ៉ា គិត ម៉េង ឧកញ៉ា សុខ គង់ ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ាម៉ុង ឫទ្ធី ឧកញ៉ា ពុង ឃាវសែ និងឧកញ៉ាកុក អាន ជាដើម៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com