លោក មឿង សុន ទទូចជាថ្មី សុំការលើកលែងទោសនៅថ្ងៃថ្វាយព្រះភ្លើង

ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ លោក មឿង សុន ដែលកំពុងនិរទេសខ្លួននៅក្រៅ​ប្រទេស ដោយ​​សារបញ្ហា​ប្រាសាទអង្គរវត្ត បានសរសេរលិខិតអំពាវនាវជាថ្មីម្តងទៀត ទទូច​សុំ​ឲ្យមាន​ការ​លើក​លែងទោសនៅថ្ងៃថ្វាយព្រះភ្លើងព្រះបរមសព​ព្រះរតនកោដ្ឋព្រះមហាវីរក្សត្រ​។

កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០០៩ សាលាដំបូង​រាជធានី​ភ្នំពេញ បានផ្តន្ទាទោស​កំបាំងមុខ លោក មឿង សុន ដាក់​ពន្ធនាគារ​២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៧ លាន​រៀល ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត តាមរយៈ​ការរិះគន់​រឿង​រាជរដ្ឋាភិបាល អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន ដាក់​អំពូល​​ភ្លើង បំភ្លឺ​លម្អ​ប្រាសាទ​អង្គរវត្ត​។
ក្នុងលិខិតមួយ ជូនអ្នកសារព័ត៌មាន ចុះកាលបរិច្ឆេតថ្ងៃទី២១ខែមករា ឆ្នាំ២០១៣ ផ្ញើ​ទៅ​ខុទ្ទកាល័យនាយករដ្ឋមន្រ្តី លោក មឿង​សុន សរសេរថា «សំខាន់ពេលនេះមាន​បុណ្យបូជា​ព្រះសព្វ សម្តេចឪ រួមទាំងមានការដោះ​លែង​​អ្នក​ទោស​នយោ​​បា​យបរទេសជនជាតិថៃ ដែល​បាន​​ចូល​ដែនដីកម្ពុជាខុស​ច្បាប់​តែ​សំណាង បានរួច​ទោស​ដោយ​ការប្រោ​សប្រណីពី​សម្តេច ហ៊ុ​ន សែន»។ លិខិតបន្តថា ទោះ​តុលា​​ការ​បានដាក់ទោសដល់រូបលោក ក៏លោក​បន្ត​​ក្តីសង្ឃឹម​​ថា នឹង​មានការលើកលែង​ន​ទោស​ដែរ ព្រោះលោក ជាកូនខ្មែរ ធ្លាប់បានរួម ចំណែក​ក​សាង​​មាតុប្រទេ​សកន្លងមក។

កាលពីថ្ងៃចន្ទ ម្សិលមិញ តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​​កម្ពុជា ​លោក រ៉ុង ឈុន  បានសរសេរ​លិខិត​មួយគោរព​​ជូន​​លោក​​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ លើក​​ចោល​​ការ​​ចោទ​​ប្រកាន់ ​និងដោះ​លែង​លោក សម រង្ស៊ី​ លោក​ ម៉ម សូណង់​ដូ​ លោក​ មឿង​ សុន ​និង​​អ្នក​​ស្រី​ យ៉ោម បុប្ផា​ នៅ​ថ្ងៃថ្វាយ​ព្រះភ្លើង​ព្រះ​បរមសព​។ លិខិតរបស់ លោក រ៉ុង ឈុន សរសេរថា ពេ​ល​ព្រះ​បិតា​ជាតិ​​នៅមានព្រះជន្ម​​ ព្រះ​អង្គ​តែង​មាន​​ព្រះរាជ​​បន្ទូល​​ផ្ដាំ​ផ្ញើ​ដល់​​កូន​ចៅ ចៅ​ទួត​របស់​ព្រះ​អង្គ​ ជាពិ​សេស​​អ្នក​​នយោ​បាយ​គ្រប់​​និន្នាការ​ ឲ្យ​ឈរលើ​គោលនយោបាយ​​បង្រួប​​បង្រួម​ និង​ផ្សះផ្សារ​​ជាតិខ្មែរ​។

កាលពីថ្ងៃទី១៨ខែតុលា លោក មឿង សុន ធ្លាប់បាន​សរសេរ​លិខិត​មួយច្បាប់​ថ្វាយ​​ព្រះម​ហា​ក្ស​ត្រ ព្រះ​បរមនាថ នរោត្តម សីហ​មុនី ដើម្បី​ទូល​ ព្រះរាជ​អនុញ្ញាតចូលរួម​មរណទុក្ខនៃ​ព្រះ​មហាវីរក្សត្រ និង​ព្រះរាជទាន ព្រះ​អន្តរាគមន៍​ដល់​ប្រមុខ​រដ្ឋាភិបាលលើក​លែងទោស ដល់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន ដែល​តុលាការ​ផ្តន្ទាទោស អាច​ចូលរួម​គោរពព្រះ​សព និង​ឃើញ​ព្រះ​ភ័ក្ត្ររបស់​សម្តេចឪ​។ កន្លងទៅ លិខិតរបស់ លោក មឿង សុន ត្រូវ​បានខុទ្ទកាល័យ​លោក​នាយក​​រដ្ឋមន្រ្តី ហ៊ុន សែន ច្រានចោល។

VOD មិនទាន់អាចសុំការអត្ថាធិប្បាយពីមន្រ្តីខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននៅឡើយទេ៕ ដោយ ស៊ុន ណារិន

សរសេរមកស៊ុន ណារិន តាមរយៈអ៊ីម៉េលៈ sun_narin@yahoo.com

 

និស្សិត​ច្បាប់​ជំនាន់​ក្រោយ រិះ​គន់​ប្រព័ន្ធ​តុលាការ​ និង​វិជ្ជា​ជីវៈ​ចៅ​ក្រម​បច្ចុប្បន្ន

​ដោយ ស៊ុន ណារិន ថ្ងៃព្រហស្បតិ៍ ទី17 មករា ឆ្នាំ2013

នៅ​ពេល​​ឮ​បទ​ចម្រៀង​នេះ ប្រជាជន​កម្ពុជា នឹងឃើញដល់​រឿង​ចិន​មួយ​ឈ្មោះ​​ថា «តុលាការមុខ​ដែក» ដែល​មនុស្ស​ភាគ​ច្រើន​ស្គាល់​ថា រឿង​ប៉ាវ​ចិន។ រឿង​នេះ​បង្ហាញ​ពី​ភាព​អយុត្តិ​ធម៌​ក្នុង​ប្រព័ន្ធ​តុលាការ ដែល​កាត់​ក្តី​ឲ្យ​អ្នក​មាន​អំណាច អ្នក​មាន​លុយ​ឈ្នះ តែ​ប្រជា​រាស្រ្ត​ក្រី​ក្រ ទន់​ខ្សោយ រង​គ្រោះ​ពិត​ប្រាកដ មិន​ទទួល​បាន​យុត្តិ​ធម៌។ ប៉ុន្តែ​មាន​ប្រជា​រាស្រ្ត​ថា មាន​តែ​តុលាការ​ប៉ាវ​ចិន​មួយ​គត់ ដែល​ប្រជា​រាស្រ្ត​អាច​ទុក​ចិត្ត​បាន ដោយ​អាច​កាត់​ទោស​អ្នក​មាន​អំណាច​បាន។

សម្រាប់​នៅ​កម្ពុជា​វិញ ប្រជាជន​កំពុង​តែ​ទាម​ទារ​ឲ្យ​មាន​តុលាការ​មួយ ដូច​ជា​តុលាការ​ប៉ាវ​ចិន​អញ្ចឹង ដោយ​សារ​តុលាការ​នៅ​កម្ពុជា រង​ការ​រិះ​គន់​ថា មិន​បាន​ផ្តល់​ភាព​យុត្តិ​ធម៌​ដល់​ប្រជា​ជន។ តើ​និស្សិត​ដែល​នឹង​ក្លាយ​ជា​អ្នក​ច្បាប់ មាន​ទស្សនៈ​យ៉ាង​ណា លើ​ការ​កាត់​ទោស​របស់​តុលាការ និង​វិជ្ជា​ជីវៈ​របស់​ចៅក្រម​បច្ចុប្បន្ន?

ខ្ញុំបាន​ទៅ​ជួប​និស្សិត​មួយ​ចំនួន នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នី​តិ​សាស្រ្ត និង​វិទ្យា​សាស្រ្ត​សេដ្ឋ​កិច្ច (RULE) ដើម្បី​សាក​សួរ​មតិ​របស់​គាត់​លើ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ៖ “ប្រ​ព័ន្ធ​យុត្តិ​ធម៌​នៅប្រទេស​​កម្ពុជា ខ្ញុំ​គិតថា ស្ថិត​នៅក្រោម​អ្នក​កាន់​អំណាច មាន​ន័យ​ថា​តុលាការគឺ​​មិន​ឯករាជ្យ តុលាការ​ឃើញ​តែលុយ ហើយ​ចំពោះ​បញ្ហាដីធ្លី​នៅកម្ពុជាក៏​ដូច​គ្នា ​និង​បញ្ហា​ផ្សេង​ៗ​ទៀត ដូច​ជា បញ្ហា​ជា​ច្រើន​​​ចំពោះ​​លោក ម៉ម សូណង់​ដូ ជា​​ដើម តាម​ពិត​គាត់​ចង់​ឯករាជ្យ​ដែរ ប៉ុន្តែ​ដោយ​សារ​មាន​គំនាប តែមាន​គំនាប ពេល​មាន​គំនាប​ទៅគាត់មាន​បញ្ហា​ដូច​ថា​​ដក​គាត់​ចេញ​តំណែងអ្វីមួយ។ ការ​កាត់​ក្តីនៅ​ប្រទេស​កម្ពុជា អ្នក​មាន​អំណាច​ស្ថិត​នៅ​លើ អ្នក​ដែល​​មាន​អំណាច​​មាន​លុយ​កាក់​​ជា​ច្រើន​ ដែល​យើង​ឃើញ​ថា ប្រជា​ពលរដ្ឋ​ភាគ​ច្រើន អ្នកក្រ​តែង​តែទទួលបាន​នូវ​ភាព​អយុត្តិ​ធម៌ ពី​សំណាក់​អ្នកមាន​អំណាច​ផង​ដែរ​ ដូច​មាន​ពាក្យ​មួយ​ថា តុលាការ​ជា​ទីគោរព ដាក់​លុយ​មិន​គ្រប់​អញ្ជើញ​ចាញ់ ដូច​ជា​រឿង​លោក​ ជា​ វិជ្ជា​ ជា​ដើម​ គឺ​ជន​បង្ក​បទ​ល្មើស យើ​ងមិន​ទាន់​អាច​រក​ឃើញ​ទេ ប៉ុន្តែគាត់​បាន​ចោទ​ប្រកាន់​ទៅ​លើ​បុរស​ពីរ​នាក់ ដែល​យើង​ពុំ​ទាន់​ដឹង​ថា​គាត់​ហ្នឹង​បាន​ប្រ​ព្រឹត្ត​បទ​ល្មើស ឬ​មិនបាន​ប្រ​ព្រឹត្ត​ទេ​”។

ចំណែក​និស្សិត​ច្បាប់ ឆ្នាំ​ទី៤ នៃ​សាកល​វិទ្យា​ល័យ​បញ្ហា​សាស្រ្ត កញ្ញា​ងួន សុមាលី និយាយ​ថា ចៅ​ក្រម​ឥឡូវ មាន​ការ​ផ្លាស់​ប្តូរ​ទៅ​រក​ភាព​ឯក​រាជ្យ និង​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន។ តែ​កញ្ញា សោក​ស្តាយ​ដែល​ករណី​មួយ​ចំនួន ចៅ​ក្រម​មិន​ហ៊ាន​ដោះ​ស្រាយ​ទៅ​វិញ ៖ “Case (ករណី)ខ្លះគាត់រុញ​ឲ្យ​ផុត​ៗ ដូច​ឧទាហរណ៍​ Case ខ្លះ​អញ្ចឹងទៅ មក​ដល់​សាលា​ដំបូង​អញ្ចឹង​ទៅ ​​ដោយសារ​តែ​គាត់​មិន​អាច​ធ្វើការ​សម្រេច​ចិត្ត​បាន គាត់​រុញ​ឲ្យ​ផុត​ឲ្យ​ទៅ​ដល់​ថ្នាក់​លើ​ៗទៀត​អញ្ចឹង អាហ្នឹង​វា​ធ្វើ​ម៉េច​ឲ្យរួច​ផុត​ពីដៃគាត់ ​ព្រោះ​អីគាត់អត់ហ៊ាន​សម្រេច​​ ហើយ​និង​​អត់ហ៊ាន​ទទួលខុស​ត្រូវ​រឿង​ហ្នឹង”។

ករណី​មួយ​ចំនួន ដែល​ត្រូវ​បាន​លើក​ឡើង​ជា​បន្ត​បន្ទាប់​ថា ចៅក្រម​កាត់​ក្តី​មិន​បាន​ផ្តល់​ភាព​យុត្តិ​ធម៌ ដូច​ជា គឺ​ករណី អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​បាញ់​ប្រហារ​កម្មករ ក្នុង​ខេត្ត​ស្វាយ​រៀង ករណី​កាត់​ទោស​ប្រធាន​សមាគម​អ្នក​ប្រជា​ធិប​តេយ្យ លោក ម៉ម សូណង់ដូ ថា បាន​បង្កើត​​តំបន់​អបគមន៍ និង​ការ​កាត់​ក្តី​លើ​ឃាតក​សម្លាប់​លោក ជា វិជ្ជា ដែល​មាន​ជាប់​ពាក់​ព័ន្ធ នឹង​លោក ប៊ន សំណាង និង​សុខ សំអឿន។

ក្នុងសំណុំរឿង លោក ម៉ម សូណង់ដូ មានលោកស្រីចៅក្រម ចាំង ស៊ីណាត ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ រួមជាមួយ ចៅក្រម ៣រូបផ្សេងទៀត និងលោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញារង ជាតំណាងអយ្យការ។ អ្នកស្រី ចាំង ស៊ីណាត បានផ្ទន្ទាទោស លោក ម៉ម សូណង់ដូ ឲ្យជាប់ពន្ធនាគារចំនួន២០ឆ្នាំ ពីបទបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ។

VOD មិនអាចសុំការអត្ថាធិប្បាយពីអ្នកស្រី ចាំង ស៊ីណាត និងចៅក្រមពាក់ព័ន្ធផ្សេងទៀត លើបញ្ហានេះ នៅឡើយទេ។

ករណី​កាត់​ទោស ប៊ន សំណាង និងសុខ សំអឿន ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​សម្លាប់ លោក ជា វិជ្ជា អនុ​ប្រធាន​សាលា​ឧទ្ធរណ៍ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ លោក ជួន ស៊ុន​ឡេង រួម​ជាមួយ​លោក​ចៅ​ក្រម សេង ស៊ីវុត្ថា និង​លោក​ចៅ​ក្រម ឃុន លាង​ម៉េង សម្រេច​តម្កល់​សាល​ក្រ​ម​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ ដែល​កាត់​ឲ្យ​ជាប់​ទោស​២០​ឆ្នាំ។

ចៅក្រម​ទាំង​បី មិន​អាច​ទាក់​ទង​សុំ​ការ​បក​ស្រាយ​លើ​បញ្ហា​នេះ​បាន​ទេ។

ខ្ញុំ​បាន​ព្យាយាម​ទាក់​ទង​ចៅក្រម​ផ្សេង​ទៀត និង​សាស្រ្តា​ចារ្យ​ច្បាប់​នៅ​តាម​សាកល​​វិទ្យា​ល័យ​ផ្សេងៗ តែ​ពួក​គាត់​ប្រាប់​ថា មិន​ហ៊ាន​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​តុលាការ និ​ង​វិជ្ជា​ជីវៈ​ចៅ​ក្រម​បាន​ទេ។

មាត្រា ១២៩ នៃ​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា​ចែង​ថា ការ​ជម្រះ​ក្តី​ផ្តល់​យុត្តិ​ធម៌ ត្រូវ​ធ្វើ​ក្នុង​នាម​ប្រជា​រាស្រ្ត​ខ្មែរ តាម​នីតិ​វិធី និង​ច្បាប់​ជា​ធរមាន។ មាន​តែ​ចៅក្រម​ទេ ដែល​មាន​សិទ្ធិ​ជម្រះ​ក្តី។ ចៅ​ក្រម ត្រូវ​បំពេញ​ភារកិច្ច ដោយ​គោរព​ច្បាប់​យ៉ាង​ម៉ឺង​ម៉ាត់ និង​ឱ្យ​អស់​ពី​ដួង​ចិត្ត និង​សម្ប​ជញ្ញៈ​របស់​ខ្លួន។

លោក សុក សំអឿន ជា​ប្រធាន​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា និង​ជា​មេធាវី​មួយ​រូប។ លោក​ពន្យល់​ថា ចៅ​ក្រម​នៅ​កម្ពុជា អាច​ជា​សមាជិក​គណបក្ស ដែល​ជា​សំណួរ​សម្រាប់​ភាព​ឯករាជ្យ​នៃ​ប្រព័ន្ធ​តុលាការ ៖ “ចំណុច​មួយ​យើង​ឃើញ​ថា ចៅ​ក្រម​គាត់​​អាច​ជា​​សមា​ជិក​គណបក្ស ហើយ​ពេល​ខ្លះ​យើ​ងសង្កេត​ឃើញ​ថា មាន​ការ​ដូច​ថា ឲ្យ​ជួយ​ឧបត្ថម្ភពី​សមា​ជិក​អី​អញ្ចឹង ទៅ​គណបក្ស​ ហើយ​ជួនកាល​រហូត​ដល់មាន​​ការ​ជួយ​ឃោស​នា​ទៀត មួយ​ទៀត បញ្ហា​​តំណែង​​តុលាការ​ធំៗ ដូច​ជា​ប្រធាន​អីក្តី យើង​សង្កេត​ឃើញថា ទាល់តែ​មានការ​ឯក​ភាព​ពី​គណបក្ស ហេតុដូច្នេះ​បើ​​សិន​ជា​​ក្នុងករណី​បែប​ហ្នឹង យើង​បើ​គិត​ពី​បច្ចេក​ទេស​ យើង​សួរ​ថា​អាច​ឯករាជ្យ​ដែរ​អត់”។

លោក សុក សំអឿន បាន​បង្ហាញ​ពី​ភាព​ខ្វះ​ចន្លោះ​នៃ​សមត្ថ​ភាព​របស់​ចៅ​ក្រម និង​នីតិ​វិធី​មួយ​ចំនួន ដែល​ត្រូវ​ពង្រឹង​បន្ថែម។ តែ​លោក សុក សំអឿន មាន​សុទិដ្ឋិ​និយម​ថា ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា នឹង​អាច​មាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ ដោយ​អ្នក​ជំនាន់​ក្រោយ ជា​អ្នក​កែ​ប្រែ ៖ “ទីមួយ​បើ​សិន​ជា​គាត់​ឃើញ ហើយ​គាត់​ខ្លាច សង្គម​​នេះ​​មិន​អាច​កែ​ប្រែ​បានទេ មិន​អញ្ចឹង តែ​បើ​គាត់​ឃើញ ហើយ​គាត់​យល់​ថា ការ​ធ្វើ​ហ្នឹង​អត់​ត្រឹម​ត្រូវ អាហ្នឹង​មិន​ជា​អាក្រក់​ទេ មាន​ន័យ​ថា ​ថ្ងៃ​ក្រោយ​អាច​មានការ​ផ្លាស់​ប្តូរ​ ខ្ញុំ​ដូច​ជា​មិនអស់​សង្ឃឹម​ទេ ហើយ​សង្គម​អ្នក​ណាមួយ សួរ​ថា​អ្នក​ណា​មួយ ដែល​ចង់បានឲ្យ​ភាព​អយុត្តិ​ធម៌មក​លើ​ខ្លួន គឺ​ម្នាក់​ៗ​​សុទ្ធ​តែ​ចង់​បាន​​ភាពយុត្តិ​ធម៌ មិនអញ្ចឹង “។

សម្រាប់​​ប្រជាជន​ដែល​រង​គ្រោះ ដោយ​សារ​ដីធ្លី និង​មិន​មាន​ការ​ដោះ​ស្រាយ​ពី​តុលាការ ឬ​តុលាការ​ក្តី ដោយ​មិន​យុត្តិ​ធម៌ ទាម​ទារ​ឲ្យ​តុលាការ​មួយ​នេះ ធ្វើ​ការ​ងារ​ឲ្យ​ដូច​ជា តុលាការ​ប៉ាវ​ចិន។

មុននឹង​ធ្វើ​ជា​ចៅ​ក្រម ឬ​អ្នក​រក​យុត្តិ​ធម៌​ជូន​ប្រជា​ពលរដ្ឋ ចៅ​ក្រមនឹង​សច្ចា​ប្រណិធាន​តាម​ពាក្យ​សម្បថ និង​ផឹក​ទឹក​សម្បថ ជា​ការ​បង្ហាញ​ភាព​ស្មោះ​ត្រង់ ក្នុង​ការ​រក​យុត្តិ​ធម៌ ជូន​ប្រជាជន។

មាត្រា​១២៨ នៃ​រដ្ឋ​ធម្ម​នុញ្ញ​ព្រះ​រាជា​ណាចក្រ​​កម្ពុជា បញ្ញត្តិ​ថា អំណាច​តុលាការ​ជា​អំណាច​ឯក​រាជ្យ។ អំណាច​តុលាការ ធានា​រក្សា​អនាគត និង​ការ​ពារ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ។ អំណាច​តុលាការ គ្រប​ដណ្តប់​លើ​រឿង​ក្តី​ទាំង​អស់ រួម​ទាំង​រឿង​ក្តី​រដ្ឋបាល​ផង។ អំណាច​នេះ ត្រូវ​ប្រគល់​ឱ្យ​តុលាការ​កំពូល និង​សាលា​ជម្រះ​ក្តី​គ្រប់​ផ្នែក និង​គ្រប់​ជាន់​ថ្នាក់ ៖ “សុំ​ឲ្យ​និសិត្ស​ច្បាប់​ទាំង​អស់​ ដែល​រៀន​នៅ​សកល​វិទ្យា​ល័យ​ភូមិន្ទ​នីតិ​សាស្ត្រ និង​សកល​វិទ្យាល័យ​ផ្សេង​ៗ ហ៊ាន​បក​ស្រាយនូវ​បញ្ហា​ដែល​ខ្លួន​មិន​បាន​ច្បាស់ ឬ​ក៏​បញ្ហាដែល​ខ្លួន​យល់​ដឹង​ថា​ ប្រ​ព័ន្ធ​តុលាការ​ស្រុក​ខ្មែរ វា​យ៉ាង​ណា យើង​ត្រូវ​ហ៊ាន​និយាយ យើង​អត់មាន​ត្រូវ​លាក់​បាំង ព្រោះ​ប្រទេស​យើងជា​ប្រទេស​មួយ​​ដែល​ប្រជា​​ធិបតេយ្យ ប្រជា​ធិបតេយ្យមាន​ន័យ​ថា គឺ​យកសំឡេងប្រជា​ជន​ ប្រជា​រាស្ត្រ​ជា​ធំ រួច​ទៅ​និសិត្ស ឬក៏​ប្រជា​ពលរដ្ឋ​ទាំង​អស់​មានសិទ្ធិ​បញ្ចេញ​មតិ​របស់​ខ្លួន​ផ្ទាល់”៕

តើ​កម្ពុជា​គួរ​មាន​វប្ប​ធម៌​នៃ​ការ​លាលែង​ពី​តំណែង​ឬ​ទេ សម្រាប់​អ្នក​បម្រើ​ប្រជា​ជន?

​ដោយ ស៊ុន ណារិន ថ្ងៃពុធ ទី16 មករា ឆ្នាំ2013

កន្លង​​មក នៅ​កម្ពុជា មាន​ការ​ស្នើ​សុំ​ពី​គណបក្ស​ជំទាស់ ឲ្យ​ដក​មន្រ្តី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​មួយ​ចំនួន ដែល​មិន​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់ ក្នុង​ការ​បម្រើ​ប្រជា​ពលរដ្ឋ ឬ​គ្រប់​គ្រង​ស្ថាន​ការណ៍​អ្វី​មួយ។ តួ​យ៉ាង កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រ​ឆាំង ស្នើ​នាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន សែន ដក​តំណែង​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម លោក ចម ប្រសិទ្ធ ដោយ​អះ​អាងថា រដ្ឋ​មន្ត្រី​រូប​នោះ​មិន​មាន​សមត្ថ​ភាព រក​ទីផ្សារ​លក់​ផលិត​ផល​កសិកម្ម​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​បាន។

ព្រឹត្តិ​ការណ៍​រត់​ជាន់​គ្នា នៅ​កោះ​ពេជ្រ កាល​ពី​ឆ្នាំ​២០១០ ដែល​ស្លាប់​មនុស្ស​ជាង​៣៥០​នាក់ មាន​ការ​លើក​ឡើង​ថា គួរ​តែ​មាន​ការ​លាលែង​ពីតំ​ណែង​ពីសំ​ណាក់​មន្រ្តី​ទទួល​ខុស​ត្រូវ ដូច​ជា រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ លោក ស ខេង អភិបាល​រាជធានី​ភ្នំ​ពេញ លោក កែប ជុតិមា និង​អតីត​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ លោក ទូច ណារ៉ុថ ជា​ដើម។ តើ​កម្ពុជា គួរ​មាន​វប្ប​ធម៌ លាលែង​ពី​តំណែង​ដោយ​ខ្លួន​ឯង​ដែរ​ឬ​ទេ? 

នៅប្រទេស​ជប៉ុន កាល​ពី​ឆ្នាំ​២០០៧ នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​បច្ចុប្បន្ន លោក ហ្សីន​ហ្សូ អាបេ (Shinzo Abe) បាន​លាលែង​ពី​តំណែង​ជា​​នាយក​​រដ្ឋ​​មន្រ្តី ដោយ​​សារ​​កង្វះ​​ការ​​ទុក​​​ចិត្ត​​​ពី​​ប្រជា​​ពលរដ្ឋ។ តែ​​នៅ​​ឆ្នាំ​​២០១២ លោក​​ត្រូវ​​បាន​​ប្រជា​​ពលរដ្ឋ​​ជប៉ុន ដាក់​សេច​​ក្តី​​ទុក​​ចិត្ត​​ឡើង​​វិញ ដោយ​​បោះ​​ឆ្នោត​​ឲ្យ​​លោក​​ជាប់​​ជា​​នាយក​​រដ្ឋ​​មន្រ្តី​​ម្តង​​ទៀត។ កាល​​ពីថ្ងៃ​​ទី​​០៩ ខែ​​មករា ឆ្នាំ​​២០១៣ អភិបាល​​ក្រុង​​បាង​​កក ប្រទេស​​ថៃ លោក Sukhumbhand Paribatra បាន​​លាលែង​​ពី​​តំណែង ដោយ​​​សារ​​ការ​​ចោទ​​ប្រកាន់​​ជាប់​​ពាក់​ព័ន្ធ​នឹង​កិច្ច​សន្យា​ពន្យារ។ សម្រាប់​នៅ​កម្ពុជា មិន​ធ្លាប់​មាន​មន្រ្តី​ណា ដាក់​ពាក្យ​លាលែង​ពី​តំណែង​ទេ។ តើ​ដោយ​សារ​មូល​ហេតុ​អ្វី? តើ​ការ​លាលែង​ពី​តំណែង អាច​មាន​ប្រយោជន៍​ដល់​កម្ពុជា​ដែរ​ឬ​ទេ? តើ​កម្ពុជា អាច​អនុវត្ត​វប្បធម៌​នៃ​ការ​លាលែង​ពី​តំណែង ដូច​ប្រទេស​ដទៃ​បាន​ទេ?

បណ្ឌិត​វិទ្យា​សាស្រ្ត​នយោបាយ លោក សុខ ទូច លើក​ឡើង​ថា ​បញ្ហាកង្វះ​សមត្ថ​ភាព ការ​ប្រកាន់​គោល​ជំហរ​​អំណាច​​មិន​​មែន​​ជា​ទី​សក្ការៈ និង​ឆន្ទៈ​សម្រាប់​ប្រយោជន៍​ជាតិ ធ្វើ​ឲ្យ​បុគ្គល ដែល​មាន​មុខ​ងារ​ក្នុង​ជួរ​រដ្ឋាភិ​បាល គាំទ្រ​ដោយ​ប្រជា​ជន លាលែង​ពី​តំណែង ៖ “ប្រទេស​ជាតិគឺ​ជា​របស់​យើង​ទំាង​អស់​គ្នា​ មិនមែន​​របស់​យើង​តែ​ម្នាក់​ឯង​ ឬរបស់​គ្រួសារ​យើង​ទេ​ ចឹង​ការយើង​មិន​មាន​សមត្ថភាព​​គ្រប់​គ្រាន់​ យើង​ត្រូវ​តែ​លាលែង​ចេញ​ ហេតុអី​ត្រូវ​ការ​លាលែង​​ យើង​កុំ​យល់​ថា​អំណាច​គឺ​ជាគ្រឿង​សក្ការៈ អំណាច​គឺ​យក​មក​ដើម្បី​បំរើ​​ និង​រក​ផល​ប្រយោ​ជន៍​ទៅ​ឲ្យ​មនុស្ស​នៅ​ក្រោម​យើង ដែល​គេ​គ្មាន​សមត្ថ​ភាព​ ឬក៏​មាន​អ្នក​ដ៏ទៃ ដែល​គេ​មាន​សមត្ថភាព តែ​គ្មាន​ឱកាស​ ការលាលែង​ចេញ​ពី​អំណាចនេះ​គឺជាការ​ឆន្ទៈ​ដ៏មុះ​មុត​​​របស់​បុគ្គល​ម្នាក់​ ដែល​ទទួល​ខុសត្រូវ​ ទៅ​​មុខ​តំណែង​របស់​ខ្លួន​”។​​

លោក​បន្ត​ថា ការលា​លែង​ពី​តំណែង​នេះ អាច​ជា​ប្រយោជន៍​ដល់​ប្រទេស​ជាតិ ដែល​ទាម​ទារ​មេដឹក​នាំ​នានា យក​ចិត្ត​ទុក​ដាក់ និង​ចេះ​ទទួល​ខុស​ត្រូវ។ លោក​បន្ត​ថា ការ​ទុក​បញ្ហា​ប្រទេស​ជាតិ ជាធំ ធ្វើ​ឲ្យ​បុគ្គល​មួយ មាន​ឆន្ទៈ​លាលែង​ពី​តំណែង នៅ​ពេល​ដែល​គេ​ប្រព្រឹត្ត​កំហុស​ណា​មួយ និង​រង​ការ​រិះ​គន់​ពី​ប្រជា​ជន ៖ “ប្រទេស​កសិកម្ម ទិញ​កសិផល​បញ្ចូល យើង​ត្រូវ​ដឹង​ យើង​ត្រូវ​ យើង​អត់​មាន​សមត្ថ​ភាព​ហើយ​​ ត្រូវ​តែ​លាលែង​ហើយ ហាម​មិន​ឲ្យ​កាប់​ព្រៃ​ឈើ ឈើអស់​ចឹង​ត្រូវ​តែ​លាលែង​​ លាលែង​ទទួល​បន្ទុក​កសិកម្ម អ្នក​ទទួល​បន្ទុក​ខាង​ហ្នឹង ប៉ុន្តែ​យើងអត់​មាន​ការ​ទទួល​ខុស​ត្រូវ​ ទទួល​យក​តែ​ត្រូវ​ អត់​ដែល​ទទួល​យក​តែ​ខុស​ បើ​ទទួល​យក​ខុស​វាលាលែង​បាត់ហើយ បើទទួល​យក​ត្រូវ​ អាណា​ត្រូវ​ទទួល​យក​​ដាក់​ឲ្យ​កូន​ចៅ​ អាហ្នឹង​វាខុស​ទៅ​នឹង​ភាព​ជា​អ្នក​ដឹក​នាំ​”

សម្រាប់​អ្នក​វិភាគ​សង្គម លោក ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​បាត់​បង់​ទំនុក​ចិត្ត​​​ពី​ប្រជាជន ធ្វើ​ឲ្យ​បុគ្គល​ឬ​មន្រ្តី​នោះ លាលែង​ពី​តំណែង។ លោក​ហៅក​រណី​នៃ​ការ​បន្ត​អំណាច ទាំង​ប្រជាជន​មិន​ពេញ​ចិត្ត ជា​ឥទ្ធិពល​នៃ​អំណាច​ផ្តាច់​ការ ៖ “ហើយ​សំខាន់​ណាស់​ការ​ទុកចិត្ត​ ពីសាធារណៈជន​​ គេ​ប្រគល់​ភារកិច្ច​ហ្នឹង គេ​​ទុក​ចិត្ត​ ដោយសារ​ថាគំនិត​ផ្តាច់ វា​មាន​ជា​ហូរ​ហែ​​​ ​អ្នកគ្រប់​គ្រង់​យើង​គឺ​ថា​របៀប​ចឹង​ដែរ ឃើញ​ក្រសួង​មួយ​ៗ ឬ​មន្ទីរ​មួយៗ ឃើញ​ថា ការ​ចាត់​ចែង​ស្រែក​ចិត្ត យក​ជា​អាជីព​របស់​ខ្លួន​​”។

លោក ឡៅ ម៉ុងហៃ លើក​ឡើង​បន្ថែម​ថា ការ​ទុក​ឱកាស​សម្រាប់​អ្នក​ជំនាន់​ក្រោយ មាន​សមត្ថ​ភាព ក៏​អាច​ធ្វើ​ឲ្យ​មន្រ្តី​រដ្ឋាភិបាល​ណា​មួយ សម្រេច​លាលែង​ពី​តំណែង ពេល​ដែល​ប្រជា​ជន​មិន​ពេញ​ចិត្ត​នឹង​ខ្លួន ដែល​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ណា​មួយ​សម្រាប់​ជាតិ​បាន ៖ “អ្នក​ឯទៀតៗក៏​ ដែល​​ដឹក​នាំ​​ល្អជាង​ ហើយ​មាន​គំនិត​ថ្មី សម្រាប់​កាលទេសថ្មី​”។

សម្រាប់​អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់ លោក កែម ឡី មាន​ប្រសាសន៍​ថា កម្ពុជា​គួរ​យក​បទ​ពិសោធន៍​នៃ​ប្រទេស​មួយ​ចំនួន ក្នុង​ការ​លាលែង​តំណែង មក​ពិចារណា ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេស​ជាតិ ៖ “ខ្ញុំ​គិត​ថា កម្ពុជា​គួរតែរៀន គ្មាន​អ្វី​ដែល​មិន​អាច​ធ្វើ​បាន​ទេ ​ឲ្យ​តែគាត់​ចង់​ធ្វើ​ ព្រោះនៅ​ស្រុក​គេ គេ​ផ្តល់​កិត្តិ​យស​ខ្ពស់​ណាស់ នៅ​ក្នុង​ការ​លាលែង​ពី​ដំណែង ទីមួយ​ បើ​គេ​ធ្វើ​អ្វី​ខុស​ ​​​គេ​ជាអ្នក​ទទួល​ខុស​ត្រូវ​ ទោះ​បី​ជា​កំហុស​ហ្នឹង​ ដោយ​ចេតនា​ក្តី ដោយ​អចេត​នាក្តី ​ដែល​ប៉ះពាល់​ដល់​ទ្រង់​ទ្រាយ​ជាតិ​ធំ​ គឺ​គេ​លាលែង​ពី​ដំណែង​ ដើម្បី​រក្សា​កិត្តិ​យស់​របស់​គេ​ ទីពីរ កាល​ណា​គេ​មានកំហុសហើយ គេ​លាលែង​ពី​ដំណែង ទទួល​បាន​ការ​គំាទ្រ​កាន់​តែ​ខ្ពស់​ពី​សមាជិក​គំាទ្រ​ ​នៅ​ក្នុង​គណបក្ស ឬនៅ​ក្នុង​ស្ថាប័ន ឬ​ក្នុង​ប្រទេស​  ទីបី ពេល​គេលាលែង​ពី​ដំណែង​ ពេល​ដែល​គេ​មាន​កំហុស​ហ្នឹង​ គឺគេ​រក្សា​កិត្តិ​យស​សម្រាប់​កូន​ចៅ​គេ​ ដើម្បី​ឲ្យ​កូន​ចៅ​របស់​គេ​ជំនាន់​ក្រោយគឺថា ឪពុក​របស់​ខ្លួនបាន​ធ្វើ​ខុស​នេះ ខុស​នេះ​ ហើយ​លាលែង​ហ្នឹង​​ គឺ​ឪពុក​ទទួល​បាន​កិត្តិ​យស​ខ្ពស់​ណាស់សម្រាប់គេ ជាតិ​ទំាងមូល​ត្រូវ​មាន​គោល​ការណ៍ ដើម្បី​ផ្តល់​កិត្តិ​យសអ្នក ទំាង​អស់​ហ្នឹង​លាលែង​ពី​ដំណែង​ ដោយសារ​តែ​កំហុស​លះ​បង់​ខ្ពស់​គឺគេ​ផ្តល់កិត្តិ​យស​សម្រាប់ ជា​​អ្នក​ដែល​មាន​ស្នា​ដៃ​ទៅ​វិញ​​​”។

ទោះជាយ៉ាង​ណា អ្នក​វិភាគ បាន​លើក​ឡើង​ជា​រួម​ថា ឆន្ទៈ​របស់​បុគ្គល​ចំពោះ​ផល​ប្រយោជន៍​ជាតិ ជា​កត្តា​ចាំបាច់​មួយ ជំរុញ​ឲ្យ​មន្រ្តី​ណា​មួយ ដែល​គិត​ថា ខ្លួន​មិន​មាន​សមត្ថ​ភាព មិន​អាច​ដោះ​ស្រាយ​បញ្ហា​បាន និង​កង្វះ​ការ​ទុក​ចិត្ត​ពី​ប្រជា​ជន លាលែង​ពី​តំណែង ដោយ​ទុក​ឲ្យ​អ្នក​ថ្មី ដែល​មាន​សមត្ថ​ភាព ឡើង​មក​សិក្សា​រក​ដំណោះ​ស្រាយ​បន្ត៕

រាជ​រដ្ឋាភិបាល ផ្តល់​ប្រាក់​​មួយ​លាន៨សែន​ដុល្លារ ដល់​សាលា​ក្តី​ខ្មែរ​ក្រហម

ដោយ ស៊ុន ណារិន ថ្ងៃអង្គារ ទី08 មករា ឆ្នាំ2013

whole-ecccមន្រ្តី ​សាលា​ក្តី​ខ្មែរ​ក្រហម ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​ថវិកា​ជាង​មួយ​លាន​ដុល្លារ​អាមេរិក ដល់​តុលាការ​កូន​កាត់ ដើម្បី​ដំណើរ​ការ​ការ​ងារ​មួយ​ចំនួន ក្នុ​ង​ឆ្នាំ​២០១៣​នេះ។

អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម លោក នេត្រ ភក្រ្តា មាន​ប្រសាសន៍​ថា សាលា​ក្តី​បាន​ទទួល​ថវិកា​ប្រមាណ​ជា​ ១​លាន៨​​សែន​ដុល្លារ ពី​រាជ​រដ្ឋាភិបាល​​កម្ពុជា សម្រាប់​ដំណើរ​ការ​សាលាក្តី​ក្នុង​ឆ្នាំ​២០១៣​នេះ។ លោក​​​បន្ត​ថា សាលា​ក្តី​កំពុង​ស្វះ​ស្វែង​រក​ជំនួយ ពី​បណ្តា​ប្រទេស​ផ្សេងៗ​​ដើម្បី​ដំណើរ​ការ​សាលា​ក្តី និង​ប្រាក់​ខែ​សម្រាប់​បុគ្គលិក​ជាតិ ដែល​​មិន​ទាន់​បាន​បើក​សម្រាប់​ខែ​ធ្នូ ឆ្នាំ​២០១២។ លោក​រំពឹង​ថា បុគ្គលិក​​ជាតិ​​នៅ​សាលា​ក្តី នឹង​ទទួល​បាន​ប្រាក់​ខែ ក្នុង​រយៈ​ពេល​ពីរ​បី​សប្តាហ៍​ទៀត។

កាលពី​ថ្ងៃ​ទី​២១​ ខែ​ធ្នូ ឆ្នាំ​២០១២ ការិយាល័យ​រដ្ឋបាល​នៃសា​លាក្តី​ខ្មែរ​ក្រហម ប្រកាស​ជា​ផ្លូវ​ការ​ថា បុគ្គ​លិក​ជាតិ​ទាំង​អស់ ចាប់​ពី​អ្នក​បើក​ឡាន រហូត​ដល់​ព្រះ​រាជ​អាជ្ញា និង​ចៅ​ក្រម នឹង​ខ្វះ​ប្រា​ក់ខែ​ចាប់​ពី​ខែ​ធ្នូ ឆ្នាំ​២០១២​ទៅ។

សាលាក្តី​ខ្មែរ​ក្រហម បាន​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​២០០៦។ ចាប់​ពី​ពេល​ចាប់​ផ្តើម​រហូត​ដល់​ចុង​ឆ្នាំ​២០១១ សាលា​ក្តី​កូន​កាត់​មួយ​នេះ ចំណាយ​ប្រាក់​អស់ ១៤១​លាន​១សែន​ដុល្លារ​អាមេរិក។ ជប៉ុន​ជា​ប្រទេស​ដែល​ផ្តល់​ជំនួយ​ច្រើន​ជាង​គេ។ តុលាការ​នេះ មាន​បុគ្គលិក​ខ្មែរ​ចំនួន ២៩២នាក់ និងអន្តរជាតិចំនួន ១២០​នាក់។

គួរបញ្ជាក់ថា សាលាក្តី​ខ្មែរ​ក្រហម បាន​ចាប់​ផ្តើម​បើក​សវនាការ​សម្រាប់​ឆ្នាំ​២០១៣ នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់​ពី​ឈប់​សម្រាក​ឆ្លង​ឆ្នាំ តាំង​ពីថ្ងៃ​ទី​១៨​ខែ​ធ្នូ។ មេធាវី​អន្តរ​ជាតិ ការ​ពារ​ក្តី​ឲ្យ លោក នួន ជា បីរូប គឺ​លោក អេនដ្រូ អេន​ណូហ្ស៊ី លោក ជេសប៉ឺ ផៅ និង​លោក មីឃៀល ផេស្តមេន បាន​លាឈប់​ពី​សាលា​ក្តី ដោយ​នៅ​សល់​តែ​មេធាវី​អន្តរ​ជាតិ​មួយ​រូប គឺ​លោក វីកទ័រ កូប៉េ រួម​ជាមួយ​មេធាវី​ជាតិ សម្រាប់​ការ​ពារ​ជន​ជាប់​ចោទ លោក នួន ជា៕

នាយករដ្ឋ​មន្រ្តី​ថៃ សន្យា​នឹង​​តស៊ូ​​ខ្លាំង​ក្លា​លើ​ប្រាសាទ​ព្រះ​វិហារ ​នៅ​ ICJ​

​ដោយ ស៊ុន ណារិន ថ្ងៃអង្គារ ទី08 មករា ឆ្នាំ2013

ying-luck

នាយក ​រដ្ឋមន្រ្តី​ថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) និយាយ​​នៅថ្ងៃ​ចន្ទ​​ថា រដ្ឋាភិ​បាល​​ខ្លួន នឹង​ធ្វើអ្វី​គ្រប់​បែប​យ៉ាង ​ដើម្បី​តតាំង​​ជាមួយ​ប្រទេស​កម្ពុជា​ លើការ​គ្រប់​គ្រង​​ដី ​ដែល​មាន​ជម្លោះ នៅជុំវិញ​​ប្រាសាទ​​ព្រះ​វិហារ។​

នាយក​រដ្ឋមន្រ្តី​ថៃ ដែល​ត្រូវ​ជាប្អូនរបស់​អតីតនាយករដ្ឋ​មន្រ្តី លោក ថាក់​ស៊ីន លើក​ឡើង​បែបនេះ ​បន្ទា​ប់ពីមេដឹក​នាំ​គណបក្ស​ប្រឆាំង​ធំ​មួយ​​​របស់​ថៃ​ ជំរុញ​រដ្ឋា​ភិបាល​ខ្លួន​ពង្រឹង​ជំហរ​ហ៊ាន​​តតាំង​ក្តី ជាមួយ​កម្ពុជា ​ចំពោះកា​រដណ្តើម​​កាន់​​កាប់​​ដី​នៅ​​ក្បែរ​​តំប​ន់​ប្រាសាទ​​ព្រះ​វិហារ។ ​តុលាការ​​​យុត្តិ​​ធម៌​​​អន្ត​​រ​ជាតិ ​​(ICJ) គ្រោង​ចាត់​ការ​សំណុំ​រឿង​នេះ​​ឡើង​​វិញ នៅខែ​មេសា​​ខាង​មុខ​​​នេះ ​និង​​ប្រកាស​​ការ​​សម្រេច នៅក្នុង​ខែ​តុលា ឆ្នាំ២០១៣។

លោកស្រី យីង ​ឡាក់ ត្រូវ​បាន​ដក​ស្រង់​សម្តី​ក្នុង​​កាសែត​បាងកក​ប៉ុស្តិ៍ថា ចំណង​ទាក់ទង​ឯកជន​របស់​លោកស្រី​ផ្ទាល់ ជាមួយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ​នឹង​មិនមែន​ជា​មធ្យោបាយ​​ក្នុង​ការ​ប្រឹងប្រែង​របស់​​រដ្ឋាភិបាល​ថៃ ដើម្បី​ការពារ​ប្រយោជន៍​ជាតិ​នោះ​ទេ។

កន្លងទៅ ប្រទេស​កម្ពុជា បាន​ស្នើឲ្យ​តុលាការ​អន្តរជាតិ បកស្រាយនូវការសម្រេចកាល​ពីឆ្នាំ១៩៦២ ដែល​បាន​ប្រគល់​ប្រាសាទ​ព្រះវិហារ ជាការ​កាន់​កាប់​របស់​​កម្ពុជា។ ​ប្រទេស​កម្ពុជា និង​ថៃ កំពុង​ទាមទារ​តំបន់​ជម្លោះដី ​៤.៦គីឡូម៉ែត្រ នៅជុំវិញ​ប្រាសាទ​ព្រះ​វិហារ។

VOD ​មិន​ទាន់​អាច​​ទាក់​ទង​មន្រ្តី​​ក្រសួង​​ការ​​បរទេសកម្ពុជា បាន​នៅឡើយ ​តែ​មន្រ្តី​រាជ​​រដ្ឋា​ភិបាល ធ្លាប់​អះអាង​​ថា វា​មិនមែន​​ជា​រឿង​​​ចម្លែក​ ដែល​​​ក្រុម​ប្រឆាំង​អាវ​​​លឿង​​​ថៃ​​ បាន​​ព្យាយាម​​ដាក់​​សម្ពាធ​​ទៅលើ​​រដ្ឋាភិបាល​ថៃ ដែល​ដឹកនាំ​​ដោយ​លោកស្រី យីង​ឡាក់ លើ​ប្រាសាទ​ព្រះវិហារ។

គួរ​បញ្ជាក់ថា ​តុលាការ ICJ នៅទីក្រុង​ឡាអេ នឹងបើក​សវនាការនៅ​ថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣​ខាង​មុខ លើ​សំណុំ​​រឿង​​ប្រាសាទ​​​ព្រះ​វិហារ​ តាម​បណ្តឹង​របស់​ភាគី​កម្ពុជា៕

សហរដ្ឋអាមេរិក រិះគន់ការដកបេក្ខភាពលោក សម រង្ស៊ី ពីការបោះឆ្នោត

ដោយ ស៊ុន ណារិន ថ្ងៃសៅរ៍ ទី០៥ខែមករា ឆ្នាំ២០១៣

មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក រិះគន់នៅថ្ងៃសុក្រនេះ លើការសម្រេចចិត្តរបស់កម្ពុជា ក្នុង​ការ​រារាំងប្រធាន​គណ​បក្ស​ជំទាស់ លោកសម រង្ស៊ី ចូលរួមការបោះឆ្នោតថ្នាក់ជាតិ នៅ​ខែ​កក្កដា​ខាង​មុខ។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Victoria Nuland  មាន​ប្រសាសន៍​ថា សហរដ្ឋអាមេរិក ខកចិត្តចំពោះការប្រកាសរបស់គណៈ​កម្មាធិការជាតិរៀប​ចំការ​បោះឆ្នោត (គជប) ដែលបានដកបេក្ខភាពលោក សម រង្ស៊ី ចេញពីការបោះឆ្នោត នៅ​ថ្ងៃទី២៨​ខែ​កក្កដា​ខាង​មុខ។ លោកស្រីថា ការដកបេក្ខភាពលោក សម រង្ស៊ីនេះ ជាសំណួរ​លើ​ភាពត្រឹមត្រូវតាម​ច្បាប់នៃ​ការ​បោះឆ្នោត តាមដំណើរការលទ្ធិប្រជាធិបតេយ្យ។​លោក​ស្រី​បន្តថា អ្នកសង្កេតការណ៍​ដែល​ទុក​ចិត្ត ជឿជាក់ថា ការកាត់ទោសលើលោកសម រង្ស៊ី ជា​រឿងនយោបាយ។

នៅថ្ងៃសុក្រ ទី០៤ខែមករា អគ្គលេខាធិការ​​ (គ.ជ.ប) លោក ទេព នីថា​ ប្រកាស​​ជា​​ថ្មី​ថា ​មិន​​ទទួល​​បេក្ខ​ភាព​លោក​ សម រង្ស៊ី​ ឲ្យ​ឈរ​ឈ្មោះ​ជា​តំណាង​​រាស្ត្រ​​សម្រាប់​​ការ​បោះ​​ឆ្នោត​​ជាតិ​​អាណត្តិ​ ទី៥ ឆ្នាំ​២០១៣​​ទេ ​ខ​ណៈ​​ការ​​ចុះ​​បញ្ជី​​បេក្ខ​​ភាព​​នឹង​ចាប់​ផ្តើម​​ពី​ថ្ងៃ​ទី​​២៩ ខែ​មេសា ​ដល់​​​ថ្ងៃ​ទី​​១០ ខែ​ឧសភា។ លោក​ ទេព នីថា​ មាន​ប្រសាសន៍​ក្នុងសន្និសីទកាសែតថា ​តាម​ច្បាប់​ គជប មិន​​អាច​​ទទួល​​អ្នក​​ជាប់​​ទោស​ឲ្យ​ឈរ​ឈ្មោះ​​​​បោះ​ឆ្នោត​បាន​ទេ។

 ៖ “​ច្បាប់ស្តីពី​គណបក្ស​អត់មាន​ហាម​ឃាត់ ទាក់ទង​ទៅ​​ប្រធាន​គណបក្ស​​ឬក៏​ស្អីទេ អញ្ចឹង​បើ​សិន​ដាក់​មក គ.ជ.ប អ្នក​ហ្នឹង​ជា​​​អ្នក​មាន​ទោស ជា​ទណ្ឌិត គ.ជ.ប មិន​អាច​ទទួលទេ​ អ្នក​ហ្នឹង​អត់​គ្រប់​អាយុ គ.ជ.ប ក៏​អត់​ទទួលដែរ អ្នក​ហ្នឹង​អត់មាន​ឈ្មោះ​ក្នុង​​បញ្ជី​បោះឆ្នោត​​ គ.ជ.ប ក៏​អត់​ទទួល​ដែរ”។

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី រងនូវសាលដីកា​ស្ថាពរ​របស់តុលាការ​ ដាក់​ទោស​​លោកឲ្យជាប់​ពន្ធនាគារ ​​សរុប​​ជាង​១០ឆ្នាំ​ ពីបទ​ដក​តំរុយ​​បង្គោល​ព្រំដែន​​កម្ពុជា-​វៀត​ណាម ​នៅ​ស្រុក​ចន្ទ្រា​ ខេត្ត​ស្វាយ​រៀង​ និង​បទ​ក្លែង​ឯក​សារ​​សា​ធារណៈ ​ដែល​ពាក់​ព័ន្ធ​នឹង​ផែន​ទី​​ព្រំដែន។​

នាយក​ប្រតិបត្តិ​នៃគណៈ​កម្មា​ធិការ​អព្យា​ក្រឹត្យ និង​យុត្តិ​ធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា  បើ​មិនមានវត្ត​មាន​មេដឹក​នាំ​បក្ស​ប្រឆាំង​​នោះ នាំ​ឲ្យ​ការ​បោះ​ឆ្នោត​មិន​ទទួល​បាន​ការ​ប្រកួត​ប្រជែង តាម​បែប​លទ្ធិ​ប្រជា​ធិប​តេយ្យ​ពេញ​លេញ​ទេ។ លោក​ស្នើ​ឲ្យ​អ្នក​នយោបាយ​ចរចា រក​ដំណោះ​ស្រាយ​រួម​មួយ មុន​ពេល​បោះ​ឆ្នោត ៖ “ការបោះ​ឆ្នោត​មួយដែល ​បាត់​មេដឹក​នាំជំទាស់ ​ដ៏សំខាត់​មួយ​រូបខ្ញុំ​គិតថា ​ដំណើរ​ការ​ប្រជាធិប​តេយ្យ​ មួយ​មិន​ពេញ​លេញ​ជាទន្ត​រកាល​នៃប្រជាធិបតេយ្យ ​ ពិសេស​ក្នុ​ងដំណើរ​ការ​បោះឆ្នោត​ ដែល​គួតែ អ្នក​នយោបាយ​រក​វិធីសាស្ត្រ​សម្រប​សម្រួល ​ដើម្បី​ឲ្យ​មាន​ការ​ប្រគួត​ប្រជែង​គ្នា​មាន​ភាព​ល្អ​ប្រសើ​ជាង​មុន។”

គួរបញ្ជាក់ថា ក្នុងជំនួបរវាងប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្រ្តីកម្ពុជា លោក បារ៉ាក់ អូបាម៉ា បានលើកពីបញ្ហាអ្នកទោសនយោបាយ តែលោក ហ៊ុន សែន ឆ្លើយតបថា នៅកម្ពុជា មិនមានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយមានទោស៕

សកម្ម​ជន​ដីធ្លី​នៅ​ភ្នំ​ពេញ សម្រក់​ទឹក​ប៉ាកា​រៀប​រាប់​ទុក្ខ​លំបាក​ និង​ភាព​អយុត្តិ​ធម៌​ក្នុង​សង្គម​ខ្មែរ

​ដោយ ថុល ស្រីលក្ខណ៍ និង​ ស៊ុន ណារិន ថ្ងៃព្រហស្បតិ៍ ទី03 មករា ឆ្នាំ2013 ម៉ោង17:45

yong-sophan-by-loun-sovathបទ ​ចម្រៀង «នេះ​ជា​កម្មអូន» ដែល​ប្រជាជន​កម្ពុជា​ទូទៅ ស្គាល់​ថា ជា​បទ «សាហាវ​​បំផុត ដុត​​មនុស្ស​​ទាំង​រស់» ច្រៀង​ដោយ​អ្នក​ស្រី​​ប៉ែន រ៉ន និង​លោក ស៊ិន ​ស៊ីសាមុត តាំង​​​ពី​ទស​វត្ស​រ៍​​ទី​៦០ ដែល​​រៀប​រាប់​ពីកា​រ​ធ្វើ​ទារុណ​កម្ម​លើ​ស្រ្តី​ម្នាក់ ដោយ​ការ​​ដុត​​នឹង​​ភ្លើង។ តែ​​បទ​​ចម្រៀង​​​នេះ ធ្វើ​ឲ្យ​​​សកម្មជន​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ​ម្នាក់ ដែល​ជួប​​ប្រទះ​​នឹង​​ការ​​រំលោភ​​យក​​​ដី និង​​​រង​​​ការ​​ចាប់​​ដាក់​ពន្ធនាគារ បាន​សម្រក់​ទឹក​ស្លា​ប៉ាកា រាប់​រយ​តំណក់ រៀប​រាប់​ពី​ទុក្ខ​លំបាក និង​​ភា​ព​​អយុត្តិ​​ធម៌ ​ដែល​កើត​ឡើង​ចំពោះ​ខ្លួន និង​គ្រួសារ តាម​លំនាំ​ភ្លេង​បទ​ចម្រៀង​នេះ។

បទចម្រៀងនេះ មានចំណងជើងថា «ឈឺចាប់​គ្មាន​យុត្តិ​ធម៌» និពន្ធ​ដោយ អ្នក​ស្រី យ៉ោម បុប្ឋា ជា​​សកម្ម​ជន​​ដីធ្លី​បឹង​កក់ ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​​នឹង​ការ​បណ្តេញ​ចេញ។ បទ​ចម្រៀង​នេះ ផ្តើម​​ដោយ​​ឈឺចាប់​អ្វី​ម្ល៉េះ ស្តាយ​ជាតិ​នេះ​អភ្វ័ព រស់​គ្មាន​យុត្តិ​ធម៌។

អត្ថ ​​ន័យ​បទ​​ចម្រៀង ​ បង្កប់​​នូវ​​ក្តី​​ឈឺ​ចាប់ និង​ទុក្ខ​លំបាក​របស់​​សកម្ម​ជន​​ត​វ៉ា​​រឿង​​បញ្ហា​​ដី​ធ្លី​នៅ​​តំបន់​​​ បឹង​​កក់ ដែល​​​​មាន​ជម្លោះ​ជាមួយ​ក្រុម​ហ៊ុន ស៊ូកា​កូអ៊ីន តាំង​ពី​ឆ្នាំ​២០០៧។

 

អ្នក ​​ស្រី​ យ៉ោម បុប្ផា ជាអ្នករងគ្រោះម្នាក់ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​​ផ្សេង​​ទៀត ​ ដែល​មិន​ទាន់​ព្រម​ទទួល​សំណង​ពី​ក្រុម​ហ៊ុន។ អ្នក​ស្រី​​បាន​និ​ពន្ធ​បទ​​ចម្រៀង​ចំនួន​​៣​​បទ​​​ ​ពេល​​ដែល​អ្នក​ស្រី​ជាប់​ឃុំឃាំង​ក្នុង​​ពន្ធនាគា​រ​ព្រៃ​ស​។ ចម្រៀង​បី​បទ​នោះ រួម​មាន ​ «ឈឺ​​ចាប់​​​គ្មា​ន​​​​យុត្តិ​ធម៌» «តើ​ថ្ងៃណា​ទៅ​ទើប​​មាន​​សេរី» និង ​«ជី​វិត​​ដូច​​ចាប​​ក្នុង​​ទ្រុង»។

បទ ​ចម្រៀង​ទាំង​នេះ ត្រូវ​បាន​ប្រជាសហគមន៍​បឹង​​កក់ ច្រៀងនៅ​ថ្ងៃ​បុណ្យ​​សិទ្ធិ​​មនុស្ស​១០ធ្នូ កាល​​ពី​ឆ្នាំ២០១២ និង​​តវ៉ា​​ឲ្យ​ដោះ​លែង​​អ្នក​ស្រី យ៉ោម បុប្ឋា​ នៅ​មុខសាលា​ឧទ្ធរណ៍​។ តែ​ចម្រៀង​ប៉ុន្មានបទនេះ មិនបាន​បន្ទន់​ចិត្ត​មន្រ្តី​តុលាការ និងមន្រ្តីរដ្ឋាភិបាល ឲ្យ​ជួយ​​អន្ត​រា​គមន៍​​​អ្នក​ស្រី​ឲ្យរួចពីការឃុំឃាំងទេ។

វ័យ២៩​ឆ្នាំ អ្នក​ស្រី​ យ៉ោម បុប្ផា ជា​កូន​ទី​៣ នៅ​ក្នុង​គ្រួសា​ដែល​មាន​បង​ប្អូន​៤​នាក់។ អ្នក​ស្រី​មាន​​កូន​ប្រុស​ម្នាក់ ឈ្មោះ ​ លី​ ហួរ អាយុ​​​៨​ឆ្នាំ និង​​ស្វា​មីឈ្មោះ លួស សាខន។ បន្ទាប់​ពី​​អាជ្ញា​ធរ​​រាជធានី​ភ្នំ​ពេញ​ បាន​​ចាប់​ខ្លួន​សកម្មជន​​ដី​ធ្លី​នៅ​​តំ​បន់​​បឹង​កក់​​ចំនួន​១៥​​​នាក់​ ដាក់​​ពន្ធនាគារ​​កាល​​​​ពី​ថ្ងៃ​​ទី​២២ ខែ​​ឧសភា ឆ្នាំ​២០១២ អ្នក​ស្រី យ៉ោម ​ បុប្ផា ដែល​មិន​សូវ​ចេញ​មុខ​​តតាំង​​ជា​មួយ​​អាជ្ញាធរ បាន​​ប្រ​មូល​ផ្តុំ​ប្រ​ជា​សហគមន៍ ស្វែង​​រក​អន្តរាគមន៍​ និង​ស្វែង​រក​ដំណោះ​ស្រាយ​ ដើម្បី​​​ឲ្យ​ដោះ​​​លែង​​តំណាង​​របស់​​គាត់​​មក​​វិញ។

លោក ​លួស សាខន វ័យ​៥៦​ឆ្នាំ ជា​​ប្តី​​របស់​​អ្នក​​ស្រី ​ យ៉ោម បុប្ផា។ សុខ​ភាព​របស់​​លោក​​បច្ចុ​ប្បន្ន មិន​សូវ​ជា​ល្អ​ទេ។ លោក​មាន​ប្រសាសន៍​ថា ​កន្ល​ង​​មក ប្រ​ពន្ធ​​របស់​​គាត់​ជា​​ស្រ្តី​​ម្នាក់​ ដែល​​មិន​​សូវ​​ក្លា​ហាន ចេញ​​មុខ​​ត​វ៉ា​ តែ​​គាត់​​បាន​ផ្លាស់​​ប្តូរ​​​នៅ​​ពេល​​ជួប​​បញ្ហា​ការ​បណ្តេញ​ចេញ​នៅ​​ តំបន់​​បឹង​​កក់។ លោកបានរៀបរាប់បន្តថា ការ​ជាប់​ពន្ធនាគារ​របស់​​ប្រ​ពន្ធ​​គាត់ មិន​មែន​ដោយ​សារ​​​មាន​​ជម្លោះ​​ជា​មួយ​​អ្នក​រត់​ម៉ូតូ​ឌុប​នោះ​ទេ គឺ​ដោយ​សារ​តែ​គាត់​​តវ៉ា​​ប្រ​ឆាំង​​នឹង​​មន្រ្តី​​រដ្ឋាភិ​បា​ល ទាមទារ​ឲ្យ​​ដោះ​លែង​​អ្នក​​បឹង​កក់​​ទាំង​​១៣​នាក់​ ឲ្យ​មាន​​សេ​រី​ភាព​​មក​​វិញ ៖ “ខ្ញុំ​យល់តែម្ត​ង​ក្នុង​រឿង​ការនេះ​គឺ​ ដោយ​សារ​ប្រពន្ធខ្ញុំ​គឺជា​សម្ម​ជនដីធ្លី តវ៉ា​នៅ​ក្នុង​តំបន់​បឹង​កក់​​​គេស្អប់​ដើម្បី​រក​លេស​នេះ​ លេស​​នោះដើម្បី​ចាប់ប្រពន្ធខ្ញុំ​ដាក់​ពន្ធ​នាគារ​ ដើម្បីព្រមាន​ដល់​អ្នក​ភូមិ​បឹង​កក់​ ក្រោយៗ​ទៀត​លែង​ហ៊ាន​​​តវ៉ា​​”។​

អង្គុយលើគ្រែ រនាបឬស្សី ពេលព្រឹកម៉ោង​ប្រមាណ​ជាប្រាំបី អ្នក​ស្រី សាបូ សុត វ័យ​៥៩​​ឆ្នាំ ជា​ម្តាយ​​​របស់​អ្នក​ស្រី​​យ៉ោម​ បុប្ផា។ អ្នក​ស្រី ដំណាលខ្សាវៗ ​ពីកូន​ស្រី​​ជាមួយ​ទឹកភ្នែក​ផង​នោះ​ថា តាំង​ពីតូច​​ដល់​ធំ​​មិន​​ដែល​​មាន​​បញ្ហា​​ជា​មួយ​​អ្នក​ណា​​នោះ​ទេ។ អ្នក​ស្រី​​បន្ត​​ថា ការ​​ចាប់​កូន​ស្រី​របស់​​​គាត់​​ពិត​​ជា​អយុត្តិ​ធម៌​​បំ​ផុត ព្រោះ​កូន​របស់​គាត់​ជា​​មនុស្ស​ស្រី​ទន់​ខ្សោយ មិន​អាច​ទៅ​វាយ​ធ្វើ​បាប​គេ​នោះទេ ៖ “កូន​ស្រីខ្ញុំ​​ អត់​បានធ្វើ​កំហុស​អី​ ទាស់​ខុសទេ គឺ​នេះ​ជាគោល​គំនិត​របស់អាជ្ញាធរ​ដែន​ដី​ ដើម្បី​ធ្វើ​បាប​គាត់​​​កូ​ន​ស្រីខ្ញុំ ព្រោះ​​កូន​ស្រី​ខ្ញុំជាសកម្ម​ជន​ដីធ្លី​ ចេញ​មុខ​ចេញ​មាត់​ដើម្បី​តវ៉ា​រឿង​ដីធ្លី​”។

អ្នក​ស្រី​ យ៉ោម បុប្ផា​ ត្រូវ​កម្លាំង​រដ្ឋាភិបាល​ចាប់​ខ្លួន​ នៅ​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១២ ដោយ ​ចោទ​ពី​បទ​​​ប្រើ​​ហិង្សា​ដោយ​​ចេតនា​ ​មាន​ស្ថាន​ទម្ងន់​ទោស និង​ត្រូវបានកាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​​រយៈ​​ពេល​៣​ឆ្នាំ ដោយ​ពិ​ន័យ​ជា​ប្រាក់​ចំនួន ១០លានរៀល។ បន្ទាប់​ពី​នោះ​​មក ​ប្រ​ជា​សហ​គមន៍​​នៅ​ក្នុង​តំបន់​បឹងកក់ បាន​ស្វែង​រក​អន្តរា​គមន៍​ពី​ស្ថា​ប័ន​ជាតិ​ និង​​អន្តរ​ជាតិ ឲ្យ​ដោះ​​លែង អ្នក​ស្រី ​យ៉ោម បុប្ផា មក​វិញ ៖ “ចាប់​ប្រជា​ពលរដ្ឋ​មក​ដាក់​គុក ដែល​គ្មាន​កំហុស​ ប្រព័ន្ធ​តុលាការ​ត្រូវ​តែ​កែ​ប្រែ​ឡើង​វិញ​”។

កាល​ពីថ្ងៃទី​២០​ខែធ្នូ​ ឆ្នាំ២០១២​ អង្គ​ការ​លើក​លែង​ទោស​អន្តរ​ជាតិ ​(Amnesty International) ​អំពាវ​នាវ​ជា​លើក​ទីពីរ​ឲ្យ​កម្ពុជា​ដោះ​លែង​អ្នកស្រី​យ៉ោម បុប្ឋា​ និងសកម្មជនបុរីកីឡា អ្នកស្រី ទឹម សាក់មុន្នី ជា​បន្ទាន់​​ និង​គ្មាន​​លក្ខ​ខណ្ឌ។ អង្គការ​លើកលែង​ទោស​​​អន្តរ​ជាតិ​ និយាយ​ថា ​សកម្ម​ជន​​ដីធ្លី​​ពីរ​​នាក់​​នោះ​ ត្រូវ​​តែ​​ដោះ​​លែង​​ជា​​បន្ទាន់​ និង​​គ្មាន​​លក្ខ​​ខណ្ឌ។​ អង្គ​ការ​នោះ​ បន្ត​ថា ​អាជ្ញាធរ​​កម្ពុជា​​ព្យា​យាម​បំបិទ​សំឡេង​​​សកម្ម​ជន​ដីធ្លី​ទាំង​ពីរ​​នាក់​ ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​សម្រាប់​សហគមន៍​របស់​ពួកគេ។​

កន្លង ​មកកូន​ប្រុស​របស់​អ្នក​ស្រី​ យ៉ោម ​បុប្ផា កុមា​រា លីហួរ អាយុ​៨ឆ្នាំ បាន​យំ​រហូត​​ដល់​​សន្លប់ ពេល​តុ​លាការ​​សម្រេច​​កាត់​ទោស​ម្តាយ​​របស់​​គេ។ កុមារា ដែលកំពុងស្ថិតក្នុងវ័យសិក្សានេះ ទទូច​​ទៅ​តុ​លាការ​​ឲ្យ​​ដោះ​​លែង​​ម្តាយ​​របស់​​គេ​​មក​​វិញ ៖ “ខ្ញុំចង់ ​ឲ្យ​ម៉ាក់​ខ្ញុំ​មក​​វិញ​ ខ្ញុំ​សុំ​ឲ្យ​តុលាការ​ដោះលែង​ម៉ាក់​ខ្ញុំ​ឲ្យ​លឿន​​បំផុត ព្រោះ​ខ្ញុំ​អត់​ម៉ាក់​ខ្ញុំ​អត់​បាន​ទេ​ ខ្ញុំ​ត្រូវ​ការ​ម៉ាក់​”។

សកម្មជន ​​ដី​ធ្លី អ្នក​​ស្រី ​ទេព វន្នី ដែល​ជា​អ្នក​ចេញ​មុខ​តវ៉ា ជាមួយ​អ្នក​ស្រី​យ៉ោម បុប្ឋា ដែរ​នោះ មាន​​​ប្រ​សាសន៍​​ថា ពេល​​គាត់​ទទួល​​បាន​​បទ​​ចម្រៀង​នេះ ពួក​គាត់​​មាន​​ការ​​ឈឺ​​ចាប់ និង​​អាណិត​​អ្នក​​ស្រី​ យ៉ោម​ បុប្ផា។ អ្នក​ស្រី​ថា មាន​តែ​ភាព​អយុតិ្ត​ធម៌​ និង​​ការ​ឈឺ​​ចាប់​ទេ ដែល​​ធ្វើ​​ឲ្យ​​គាត់​អាច​​​និ​ពន្ធ​​​បទ​​ចម្រៀង​នេះ។ ទោះ​​ជា​​យ៉ាង​​ណា ​អ្នក​​ស្រី​ថា អ្នក​ស្រី​​នឹង​​បន្ត​​ស្វែង​​រក​​អន្ត​រា​គមន៍​​​​​រហូត​មាន​​ដំណោះ​​ស្រាយ​ និងការដោះលែង ៖ “តម្លាភាព ​ក្នុង​ការ​អភិវឌ្ឍន៍ប្រទេស​ជាតិ​ និ​ងការ​​គោរព​សិទ្ធិរ​ស់រាន​មានជីវិត​របស់ពួក​យើង​ សិទ្ធិ​លំនៅឋាន​​ពួកយើង​ ហើយ​ដល់​ពេល​ចូលពន្ធនាគារ​​ចឹង​ អ្នក​ដែល​គេ​ប្រព្រឹត្ត​បទល្មើសគេ​អត់​ចូល បែរ​ជាចូល​ពួកខ្ញុំ​ អញ្ចឹង​​​​ខ្ញុំ​មាន​ការ​ឈឺចាប់​ណាស់​”។

ក្នុង ​នាម​ជា​ប្តី ដែល​ទទួល​បន្ទុក​លើកូន​ប្រុស​តែ​ម្នាក់​ឯង ដោយ​គ្មាន​ភរិយា​នៅ​ជាមួយ លោក លួស សាខន មាន​ប្រសាសន៍​ថា ប្រពន្ធ​របស់​គាត់​ប្តេជ្ញា​ហើយ​ថា​គាត់​នឹង​រស់​នៅ​បន្ត​ទៀត ដើម្បី​ចាំ​មើល​ភាពយុ​ត្តិ​ធម៌​នៅ​ក្នុង​សង្គម​កម្ពុជា។ លោក​ថា ប្រពន្ធ​របស់​គាត់​កំពុង​បន្ត​និពន្ធ​បទ​ចម្រៀង​បន្ថែម​ទៀត​នៅ​ក្នុង​ ពន្ធនាគារ៕