ដោយ ស៊ុន ណារិន ថ្ងៃពុធ ទី30 មករា ឆ្នាំ2013
លោក ហ្ស៊ីនហ្ស៊ូ អាបេ (Shinzo Abe) ជានាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន ជំនួសលោក យូស៊ីហ៊ីកូ ណូដា (Yoshihiko Noda) ដែលធ្លាប់បានមកកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០១២។ លោកជាមេដឹកនាំជប៉ុនម្នាក់ ដែលមានលក្ខណៈជាតិនិយម។ ថ្មីៗនេះ លោកបានថ្លែងសុន្ទរកថាទៅកាន់សមាជិកសភារបស់លោក ដោយអត្ថន័យស្នេហាជាតិ ខណៈក្រុងតូក្យូកំពុងមានជម្លោះជាមួយប្រទេសមហាអំណាចចិន នៅសមុទ្រចិនភាគខាងកើត។ កន្លងទៅ លោក ហ្សីនហ្សូ អាបេ បានធ្វើទស្សនកិច្ចនៅតំបន់អាស៊ាន តែមិនបានចូលមកកម្ពុជា។ អ្នកវិភាគលើកឡើងថាប្រទេសជប៉ុន ចង់ឲ្យសមាជិកអាស៊ាន ស្អប់ប្រទេសចិន។ តើទំនាក់ទំនងកម្ពុជានិងប្រទេសជប៉ុន នឹងមានស្ថានភាពដូចម្តេចក្នុងអាណត្តិរបស់លោក ហ្ស៊ីនហ្ស៊ូ អាបេ ស្របពេលដែលកម្ពុជា កំពុងតែមានទំនាក់ទំនងចាក់ទឹកមិនលិចជាមួយប្រទេសចិន?
កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា បើទោះបីជាការផ្លាស់ប្តូរថ្នាក់ដឹកនាំរបស់ជប៉ុន ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសមួយនេះ គឺនៅដដែល ៖ “គូរ៉ាគី សួរខ្ញុំថាតើ ណូដា និងអាបេ យ៉ាងម៉េច? ខ្ញុំថាសេមៗដូចគ្នា សរសើរមួយដាក់មួយម្តេចនឹងបាន ប្រជាជនជប៉ុនទេតើអ្នកសម្រេចជ្រើសរើស ហើយយើងទៅសម្រេចជ្រើសរើស ប៉ុន្តែសូមបញ្ជាក់ថា បើទោះបីមានការផ្លាស់ប្តូរបក្សនយោបាយ និងនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីនៅប្រទេសជប៉ុន នយោបាយរបស់ជប៉ុនចំពោះព្រះរាជាណាចក្រកម្ពុជាមិនមានការផ្លាស់ ប្តូរទេ ព្រោះនៅជប៉ុនដំណើរការប្រជាធិបតេយ្យរបស់គេ គឺជាដំណើរការ គឺតែមួយថ្ងៃ ពីរថ្ងៃហ្នឹង គេបង្កើតរដ្ឋាភិបាលថ្មីហើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ គឺហ្ស៊ីហ្ស៊ូ អាបេ ច្បាស់ជានាយករដ្ឋមន្ត្រីហើយ ហើយមនុស្សស្គាល់គ្នាស្រាប់។”
កាលពីថ្ងៃទី២៣ ខែមករា ប្រទេសចិន បានសម្រេចផ្តល់ឲ្យកម្ពុជា នូវសម្ភារៈបំពាក់ដល់កងកម្លាំងយោធាកម្ពុជា ក្នុងការបណ្តុះបណ្ដាល និងហ្វឹកហ្វឺន ដើម្បីបង្កើនសមត្ថភាពយោធា។ ភាគីចិនក៏បានសម្រេចផ្តល់ឲ្យកម្ពុជា នូវឧទ្ធម្ភាគចក្រចំនួន១២គ្រឿង ជាលក្ខណៈកម្ចីសម្បទាន ស្មើនឹងតម្លៃ១៩០លានដុល្លារអាមេរិក សម្រាប់បម្រើការសង្គ្រោះបន្ទាន់ និងការពារបូរណភាពដែនដី ដែនទឹក និងដែនអាកាសកម្ពុជា។
បណ្ឌិតវិទ្យាសាស្រ្តនយោបាយ លោក សុខ ទូច មានប្រសាសន៍ថាបញ្ហានេះ ជាប់ពាក់ព័ន្ធនឹងប្រទេសជប៉ុន និងចិន ដោយសារនាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន លោក ហ្សីនហ្សូ អាបេ បានធ្វើទស្សនកិច្ចអាស៊ាន តែមិនបានចូលមកកម្ពុជា ហើយប្រទេសជប៉ុន ចង់ឲ្យសមាជិកអាស៊ានស្អប់ប្រទេសចិន ខណៈប្រទេសកម្ពុជា មានទំនាក់ទំនងជិតស្និទ្ធិជាមួយចិន។ ដូច្នេះប្រទេសចិន សម្រេចផ្តល់ជំនួយយោធាមកកម្ពុជា ៖ “ហ្ស៊ីនហ្សូ អាបេ ហ្នឹងគាត់ធ្វើដំណើរមក គាត់អត់បានចូលមកកម្ពុជាទេ តែគាត់ចូលទៅវៀតណាម គាត់ចូលទៅហ្វីលីពីន និងឥណ្ឌូនេស៊ី ហើយគាត់ក៏ឧបត្ថម្ភទាំងនយោបាយការបរទេស ទាំងសេដ្ឋកិច្ច ទាំងហិរញ្ញវត្ថុ ដូច្នេះទេ គេបង្ហាញអំពីភារភាពរវាងនយោបាយជប៉ុន ដើម្បីទប់ឥទ្ធិពលរបស់ចិន អញ្ចឹងទេចិនក៏ចង់បង្ហាញដែរថា គេក៏មានមិត្តភ័ក្តនៅអាស៊ីអាគ្នេយ៍ គឺមានកម្ពុជាអញ្ចឹងដែរ អញ្ចឹងហើយបានគេផ្តល់នូវសម្ភារៈខាងយោធា”។
លោក សុខ ទូច លើកឡើងទៀតថា ប្រទេសជប៉ុន យកចិត្តទុកដាក់លើទំនាក់ទំនង សេដ្ឋកិច្ចជាមួយកម្ពុជា ដោយសារស្ថានភាពភូមិសាស្រ្តរបស់កម្ពុជា មានលក្ខណៈល្អប្រសើរតម្លៃកម្លាំងការងារនៅទាបស្ថិរភាពនយោបាយល្អ។ តែលោកថា ទំនាក់ទំនងកម្ពុជា ជាមួយចិនអាចធ្វើឲ្យប្រទេសជប៉ុន មិនបោះបង់កម្ពុជានោះទេ៖ “រឿងនយោបាយជប៉ុនមិនមុជជ្រៅទេ ប៉ុន្តែ ក៏ជប៉ុនមិនអាចលែងកម្ពុជាដែរ ប៉ុន្តែសេដ្ឋកិច្ចជប៉ុនមើលឃើញច្បាស់”។
អ្នកវិភាគថៃម្នាក់ លើកឡើងជាលក្ខណៈបទអត្ថាធិប្បាយតាមរយៈកាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃចន្ទថា ការចុះហត្ថលេខារវាងចិន និងកម្ពុជាលើការពង្រឹងយោធា មិនមែនជាដំណឹងល្អសម្រាប់តំបន់នោះទេ។ អ្នកវិភាគបន្តថា មានការបារម្ភខ្ពស់ពីសកម្មភាពរបស់ប្រទេសចិនក្នុងតំបន់។
ប្រទេសជប៉ុន និងចិន កំពុងមានជម្លោះនឹងគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍ លើការដណ្តើមយកប្រជុំកោះ ដែលមានឈ្មោះថា ស៊ិនកាគូ (ជាភាសាជប៉ុន) ឬហៅថា ដាយអូយូ (ជាភាសាចិន)។ ចំណែកប្រទេសចិន កំពុងតែមានភាពតានតឹងក្នុងតំបន់សមុទ្រចិនខាងត្បូង ជាមួយប្រទេសចំនួនបួនជាសមាជិកអាស៊ាន មានដូចជាប្រទេសហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងប្រទេសឥណ្ឌូនេស៊ី។ ក្នុងកិច្ចប្រជុំកំពូលអាស៊ានក្នុងខែធ្នូ ឆ្នាំ២០១២ កម្ពុជា ជាម្ចាស់ផ្ទះរងការរិះគន់ពីសមាជិកអាស៊ានថា បានដើរតួនាទីជាអាយ៉ងរបស់ប្រទេសចិន ក្នុងបញ្ហាសមុទ្រចិនខាងត្បូង។
អ្នកវិភាគព្រឹត្តិការណ៍សង្គម លោក អ៊ូ វីរៈ កត់សម្គាល់ថា ប្រទេសជប៉ុន មិនសប្បាយចិត្តនឹងប្រទេសកម្ពុជាទេ ដោយសារទំនាក់ទំនងយ៉ាងស្និទ្ធិនឹងប្រទេសចិន។ លោកបន្តថា នេះអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរតិចតួច ដែលនាំឲ្យកម្ពុជាខាតបង់៖ “ខ្ញុំមើលទៅជប៉ុនប្រហែលជាមិន សប្បាយចិត្តទេ ជាពិសេស នាយករដ្ឋមន្ត្រីថ្មី ដែលចាប់ផ្តើមគិតពីប្រយោជន៍ប្រទេសជប៉ុនខ្លះ ប្រទេសជប៉ុនជាពិសេសទាក់ទងទៅនឹងជម្លោះហ្នឹង ហើយនឹងសន្តិសុខ ហើយនឹងទាក់ទងនឹងសេដ្ឋកិច្ចផង ខ្ញុំមើលទៅវាមិនប៉ះពាល់អ្វីធ្ងន់ធ្ងរនៅពេលខាងមុខទេ ប៉ុន្តែទោះបីម៉េចក៏វាអាចប៉ះពាល់រឿងវិនិយោគក្រុមហ៊ុន គេអាចមើលថាប្រទេសកម្ពុជាស្និតជាមួយនឹងប្រទេសចិនពេក ចឹងមិនអាច មិនហ៊ានវិនិយោគក្នុងប្រទេសកម្ពុជាចឹងទៅ វាអាចប៉ះពាល់ដល់សេដ្ឋកិច្ច”។
លោក អ៊ូ វីរៈ បន្តថា ប្រទេសចិនចាប់យកកម្ពុជា ដើម្បីកុំឲ្យអាស៊ាន អាចធ្វើកិច្ចការអ្វីមួយកើត ដោយសារមិនមានការឯកភាពពីកម្ពុជា។
សម្រាប់អ្នកស្រាវជ្រាវជាន់ខ្ពស់ លោក កែម ឡី លើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩២ មកដល់ឆ្នាំ២០១១ ប្រទេសជប៉ុន បានផ្តល់ជំនួយប្រមាណជា១៧.៦ភាគរយ ដែលមានចំនួនច្រើនហើយភាគច្រើនជាជំនួយឥតសំណង។ លោកថា មិនត្រឹមតែប្រទេសជប៉ុនទេ ដែលមិនសប្បាយចិត្តនឹងកម្ពុជា សមាជិកអាស៊ានផ្សេងទៀត ក៏មិនពេញចិត្តដែរ៖ “រហូតមកដល់ពេល នេះគេស្គាល់ជំហរខ្មែរយើងច្បាស់ណាស់ចំពោះជម្លោះចិន ហើយខ្មែរយើងអាចជាឧបសគ្គមួយសម្រាប់ឲ្យមានការដោះស្រាយនៅក្នុង មហាសមុទ្រចិនដែរ”។
នាយករដ្ឋមន្រ្តីជប៉ុនថ្មីលោក ហ្ស៊ីនហ្ស៊ូ អាបេ ជាប្រធានសមាគមកសាងសាលារៀននៅកម្ពុជា ដែលធ្លាប់មកធ្វើទស្សនកិច្ចនៅកម្ពុជាម្តងមកហើយ ក្រោយពេលដែលគាត់លាលែងតំណែង ជានាយករដ្ឋមន្រ្តីកាលពីឆ្នាំ២០០៧។
ថ្មីៗនេះ កម្ពុជាបានបើកការដ្ឋានសាងសង់ផ្សារទំនើបជប៉ុនមួយ ដែលមានតម្លៃប្រមាណជា២០០លានដុល្លារ។ អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក យូស៊ីហ៊ីកូ ណូដា (Yoshihiko Noda) ដែលទើបតែចាញ់ឆ្នោត ធ្លាប់បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា កាលពីខែវិច្ឆិកា ដែលក្នុងនោះលោកបានជួបទ្វេភាគី ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិភាក្សាការពង្រឹងទំនាក់ទំនងវិនិយោគទុនសេដ្ឋកិច្ច និងវប្បធម៌នៃប្រទេសទាំងពីរ៕