ដោយស៊ុន ណារិន
ព្រះមហាវីរក្សត្រ ព្រះបាទនរោត្តមសីហនុ មិនត្រឹមតែជាវីរក្សត្របូរណភាពទឹកដី និងឯករាជ្យជាតិទេ តែព្រះអង្គ ក៏មានព្រះទ័យស្នេហាខ្សែភាពយន្តផងដែរ។ ព្រះអង្គ ជាអ្នកផលិតភាពយន្តមួយដ៏ល្បី អំឡុងពេលដែលព្រះអង្គ ជាអ្នកដឹកនាំប្រទេស ជាពិសេសក្នុងសម័យសង្គមរាស្រ្តនិយម(១៩៥៥-១៩៧០)។

ព្រះអង្គ បានផលិតខែ្សភាពយន្តឯកសារ ប្រមាណជាង ៥០ភាពយន្ត។ បើទោះបីព្រះអង្គ ស្ថិត ក្នុងខ្សែរាជវង្ស តែព្រះអង្គ តែងតែឆ្លៀតពេលពីការងារប្រទេស ដោយព្រះអង្គ តែងតែយកចិត្តទុកដាក់ និងស្រលាញ់នូវការផលិតខ្សែភាពយន្តសម្រាប់ប្រទេសកម្ពុជា។
យោងតាមឯកសារ កាលពីព្រះបាទនរោត្តមសីហនុ មានព្រះជន្ម១៩ព្រះវស្សា ព្រះមហាវីរក្សត្រ បាននាំមកនូវកាមេរ៉ា ទំហំ១៦មីលីម៉ែត្រ ដើម្បីថតភាពយន្តខ្លីៗ ទាក់ទងនឹងជនជាតិដើមភាគតិច គួយ។
នៅក្នុងឆ្នាំ១៩៦៥ ព្រះអង្គ ផលិតនូវភាពយន្តឯកសារមួយលើកដំបូងរបស់ព្រះអង្គ គឺរឿង «អប្សរា»។ខ្សែភាពយន្តជាបន្តបន្ទាប់ ដែលព្រះអង្គបានផលិត គឺរឿងប្រជាកុមារ ដែលសម្តែងដោយបុត្រព្រះអង្គផ្ទាល់ ដែលជាព្រះមហាក្សត្របច្ចុប្បន្ន គឺព្រះបាទនរោត្តមសីហមុនី។
មិនតែប៉ុណ្ណោះ ដោយទឹកចិត្តស្រលាញ់វិស័យសិល្បៈ ព្រះករុណាព្រះបាទនរោត្តមសីហនុ បានសម្តែងដោយខ្លួនព្រះអង្គផ្ទាល់នៅក្នុងភាពយន្ត ហើយព្រះអង្គ ក៏បាននិពន្ធបទចម្រៀងសម្រាប់ភាពយន្តរបស់ព្រះអង្គផងដែរ។
ក្នុងសម័យសង្គមរាស្រ្តនិយម ក្រោមការដឹកនាំរបស់ព្រះអង្គ ព្រះអង្គបានខិតខំប្រឹងប្រែងក្នុងការធ្វើឲ្យប្រសើរនូវវិស័យភាពយន្ត និងគុណភាពនៃការផលិតភាពយន្ត នៅកម្ពុជា។
ព្រះបាទនរោត្តមសីហនុ បានបញ្ជូន មនុស្សទៅរៀនផ្នែកខ្សែភាពយន្ត និងការថតនៅប្រទេសបារាំង នៅចុងទស្សវត្សរ៍ ឆ្នាំ១៩៤០ ដូចជាលោក រឿម សុផុន និងលោក អៀវ បណ្ណាកាជាដើម។
អ្នកផលិតខ្សែភាពយន្តដ៏ល្បីមួយរូប ក្នុងសម័យសង្គមរាស្រ្តនិយម ដែលមានអាយុ៧០ឆ្នាំ លោក លី ប៊ុន យីម មានប្រសាសន៍ថា ព្រះមហាវីរក្សត្រ មានទឹកព្រះទ័យចូលចិត្តខ្សែភាពយន្ត ហើយព្រះអង្គតែងតែសម្រួលការងារនូវការថតភាពយន្ត នៅគ្រប់ទីកន្លែង ដោយមាន
មានការហាមឃាត់ ដូចសម័យបច្ចុប្បន្ននោះទេ។ លោកមានប្រសាសន៍ថា ព្រះអង្គតែងតែឲ្យរូបលោកយកភាពយន្តដែលលោកបានផលិត ទៅបញ្ចាំងឲ្យព្រះអង្គទត នៅព្រះបរមរាជវាំង។លោកបន្តថា ព្រះអង្គ គឺជាអ្នកផលិតខ្សែភាពយន្តមួយរូប ដែលមានប្រជាប្រិយភាព។
ក្នុងសម័យ ដែលភាពយន្តខ្មែរ ទទួលបានការគាំទ្រ និងល្បីរន្ទឺលើឆាកអន្តរជាតិ ព្រះបាទនរោត្តមសីហនុ បានយកពន្ធលើការផលិតភាពយន្តទាប ដើម្បីបង្កភាពងាយស្រួលដល់អ្នកផលិតភាពយន្តនៅក្នុងប្រទេស។
ចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧០ ដែលជាសម័យយុគមាសនៃខ្សែភាពយន្ត (Golden Age ) វិស័យភាពយន្តកម្ពុជា បានអភិវឌ្ឍយ៉ាងលឿន។ ភាពយន្តប្រហែលជា៣៥០ ត្រូវបានផលិត និងចាក់បញ្ចាំងទូទាំងប្រទេស សម្រាប់ប្រជាជនទស្សនា។
បើទោះបីព្រះអង្គត្រូវបានរបបលន់ នល់(១៩៧០) ធ្វើរដ្ឋប្រហារ ទម្លាក់ព្រះអង្គពីតំណែង ព្រះអង្គនៅតែបន្តធ្វើការជាមួយភាពយន្ត ក្នុងពេលភៀសព្រះកាយទៅប្រទេសកូរ៉េខាងជើង និងប្រទេសចិន។
ក្រោយពីប្រទេស បានរំដោះពីរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ដល់១៩៧៩)នៅពេលដែលព្រះអង្គយាងចូលមាតុប្រទេសវិញ នៅឆ្នាំ១៩៩១ ព្រះអង្គ បានចាប់ផ្តើមផលិតភាពយន្តក្នុងប្រទេសម្តងទៀត ដូចជារឿង កញ្ញាអាស៊ីណា(Miss Asina) ក្នុងឆ្នាំ២០០៦។
ភាពយន្តផ្សេងៗទៀត ដែលព្រះអង្គបានផលិតមានដូចជា The Enchanted Forest (1966),
The little Prince (1967),Darkness on Angkor (1968), The Joy of Life” (1968), Farmers in distress” (1996), និងរឿង A non-violence Apostle” (1996) ជាដើម។
មិនតែប៉ុណ្ណោះ បើទោះបីព្រះអង្គមានព្រះជន្មាយុ ចាស់ជរា ព្រះអង្គ នៅតែយកចិត្តទុកដាក់ក្នុងការផលិតខ្សែភាពយន្ត ដោយមានការសម្តែងដោយ សិល្បៈករ និងសិល្បៈការិនីជំនាន់ក្រោយដូចជា អ្នកនាង ចន ច័ន្ធលក្ខិណា និងលោកម៉េង ប៊ុនឡូ ជាដើម៕
រាយការណ៍បន្ថែម ដោយ វន មករា និងហុង ច័ន្ទភក្រ្តា អតីតនិស្សិតនៃដឺប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍