ដោយ ស៊ុន ណារិន ថ្ងៃពុធ ទី23 មករា ឆ្នាំ2013

រាជ រដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ កម្មករ ដោយស្នើឲ្យសហជីពទាំងអស់ជួបពិភាក្សាគ្នា លើកសំណើដំឡើងប្រាក់ឈ្នួលតែមួយ។
នៅថ្ងៃទី២៦ ខែកម្ភៈ ឆ្នាំ២០១៣ ក្រុមការងារទំនាក់ទំនងវិជ្ជាជីវៈ នឹងរៀបចំកិច្ចប្រជុំ ដែលមានការចូលរួមពីគ្រប់ភាគីទាំងអស់ ដើម្បីពិនិត្យ និងសម្រេចលើសំណើ ដែលបានការឯកភាពរវាងតំណាងសហជីពទាំងអស់។ តើស្ថានភាពសេដ្ឋកិច្ចកម្ពុជា គួរតែដំឡើងប្រាក់ឈ្នួលដល់ប៉ុន្មាន? តើការដំឡើងប្រាក់ឈ្នួល អាចមានប្រយោជន៍អ្វីខ្លះដល់សេដ្ឋកិច្ចកម្ពុជា?
ចំនួនប្រាក់ឈ្នួលគោលរបស់កម្មករនៅបណ្តាប្រទេសអាស៊ាន ដូចជានៅប្រទេសថៃ ប្រាក់ឈ្នួលកម្មករ ២៦៣ដុល្លារ ប្រទេសហ្វីលីពីន ២១២ដុល្លារ ប្រទេសឥណ្ឌូនេស៊ី ១៨២ដុល្លារ ប្រទេសវៀតណាម ១៧២ដុល្លារ ដោយឡែកប្រទេសកម្ពុជា ប្រាក់ឈ្នួលសម្រាប់កម្មករ គឺទទួលបានចំនួន ៦១ដុល្លារ ក្នុងមួយខែតែប៉ុណ្ណោះ។ ចំណែកប្រាក់ឈ្នួលគោលរបស់កម្មករ ក្នុងវិស័យកាត់ដេរនៅកម្ពុជា មានចំនួន ៦១ដុល្លារ។ សហជីព និងកម្មករកម្ពុជា ទាមទារឲ្យដំឡើងប្រាក់ឈ្នួលគោលដល់កម្មករចំនួន ១៥០ដុល្លារ ដើម្បីធ្វើឲ្យជីវភាពរបស់ពួកគេកាន់តែល្អប្រសើរ។
អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ លោក កង ច័ន្ទតារារ័ត្ន សង្កេតឃើញថា ប្រទេសកម្ពុជាកំពុងតែខ្វះកម្លាំងពលកម្ម ទាំងក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម ដែលជាបញ្ហាប្រឈមដល់សេដ្ឋកិច្ចកម្ពុជានៅថ្ងៃខាងមុខ។ លោកថា ការដំឡើងប្រាក់ខែឈ្នួលសមរម្យជាឱកាសមួយសម្រាប់ទាញយក កម្លាំងពលកម្មក្នុងស្រុក និងកាត់បន្ថយកម្លាំងពលកម្មចំណាកស្រុក។ លោកបន្ថែមថា ការដំឡើងប្រាក់ឈ្នួល គឺធ្វើឲ្យសមស្របទៅតាមលទ្ធភាពនៃការរកបានរបស់កម្មករក្នុង វិស័យកសិកម្ម ៖ “អន់ណាស់យើងត្រូវឲ្យប្រាក់ខែស្មើ ឬក៏ប្រហាក់ប្រហែលគ្នា ឬក៏លើសតិចតួចទៅនឹងវិស័យកសិកម្ម ឈ្នួលគេ ដូចខ្ញុំតាមអង្កេតអញ្ចឹង មួយថ្ងៃអីប្រហែល ៤ដុល្លារ អញ្ចឹងបើសិនជាយើងគិតជាខែទៅ វាខ្ទង់ ១២០ហ្នឹងហើយ”។
លោក កង ច័ន្ទតារារ័ត្ន លើកឡើងថា ថៅកែរោងចក្រកាត់ដេរនៅកម្ពុជាទទួលផលចំណេញច្រើនណាស់ ដែលផលចំណេញរហូតដល់៧៥ភាគរយ ដូច្នេះការកាត់ប្រាក់ចំណេញពីថៅកែរោងចក្រ អាចជាផលប្រយោជន៍ដល់កម្មករ ៖ “កន្លងមក ផលិតភាពនៃកម្លាំងពលករ កម្លាំងពលកម្ម មានការកើនឡើងជាប្រចាំឆ្នាំ ប៉ុន្តែផ្ទុយទៅវិញប្រាក់ឈ្នួលដែលគ្នាបាន ក្រោយពីទូទាត់នឹងថ្លៃទៅ តម្លៃឈ្នួលពិតដែលគ្នាបានទទួលហ្នឹងវាថយចុះទៅវិញ យើងមើលស្ថានភាពហ្នឹង គឺបើសល់មួយរយសម្រាប់បែងចែក ថៅកែយកប្រហែល៧៥ កម្មករបានត្រឹម ២៥ហ្នឹង គឺជារឿងមួយខុសពីនិន្នាការនៅប្រទេសខាងក្រៅ ប្រទេសខាងក្រៅវាបញ្ច្រាស់វិញ បើសល់ ១០០ សម្រាប់បែងចែករវាងកម្មករនិងថៅកែហ្នឹង នៅប្រទេសគេ គេមាននិន្នាការ ថាថៅកែទទួល៣០ កម្មករ ៧០ ឬក៏ ៤០/៦០ ផ្ទុយទៅវិញ ស្រុកយើងកម្មករទទួល ២៥ ថៅកែ ៧៥”។
កន្លងទៅ រាជរដ្ឋាភិបាលធ្លាប់ដំឡើងប្រាក់ឈ្នួលដល់កម្មករ ៦១ដុល្លារ ម្តងរួចមកហើយ បន្ទាប់ពីមានការទាមទារពីកម្មករ។ កាលពីចុងឆ្នាំ២០១១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបន្ថែមនូវប្រាក់សម្រាប់ថែទាំសុខភាពកម្មករផ្នែក ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ចំនួន៥ដុល្លារ ក្នុងមួយខែ។
សម្រាប់ប្រធានសមាគមអ្នកសេដ្ឋកិច្ចកម្ពុជា និងជាអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ លោក ចាន់ សុផល លើកឡើងថា តម្លៃការងារចេះតែកើនឡើង ស្របនឹងការកើនឡើងតម្លៃទំនិញនៅលើទីផ្សារ ដូច្នេះប្រាក់បៀវត្សរ៍ ក៏ត្រូវតែកើនឡើងជារៀងរាល់ឆ្នាំ។ លោកបន្តថា ការដំឡើងប្រាក់ឈ្នួលសមរម្យដល់កម្មករក្នុងវិស័យកាត់ដេរ អាចជួយបង្កើនការរកស៊ីជាប្រព័ន្ធរបស់ប្រជាជន ដែលនាំឲ្យរីកចម្រើនសេដ្ឋកិច្ចកម្ពុជា ៖ “ពេលដែលប្រាក់កម្រៃបានខ្ពស់ គឺកម្មករនឹងមានការចំណាយក្នុងសេដ្ឋកិច្ចដែរ ឧទាហរណ៍ពេលទៅផ្សារ ទិញទំនិញបរិភោគ ទំនិញឧបភោគ ប្រើប្រាស់ សំលៀកបំពាក់ ក៏ធ្វើឲ្យអ្នកលក់សំលៀកបំពាក់ ខោអាវហ្នឹង ក៏ដាច់តាមនោះដែរ ហើយអ្នកលក់គ្រឿងបរិភោគ ដ៏ដាច់ច្រើនជាងមុន កម្មករអាចសល់ប្រាក់កាក់ខ្លះ គេហៅថាដើរលេង”។
ធនាគារពិភពលោក (World Bank) ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៦,៧ភាគរយ សម្រាប់ឆ្នាំ២០១៣ ហើយនៅឆ្នាំ២០១៤ និង២០១៥ខាងមុខ នឹងកើនឡើងដល់៧ភាគរយ។
សម្រាប់អ្នកស្រាវជ្រាវជាន់ខ្ពស់ ជំនាញផ្នែកសេដ្ឋកិច្ច លោក កែម ឡី មានប្រសាសន៍ថា តាមការសិក្សា ការរស់នៅសមរម្យនៅតាមតំបន់ មានការចំណាយខុសៗគ្នា ដោយនៅជនបទក្នុងមួយខែ ១០០ដុល្លារ នៅជាយក្រុង ១៥០ ទៅ២០០ដុល្លារ នៅរាជធានីភ្នំពេញ ២៥០ដុល្លារ ទៅ៣០០ដុល្លារ។
ដូច្នេះ ផលិតផលក្នុងស្រុកសរុប (GDP) ឡើងដល់១ពាន់ដុល្លារ ក្នុងមួយខែ មានន័យថា ចំណូលមួយខែ៨០ដុល្លារ។ លោកបន្តថា ប្រាក់ឈ្នួលកម្មករ អាចដំឡើងពី១៥០ ទៅ២០០ដុល្លារ ដែលរោងចក្រមានលទ្ធភាពដំឡើងបាន តាមរយៈការបំបាត់អំពើពុករលួយផ្សេង និងការដាក់សម្ពាធពីរាជរដ្ឋាភិបាលកម្ពុជា។ លោក កែម ឡី លើកឡើងថា ប្រាក់ឈ្នួលកម្មករសមរម្យអាចជួយកម្ពុជា ច្រើនក្នុងការកាត់បន្ថយភាពក្រីក្របានមួយចំណែក ៖ “កម្មករមានប្រាក់ខែសមរម្យ ហើយកម្មករហ្នឹងអាចចិញ្ចឹមកូនចៅ យាយតា ឪពុកម្តាយរបស់គាត់បានទៀត អញ្ចឹងមិនតិចជាង ៤០ទៅ៥០ម៉ឺនគ្រួសារទេ ដែលអាចចាកផុតពីភាពអត់ឃ្លាន ហើយអាចរស់នៅសមរម្យ នៅក្នុងរយៈពេលពី ៥ទៅ១០ឆ្នាំ នៅពេលគាត់ធ្វើការបានយូរ គាត់អាចសន្សំបានខ្លះ បើសិនជាប្រាក់ខែសមរម្យប៉ុណ្ណឹង”។
រោងចក្រកាត់ដេរនៅកម្ពុជា មានជាង៣០០រោងចក្រ ស្រូបកម្លាំងកម្មករប្រមាណជា ៣៣៥៤០០នាក់ ដែលក្នុងនោះ៩១ភាគរយ ជាកម្មការិនី។ វិស័យកាត់ដេរ ជាវិស័យសំខាន់មួយ ដែលអាចរកចំណូលច្រើនជាងគេ ជួយដល់សេដ្ឋកិច្ចកម្ពុជា។ របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ឲ្យដឹងថា ក្នុងឆ្នាំ២០១២ ការនាំចេញក្នុងវិស័យកាត់ដេរ បានកើនឡើង៨ភាគរយ គិតជាទឹកប្រាក់ស្មើនឹង៤ពាន់៦រយលានដុល្លារអាមេរិក។
ជារួម អ្នកវិភាគយល់ឃើញថា រោងចក្រកាត់ដេរនៅកម្ពុជា មានលទ្ធភាពដំឡើងប្រាក់ឈ្នួលដល់កម្មករ ឲ្យបានសមរម្យជាងនេះ ដែលអាចជួយដល់សេដ្ឋកិច្ចកម្ពុជា។ លទ្ធភាពនៃការដំឡើងប្រាក់ឈ្នួល តាមរយៈការដាក់សម្ពាធពីរាជរដ្ឋាភិបាលកម្ពុជា លើរោងចក្រ និងការលុបបំបាត់អំពើពុករលួយ៕