ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ លោក មឿង សុន ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដោយសារបញ្ហាប្រាសាទអង្គរវត្ត បានសរសេរលិខិតអំពាវនាវជាថ្មីម្តងទៀត ទទូចសុំឲ្យមានការលើកលែងទោសនៅថ្ងៃថ្វាយព្រះភ្លើងព្រះបរមសពព្រះរតនកោដ្ឋព្រះមហាវីរក្សត្រ។
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០០៩ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសកំបាំងមុខ លោក មឿង សុន ដាក់ពន្ធនាគារ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៧ លានរៀល ពីបទផ្សាយព័ត៌មានមិនពិត តាមរយៈការរិះគន់រឿងរាជរដ្ឋាភិបាល អនុញ្ញាតឲ្យក្រុមហ៊ុនឯកជន ដាក់អំពូលភ្លើង បំភ្លឺលម្អប្រាសាទអង្គរវត្ត។
ក្នុងលិខិតមួយ ជូនអ្នកសារព័ត៌មាន ចុះកាលបរិច្ឆេតថ្ងៃទី២១ខែមករា ឆ្នាំ២០១៣ ផ្ញើទៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី លោក មឿងសុន សរសេរថា «សំខាន់ពេលនេះមានបុណ្យបូជាព្រះសព្វ សម្តេចឪ រួមទាំងមានការដោះលែងអ្នកទោសនយោបាយបរទេសជនជាតិថៃ ដែលបានចូលដែនដីកម្ពុជាខុសច្បាប់តែសំណាង បានរួចទោសដោយការប្រោសប្រណីពីសម្តេច ហ៊ុន សែន»។ លិខិតបន្តថា ទោះតុលាការបានដាក់ទោសដល់រូបលោក ក៏លោកបន្តក្តីសង្ឃឹមថា នឹងមានការលើកលែងនទោសដែរ ព្រោះលោក ជាកូនខ្មែរ ធ្លាប់បានរួម ចំណែកកសាងមាតុប្រទេសកន្លងមក។
កាលពីថ្ងៃចន្ទ ម្សិលមិញ តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន បានសរសេរលិខិតមួយគោរពជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកចោលការចោទប្រកាន់ និងដោះលែងលោក សម រង្ស៊ី លោក ម៉ម សូណង់ដូ លោក មឿង សុន និងអ្នកស្រី យ៉ោម បុប្ផា នៅថ្ងៃថ្វាយព្រះភ្លើងព្រះបរមសព។ លិខិតរបស់ លោក រ៉ុង ឈុន សរសេរថា ពេលព្រះបិតាជាតិនៅមានព្រះជន្ម ព្រះអង្គតែងមានព្រះរាជបន្ទូលផ្ដាំផ្ញើដល់កូនចៅ ចៅទួតរបស់ព្រះអង្គ ជាពិសេសអ្នកនយោបាយគ្រប់និន្នាការ ឲ្យឈរលើគោលនយោបាយបង្រួបបង្រួម និងផ្សះផ្សារជាតិខ្មែរ។
កាលពីថ្ងៃទី១៨ខែតុលា លោក មឿង សុន ធ្លាប់បានសរសេរលិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ដើម្បីទូល ព្រះរាជអនុញ្ញាតចូលរួមមរណទុក្ខនៃព្រះមហាវីរក្សត្រ និងព្រះរាជទាន ព្រះអន្តរាគមន៍ដល់ប្រមុខរដ្ឋាភិបាលលើកលែងទោស ដល់ប្រជាពលរដ្ឋមួយចំនួន ដែលតុលាការផ្តន្ទាទោស អាចចូលរួមគោរពព្រះសព និងឃើញព្រះភ័ក្ត្ររបស់សម្តេចឪ។ កន្លងទៅ លិខិតរបស់ លោក មឿង សុន ត្រូវបានខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ច្រានចោល។
VOD មិនទាន់អាចសុំការអត្ថាធិប្បាយពីមន្រ្តីខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននៅឡើយទេ៕ ដោយ ស៊ុន ណារិន
សរសេរមកស៊ុន ណារិន តាមរយៈអ៊ីម៉េលៈ sun_narin@yahoo.com