ឯកអគ្គរដ្ឋទូតអាមេរិក៖ក្នុង​សង្គមប្រជាធិបតេយ្យ មតិយោបល់រិះគន់​ទាំងអស់គួរត្រូវ​បាន​ស្វាគមន៍​​

ដោយ ស៊ុន ណារិន,www.vodhotnews.com

ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៥

us_embassidor_150316-2015-03-16-2015-04-13-2015-05-20

ឯកអគ្គរដ្ឋទូតអាមេរិក លោក វាលៀម ថដ(William E. Todd) បាន​លើក​ឡើង​ថា​លោក​សប្បាយ​ចិត្ត​ដែល​សាធារណជ​ន​ចាប់អារម្មណ៍នឹង​សេចក្តីព្រាង​ច្បាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ដោយ​លោក​ចាត់​ទុក​ថាក្នុង​សង្គមប្រជាធិបតេយ្យ រាល់មតិយោបល់រិះគន់​​ទាំងអស់គួរ​ត្រូវ​បាន​​ស្វាគមន៍។​

ថ្មីៗនេះ ក្រសួង​ការបរទេស​កម្ពុជា បានផ្ញើ​លិខិត​មួយ​ទៅ​ស្ថាន​ទូត​អាមេរិក​ប្រចាំកម្ពុជា ដោយ​​ក្រើន​រំឭកលោក វាលៀម ថដ ​​ពី​ការ​ជ្រៀតជ្រែកកិច្ច​ការ​កម្ពុជាពាក់​ព័ន្ធ​នឹង​ការ​ទិតៀន​​សេចក្តីព្រាង​ច្បាប់​អង្គការ។ ក្រសួង​ការបរទេសកម្ពុជា​ចាត់​ទុក​ថា​ការរិះគន់​នេះ​មា​ន​លក្ខណៈ«​ព្រហើនខ្លាំង»។​

នៅ​លើ​ប្លុក​របស់​លោក​វាលៀម ថដ ​ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៤ខែឧសភា លោក​មានប្រសាសន៍ថាលោក​សប្បាយ​ចិត្ត​នៅ​ពេល​មាន​​ការផ្តល់​មតិ និង​​ប្រតិកម្មជា​បន្ត​បន្ទាប់​លើ​អត្ថបទអត្ថាធិប្បាយ​របស់​លោក។ លោក​បន្ត​ថា​ក្នុង​ចំណោម​ការ​ផ្តល់​មតិ​ទាំងនោះ លោកសង្កេត​​ឃើញ​មាន​ការ​ផ្តល់​យោបល់​​វិជ្ជមានភាគច្រើន​ និង​អវិជ្ជមាន​មួយ​ចំនួន។​

លោកបន្ថែម​ថា​«ខ្ញុំសប្បាយចិត្ត​ដែល​ឃើញ​ថា​អត្ថបទអត្ថាធិប្បាយ​របស់​ខ្ញុំ​ត្រូវ​បាន​ចាប់អារម្មណ៍​ និង​ត្រូវ​បាន​ផ្តល់យោបល់»។ លោក​មានប្រសាសន៍ថា​​នេះ​បង្ហាញ​ថា​សារធាណជនជាច្រើនបាន​ចាប់អារម្មណ៍​នឹង​សេចក្តីព្រាង​ច្បាប់ ហើយ​ទទួល​ស្គាល់​ពីសារ​សំខាន់​នៃ​ការ​ពិភាក្សា​ជា​សាធារណៈ​លើ​សេចក្តីព្រាង​ច្បាប់។​

​«ដោយ​សារ​តែ​ការពិភាក្សា និង​ការសន្ទនា​មាន​សារសំខាន់​សម្រាប់​សង្គមប្រជាធិបតេយ្យ ដូច្នេះ​ខ្ញុំ​គិតថា​គំនិតទាំងស់​គួរ​ត្រូវ​បាន​ស្វាគមន៍។ ខ្ញុំនៅមានជំនឿមុតមាំថា​ការធ្វើ​ការ​ជាមួយ​គ្នា​ក្នុង​ការ​សន្ទនា​ និង​ពិភាក្សាលើ​​ប្រធាន​បទសំខាន់ៗ​ដូចនេះ អាច​ពង្រឹង​លទ្ធផលចុងក្រោយ»។​

កាលពីថ្ងៃ​ចន្ទ​ ក្រសួង​មហាផ្ទៃបា​នអះអាង​ជា​ថ្មីៗថា​សេចក្តីព្រាង​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ដែលកំពុង​រង​ការទិតៀន​ ត្រូវ​បាន​ធ្វើ​ឡើង​​ផ្អែក​លើ​មូល​ដ្ឋាន​រដ្ឋធម្មនុញ្ញកម្ពុជា​ និង​កតិកាសញ្ញា​អន្តរជាតិ​ ដោយ​អំពាវនាវ​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពាក់​ព័ន្ធ​នឹង​ការ​រឹត​ត្បិត​សេរីភាព។​​ ការ​អះអាង​របស់​ក្រសួ​ង​មហាផ្ទៃ ​ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការសង្គមស៊ីវិលរាប់​រយ​​បានស្នើឲ្យ​ផ្តល់​សេចក្តីព្រាង​​ច្បាប់​ជា​ផ្លូវ​ការ​ដល់​សាធារណជន និង​ទាម​ទារ​ឲ្យ​បើ​ក​ទូលាយ​ក្នុង​ការ​ពិគ្រោះ​យោបល់​ជាមួយ​ភាគីពាក់​​ព័ន្ធ​ផ្សេង​ៗ។

ពាក់ព័ន្ធ​នឹង​ការ​ទិតៀន​​សេចក្តីព្រាង​ច្បាប់នេះ រដ្ឋមន្រ្តីក្រសួង​ការបរទេសកម្ពុជា លោក ហោ ណាំហុង បាន​កោះ​ហៅ​តំណាង​​ទីភ្នាក់ងារអង្គការ​សហប្រជាជាតិ​ចំនួន៤ដែល​រិះគន់​​សេចក្តីព្រាង​ច្បាប់​នេះ មក​សាកសួរ។  ​ ​ ទីភ្នាក់ងារ​ទាំង៤នោះរួមមានការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) មូលនិធិអង្គការសហប្រជាជាតិ ដើម្បីកុមារ(UNICEF) អង្គការសហប្រជាជាតិ ដើម្បីស្ត្រី(UN Women) និងមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA)។

កន្លងទៅ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា​​ច្បាប់ស្តីពីការគ្រប់គ្រង​អង្គការ​ក្រៅ​​រដ្ឋាភិបាល​​​នឹង​ត្រូវ​ឆ្លងគណៈ​រដ្ឋមន្រ្តី ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៥ខាងមុខនេះ​ ដោយ​លោកអំពាវ​នាវ​ឲ្យ​​មាន​ការ​ផ្តល់​​យោបល់ជាជាង​ការរារាំង​​កុំ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់នេះ​។​ លោក​បន្ត​​​ថា​ការ​បង្កើតច្បាប់នេះ​ គឺ​ដើ​ម្បីការ​គ្រប់គ្រង​មួយ មិន​មែនដើម្បី​​រារាំង​សកម្មភាពរបស់អង្គការ​ក្រៅរដ្ឋាភិបាលនោះ​ទេ​។​

លោកនាយក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា​«អង្គការក្រៅរដ្ឋាភិបាល​កុំជ្រួលជ្រើមពេក ល្មមៗបានហើយ អស់​លោក​មិន​ទាន់មានសិទ្ធិអនុម័តនោះទេ។ លោកចង់និយាយ​ក៏និយាយទៅចុះ ក៏ប៉ុន្តែ​សិទ្ធិរបស់រាជរដ្ឋាភិបាល សិទ្ធិរបស់សភា គឺអនុម័តហើយ…ប្រហែលចាប់ពីខែ៥(ឧសភា​)ហ្នឹងទៅ គឺប្រជុំដាក់ចូល​គណៈរដ្ឋមន្រ្តីហើយចង់នរណាគាំទ្រ​ឬ​មិន​គាំទ្រ សំឡេង​របស់​សមាជិក​សភាដែលមានសិទ្ធិអនុម័ត​៥០បូក​១​គឺគ្រប់គ្រាន់​ដើម្បីនឹង​​អនុម័ត​។ យល់ល្អផ្តល់មតិវិញ ជៀសវាងទប់ស្កាត់មិនឲ្យចេញ»។​

បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃស្តីពី​លទ្ធផល​ការងារឆ្នាំ​២០១៤ និង​ទិសដៅ​ការងារ ឆ្នាំ​២០១៥ ឲ្យ​ដឹងថា មកដល់​​បច្ចុប្បន្ននេះ​ សមាគមអង្គការ​មិនមែន​រដ្ឋាភិបាលដែល​បាន​ចុះបញ្ជីនៅ​ក្រសួង មាន​ចំនួន​សរុប៤៣៧៨(​សមាគម១៧០៦ និង​អង្គការ​មិនមែន​រដ្ឋាភិបាល២៦៧២)​។ ​របាយការណ៍​បន្តថានៅក្នុង​ឆ្នាំ​២០១៤ ក្រសួងមហាផ្ទៃបាន​ចុះបញ្ជី​សមាគមអង្គការ​មិនមែន​រដ្ឋាភិបាលចំនួន​៥៣៩(​សមាគម ១៧៧ និង​អង្គការ​មិនមែន​រដ្ឋាភិបាល៣៦២)៕​

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s