ក្រសួង​ប្រៃសណីយ៍៖ការ​ជេរប្រមាថត្រូវ​បាន​ដាក់ក្នុង​សេចក្តីព្រាង​​ច្បាប់​ឧក្រិដ្ឋកម្មអុីន​ធើណែត​

ដោយ​ ស៊ុន ណារិន (www.vodhotnews.com)

ក្រសួង​ប្រៃ​សណីយ៍ និង​ទូរ​គមនាគមន៍ ឲ្យ​ដឹង​ថាសេចក្តីព្រាង​​​ច្បាប់​ឧក្រិដ្ឋ​កម្ម​តាម​បច្ចេក​វិទ្យាគមនាគមន៍ និង​ព័ត៌មាន បាន​ដាក់​បញ្ចូល​ចំណុចនៃ​ការ​ជេរប្រមាថ​ ដើម្បីធានា​ប្រយោជន៍​អ្នក​ប្រើ​ប្រាស់។​

សេចក្តី​បំភ្លឺ​របស់​ក្រសួង ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទនេះ ឲ្យ​ដឹង​ថា​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១០ ទីស្តីការគណៈ​រដ្ឋមន្រ្តី​បា​ន​បង្កើត​ក្រុមការងារ​មួយ ដើម្បី​បំពេញ​ការងារ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​នេះ ដោយ​មាន​អ្នកជំនាញ​ច្បាប់​ឧក្រិដ្ឋ​កម្ម​តាម​បច្ចេក​វិទ្យាគមនាគមន៍ និង​ព័ត៌មាន​ពី​ក្រុម​ប្រឹក្សាអឺរ៉ុប។ សេចក្តី​បំភ្លឺ​បន្ថែម​ថា​ការ​តាក់​តែង​ព្រាង​ច្បាប់​នេះ​ ក៏​មាន​ការ​សហការ​ពី​ប្រទេស​មួយ​ចំនួន​ក្នុងតំបន់​​ មាន​ប្រទេស​ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន អូស្រ្តាលី និង​ណូវែលហ្សេឡង់​។

បើតាម​សេចក្តី​បំភ្លឺ​ ​ដំណើរ​ការ​ព្រាង​ច្បាប់​នេះ ទើ​ប​តែ​បាន​ចង​ក្រង​ឡើង​ដោយ​ប្រមូល​នូវ​ឯក​សារ​ពាក់​ព័ន្ធ​នានា​ ដាក់​បញ្ចូល​គ្នា​ និង​បាន​ធ្វើ​ការពិភាក្សា​ខ្លះៗក្នុង​កម្រិត​ការងារ​បច្ចេកទេស​តែ​ប៉ុណ្ណោះ។ សេចក្តី​បំភ្លឺ​បញ្ជាក់​បន្ថែម​ថា​ក្រោយ​មក​សេចក្តីព្រាង​ច្បប់នេះ​ទុក​មួយ​ អន្លើ​សិន​ ដោយ​សារ​រាជ​រដ្ឋាភិបាល​ជាប់​ដោះ​ស្រាយ​ការងារ​នានា​​ដែល​មាន​លក្ខណៈ​ បន្ទាន់ និង​អាទិភាព​ជាង។

ក្រសួង​ប្រៃសណីយ៍​បន្ត​ថា​ច្បាប់​នេះ​មាន​បំណង​កំណត់​វិធាន​ការ​អប់រំ បង្ការ​ទប់​ស្កាត់​ និង​បង្រ្កាប​ការ​ប្រព្រឹត្ត​បទល្មើស​នានា​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ គមនា គមន៍ និង​ព័ត៌មាន ដើម្បីធានា​ការ​អនុវត្ត​ច្បាប់ ប្រយុទ្ធ​ប្រឆាំង និង​បង្រ្កាប​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន ក៏​ដូច​ជា​សុវត្ថិ​ភាព​ និង​ការ​ពារ​​ផល​ប្រយោ​ជន៍​ស្រប​ច្បាប់​ក្នុង​ការ​ប្រើ​ប្រាស់ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន។ សេចក្តី​បំភ្លឺ​បន្ត​ថា«ឧក្រិដ្ឋកម្ម​ និង​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យាគមនាគមន៍​ និងព័ត៌មាន​ មាន​ច្រើន​ប្រភេទ ហើយ​​ពាក់​ព័ន្ធនឹង​សមត្ថកិច្ច​ជាច្រើន​ រាប់​ពី​ការភ្ជាប់​ដោយ​ខុស​ច្បាប់​ទៅ​កាន់​ប្រព័ន្ធ​កំព្យូទ័រអ្នក​ដទៃ ការជ្រៀតជ្រែក​ទិន្នន័យ-ប្រព័ន្ធ​ការ​ផលិត​ចែក​ចាយ​រូប​អាស​អាភាស​ កុមារ ការ​ឆបោក ការ​ក្លែង​បន្លំ​តាម​រយៈ​កំព្យូទ័រ ក៏ដូចជា​បទល្មើសផ្សេង​ទៀត​ដែល​ប៉ះពាល់​ដល់​ឯករាជ្យ អធិបតេយ្យ សន្តិសុខជាតិ»។

ក្រសួង​ប្រៃ​សណីយ៍​បន្ត​ថា​«ការផ្សព្វផ្សាយ​ខ្លឹម​សារ​ដែល​ប៉ះពាល់​ដល់ប្រពៃ​ណី​ល្អ​របស់សង្គមជាតិ រាប់​ទាំង​ការ​ញុះញង់​ឲ្យ​មាន​ការ​ប្រកាន់​ពូជសាសន៍ ជំនឿ​សាសនា ឬ​ការ​មួល​បង្កាច់​ បរិហាកេរ្តិ៍​ និង​ការ​ជេរប្រមាថជាដើម ក៏​នឹង​ត្រូវ​រាប់​បញ្ចូលក្នុង​ចំណោម​បទល្មើសនានាដែរ។ ក៏​ប៉ន្តែ​ជា​គោល​ការណ៍​ ការ​ផ្តន្ទា​ទោស​ និង​ការ​ដាក់​ពិន័យ​ចំពោះ​បទល្មើស​ទាំងឡាយ​ខាង​លើ​នេះ នឹងត្រូវ​មាន​សង្គតិភាពជាមួយ​បញ្ញត្តិ​ច្បាប់​នានា ជា​ធរមាន ដូច​ជា​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន ក្រមព្រហ្មទណ្ឌ​ ជាដើម»

ក្រសួង​ប្រៃសណីយ៍​បញ្ជាក់​ថា​ច្បាប់​នេះ​ត្រូវ​បាន​ព្រាង​ឡើង ​ដើម្បី​ការ​ពារ​ផលប្រយោជន៍​ស្រប​ច្បាប់​របស់​គ្រប់​​តួអង្គ​ទាំងអស់​របស់​សង្គម និង​ប្រឆាំង​នឹង​ឧក្រិដ្ឋ​កម្ម​ និង​បទល្មើស​ទាំងឡាយ​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​គមនានាគមន៍ និង​ព័ត៌មាន​។​

សេចក្តីបំភ្លឺ​របស់​ក្រសួង​ប្រៃសណីយ៍​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានដាក់​លិខិត​ទៅ​​ក្រសួង​ចំនួន២ គឺ​ក្រសួង​មហាផ្ទៃ និង​​ក្រសួង​​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​ឲ្យ​ចាត់វិធាន​ការ​តាមផ្លូ​វច្បាប់ និង​ផ្លូវ​បច្ចេក​ទេសលើ​​អ្នកលេងហ្វេសប៊ុក​មួយ​ចំនួន ករណី​ប្រមាថ និង​វាយ​ប្រហារ​បរិ​ហារកេ​រ្តិ៍​ទៅលើ​មន្រ្តីរាជការ និង​ថ្នាក់ដឹកនាំរដ្ឋាភិបាល។

លិខិតដែលមានខ្លឹម​សារស្រដៀងគ្នា ចុះកាលបរិច្ឆេត​ថ្ងៃ​ទី​២១​ខែ​ឧសភា ឆ្នាំ​២០១៥​ លោក ផៃ ស៊ីផាន បាន​លើក​​ឡើង​ថា​ក្នុង​​រយៈ​ពេល​ថ្មីៗនេះ​ លោក​បា​ន​សង្កេត​​ឃើញ​ជន​មួយ​ចំនួន​​ប្រើ​ប្រាស់​ប្រព័ន្ធ​សង្គម ​ដោយ​ប្រើ​​​ពាក្យ​អសុរោះ ប្រមាថ​មាក់ងាយ បំផ្លើស​(អក្សរ និង​រូបភាព​) និង​វាយបរិហារ​កេរ្តិ៍​ដល់មន្រ្តីរាជការ​ដែល​ជា​​ថ្នា​ក់ដឹ​កនាំ​មួយ​ចំនួន។ លិខិត​របស់​លោក​ផៃ ស៊ីផាន បញ្ជាក់​ថា​ការប្រមាថ និង​ការ​បរិហារកេរ្តិ៍ គឺមិនស្ថិត​នៅ​ក្នុង​សេរីភាព​នៃ​ការ​បញ្ចេញ​​​យោបល់​នោះឡើយ​ ប៉ុន្តែ​វា​ជា​ការ​រំលោភ​សិទ្ធិ និង​សេចក្តីថ្លៃ​ថ្នូរ​របស់​បុគ្គល​ដែល​ត្រូវ​រង​ការ​ប្រមាថ និង​បៀតបៀន​សេចក្តីថ្លៃ​ថ្នូរ។​

លោក ផៃ ស៊ីផាន បាន​បញ្ជាក់ថា​«អាស្រ័យហេតុនេះ ខ្ញុំបាទសូមស្នើ​ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី​ចាត់​វិធាន​ការ​សមស្រប​ណាមួយ​ ចំពោះ​រាល់ជន​អគតិ​ និង​អសីលធម៌​ទាំងនោះ។ បច្ចុប្បន្នកាលនៃ​វប្បធម៌ដៃគូសន្ទនា ជា​ទស្សនៈ​ប្រវត្តិសាស្រ្ត និង​មរតក​សម្រាប់​កម្ពុជា គឺ​ជា​ទិសដៅ​​ និង​បរិបទ​នៃ​ការកសាងសង្គមជាតិ​ឲ្យ​ប្រាសចាកពីវប្បធម៌​អរិភាព និងហិង្សា​(ពាក្យសម្តី និង​សកម្មភាព)»។​

VODមិនអាច​ទាក់​ទង​អ្នកនាំពាក្យ​ក្រសួងប្រៃសណីយ៍ លោក មាស ប៉ូ ដើម្បី​បញ្ជាក់​បន្ថែមលើ​សេចក្តី​បំភ្លឺ​បាន​នៅឡើយទេ។​

មន្រ្តីគម្រោងសិទ្ធិ និងអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កញ្ញា សន ម៉ារ៉ាណា មានប្រសាសន៍ថាជាគោលការណ៍អន្តរជាតិ រាល់ការបញ្ចេញមតិត្រូវមានព្រំដែនកំណត់ ហើយត្រូវធានាថាមិនប៉ះពាល់ដល់អ្នកដទៃ។ យ៉ាងណាក៏ដោយកញ្ញាយល់ថាប្រសិនបើរដ្ឋាភិបាលអនុម័តឧក្រិដ្ឋ​កម្ម​តាម​បច្ចេក​វិទ្យាគមនាគមន៍ និង​ព័ត៌មាន វា​ពិតជាប៉ះពាល់ដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់បុគ្គល។

កញ្ញា សន រ៉ាម៉ាណា ឲ្យ​ដឹង​ទៀត​ថា​បើច្បាប់​ឧក្រិដ្ឋ​កម្ម​តាម​បច្ចេក​វិទ្យាគមនាគមន៍ និង​ព័ត៌មាន ត្រូវ​បាន​បង្កើតឡើងដើម្បីការពារសន្តិសុខសង្គម នោះ​ជាការប្រសើរ តែបើបង្កើតឡើងដើម្បីរឹតបន្តឹងសេរីភាពប្រជាពលរដ្ឋ វានឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពបុគ្គលក្នុងការបញ្ចេញមតិ៕​

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s