បុគ្គល​ជាង​២០រូប​ទទួលគោរម​ងារ​ជា​ឧកញ៉ាក្នុង​រយៈពេល​៤ខែ ឆ្នាំ​២០១៥​

ដោយ ស៊ុន ណារិន(www.vodhotnews.com)

យ៉ាងតិច​បុគ្គល​​២០រូប​ត្រូវ​ បានព្រះមហាក្សត្រ​ប្រោសប្រទាន​គោរមងារ​ជា​​ឧកញ៉ា ក្នុង​រយៈ​ពេល​៤ខែ​ឆ្នាំ​២០១៥នេះ តាមរយៈសំណើ​​របស់​​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឬ​​លោក​ ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា​។ នេះ​បើ​យោ​ង​តាម​សៀវភៅព្រះរាជកិច្ច ដែល​ចេញផ្សាយ​សម្រាប់ឆ្នាំ​២០១៥ ដែល​គិត​ពី​ការចេញផ្សាយ​ចាប់ពី​ខែមករាមកដល់​ចុងខែមេសានេះ។​

ជាធម្មតា គោ​រម​ងារ​ជា​​ឧក​ញ៉ា​ ត្រូវ​​ទទួល​ការ​ប្រោស​ព្រះ​រាជ​ទាន​តាម​ព្រះ​រាជ​ក្រឹត្យ​ដែល​ឡាយ​ព្រះ​ ហស្ត​លេ​ខា​ដោយ​ព្រះ​មហា​ក្សត្រ តាម​សំណើរបស់​នាយក​រដ្ឋ​មន្ត្រី​ ឬ​​លោក ​ជា ស៊ីម។

បើ​គិត​ពី​ខែមករាមក​ដល់​ថ្ងៃ​ទី​១៧ខែមេសា ដែលព្រះមហាក្សត្របាន​ឡាយព្រះ​ហស្តលេខា បុគ្គល​១២រូប​ត្រូវ​បាន​ផ្តល់គោរមងារជា​ឧកញ៉ា​ តាមរយៈ​សេចក្តី​ក្រាប​បង្គំទូល​ថ្វាយ​របស់​លោក ជា ស៊ីម។ ឧកញ៉ាទាំងនោះ​ រួមមាន​លោក ស្រ៊ា មុំសុភា ​លោក ឆៃ វណ្ណថន លោក ឆៃ វណ្ណឈិន​ លោក ជឹម សុផល លោក ឈៀត សេង​អេង លោក​ ឈៀត ហុង ​លោក ហាត់ សំប៊ុន លោក អ៊ាត ឧត្តម លោក យិន សុវណ្ណី លោកស្រី ស៊ុំ ហៀង លោក ឡាយ វីរៈ និង​លោក សុធី សុវិត្យា​។​ ចំណែក​តាមរយៈ​សេចក្តី​ក្រាប​បង្គំទូល​ថ្វាយ​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឧកញ៉ាមានចំនួន​​៩រូប​ រួមមាន លោក ឈន សុផល លោក​ ប៉េង ប៊ុនថន លោក​ស្រី គៀន ស្រីនាង  លោក កុយ សុវណ្ណ លោក មាស សុវុឌ្ឍិឌី លោក គាត ច័ន្ទវណ្ណ លោក សូ រតនៈ លោក វង្ស ប៊ុនហេង និង​ លោក​ទេព វិសិដ្ឋ។

ជា​ទូទៅ បុគ្គលដែល​ទទួល​គោរមងារ​ឧកញ៉ា កាលណា​​​បាន​បរិ​ច្ចាគ​ធន​ធាន​ផ្ទាល់​ខ្លួន​ចាប់​ពី​១០​ម៉ឺន​ដុល្លារ​ឡើង​ទៅ ​ ក្នុង​ការ​កសាង​រាល់​សមិទ្ធ​ផល​នានា​ ​ដូច​ជា​វត្ត​អារាម​ មន្ទីរ​ពេទ្យ​ សា​លា​រៀន​ ផ្លូវ​ ប្រឡាយ​ទឹក​ អណ្តូង​ទឹក​។​

អគ្គលេខាធិការ​រាជ​រដ្ឋាភិបាលដែល​ទទួល​បន្ទុក​លើ​ការងារ​ព្រះរាជក្រឹត្យ និង​អនុក្រឹត្យ​ផ្សេងៗ លោក សយ សុខា មានប្រសាសន៍ថា​លោក​មិន​បាន​ដឹង​ពី​លក្ខខណ្ឌពិតប្រាកដនៃ​ការ​ទទួល​គោរមងារ​ ឧកញ៉ា​នោះទេ តែ លោក​ថា​ការទទួល​ងារ​នេះ​ត្រូវ​កំណត់​លក្ខខណ្ឌរបស់គេ។​ ​លោក​បន្ត​ថា​ឧកញ៉ា​ត្រូវ​បាន​តែង​តាំង​តាមរយៈ​ព្រះរាជក្រឹត្យរបស់​ ព្រះមហាក្សត្រ​ និង​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​។

លោក​បញ្ជាក់ថា«គេមានលក្ខខណ្ឌរបស់គេ ខ្ញុំមិនចាំទេ។ វាច្បាស់​ទាល់តែមើលឯកសារ»។ លោក​បញ្ជាក់​ថា​លោក​មិន​មាន​ស្ថិតិ​ឧកញ៉ានៅកម្ពុជា​ រហូត​មក​ដល់ពេលនេះនោះទេ។​

កាសែត​The Cambodia Daily បាន​ចុះផ្សាយ​កាលពីឆ្នាំ​២០១៤ថា​កាលពីឆ្នាំ​២០០៤ កម្ពុជាមានឧកញ៉ា​ប្រមាណ​២០រូប តែ​បាន​កើន​ឡើង​មក​ជិត​២០០រូប កាលពីឆ្នាំ​២០០៤ និង​មក​ដល់​ឆ្នាំ​២០០៨ មានជាង​៧០០រូប​។​

ប្រធាន​ស្ថាប័នស្រាវជ្រាវវេទិកាអនាគត លោក អ៊ូ វីរៈ យល់ថា​ឧកញ៉ានៅកម្ពុជាមានច្រើន គឺ​អាចប្រហែល​ ​ចូល​ពាន់នាក់។ លោក​បន្ត​ថា​ដោយ​សារប្រទេស​កម្ពុជាមិន​មាន​ការគោរពច្បាប់ ការមិន​ឲ្យ​តម្លៃ​ទៅ​លើ​សីល​ធម៌ និង​វប្បធម៌ បុគ្គល​មួយ​ចំនួន​ចង់​បាន​ងារ​​ឧកញ៉ានេះ ដើម្បី«អួតដាក់គ្នា»។​ លោក​បន្ថែម​ថា​​ងារជា​ឧកញ៉ានេះ គឺ​ដើម្បី​ងាយស្រួលក្នុង​ការ​រកស៊ីផងដែរ។ លោកបញ្ជាក់ថា​«ឧកញ៉ាមាន​ឱកាស​រកស៊ីច្រើន ដោយ​សារ​ងារ​នេះ​ដូច​ជាមានអភ័យ​ឯកសិទ្ធិអញ្ចឹង។…ប្រទេស ​យើង​មិន​មាន​នីតិរដ្ឋ មិន​គោរពច្បាប់ មិន​ឲ្យ​តម្លៃ​លើ​សីលធម៌ និង​វប្បធម៌​ ទើប​ម្នាក់ៗ​​ចង់​បាន​ងារ​ឧកញ៉ា ដើម្បី​យក​ងារ​មក​អួត និង​យក​ឱកាស​រកស៊ី»។​

បណ្ឌិត​វិទ្យាសាស្រ្ត​នយោ​បាយ លោក សុខ ទូច មានប្រសាសន៍ថា​​ប្រសិន​បើ​មាន​ឧក​ញ៉ា​ច្រើន​នៅ​កម្ពុជា​ នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា​កម្ពុជា​មាន​អ្នក​មាន​ទ្រព្យ​សម្ប​ត្តិ​ច្រើន​នាក់​។ លោក​ថា​ឧក​ញ៉ា​ម្នាក់​ៗ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ដើម្បី​ជួយ​ជាតិ ទៅ​តាម​លក្ខខណ្ឌ​​របស់​រដ្ឋ។

អ្នក​នាំ​ពាក្យ​គណបក្ស​​សង្គ្រោះ​ជាតិ លោក យឹម​ សុវណ្ណ ឲ្យ​ដឹង​ថា​ កន្លង​មក​ ឧក​​ញ៉ា​មួយ​ចំនួន​បាន​ប្រើ​ងារ​នេះ ដើម្បី​ប្រកប​របរ​ខុស​ច្បាប់ ដូច​ជា​ការ​រត់​ពន្ធ​ទំនិញ  និង​ការរំលោភ​សិទ្ធិ​កាន់​កាប់​ដី​ធ្លី​ប្រ​ជា​ពល​រដ្ឋ​ជា​ដើម។ លោក​ថាប្រ​ទេស​ជាតិ​ត្រូវ​ការ​ឧក​ញ៉ាដែលប្រ​កប​របររកស៊ី​ដោយ​សុចរិត​ និង​ជួយប្រ​ទេស​ជាតិ​ដោយ​ស្មោះ​ត្រង់​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​ រលួយ។

លោក​បន្ថែមថា«បើ​សិន​ជា​ឧក​ញ៉ា​ហ្នឹងគាត់​ជា​អ្នក​​រក​ស៊ី​ដោយ​ សុចរិត បាន​ធន​ធាន​ដោយ​សុច្ចរិត​ វា​ល្អ​ចំពោះ​ប្រ​ទេស​ជាតិ ប៉ុន្តែ​បើ​សិន​ជា​ឧក​ញ៉ា​ដែល​រក​ស៊ី​ដោយ​ទុច្ចរិត ឧក​ញ៉ា​ដែល​មាន​ការ​ពាក់​ព័ន្ធ​អំពើ​ពុក​រលួយ ពាក់​ព័ន្ធ​នឹង​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​​សម្បត្តិ​ជាតិ ឧក​ញ៉ា​ហ្នឹង​យើង​មិន​ចង់​បាន​ប៉ុន្មាន​ទេ»។

បើទោះពីកម្ពុជាមានឧកញ៉ាច្រើនក៏ដោយ ឧកញ៉ាមួយចំនួនប៉ុណ្ណោះ​ដែលមានឈ្មោះល្បីក្នុងការរកស៊ី ក្នុង​នោះ​រួមមាន​ឧកញ៉ា គិត ម៉េង ឧកញ៉ា សុខ គង់ ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ាម៉ុង ឫទ្ធី ​ឧកញ៉ា ពុង ឃាវសែ និងឧកញ៉ាកុក អាន​ ជាដើម៕​

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s